ពលរដ្ឋ​វៀតណាម​នៅ​អរិយក្សត្រ​ព្រម​ចាក​ចេញ​តាម​សេចក្ដី​ប្រកាស​របស់​អាជ្ញាធរ

ដោយ សិរីមុនី
2015-06-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជនជាតិ​វៀតណាម នៅ​លើ​ទឹក​ក្នុង​ភូមិ​អរិយក្សត្រ ឬ​ហៅ​ភូមិ​វៀតណាម ស្រុក​ល្វាឯម ខេត្ត​កណ្ដាល។ រូប​ថត​ថ្ងៃ​ទី​១១ មិថុនា ឆ្នាំ​២០១៥
ជនជាតិ​វៀតណាម នៅ​លើ​ទឹក​ក្នុង​ភូមិ​អរិយក្សត្រ ឬ​ហៅ​ភូមិ​វៀតណាម ស្រុក​ល្វាឯម ខេត្ត​កណ្ដាល។ រូប​ថត​ថ្ងៃ​ទី​១១ មិថុនា ឆ្នាំ​២០១៥
RFA/Sireymuny

ពលរដ្ឋ​វៀតណាម នៅ​ភូមិ​អរិយក្សត្រ ឃុំ​អរិយក្សត្រ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល ព្រម​ចាក​ចេញ​តាម​សេចក្តី​ប្រកាស​របស់​អាជ្ញាធរ​ស្រុក​ល្វាឯម ដែល​តម្រូវ​ឲ្យ​ចាក​ចេញ​ត្រឹម​ថ្ងៃ​ទី​២២ មិថុនា។ ការ​បណ្ដេញ​ចេញ​របស់​អាជ្ញាធរ​នេះ គឺ​មិន​បាន​បញ្ជូន​ពលរដ្ឋ​វៀតណាម ទាំង​នោះ​ទៅ​ប្រទេស​វៀតណាម វិញ​នោះ​ទេ។ ពលរដ្ឋ​ទាំង​នោះ ខ្លះ​ទៅ​តាំង​ទីលំនៅ​នៅ​វត្ត​ខ្សាច់ និង​ខ្លះ​ទៀត​ទៅ​នៅ​កោះ​តាកុយ កំពង់​តាព្រហ្ម។

ពលរដ្ឋ​វៀតណាម ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​អះអាង​ថា ពលរដ្ឋ​វៀតណាម ដែល​ត្រូវ​អាជ្ញាធរ​ស្រុក​ល្វាឯម បណ្ដេញ​ចេញ​នោះ ខ្លះ​ទៅ​តាំង​ទីលំនៅ​នៅ​វត្ត​ខ្សាច់ និង​កោះ​តាកុយ កំពង់​តាព្រហ្ម ដែល​មាន​ចម្ងាយ ២ ទៅ ៣​គីឡូម៉ែត្រ​ពី​កំពង់ផែ​អរិយក្សត្រ៖ «គេ​ថា​បើ​អ្នក​នៅ​ទី​ហ្នឹង​យូរ គេ​ឲ្យ​ទៅ​នៅ​តាកុយ​បណ្ដោះអាសន្ន ហើយ​ពីរ​បី​ខែ​ក្រោយ​គេ​ឲ្យ​មក​នៅ​វិញ»

ការ​ចាក​ចេញ​ពី​ការ​រស់នៅ​លើ​ផ្ទៃ​ទឹក​នេះ នៅ​ក្រោយ​ពេល​អាជ្ញាធរ​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ឲ្យ​ចាក​ចេញ​កាល​ពី​ថ្ងៃ​ទី​៤ មិថុនា។

យ៉ាង​ណា​ក៏ដោយ មេ​ភូមិ​វៀតណាម ឬ​ភូមិ​អរិយក្សត្រ លោក ស្រឿង តឺយ អះអាង​ថា ពលរដ្ឋ​វៀតណាម ៤៣​គ្រួសារ​ដែល​មាន​សមាជិក​ជិត ៣០០​នាក់​នោះ មាន​សៀវភៅ​ស្នាក់នៅ​ចេញ​ដោយ​អាជ្ញាធរ​ស្រុក​ល្វាឯម ត្រឹមត្រូវ៖ «និយាយ​រួម​ប្រជាជន​នៅ​ហ្នឹង​ក៏​អ៊ីចឹង​ដែរ ហៅ​ថា​ប្រជាជន​ល្ងង់​អវិជ្ជា។ គេ​ហៅ​មក​ប្រជុំ​មក​ប្រជុំ​ទៅ គេ​ហៅ​មក​ស៊ីញេៗ​ទៅ បើ​អត់​ចេះ​ស៊ីញេ​ផ្ដិត​មេដៃ​ទៅ»

ពលរដ្ឋ​វៀតណាម ដែល​សុំ​ពន្យារពេល​ការ​តាំង​ទីលំនៅ​លើ​ដង​ទន្លេ​ចតុមុខ នៅ​តំបន់​កំពង់​ចម្លង​អរិយក្សត្រ ភូមិ​អរិយក្សត្រ នៅ​ទល់​មុខ​កោះ​ពេជ្រ រហូត​ដល់​ដើម​ឆ្នាំ​២០១៦ អាជ្ញាធរ​ស្រុក​ល្វាឯម មិន​ព្រម​នោះ​ឡើយ។ អាជ្ញាធរ​មិន​ព្រម​ឲ្យ​ស្នាក់នៅ​បន្ត​ទេ ព្រោះ​អភិបាល​ខេត្ត​កណ្ដាល លោក ម៉ៅ ភារុណ មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​១៤ មិថុនា ថា ពលរដ្ឋ​វៀតណាម ដែល​រស់នៅ​លើ​ទឹក​ទាំង​នោះ ពួក​គាត់​មិន​មាន​ឯកសារ​ស្រប​ច្បាប់ ដូច្នេះ​អាជ្ញាធរ​ត្រូវ​តែ​អនុវត្ត​តាម​ច្បាប់​អន្តោប្រវេសន៍៖ «បើ​រក​ឃើញ​ថា គាត់​មាន​ឯកសារ​ស្រប​ច្បាប់ យើង​នឹង​ចាត់​វិធានការ ប៉ុន្តែ​ចាំបាច់​មិន​ឲ្យ​នៅ​ក្នុង​ទឹក​តាម​មាត់​ទន្លេ ដែល​មិន​មាន​ការ​ទទួល​ខុស​ត្រូវ​ពី​អាជ្ញាធរ​ត្រឹមត្រូវ​នោះ​ទេ។ វា​ធ្វើ​ឲ្យ​មាន​បញ្ហា ទី​១ សន្តិសុខ​សង្គម និង​ទី​២ បរិស្ថាន។ ដូច​គាត់​ចិញ្ចឹម​ត្រី គាត់​បន្ទោបង់​ក្នុង​ទឹក​ជាដើម»

មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​កណ្ដាល លោក ម៉ែន មករា លើក​ឡើង​ថា អាជ្ញាធរ​ស្រុក​ល្វាឯម ត្រូវ​តែ​អនុវត្ត​តាម​ច្បាប់​ស្ដីពី​អន្តោប្រវេសន៍ និង​ច្បាប់​សញ្ជាតិ​ខ្មែរ។ បើ​សិន​ពលរដ្ឋ​វៀតណាម ទាំង​នោះ​ជា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ អាជ្ញាធរ​ស្រុក​ល្វាឯម ត្រូវ​បញ្ជូន​ពួក​គាត់​ទៅ​ប្រទេស​វៀតណាម វិញ មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ទៅ​រស់នៅ​លើ​ទីតាំង​ផ្សេង​នោះ​ឡើយ៖ «អាជ្ញាធរ​គួរ​តែ​ពិនិត្យ​មើល ពិនិត្យ​មើល​ថា បើ​ជន​អន្តោប្រវេសន៍​ដែល​ខុស​ច្បាប់ អាជ្ញាធរ​ត្រូវ​តែ​អនុវត្ត​តាម​ច្បាប់​សញ្ជាតិ និង​ច្បាប់​អន្តោប្រវេសន៍។ ដើម្បី​ធានា​ថា​រដ្ឋ​យើង​ជា​រដ្ឋ​មួយ​មាន​អធិបតេយ្យ និង​ច្បាប់​ពិត​ប្រាកដ»

ទិដ្ឋភាព​នៅ​ក្នុង​ភូមិ​អរិយក្សត្រ ឬ​ហៅ​ភូមិ​វៀតណាម ស្រុក​ល្វាឯម ខេត្ត​កណ្ដាល។ រូប​ថត​ថ្ងៃ​ទី​១១ មិថុនា ឆ្នាំ​២០១៥។ RFA/Sireymuny
ទិដ្ឋភាព​នៅ​ក្នុង​ភូមិ​អរិយក្សត្រ ឬ​ហៅ​ភូមិ​វៀតណាម ស្រុក​ល្វាឯម ខេត្ត​កណ្ដាល។ រូប​ថត​ថ្ងៃ​ទី​១១ មិថុនា ឆ្នាំ​២០១៥ RFA/Sireymuny

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក ប៊ុន ផេង អភិបាល​ស្រុក​ល្វាឯម បាន​ទេ​នៅ​ល្ងាច​ថ្ងៃ​ទី​២៣ មិថុនា ដោយ​ទូរស័ព្ទ​របស់​លោក​បិទ​ការ​ហៅ​ចូល។

ជំពូក​២ ស្ដីពី​ជន​បរទេស​មិន​មែន​អន្តោប្រវេសន៍ មាត្រា​៨ វាក្យខណ្ឌ​ទី​១ នៃ​ច្បាប់​អន្តោប្រវេសន៍​ចែង​ថា ជន​បរទេស​មិន​មែន​អន្តោប្រវេសន៍ អាច​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា បាន ត្រូវ​មាន​ការ​អនុញ្ញាត​ចូល​ជា​មុន​ពី​រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ទូត ឬ​កុងស៊ុល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឬ​តាម​រយៈ​អាជ្ញាធរ​បរទេស​ណា​មួយ​ដែល​តំណាង​ឲ្យ​ផល​ប្រយោជន៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ក្រៅ​ប្រទេស។ វាក្យខណ្ឌ​ទី​២ ត្រូវ​នាំ​មក​ជាមួយ​នូវ​លិខិត​ឆ្លង​ដែន​របស់​ខ្លួន ឬ​ឯកសារ​ណា​មួយ​ដែល​មាន​តម្លៃ​ស្មើ ដែល​មាន​ចុះ​ទិដ្ឋាការ​ចូល​ដោយ​អាជ្ញាធរ ដូច​មាន​កំណត់​នៅ​វាក្យខណ្ឌ​ទី​១ ខាង​លើ។ វាក្យខណ្ឌ​ទី​៣ ចែង​ថា ត្រូវ​បង់​ថ្លៃ​ទិដ្ឋាការ​អាករ​ព្រលាន​យន្តហោះ ឬ​កំពង់ផែ។ លក្ខខ័ណ្ឌ​នៃ​ការ​បង់​ថ្លៃ និង​អាករ​នេះ ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ។

ជនជាតិ​វៀតណាម ដែល​រស់នៅ​លើ​ទឹក​នៅ​ម្ដុំ​កំពង់​ចម្លង​អរិយក្សត្រ មាន​ចំនួន ៤៣​គ្រួសារ និង​មាន​សមាជិក​ប្រមាណ​ជិត ៣០០​នាក់។ ពលរដ្ឋ​ទាំង​នេះ​មក​តាំង​ទីលំនៅ​តាំង​ពី​ឆ្នាំ​២០០៩ ខ្លះ​មក​នៅ​កាល​ពី​ឆ្នាំ​២០១០ ដោយ​ពួក​គាត់​អះអាង​ថា ពួក​គាត់​មាន​សៀវភៅ​ស្នាក់នៅ​ដែល​ចេញ​ដោយ​អាជ្ញាធរ​ស្រុក​ល្វាឯម ត្រឹមត្រូវ។ រីឯ​ពលរដ្ឋ​វៀតណាម ចំនួន ១៦៤​គ្រួសារ​ទៀត​រស់នៅ​លើ​គោក​នៅ​ឃុំ​អរិយក្សត្រ ដូច​គ្នា អាជ្ញាធរ​មិន​បណ្ដេញ​ចេញ​ទេ។

ចំពោះ​ទិន្នន័យ​ជន​អន្តោប្រវេសន៍​វៀតណាម គណបក្ស​ប្រឆាំង​អះអាង​ថា មាន​ចំនួន​ប្រមាណ ៥​សែន​នាក់ ចំណែក​រដ្ឋាភិបាល​វិញ​អះអាង​ដោយ​យោង​តាម​ជំរឿន​ឆ្នាំ​២០០២ ថា​មាន​ចំនួន​តែ​ជាង ១​សែន​នាក់​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

(

ចាត់ចែងធ្វើការងារសម្បើមណាស់លើវៀតណាមប៉ុន្មានរយនាក់ហ្នឺង រួចតែពីហ្នឹង វៀតណាមនៅពេញស្រុកលើសដើម មានទាំងតូឲ្យមានក្រដាសស្នាម ឲ្យឃើញស្របច្បាប់ទៀត។ ខ្មែរកម្ពុជាក្រោមត្រូវវៀតណាមជិះជាន់ រត់មកខ្មែរៗដេញចាប់ រត់ទៅក្ពិៗដេញចាប់។ ប៉ុន្មានឆ្នាំទៀត ខ្មែររលាយជាបង្ហើយ?


[មតិ​នេះ​ត្រូវ​បាន​កែសម្រួល​ដោយ​អ្នក​និពន្ធ​របស់​វិទ្យុ​អាស៊ីសេរី ដើម្បី​ឲ្យ​ស្រប​តាម​លក្ខខណ្ឌ​ប្រើប្រាស់​របស់​យើង​ខ្ញុំ។]

Jun 24, 2015 10:19 PM

គេហទំព័រ​ទាំងមូល