ពលរដ្ឋ​អះអាង​ថា ទូក​នេសាទ​វៀតណាម​ចូល​ក្នុង​ដែន​សមុទ្រ​កម្ពុជា ដោយ​គ្មាន​ការ​ទប់ស្កាត់

ដោយ ហេង រស្មី
2020-08-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​អះអាង​ថា ទូក​នេសាទ​វៀតណាម​ចូល​ក្នុង​ដែន​សមុទ្រ​កម្ពុជា ដោយ​គ្មាន​ការ​ទប់ស្កាត់
ពលរដ្ឋ​អះអាង​ថា ទូក​នេសាទ​វៀតណាម​ចូល​ក្នុង​ដែន​សមុទ្រ​កម្ពុជា ដោយ​គ្មាន​ការ​ទប់ស្កាត់
RFA

ក្រុម​អ្នក​នេសាទ​ខ្មែរ​អះអាង​ថា ទូក​នេសាទ​វៀតណាម​បាន​ចូល​មក​នេសាទ​ក្នុង​ដែនសមុទ្រ​កម្ពុជា​ដោយ​ខុស​ច្បាប់ ក្នុង​ខេត្ត​ព្រះសីហនុ ដោយ​គ្មាន​ការទប់ស្កាត់​ពី​ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​។​អ្នក​នេសាទ​ព្រួយ​បារម្ភ​ថា ធនធាន​ក្នុង​សមុទ្រ នឹង​បាត់បង់​ក្នុង​ពេល​ខាងមុខ ប្រសិនបើ​អាជ្ញាធរ នៅតែ​បណ្ដោយ ឲ្យ​ជនបរទេស​ចូល​មក​នេសាទ​ខុសច្បាប់​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា។

អ្នក​នេសាទ​នៅ​ក្នុង​ក្រុងព្រះសីហនុ លោក អ៊ុក ណន ប្រាប់​អាស៊ីសេរី​ថា ទូក​នេសាទ​វៀតណាម​ទាំង​តូច ទាំង​ធំ បាន​ចូល​មក​នេសាទ​ក្នុង​ដែនសមុទ្រ​កម្ពុជា ទាំង​យប់​ទាំង​ថ្ងៃ ដោយ​គ្មាន​ខ្លាច​អាជ្ញាធរ​ខ្មែរ​នោះ​ទេ។

លោក​បញ្ជាក់​ថា ទូក​នេសាទ​ជនជាតិ​វៀតណាម បាន​មក​ចូល​នេសាទ​ក្នុង​ដែន​សមុទ្រ​កម្ពុជា​នៅ​តំបន់​កោះតាង កោះព្រីង និង​កោះ​ពូលូវ៉ៃ ចម្ងាយ​ប្រមាណ​ពី​២០ ទៅ​៣០ គីឡូម៉ែត្រ ក្នុង​ខេត្ត​ព្រះសីហនុ៖ «ពី​កោះពូល្វ៉ៃ មកដល់​កោះព្រីង ប្រហែលជា​៣០​គីឡូម៉ែត្រ វា​ចូល​មក ហើយ​នឹង​ពី​កោះត្រល់​មក​ដល់​កោះព្រីង វា​ចូល ប្រហែលជា ២០​ទៅ ៣០​គីឡូម៉ែត្រ​ទៀត វា​ឡើង​មក​ម្តងៗ វា​ឡើង​មក​ពី​ឆ្ងាយ​តែម្ដង»

ទាក់ទិន​នឹង​បញ្ហា​ទូក​នេសាទ​របស់​ជនជាតិ​វៀតណាម​នេះ ក្រុម​អ្នក​ជំនាញ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉េកាំង​ឈ្មោះថា ក្រុម​អ្នកស្រាវជ្រាវ​នៃ​គម្រោង​គំនិត​ផ្ដួចផ្ដើម​អង្កេត​លើ​ស្ថានភាព​យុទ្ធសាស្ត្រ​សមុទ្រ​ចិន​ខាងត្បូង (SCSPI) នៃ​សាកលវិទ្យាល័យ​ប៉េកាំង បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ដែល​មាន​ចំណងជើង​ថា «សកម្មភាព​នេសាទ​ខុសច្បាប់​របស់​នាវា​នេសាទ​វៀតណាម​នៅតែ​ខ្ពស់​នៅ​ក្នុង​ខែ​កក្កដា»

របាយការណ៍​ដែល​បាន​ចេញ​ផ្សាយ​កាលពីដើម​ខែ​សីហា នេះ​ឲ្យ​ដឹង​ថា នៅ​អំឡុង​ខែ​កក្កដា ទូក​នេសាទ​វៀតណាម​ចំនួន ១០០ គ្រឿង​បាន​ចូល​នេសាទ នៅ​ក្នុង​ដែន សមុទ្រ​កម្ពុជា​ក្នុង​ខេត្ត​ព្រះសីហនុ និង​ក្នុង​ឈូង​សមុទ្រ​ថៃ។ ទោះ​បី​យ៉ាង​ណា ចំនួន​ទូក​នេសាទ​ជនជាតិ​វៀតណាម​នេះ​បាន​ធ្លាក់​ចុះ​ប្រមាណ​ពី ៣០% គឺ​ពី​ចំនួន ១៥៧ គ្រឿង​កាលពី​ខែ​មិថុនា មិន​នៅ​ត្រឹម ១០០​គ្រឿង នៅ​ក្នុង​ដើម​ខែ​សីហា។

ចំពោះ​ការ​នេសាទ​របស់​ជនជាតិ​វៀតណាម​នេះ ប្រធាន​សហគមន៍​នេសាទ​ត្រពាំង​ល្ពៅ ស្រុក​ទឹកឈូ ខេត្ត​កំពត លោក ទិត រីន ថ្លែង​ថា ជនជាតិ​វៀតណាម​មិន​ត្រឹមតែ​មក​នេសាទ​ក្នុង​ដែនសមុទ្រ​ខ្មែរ​ទេ ថែមទាំង​ប្រើ​ឧបករណ៍​នេសាទ ខុសច្បាប់​ថែមទៀត​ផង។

លោក​បញ្ជាក់​ថា ទូក​នេសាទ​វៀតណាម បាន​ប្រើប្រាស់​ឧបករណ៍​ទូក​អូស ភ្លើង និង​អូស គូរ ជាច្រើន​គ្រឿងក្នុង​មួយ​ថ្ងៃៗ នៅ​ក្នុង​ខេត្ត​កំពត និង​ខេត្ត​កែប។ លោក​ថា បើ​អាជ្ញាធរ​មិន​ទប់​ស្កាត់​ទេ ធនធាន​សមុទ្រ នឹង​រលាយ​ហិនហោច​អស់៖ «និយាយ​រួម ការ​បាត់បង់​ហ្នឹង​វា​គឺ​ទី​១ ផ្កាថ្ម ទី​ពីរ​ខ្ចៅ សមុទ្រ ទី​៣ ត្រី​បង្គា ហ្នឹង។ បើ​ប្រើ​ឧបករណ៍ ហិនហោច អ៊ីចឹង អនាគត​កូនចៅ យើង​ទៅមុខ​ទៅ​មិន​ដឹង​បាន​អ្វី​ស៊ី​ទេ។ បើ​សមុទ្រ​កាន់តែ​ជ្រៅៗ ចង់​អស់​ដែន អស់​ដី​ហើយ​ហ្នឹង។ អនាគត​ទៅ​មិន​ដឹង​ជា​ទៅជា​យ៉ាងម៉េច​ទេ ប្រទេស​យើង​នេះ»

ទោះបី​មានការ​លើកឡើង​របស់​ពលរដ្ឋ និង​របាយការណ៍​ស្ដីពី​ការ​នេសាទ​ខុស​ច្បាប់​ក៏ដោយ មេបញ្ជាការ​កងទ័ពជើងទឹក លោក ទៀ វិញ បាន​បដិសេធ​ថា មិន​មាន​ទូក​នេសាទ​ចូល​មក​ក្នុង​ដែនសមុទ្រ​កម្ពុជា​ទេ​។​លោក​ថា​កាលពីដើម​ខែ​សីហា កន្លង​ទៅ មាន​ទូក​នេសាទ វៀតណាម​ចូល​មក​ក្នុង​ដែនសមុទ្រ​ថៃ តែ​ត្រូវ​បាន​ឆ្មាំ​សមុទ្រ​ប្រទេស​ថៃ ឃាត់​ចាប់។ ប៉ុន្តែ​សម្រាប់​កម្ពុជា​គ្មាន​ទូក​នេសាទ​វៀតណាម​ចូល​មក​នេសាទ​ខុសច្បាប់​ទេ៖ «ខាង​កម្ពុជា​អត់​មាន​ទេ»

តែ​ទោះជា​យ៉ាងណា​ក៏​ដោយ អ្នកនាំពាក្យ​កងទ័ពជើងទឹក​រាម ខេត្ត​ព្រះសីហនុ លោក ម៉ី ឌីណា ឲ្យ​ដឹងថា ជនជាតិ​វៀតណាម​ដែល​បាន​ចូល​មក​នេសាទ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ នោះ​គឺ​ធ្វើ​ឡើង​នៅ​ក្នុង​ដែនទឹក​មួយ​កន្លែង​ជា​តំបន់​បង្កើត​ឡើង​ដោយ​វៀតណាម​ឆ្នាំ​១៩៨២ មាន​ន័យថា ភាគី​កម្ពុជា និង​វៀតណាម​អាច​ចូល​មក​នេសាទ​នៅ​ក្នុង​តំបន់​នេះ​បាន។ លោក​ថា តំបន់​ដែល​ទូក​នេសាទ​វៀតណាម​ចូល​មក​នេសាទ​នៅ​កម្ពុជា​មាន​ទីតាំងនៅ​ខាងជើង​កោះត្រល់ កោះសេះ និង​កោះ​ពូលូវ៉ៃ ដែល​តំបន់​នេះ​អនុញ្ញាត ឲ្យ​ទូក​នេសាទ​វៀតណាម ចូល​មក​នេសាទ​បាន៖ «ពី​៥០ ទៅ​១០០​គ្រឿង​នៅ​ក្នុង​ដែនទឹក​ហ្នឹង វា​មាន។ ប៉ុន្តែ​វា​ស្ថិត​នៅ​ក្នុង​តំបន់​ទឹក ប្រវត្តិសាស្ត្រ ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​បាន​ព្រមព្រៀង អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​នេសាទ របស់​ប្រជា​នេសាទ​ទាំងសងខាង រុករក​នៅ​ក្នុង​តំបន់​ហ្នឹង​។ ដោយឡែក​តំបន់​ផ្សេងទៀត ជា​តំបន់​អធិបតេយ្យ​របស់​ប្រទេស​នីមួយៗ គឺ​មិន​អាច​ទេ»

អាស៊ីសេរី​មិន​អាច​ទាក់ទង​ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​ប្រទេស​កម្ពុជា​លោក វ៉ូ ហ្កាង ម៉ិញ (Vu Quang Minh) បានទេ​ នៅ​ថ្ងៃ​ទី​២៧ សីហា នេះ។ ប៉ុន្តែ​លោក​បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ខ្មែរ​ថែមស៍ (Khmer Time) ថា ទូក​នេសាទ​មកពី​ប្រទេស​វៀតណាម អាច​ឆ្លង​ចូល​ទឹកដី របស់​កម្ពុជា​ដោយ​អចេតនា ដោយសារ​ប្រទេស​ទាំងពីរ​មិន​ទាន់​បាន​ដោះស្រាយ​ជា​ផ្លូវការ នូវ​តំបន់​សមុទ្រ​ត្រួតស៊ីគ្នា​នៅ​ឡើយ​ទេ។

ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន និង​អន្តោប្រវេសន៍​គណបក្ស​សង្គ្រោះជាតិ លោក អ៊ុំ សំអាន​មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា​រហូត​មក​ដល់​ពេល​នេះ ការ​កំណត់​ព្រំដែន​ទឹក​ជាមួយ​វៀតណាម មិនទាន់​បាន​ធ្វើ​នៅឡើយ​ទេ ដោយសារតែ​របប​ក្រុងភ្នំពេញ​ត្រូវ​ចរចា ដើម្បី​បោះ​បង្គោល​ព្រំដែន​គោក​ជាមួយ​ប្រទេស​វៀតណាម ឲ្យ​បាន​១០០%​ជាមុន​សិន។

លោក​បន្ថែម​ថា កន្លង​មក​នេះ​របប​ក្រុងភ្នំពេញ​មិន​បាន​ប្រើប្រាស់​សន្ធិសញ្ញា ដែល​បាន​បន្សល់​ពី​បារាំង​ទេ គឺ​បាន​ប្រើប្រាស់​សន្ធិសញ្ញា ស្ដីពី​តំបន់​ទឹក​ប្រវត្តិសាស្ត្រ ឆ្នាំ​១៩៨២​ដែល​ត្រួតត្រា ដោយ​វៀតណាម ទើប​វៀតណាម​យក​ឱកាស​នេះ​បញ្ជូន​អ្នកនេសាទ​របស់​ខ្លួន​ចូល​មក​នេសាទ​ដោយ​ខុសច្បាប់​ក្នុង​ទឹកដី​កម្ពុជា ជាពិសេស​នៅ​ក្នុង​ខេត្ត​កំពត កែប និង​ខេត្ត​ព្រះសីហនុ៖ «តាម​ឯកសារ របស់​លោក ស៊ាន ប៉េងសែ សន្ធិសញ្ញា ហ្នឹង​បាន​ធ្វើ​ឲ្យ​បាត់បង់​ដែនសមុទ្រ​ខ្មែរ​១០​ពាន់​គីឡូ​ម៉ែត្រការ៉េ បូក​នឹង​កោះត្រល់ និង​កោះ​ក្រចក​សេះ​ផង​ដែរ​។ សន្ធិសញ្ញា​ហ្នឹង​បាន​ដាក់​តំបន់​ទឹក​ប្រវត្តិសាស្ត្រ ហ្នឹង​រួម​ជាមួយ វៀតណាម​ហ្នឹង​១០​ពាន់​គីឡូ​ម៉ែត្រ​ការ៉េ​ទៀត។ បាន​ន័យ​ថា ដាក់​ដែន​សមុទ្រ​កម្ពុជា ជាមួយ​វៀតណាម​ហ្នឹង បាន​ន័យ​ថា វៀតណាម​នឹង​កម្ពុជា អាច​ធ្វើ​នេសាទ​នៅ​កន្លែង​ហ្នឹង​ក៏បាន ធ្វើ​អាជីវកម្ម រ៉ែ នៅ​តំបន់​ហ្នឹង ក៏បាន​រួមគ្នា»

លោក អ៊ុំ សំអាន អះអាង​ទៀត​ថា ដោយ​យោង​ទៅ​លើ​សន្ធិសញ្ញា ស្ដីពី​តំបន់​ទឹក​ប្រវត្តិសាស្ត្រ ឆ្នាំ​១៩៨២ នេះ​ហើយ​ទើប​ជនជាតិ​វៀតណាម​បាន​ចូល​មក​នេសាទ ដោយ​ខុសច្បាប់​ក្នុង​ដែនទឹក​កម្ពុជា ដោយ​គ្មាន​ខ្លាច​ញញើត អាជ្ញាធរ​ខ្មែរ​។​តែ​ទោះជា​យ៉ាងណា​លោក ស្នើ ឲ្យ​របប​ក្រុងភ្នំពេញ​ពន្លឿន​ការ​បោះបង្គោល​ព្រំដែន​គោក អោយ​បាន​ឆាប់​ដើម្បី​ចាប់ផ្ដើម​បោះ​បង្គោល​ព្រំដែន​ទឹក​បន្ត​ទៀត។អ្នកនេសាទ​ខ្មែរ ព្រួយ​បារម្ភ​ថា ធនធាន​ក្នុង​សមុទ្រ នឹង​បាត់បង់​ក្នុង​ពេល​ខាងមុខ ប្រសិនបើ​អាជ្ញាធរ នៅតែ​បណ្ដោយ ឲ្យ​ជនបរទេស​ចូល​មក​នេសាទ​ខុសច្បាប់​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា​តទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល