អាជីវករ​ផ្សារ​ចំបក់​ខេត្ត​តាកែវ​ទាមទារ​ឲ្យ​ដោះស្រាយ​បញ្ហា​សំណង់​អនាធិបតេយ្យ​ជុំវិញ​ផ្សារ

ដោយ វោហារ ជាតិ
2015-01-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

អាជីវករ​មួយ​ចំនួន​នៅ​ផ្សារ​ចំបក់ ឋិត​ក្នុង​ឃុំ​ចំបក់ ស្រុក​បាទី ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​២៧ មករា បាន​សម្ដែង​ការ​អាក់អន់​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​អាជ្ញាធរ​ស្រុក និង​ខេត្ត ដែល​បណ្ដោយ​ឲ្យ​អ្នក​មាន​ប្រាក់ និង​អ្នក​មាន​អំណាច សង់​សំណង់​អនាធិបតេយ្យ​ជុំវិញ​ផ្សារ ធ្វើ​ឲ្យ​បាត់​បង់​សោភ័ណភាព​ផ្សារ និង​ខូច​សណ្ដាប់ធ្នាប់​សាធារណៈ។

ក្រុម​អាជីវករ​ផ្សារ​ចំបក់ បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​ស្រុក​បាទី និង​អាជ្ញាធរ​ខេត្ត​តាកែវ ដោះស្រាយ​បញ្ហា​សំណង់​អនាធិបតេយ្យ ដែល​កំពុង​រីក​ដុះដាល​លើ​ទីតាំង​ជុំវិញ​ផ្សារ។

អាជីវករ​ម្នាក់​ឈ្មោះ តុន ផន លក់​សាច់​ជ្រូក​នៅ​ផ្សារ​ចំបក់ តវ៉ា​ថា ផ្សារ​ចំបក់​សព្វថ្ងៃ​បាន​បាត់​រូបរាង​ដើម​ស្ទើរ​ទាំង​ស្រុង​ទៅ​ហើយ ដោយសារ​សំណង់​អនាធិបតេយ្យ​សង់​ជិត​ផ្លូវ​ចូល​ផ្សារ៖ «អាជីវករ​លក់​ក្នុង​ផ្សារ​អត់​មាន​កន្លែង​លក់​ទេ ពី​ក្នុង​គេ​បិទ​ផ្លូវ​ជិត​អស់​ហើយ កន្លែង​បេនឡាន​គេ​ធ្វើ​ជា​សំណង់​អនាធិបតេយ្យ​ពេញ​ទឹក​ពេញ​ដី​អស់​ហើយ ចង្អៀត​ឡើង​ជិត​ពី​មុខ​ក៏​ជិត ចំហៀង​ក៏​ជិត ហើយ​ខាង​ក្នុង​និយាយ​ពី​សំរាម​ចាក់​ដល់​កន្លែង​លក់​អត់​មាន​អ្នក​រៀបចំ​អី​ទេ»

អាជីវករ​ខ្លះ​ទៀត​ក៏​បាន​តវ៉ា​ថា អ្នក​ដែល​សង់​សំណង់​អនាធិបតេយ្យ​នៅ​ផ្សារ​ចំបក់ នោះ ខ្លះ​ជា​មន្ត្រី​បក្ស​ប្រជាជន និង​ខ្លះ​ជា​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទង្វើ​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​អាជីវករ​យ៉ាង​ខ្លាំង ព្រោះ​ពួក​គាត់​យល់​ថា អ្នក​នយោបាយ​ចេះ​ច្បាប់​បែរ​ជា​មក​រំលោភ​ច្បាប់​ដូច្នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់​ជំនឿ​លើ​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល និង​បក្ស​ប្រឆាំង៖ «សំឡេង​អាជីវករ​តវ៉ា​រួម​គ្នា»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក ឡាយ វណ្ណៈ អភិបាល​ខេត្ត​តាកែវ និង​លោក ឡាយ សុខា អភិបាល​ស្រុក​បាទី បាន​ទេ នៅ​ថ្ងៃ​ទី​២៧ មករា ដើម្បី​សុំ​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​តវ៉ា​របស់​អាជីវករ​ផ្សារ​ចំបក់។

ក៏ប៉ុន្តែ ជំទប់​ឃុំ​ចំបក់ លោក ហេង អេងឡុង បញ្ជាក់​ថា អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ទៅ​អប់រំ​ម្ចាស់​សំណង់​ដែល​សង់​លើ​ដី​សាធារណៈ​នោះ​ដែរ តែ​ម្ចាស់​សំណង់​ទាំង​នោះ​មិន​គោរព​តាម​បទបញ្ជា ដោយសារ​ម្ចាស់​សំណង់​មាន​អំណាច និង​មាន​ខ្នង​មន្ត្រី​ថ្នាក់​លើ​ការពារ៖ «ផ្ទះ​ហ្គារ៉ាស់​សាំង​ហ្នឹង​ឧកញ៉ា​គណបក្ស​ប្រជាជន ហើយ​ផ្ទះ​ខាង​ត្បូង​គណបក្ស​សង្គ្រោះ​ជាតិ បង​ប្អូន​គេ​ហ្នឹង​ចម្រុះ​ទាំង​ពីរ​គណបក្ស​តែ​ម្ដង។ ខាង​ឃុំ មេ​ឃុំ​ខ្ញុំ​ហ្នឹង​ទៅ​ប្រាប់​ឲ្យ​រើ​អីវ៉ាន់​ចេញ​ពី​កន្លែង​ដី​ផ្លូវ​សាធារណៈ តែ​ម្ចាស់​ផ្ទះ​ដូច​គេ​មិន​សូវ​គោរព​ខាង​អាជ្ញាធរ​ភូមិ​ឃុំ​ប៉ុន្មាន​ទេ តាម​ឮ​ទៅ​គេ​ថា​មាន​ចំណារ​ពី​លើ​ទៅ​ពី​ខេត្ត​ពី​ក្រសួង​ណា​ទេ ឲ្យ​ជួយ​សម្រួល​យ៉ាង​ម៉េច​ទេ តាម​លោក​អភិបាល​ស្រុក​គាត់​មាន​ប្រសាសន៍»

ទោះ​យ៉ាង​ណា ក្រុម​អាជីវករ​កំពុង​នាំ​គ្នា​ផ្ដិត​ស្នាម​មេដៃ ដើម្បី​ប្ដឹង​ទៅ​អាជ្ញាធរ​ស្រុក និង​ខេត្ត ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល