ស្ត្រី​និង​កុមារី​ខ្មែរ​រំពឹង​ថា​ភរិយា​ប្រធានាធិបតី​អាមេរិក​នឹង​អាច​ជួយ​ជំរុញ​វិស័យ​អប់រំ​នៅ​កម្ពុជា

ដោយ សុជីវី
2015-03-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សិស្ស​ស្រី​ក្រីក្រ​ពីរ​នាក់​ក្នុង​ចំណោម ១០​នាក់​នៅ​វិទ្យាល័យ ហ៊ុន សែន ប្រាសាទ​បាគង ខេត្ត​សៀមរាប ដែល អ្នកស្រី មីស៊្ហែល អូបាម៉ា (Michelle Obama) មាន​គម្រោង​ជួប​ជាមួយ​ពួក​គេ ហើយ​ជំរុញ​ឲ្យ​បន្ត​ការ​រៀន​សូត្រ​ត​ទៅ​ទៀត ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៥។
សិស្ស​ស្រី​ក្រីក្រ​ពីរ​នាក់​ក្នុង​ចំណោម ១០​នាក់​នៅ​វិទ្យាល័យ ហ៊ុន សែន ប្រាសាទ​បាគង ខេត្ត​សៀមរាប ដែល អ្នកស្រី មីស៊្ហែល អូបាម៉ា (Michelle Obama) មាន​គម្រោង​ជួប​ជាមួយ​ពួក​គេ ហើយ​ជំរុញ​ឲ្យ​បន្ត​ការ​រៀន​សូត្រ​ត​ទៅ​ទៀត ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៥។
RFA/Hang Savyouth

ភរិយា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក អ្នកស្រី មីស៊្ហែល អូបាម៉ា (Michelle Obama) នឹង​ទៅ​ទស្សនកិច្ច​វិទ្យាល័យ ហ៊ុន សែន ប្រាសាទ​បាគង ក្នុង​ខេត្ត​សៀមរាប នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មីនា ជា​ទី​ដែល​អ្នកស្រី​មាន​គម្រោង​ជួប​កុមារី ១០​នាក់ ដែល​ជា​សិស្ស​នៅ​ទីនោះ។

តើ​វិទ្យាល័យ​នេះ​មាន​ចំណុច​ពិសេស​អ្វី​ខ្លះ ទើប​បាន​ក្លាយ​ជា​ជម្រើស​របស់ អ្នកស្រី មីស្ហែល? តើ​កុមារី​ទាំង ១០​នាក់​នោះ​ជា​នរណា?

វិទ្យាល័យ​ប្រាសាទ​បាគង ឋិត​ក្នុង​ភូមិសាស្ត្រ​ស្រុក​ប្រាសាទ​បាគង តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៦។ វិទ្យាល័យ​នេះ​ទទួល​សិស្ស​មក​ពី​ឃុំ​ទាំងអស់​នៅ​ក្នុង​ស្រុក​ប្រាសាទ​បាគង។

ពេល​ចូល​ទៅ​ដល់​សាលា បរិវេណ​សាលា​នេះ​ធំ​ទូលាយ អគារ​សិក្សា​សង់​ផ្ទាល់​ដី​មាន​របៀប​របប​អម​ដោយ​សួន​ច្បារ​ស្រស់​ស្អាត និង​មាន​អនាម័យ។

នាយក​វិទ្យាល័យ​ប្រាសាទ​បាគង លោក ស៊ិន សំណាង មាន​ប្រសាសន៍​ថា វិទ្យាល័យ​នេះ​ក៏​មិន​ខុស​ពី​វិទ្យាល័យ​ផ្សេង​ទៀត​ដែល​មាន​ឈ្មោះ​ថា សាលា​កុមារ​មេត្រី ឬ​សាលា​ដែល​ទាក់ទាញ​សិស្ស​ឲ្យ​មក​សិក្សា​ឡើយ។ លោក​បន្ត​ថា សាលា​របស់​លោក​បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​សាលា​នេះ​មាន​ចំណុច​ខុស​ប្លែក​ពី​សាលា​ដទៃ។ ក្រៅ​ពី​សិក្សា​ក្នុង​ថ្នាក់ សាលា​មាន​បន្ទប់​ពិសោធន៍ មាន​បណ្ណាល័យ មាន​ថ្នាក់​បំណិន​ជីវិត មាន​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​គ្រូបង្រៀន និង​មាន​អាហារូបករណ៍​សម្រាប់​សិស្ស​ស្រី​ទៀត​ផង។

ស្រប​គ្នា​នេះ សាលា​ក៏​មាន​ប្រព័ន្ធ​ត្រួត​ពិនិត្យ​បញ្ហា​អវត្តមាន​របស់​សិស្ស ដែល​ជា​ផ្នែក​មួយ​ទប់ស្កាត់​ការ​បោះ​បង់​ការ​សិក្សា​របស់​សិស្ស។

នៅ​ក្នុង​ឆ្នាំ​សិក្សា​២០១៤-២០១៥ នេះ សាលា​មាន​សិស្ស​សរុប ១.៥៣៤​នាក់ ក្នុង​នោះ​សិស្ស​ស្រី​ចំនួន ៨៦៦​នាក់។ អត្រា​នៃ​សិស្ស​បោះ​បង់​ការ​សិក្សា គឺ​ប្រមាណ ៥% ក្នុង​ឆមាស​ទី​១​នៃ​ឆ្នាំ​សិក្សា​នេះ។

លោក​នាយក ស៊ិន សំណាង មាន​មោទនភាព​ក្នុង​នាម​ជា​អ្នក​គ្រប់គ្រង​សាលា ដែល​សាលា​នេះ​ត្រូវ​ជ្រើស​រើស​ឲ្យ​ទទួល​ដំណើរ​ទស្សនកិច្ច​របស់ អ្នកស្រី មីស៊្ហែល អូបាម៉ា។

នៅ​ក្នុង​គម្រោង​ទស្សនកិច្ច​នៃ​គំនិត​ផ្ដួចផ្ដើម អនុញ្ញាត​ឲ្យ​ក្មេង​ស្រី​បាន​សិក្សា (Let's girls learn) អ្នកស្រី មីស៊្ហែល អូបាម៉ា ជួប​ក្មេង​ស្រី ១០​នាក់​ដែល​ជា​សិស្ស​នៃ​វិទ្យាល័យ​នេះ។ ពួក​គេ គឺ​ជា​ក្មេង​ស្រី​នៅ​ក្នុង​គ្រួសារ​ក្រីក្រ​ក្នុង​ស្រុក​ប្រាសាទ​បាគង។ ពួក​គេ​ទាំង ១០​នាក់ ទទួល​បាន​អាហារូបករណ៍​ពី​អង្គការ​មួយ​ឈ្មោះ​ថា រូម ធូ រីដ (Room To Read)។ ពួក​គេ​កំពុង​រៀន​នៅ​ថ្នាក់​ទី​១២។ អង្គការ​នេះ​ចាប់​ផ្ដើម​ផ្ដល់​អាហារូបករណ៍​ដល់​ពួក​គេ​តាំង​ពី​ពេល​ពួក​គេ​រៀន​ថ្នាក់​ទី​៧។

ក្មេង​ស្រី​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង ១០​នាក់ កញ្ញា វាន សុហាង នាង​កំពុង​រស់​នៅ​ជា​មួយ​ជីដូន​ចាស់ និង​ម្ដាយ​មីង​ពិការ​នៅ​ក្នុង​ភូមិ​ស្រិត ឃុំ​កន្ទ្រាំង ស្រុក​ប្រាសាទ​បាគង។ ជីវភាព​គ្រួសារ​របស់​នាង​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ម្ដាយ​មីង​ពិការ ដែល​ជា​កម្មករ​សំណង់​ជា​អ្នក​ផ្គត់ផ្គង់ និង​ដំណាំ​បន្លែ​បន្តិច​បន្តួច​ដែល​នាង​ដាំ​ក្បែរ​ផ្ទះ។ សុហាង អះអាង​ថា ប្រសិន​បើ​ពុំ​មាន​ជំនួយ​ពី​អង្គការ រូម ធូ រីដ ទេ​នោះ ម្ល៉េះ​នាង​មិន​បាន​រៀន​ជាប់​លាប់​មក​ដល់​ពេល​នេះ​ឡើយ។

ក្មេង​ស្រី​ម្នាក់​ទៀត គឺ​កញ្ញា ឆិត ណារ័ត្ន នាង​រស់​នៅ​ក្នុង​គ្រួសារ​ដែល​ម្ដាយ​ជា​ស្រី​មេម៉ាយ​មាន​កូន​ចំនួន ៥​នាក់។ ក្រៅ​ពី​ការ​សិក្សា នាង​ទទួល​ភារៈ​ដាំ​បន្លែ សម្រាប់​ឲ្យ​ម្ដាយ​ដឹក​ទៅ​លក់​ជា​រៀង​រាល់​ថ្ងៃ​នៅ​ក្រុង​សៀមរាប។ ណារ័ត្ន មាន​បំណង​ក្លាយ​ជា​គ្រូបង្រៀន​ផ្នែក​គីមីវិទ្យា ប៉ុន្តែ​នាង​ហាក់​ពុំ​មាន​សង្ឃឹម​ទេ នៅ​ពេល​ងាក​មក​មើល​ជីវភាព​គ្រួសារ​ដ៏​លំបាក​របស់​នាង។

ក្មេង​ស្រី​ទាំង​ពីរ​រំពឹង​ថា នឹង​បាន​លើក​ពី​ការ​លំបាក​របស់​ពួក​នាង​ទៅ​ប្រាប់​ស្ត្រី​ទី​១ អ្នកស្រី មីស៊្ហែល អូបាម៉ា ដើម្បី​ឲ្យ​ពួក​នាង​មាន​សង្ឃឹម​នឹង​បាន​បន្ត​ការ​សិក្សា​ដល់​មហាវិទ្យាល័យ ទៅ​តាម​ក្ដី​ប្រាថ្នា។

ស្រប​គ្នា​នេះ នាយក​វិទ្យាល័យ លោក ស៊ិន សំណាង ក៏​រំពឹង​ដែរ​ថា ក្មេង​ស្រី​ផ្សេង​ទៀត​អាច​នឹង​មាន​ឱកាស​ទទួល​បាន​ការ​ឧបត្ថម្ភ​ដូច​ក្មេង​ស្រី​ទាំង ១០​នាក់​នេះ​ដែរ។

ទាក់ទង​ដល់​ដំណើរ​ទស្សនកិច្ច​របស់ អ្នកស្រី មីស្ហែល អូបាម៉ា លោក កាន់ កាល់ នាយក​ប្រចាំ​នៅ​កម្ពុជា របស់​អង្គការ រូម ធូ រីដ មាន​ប្រសាសន៍​ថា ក្មេង​ស្រី​ទាំង ១០​នាក់​នៃ​វិទ្យាល័យ​ប្រាសាទ​បាគង គឺ​ជា​សិស្ស​ជំនាន់​ចុង​ក្រោយ ដែល​អង្គការ​នេះ​ផ្គត់ផ្គង់​នៅ​ទី​នោះ។

រូម ធូ រីដ ជា​អង្គការ​អន្តរជាតិ​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ទទួល​បាន​ជំនួយ​ពី​សប្បុរសជន​ជាទូទៅ ដើម្បី​ដំណើរ​ការ​គម្រោង​ជា​ច្រើន​ក្នុង​ផ្នែក​អប់រំ។ នៅ​កម្ពុជា អង្គការ​នេះ​បង្កើត​គម្រោង​ជួយ​ដល់​ការ​សិក្សា​របស់​ក្មេង​ស្រី​ដោយ​ផ្ដល់​សម្ភារៈ​សិក្សា សម្លៀកបំពាក់ មធ្យោបាយ​ទៅ​សាលា ផ្ដល់​បន្ទប់​ស្នាក់​នៅ​ក្បែរ​សាលា​រៀន​សម្រាប់​សិស្ស​នៅ​ឆ្ងាយ និង​បង់​ថ្លៃ​រៀន​គួរ​ជាដើម។ អង្គការ​នេះ​ផ្ដល់​ជំនួយ​បែប​នេះ​ជា​ទៀងទាត់​ដល់​ក្មេង​ស្រី​ក្នុង​រយៈពេល ៥​ឆ្នាំ​នៃ​ការ​សិក្សា​របស់​គេ​នៅ​វិទ្យាល័យ។ មក​ដល់​ពេល​នេះ​មាន​ក្មេង​ស្រី​ប្រមាណ​ជាង ១.៦០០​នាក់​ក្នុង​ខេត្ត​សៀមរាប បាន​ទទួល​ការ​ឧបត្ថម្ភ​របស់​អង្គការ រូម ធូ រីដ។

នាយក​អង្គការ រូម ធូ រីដ លោក កាន់ កាល់ មាន​ប្រសាសន៍​ថា ជំនួយ​បែប​នេះ​មាន​ជោគជ័យ​ក្នុង​ការ​ជំរុញ​ការ​សិក្សា​របស់​ក្មេង​ស្រី។

ទាក់ទិន​ដល់​ដំណើរ​ទស្សនកិច្ច​របស់ អ្នកស្រី មីស៊្ហែល អូបាម៉ា លោក កាន់ កាល់ ចាត់​ទុក​ជា​ការ​លើក​ទឹក​ចិត្ត​ដ៏​ល្អ និង​កម្រ​មួយ​សម្រាប់​លោក អង្គការ​របស់​លោក រួម​នឹង​ពលរដ្ឋ​ខ្មែរ​ដែរ ដើម្បី​បំពេញ​ការងារ​ក្នុង​វិស័យ​អប់រំ​នេះ​ឲ្យ​កាន់​តែ​រីក​ចម្រើន ជាពិសេស​ជំរុញ​ក្មេង​ស្រី​ឲ្យ​មាន​ចំណេះ​ដឹង ចេះ​វិភាគ ច្នៃ​ប្រឌិត និង​មាន​គុណភាព​ជីវិត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល