ក្រុម​ស្ត្រី​ធ្វើ​ការ​ផ្នែក​សេវា​កម្សាន្ត​ស្នើ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ប្រឈម​នៅ​ពេល​ផ្អាក​ការងារ​វិស័យ​នេះ

ដោយ សុ ជីវី
2020-03-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន សែន ក្នុង​ពេល​ជួប​និស្សិត​ខ្មែរ ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី២០ ខែ​មករា ឆ្នាំ២០១៩។
លោក ហ៊ុន សែន ក្នុង​ពេល​ជួប​និស្សិត​ខ្មែរ ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី២០ ខែ​មករា ឆ្នាំ២០១៩។
រូបថត៖ ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister

ក្រុម​ស្ត្រី​បម្រើ​នៅ​ផ្នែក​សេវា​កម្សាន្ត​ដូចជា​ក្លឹប​កម្សាន្ត និង​ខារ៉ាអូខេ ជាដើម បាន​បាត់បង់​ការងារ​ភ្លាមៗ​នៅ​ពេល​រដ្ឋាភិបាល​ប្រកាស​ផ្អាក​ការងារ​ក្នុង​ផ្នែក​នេះ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩​។ ពួកគេ​ស្នើ​ភាគី​ពាក់ព័ន្ធ​ជួយ​សម្រាល​ការ​លំបាក​ក្នុង​ជីវភាព​នៅ​ពេល​បាត់បង់​ការងារ​ភ្លាមៗ​បែបនេះ​។ សហជីព​កម្មករ​ក្នុង​ផ្នែក​នេះ​រំពឹង​ថា រដ្ឋាភិបាល​នឹង​ដោះស្រាយ​បញ្ហា​ជីវភាព​ដែល​មាន​តែ​ចំណាយ​គ្មាន​ចំណូល​របស់ ក្រុម​ស្ត្រី​នេះ​ពិសេស គឺ​ធ្វើ​យ៉ាងណា​អាច​ឱ្យ​ពួកគេ​អាច​ពន្យារពេល​បង់​ប្រាក់​សងបំណុល​ធនាគារ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ។

ស្ត្រី​ជា​អ្នកធ្វើការ​នៅ​តាម​ក្លឹប​កម្សាន្ត​នានា លើកឡើង​ពី​ក្ដី​បារម្ភ​ស្រដៀង​គ្នា​ថា វិធានការ​ផ្អាក​បណ្ដោះអាសន្ន​នូវ​ទីតាំង​ក្លឹប​កម្សាន្ត ខារ៉ាអូខេ​(KTV) ដែល​ជា​វិធាន​បន្ទាន់​របស់​រដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩ នោះ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ពួកគេ។

ស្រីលីន ជា​អ្នកធ្វើការ​នៅ​ក្លឹប​ខារ៉ាអូខេ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​ឱ្យ​ដឹង​ថា​ការងារ​របស់​នាង និង​ស្ត្រី ជាច្រើន​ទៀត​ត្រូវ​ផ្អាក​ភ្លាមៗ ដោយ​មិន​បាន​ត្រៀម​ទុកជាមុន ហើយ​វា​ក៏​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ពួក​នាង​ភ្លាមៗ​ដែរ​។ ស្រី​លីន​បន្ត​ថា ក្រៅពី​ប្រឈម​នឹង​ខ្វះ​ខាត​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ នាង​ក៏​ពុំ​​​មាន​ប្រាក់​សម្រាប់​បង់​សង​ទៅ​ធនាគារ​ដែរ។ ស្រី​លីន​បញ្ជាក់​ថា នាង​ជំពាក់​ប្រាក់​ធនាគារ​ជាង ១​ពាន់​ដុល្លារ ដែល​តម្រូវ​ឱ្យ បង់​រំលស់​ជា​រៀងរាល់​ខែ​បន្ថែម លើ​ប្រាក់​ចំណាយ​ប្រចាំ​ផ្សេងៗ​ទៀត៖ «ក្នុង​១​ខែ មិន​រក​បាន​ច្រើន​ទេ​គឺ​អាច​ត្រឹម​ផ្គត់ផ្គង់​ជីវភាព​យើង​អត់​ជំពាក់​គេ យើង​រួច​បាន​មួយ​គ្រាៗ​បង តែ​ឥឡូវ​គេ​បិទ​ជិតឈឹង​អ៊ីចឹង​មិន​ដឹង​ថា​ដោះស្រាយ​តាម​វិធី​យ៉ាងម៉េច​ទៀត​ទេ​បង ខ្ញុំ​អត់​យល់​ដែរ​។ ការ​ចំណាយ​ហូបចុក​រាល់ថ្ងៃ បើ​និយាយ​ដូចជា​អាហារ​យើង​ត្រូវ​ចំណាយ​ក្នុង​មួយថ្ងៃ ពី​៤ ទៅ ៥​ម៉ឺន​រៀល​ដែរ​ហ្នឹង​ប្រាក់​ចំណាយ​។ ចុះ​ឥឡូវ​បើ​យើង​បាត់​ចំណូល​ក៏​អត់ តែ​ចំណាយ​ចេញ​រហូត»

ស្រីលីន​បន្ត​ថា ខាង​ភាគី​ម្ចាស់​ក្លឹប​ខារ៉ាអូខេ​សម្រេច​ថា ផ្ដល់​ឱ្យ​ពួកគេ​នូវ​ប្រាក់ខែ​ចុងក្រោយ​ចំនួន ៥០​ដុល្លារ និង​ពុំ​ធានា​ចំពោះ​ការ​ចំណាយ​នៅ​ពេល​ខាងមុខ​នេះ​ឡើយ​។ នាង​ប្រាថ្នា​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​យកចិត្តទុកដាក់​ដល់​ពួកនាង ដើម្បី​ដោះស្រាយ​ការ​លំបាក​នៅ​ពេល​នេះ៖ «កន្លែង​ខ្ញុំ​នេះ​ជួល​រាង​ធូរ​ថ្លៃ​ទេ​បង ជួល​ហ្នឹង​ពី​ថ្លៃ​៤០​ទៅដល់​៧០(​ដុល្លារ) ហើយ​គេ​ផ្អាក​ឱ្យ​យើង​១​ខែ​សិន គេ​យោគយល់​យើង គេ​ដឹង​ថា​ស្ថានភាព​យើង​។ ឥឡូវ​កំពុង​បារម្ភ​រឿង​ថ្លៃ​ទឹក​ថ្លៃ​ភ្លើង​មួយ​វគ្គ​ទៀត ថ្លៃ​ផ្ទះ​គេ​បាន​អនុគ្រោះ​ឱ្យ​យើង»

រដ្ឋាភិបាល​លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​១៧ ខែ មីនា បាន​ផ្អាក​បណ្ដោះអាសន្ន​រាល់​ការ​ជួប​ប្រជុំ​តាម​ទី​សាធារណៈ ការ​ប្រគុំ​តន្ត្រី​ដែល​មាន​មនុស្ស​កុះករ ផ្អាក​សេវាកម្ម ក្លឹប​កម្សាន្ត ខារ៉ាអូខេ​(KTV) និង​រោង​ភាពយន្ត។

ឆ្លើយតប​នឹង​វិធានការ​នេៈ​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា​បាន ចេញ​សេចក្ដីថ្លែងការណ៍​កាលពី​ថ្ងៃទី១៧ មីនា ដោយ​ស្វាគមន៍​ចំណាត់​ការ​រដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូវីដ​១៩ ប៉ុន្តែ​បាន​ទាមទារ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា ចម្បង​ចំពោះ​មុខ​ចំនួន​៣​ចំណុច​ធំៗ ដែល​រួមមាន​ពិនិត្យ​ការ​គាំពារ​ផ្នែក​ហិរញ្ញវត្ថុ​ផ្គត់ផ្គង់​មូលដ្ឋាន​ហូបចុក​ស្នាក់នៅ គាំទ្រ​ការ​ព្យាបាល​ជំងឺ​សម្រាប់​ពួកគេ​និង​គ្រួសារ ពិនិត្យមើល​ការ​ពន្យារ​ពេល​សងបំណុល​ធនាគារ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា អ្នកនាង អ៊ូ ទេពផល្លីន លើកឡើង​ថា កម្មករ​នៅ​​ក្នុង​វិស័យ កាត់ដេរ និង​សហគ្រាស​ផ្សេងទៀត​ទទួល​បាន​ការ​គាំពារ​ពី​និយោជក និង​ពី​រដ្ឋាភិបាល ដែល​ខុស​ប្លែក​គ្នា​ពី​ក្រុម​ស្ត្រី​ក្នុង​ផ្នែក​សេវា​កម្សាន្ត​។ ប្រភព​ដដែល​បន្ត​ថា អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​មានការ​គាំពារ ដល់​ស្ត្រី​ផ្នែក​សេវា​កម្សាន្ត ដើម្បី​ឱ្យ​ពួកគេ​ទទួល​បានការ​ធានា​ថា ពួកគេ​មាន​ជីវភាព​សមរម្យ​មិន​ធ្លាក់​ក្នុង​ភាព​តោកយ៉ាក៖ «ក្នុង​វិស័យ​កាត់ដេរ​ព្រោះ​មាន​ប្រេន​ធំៗ​មានអី អ្នក​ដាក់​សម្ពាធ ប៉ុន្តែ​សម្រាប់​ពួកគាត់​គឺ​អត់​មាន​កន្លែង ដែល​ដាក់​សម្ពាធ​ព្រោះ​ភាគច្រើន អតិថិជន​នៅ​ក្នុង​ស្រុក ហើយ​ថៅកែ​ក៏​នៅ​ក្នុង​ស្រុក​ដែរ គឺ​មាន​តែ​រដ្ឋាភិបាល​ទេ​ត្រូវ​ចេញ​ម៉ោង​ធ្វើ​អន្តរាគមន៍​ដល់​ការដឹកនាំ​មានគុណ​ធម៌​ទៀត​ទើប​អាច​ឱ្យ​ពលរដ្ឋ​ហ្នឹង​គាត់​ទទួល​បាន​ការ​ការពារ​មួយ​មានន័យថា​មិន​ធ្លាក់​ទៅ​ក្នុង​ភាព​អត់ឃ្លាន ទៅ​ក្នុង​ភាព​តោកយ៉ាក​នៅ​ពេល​អត់​ការងារ​ធ្វើ»

នៅ​ក្នុង​ផ្នែក​កាត់ដេរ និង​ដេរ​ស្បែកជើង​រដ្ឋាភិបាល​ប្រកាស​ថា នឹង​ផ្ដល់​ប្រាក់​៦០​ភាគរយ​នៃ​ប្រាក់​ឈ្នួល​គោល​របស់​ពួកគេ ដែល​ក្នុង​មួយ​ខែ​ពួកគេ​អាច​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ប្រមាណ ១២០​ដុល្លារ ក្នុង​នោះ​មួយ​ផ្នែក​បាន​ពី​រដ្ឋាភិបាល និង​មួយ​ផ្នែក​បាន​ពី​ខាង​និយោជក។ ការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​នេះ​គឺ​នៅ​ពេល​រោងចក្រ​ព្យួរ​កិច្ច​សន្យា​ការងារ​កម្មករ ហើយ​ពួកគេ​ត្រូវ​ទៅ​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​រៀបចំ​ដោយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

នារី​ជា​មេការ​ម្នាក់​នៅ​ហាង​ខារ៉ាអូខេ​ក្នុង​រាជធានី​ភ្នំពេញ​សុំ​លាក់​ឈ្មោះ​លើក​ឡើង​ថា ប្រសិនបើ​មាន​ប្រាក់​ឧបត្ថម្ភ​បន្តិចបន្តួច​សម្រាប់​ដោះស្រាយ​ជីវភាព និង​អាច​ពន្យារ​បង់​ប្រាក់​សង​ធនាគារ​បាន​គឺជា​ដំណោះស្រាយ​ល្អ​មួយ​សម្រាប់​ពួក​នាង៖ «និយាយ​រួម​ទៅ​បើសិនជា​រាជរដ្ឋាភិបាល​អាច​ជួយ​៥០​ភាគរយ​ព្រោះ​អី​កំឡុង​ពេល​ហ្នឹង​ពួក​ខ្ញុំ​អត់​មានការ​ងារ​ធ្វើ​ទេ​តាំងពី​បិទ​KTV​មក។ ប្រាក់ខែ​ខ្ញុំ​មួយ​ខែ​ជាង ១០០(ដុល្លារ) អ៊ីចឹង​បង ហើយ​រក​គួបផ្សំ​រាល់ថ្ងៃ​បាន​ធីប​ខ្លះ​អី​ខ្លះ សម្រាប់​ទប់ទល់​ការចាយវាយ​បង់​ធនាគារ បង់ថ្លៃ​ផ្ទះ​ជួល ទឹក​ភ្លើង​ជាដើម»

អាស៊ីសេរី​ព្យាយាម​ទូរស័ព្ទ​សុំ​ការ​ឆ្លើយតប​រឿង​នេះ​ពី​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន តែ​លោក​មិន​លើក​ទូរស័ព្ទ។

ចំណែក​អ្នកនាំពាក្យ​ក្រសួង​កិច្ចការ​នារី អ្នកស្រី ម៉ាន ចិន្ដា ឆ្លើយតប​តាម​តេឡេក្រាម (Telegram) ថា អ្នកស្រី​នឹង​ឆ្លើយតប​នៅ​ក្រោយ​ការពិភាក្សា​ជាមួយ​មន្ត្រី​នៅ​ក្រសួង​បញ្ចប់។

សេចក្ដីថ្លែងការណ៍​របស់​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា​បញ្ជាក់​ថា ការ​ផ្អាក​ការងារ​ក្នុង​វិស័យ​សេវាកម្ម​កម្សាន្ត និង​ភាពយន្ត​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ របស់​អ្នកធ្វើការ​ក្នុង​វិស័យ​នេះ ប្រមាណ​៨​ម៉ឺន​នាក់ នៅ​ទូទាំង​ប្រទេស​ដែល​ភាគច្រើន​ជា​ស្ត្រី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល