ភរិយា​អំពាវនាវ​ឲ្យ​តុលាការ​ខេត្ត​កំពត​ដោះលែង​ប្ដី​ដោយ​អះអាង​ថា​ឃុំ​ខុស​នីតិវិធី​ច្បាប់

ដោយ វោហារ ជាតិ
2015-02-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អគារ​តុលាការ​ខេត្ត​កំពត។
អគារ​តុលាការ​ខេត្ត​កំពត។
Photo: RFA

ភរិយា និង​មេធាវី​ការពារ​ក្ដី​អ្នក​ទោស​ម្នាក់ នៅ​ថ្ងៃ​ទី​២៥ កុម្ភៈ បាន​អំពាវនាវ​ឲ្យ​តុលាការ​ខេត្ត​កំពត ដោះ​លែង​ប្ដី និង​កូន​ក្ដី​របស់​ខ្លួន​ពី​ពន្ធនាគារ ដោយ​អះអាង​ថា ការ​ឃុំ​ខ្លួន​អ្នក​ទោស​ម្នាក់​នោះ​បន្ត គឺ​ខុស​នីតិវិធី​ច្បាប់។

អ្នកស្រី ភេទ ពៅ អាយុ ៣៩​ឆ្នាំ​មាន​កូន ៥​នាក់​ក្នុង​បន្ទុក រស់នៅ​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ បាន​អះអាង​ថា ប្ដី​របស់​គាត់​ឈ្មោះ រឹម សារ៉ាន់ អាយុ​ជាង ៥០​ឆ្នាំ ត្រូវ​បាន​តុលាការ​ខេត្ត​កណ្ដាល សាលា​ឧទ្ធរណ៍ និង​តុលាការ​កំពូល កាត់​ក្ដី​ឲ្យ​ជាប់​គុក​រយៈពេល​មួយ​ឆ្នាំ ហើយ​ត្រូវ​ឃុំ​ខ្លួន​នៅ​ខេត្ត​កណ្ដាល កាល​ពី​ឆ្នាំ​២០១៤។

អ្នកស្រី​រៀបរាប់​ថា ប្ដី​អ្នកស្រី​ជាប់​ទោស​ពី​បទ​ក្លែង​បន្លំ​ឯកសារ និង​ឆបោក ទាក់ទង​រឿង​ទិញ​លក់​ដី​នៅ​ខេត្ត​កំពត រវាង​ភាគី​ដើម​ចោទ​ឈ្មោះ សឿង សម្រេច និង កែវ សាន រស់នៅ​ខេត្ត​កណ្ដាល។ ក៏ប៉ុន្តែ អ្នកស្រី​ឲ្យ​ដឹង​ថា នៅ​ពេល​ប្ដី​អ្នកស្រី​ទទួល​ទោស​ជិត​ដល់​ថ្ងៃ​ផុត​កំណត់​ត្រូវ​ចេញ​ពី​ពន្ធនាគារ​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ កន្លង​មក​នេះ ស្រាប់​តែ​មាន​មន្ត្រី​តុលាការ​ខេត្ត​កំពត បាន​ទៅ​ជួប​ប្ដី​អ្នកស្រី​នៅ​ពន្ធនាគារ​ខេត្ត​កណ្ដាល ហើយ​បាន​ចេញ​ដីកា​ឃុំ​បន្ត និង​កោះ​ហៅ​ប្ដី​អ្នកស្រី​ទៅ​កាត់​ទោស​នៅ​តុលាការ​ខេត្ត​កំពត ដ៏​ឆាប់ៗ​នេះ​បន្ត​ទៀត។

អ្នកស្រី​ត្អូញត្អែរ​ថា អ្នកស្រី​មិន​យល់​នីតិវិធី​ច្បាប់​ស្មុគស្មាញ​ដូច្នេះ​សោះ ហើយ​បាន​អំពាវនាវ​ឲ្យ​តុលាការ​ដោះ​លែង​ប្ដី​គាត់​មក​វិញ ព្រោះ​ប្ដី​គាត់​មិន​មាន​ទោស​ដូច​ការ​ចោទ​ប្រកាន់​កន្លង​មក​ទេ៖ «ខ្ញុំ​សុំ​អំពាវនាវ​ឲ្យ​តុលាការ​ខេត្ត​កំពត ដោះ​លែង​ប្ដី​ខ្ញុំ​វិញ ព្រោះ​អី​គាត់​ប្ដឹង​រឿង​ដដែលៗ ដាក់​ទោស​ប្ដី​ខ្ញុំ​រយៈពេល​មួយ​ឆ្នាំ​រួច​ហើយ កន្លង​មក​យក​រឿង​ដដែល​មក​ប្ដឹង​ប្ដី​ខ្ញុំ​បន្ត​ទៀត ឲ្យ​ប្ដី​ខ្ញុំ​ជាប់​ទោស​បន្ត​ទៀត។ ខ្ញុំ​មាន​អី​ចិញ្ចឹម​កូន បើ​កូន​ដល់ ៥​នាក់​នោះ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ព្រះរាជ​អាជ្ញា​ខេត្ត​កំពត ដែល​កាន់​ក្ដី​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៥ កុម្ភៈ ដោយ​លោក​ឆ្លើយ​ថា​កំពុង​ជាប់​ប្រជុំ។

ក៏ប៉ុន្តែ មេធាវី​ការពារ​ក្ដី​ចុង​ចោទ គឺ​លោក អ៊ុំ ប៊ុនធឿន អះអាង​ថា ការ​ចោទ​ប្រកាន់ និង​កាត់​ក្ដី​កូន​ក្ដី​របស់​លោក​ឈ្មោះ រឹម សារ៉ាន់ គឺ​ខុស​នីតិវិធី​ច្បាប់ ព្រោះ​ថា ករណី​នេះ​ជា​ករណី​រដ្ឋប្បវេណី តែ​តុលាការ​បែរ​ជា​ចាត់​ទុក​ថា​ជា​រឿង​ព្រហ្មទណ្ឌ ធ្វើ​ឲ្យ​កូន​ក្ដី​លោក​ដែល​មិន​ត្រូវ​មាន​ទោស បែរ​ជាប់​គុក​ទៅ​វិញ៖ «អ្វី​ដែល​ខ្ញុំ​លើក​ថ្ងៃ​នេះ ខ្ញុំ​ចង់​និយាយ​ថា រឿង​នេះ​កើត​ចេញ​ពី​កិច្ចសន្យា​ទេ វា​មិន​មែន​ជា​រឿង​ព្រហ្មទណ្ឌ​ទេ។ តុលាការ​គាត់​មាន​សិទ្ធិ​ឃុំ​ខ្លួន គាត់​មាន​ឆន្ទានុសិទ្ធិ​តាម​ផ្លូវ​ច្បាប់ ក៏ប៉ុន្តែ​គាត់​ក៏​ត្រូវ​តែ​គោរព​ច្បាប់​ដែរ មាន​ន័យ​ថា បើ​សិន​ជា​អត់​មាន​បទល្មើស​រឿង​នេះ​វា​កើត​ពី​កិច្ចសន្យា។ អ៊ីចឹង​ហើយ​រឿង​នេះ​ជា​កាតព្វកិច្ច ពួក​វា​ស៊ី​សំណូក ជា​អ្នក​រំលោភ កូន​ក្ដី​ខ្ញុំ​អត់​រំលោភ​ផង វា​ត្រូវ​ខាង​នោះ​រំលោភ​វិញ កូន​ក្ដី​យើង​ទៅ​យក​លុយ​អត់​បាន​ឲ្យ​យក​កូន​ក្ដី​យើង​ទៅ​ដាក់​គុក​ទៀត»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ភាគី​ដើម​ចោទ លោក កែវ សាន បាន​ភ្លាម​ទេ ដើម្បី​ផ្ដល់​ឱកាស​ឆ្លើយ​តប​ទៅ​នឹង​ភាគី​ចុង​ចោទ។

យ៉ាង​ណា​ក្ដី ភរិយា និង​មេធាវី​ចុង​ចោទ​ឲ្យ​ដឹង​ថា តុលាការ​ខេត្ត​កំពត នឹង​ចាប់​ផ្ដើម​សវនាការ​រឿង​ក្ដី លោក រឹម សារ៉ាន់ នៅ​ថ្ងៃ​ទី​២៦ កុម្ភៈ ដូច​ការ​គ្រោង​ទុក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល