យុវជន​ជនជាតិ​ដើម​ភាគ​តិច​មាន​ឱកាស​តិចតួច​ទទួល​បាន​ការ​សិក្សា​ថ្នាក់​ឧត្តម​សិក្សា

ដោយ យ៉ង ចាន់តារា
2015-12-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​សិល្បៈ​យុវជន​ជនជាតិ​ដើម​ភាគ​តិច ត្រៀម​សម្ដែង​របាំ​ប្រពៃណី​ក្នុង​វេទិកា​ស្ដីពី “យុវជន​ជនជាតិ​ដើម​ភាគ​តិច និង​ឱកាស​នៃ​ការ​ទទួល​បាន​ការ​អប់រំ​កម្រិត​ឧត្តម​សិក្សា​នៅ​រាជធានី​ភ្នំពេញ” កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៥។
ក្រុម​សិល្បៈ​យុវជន​ជនជាតិ​ដើម​ភាគ​តិច ត្រៀម​សម្ដែង​របាំ​ប្រពៃណី​ក្នុង​វេទិកា​ស្ដីពី “យុវជន​ជនជាតិ​ដើម​ភាគ​តិច និង​ឱកាស​នៃ​ការ​ទទួល​បាន​ការ​អប់រំ​កម្រិត​ឧត្តម​សិក្សា​នៅ​រាជធានី​ភ្នំពេញ” កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA/Yang Chandara

ក្រុម​យុវជន​ជនជាតិ​ដើម​ភាគ​តិច​ជាច្រើន​នាក់ បាន​មក​ជួប​ជុំ​គ្នា​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ធ្នូ ដើម្បី​បង្ហាញ​ពី​បញ្ហា​ប្រឈម​របស់​ពួក​គេ ក្នុង​ការ​បន្ត​ការ​សិក្សា​នៅ​ថ្នាក់​ឧត្តម​សិក្សា​នៅ​រាជធានី​ភ្នំពេញ។ ពួក​គេ​អះអាង​ថា យុវជន​ជនជាតិ​ដើម​ភាគ​តិច នៅ​មាន​ឱកាស​ទទួល​បាន​ការ​អប់រំ​តិចតួច​នៅ​ឡើយ បើ​ប្រៀបធៀប​ទៅ​នឹង​ឱកាស​ដែល​យុវជន​ខ្មែរ​ទូទៅ​ទទួល​បាន។

យុវជន និង​និស្សិត​ជា​ជនជាតិ​ដើម​ភាគ​តិច​ប្រហែល ១០០​នាក់ អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ជាពិសេស​ក្រសួង​អប់រំ យុវជន និង​កីឡា ឲ្យ​យក​ចិត្ត​ទុក​ដាក់​បន្ថែម ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាក់ទង​នឹង​ការ​អប់រំ​ជូន​ពួក​គេ។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ក្នុង​វេទិកា​ស្ដីពី “យុវជន​ជនជាតិ​ដើម​ភាគ​តិច និង​ឱកាស​នៃ​ការ​ទទួល​បាន​ការ​អប់រំ​កម្រិត​ឧត្តម​សិក្សា​នៅ​រាជធានី​ភ្នំពេញ”។

សំឡេង​អំពាវនាវ៖ «យើង​ជា​ជនជាតិ​ដើម​ភាគ​តិច ត្រូវ​ការ​ការ​អប់រំ​ទាំងអស់​គ្នា។ យើង​ត្រូវ​ការ​សាលា និង​គ្រូបង្រៀន​បន្ថែម​ដោយ​មាន​គុណភាព។ ការ​អប់រំ​ចាំបាច់​សម្រាប់​ជនជាតិ​ដើម​ភាគ​តិច​នៅ​កម្ពុជា»

យុវជន​ជនជាតិ​ដើម​ភាគ​តិច​មក​ពី​តាម​បណ្ដា​ខេត្ត បាន​លើក​ឡើង​ថា ពួក​គេ​មាន​បញ្ហា​ប្រឈម​ជាច្រើន​ទាក់ទង​នឹង​ការ​អប់រំ​នៅ​ថ្នាក់​មធ្យម​សិក្សា ដែល​ជា​កត្តា​រាំង​ស្ទះ​មិន​អាច​ឲ្យ​ពួក​គេ​បន្ត​ការ​សិក្សា​ថ្នាក់​ឧត្តម​សិក្សា​ត​ទៅ​មុខ​បាន។ បញ្ហា​ទាំង​នោះ​មាន​ជាអាទិ៍ សាលា​រៀន​នៅ​ឆ្ងាយ​ពី​ផ្ទះ គ្មាន​មធ្យោបាយ​ធ្វើ​ដំណើរ គ្មាន​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ ជីវភាព​ក្រីក្រ ខ្វះ​កន្លែង​ស្នាក់នៅ​សម្រាប់​សាលា​រៀន​ឆ្ងាយ ខ្វះ​គ្រូបង្រៀន ការ​បង្រៀន​មិន​បាន​ទៀងទាត់ អំពើ​ពុក​រលួយ​ក្នុង​ការ​រៀន​សូត្រ ការ​មិន​យល់​ពី​តម្លៃ​នៃ​ការ​សិក្សា​ពី​សំណាក់​ឪពុក​ម្តាយ​មួយ​ចំនួន និង​ខ្វះ​ការ​លើក​ទឹក​ចិត្ត​ពី​រដ្ឋាភិបាល ជាដើម។

យុវ​និស្សិត​ម្នាក់​មក​ពី​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ពូនង នៃ​ស្រុក​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី គឺ​កញ្ញា ឃើ្លម បៀន ឬ​ហៅ​ជា​ភាសា​ខ្មែរ​ថា ជា សុធារី បញ្ជាក់​ថា មាន​យុវជន​តិចតួច​ប៉ុណ្ណោះ​ក្នុង​សហគមន៍​របស់​នាង ដែល​អាច​បន្ត​ការ​សិក្សា​នៅ​ថ្នាក់​មហា​វិទ្យាល័យ។ សុធារី បញ្ជាក់​ថា ភាព​ក្រីក្រ គឺ​ជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​យុវជន​ក្នុង​សហគមន៍​របស់​នាង​បោះបង់​ចោល​ការ​សិក្សា៖ «គាត់​មាន​ការ​ព្រួយ​បារម្ភ​ទៀត គឺ​បញ្ហា​នៅ​ក្នុង​គ្រួសារ បញ្ហា​នៅ​ក្នុង​សហគមន៍ ដូចជា​ដីធ្លី​ដែល​មាន​ក្រុមហ៊ុន​ឈូស​ឆាយ ឬ​ក៏​ព្រៃ​ឈើ​ទាំងអស់​ហ្នឹង»

សុធារី បន្ត​ទៀត​ថា យុវជន​ជនជាតិ​ដើម​ភាគ​តិច​ដែល​បាន​បន្ត​ការ​សិក្សា​ថ្នាក់​មហា​វិទ្យាល័យ សុទ្ធតែ​មាន​ចិត្ត​ចង់​ត្រឡប់​ទៅ​ជួយ​អភិវឌ្ឍ​សហគមន៍​របស់​ខ្លួន ហើយ​នាង​ជឿជាក់​ថា មាន​តែ​ការ​អប់រំ​ប៉ុណ្ណោះ ដែល​អាច​ធ្វើ​ឲ្យ​ជនជាតិ​ដើម​ភាគ​តិច​រស់នៅ​បាន​ដោយ​ក្តី​សុខ៖ «អ្វី​ដែល​ជា​ក្តី​ស្រមៃ ហើយ​អ្វី​ដែល​ខ្ញុំ​ចង់​ឃើញ​នៅ​ក្នុង​សហគមន៍​របស់​ខ្ញុំ គឺ​ចង់​ឃើញ​យុវជន​ទាំងអស់ បាន​ចូល​រៀន​គ្រប់ៗ​គ្នា»

ទាក់ទង​នឹង​ការ​អប់រំ​ចំពោះ​យុវជន​ជនជាតិ​ដើម​ភាគ​តិច លោក រស់ សាលីន អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ បញ្ជាក់​ថា ក្រសួង​បាន​បង្កើត​ឲ្យ​មាន​គោលការណ៍​អប់រំ​ពីរ​ភាសា មួយ​ជា​ភាសា​ដើម និង​មួយ​ទៀត​ជា​ភាសា​ខ្មែរ ដើម្បី​សម្រួល​ដល់​ការ​សិក្សា​របស់​សិស្ស​ជនជាតិ​ដើម​ភាគ​តិច​នៅ​ថ្នាក់​មធ្យម​សិក្សា។ ចំណែក​ថ្នាក់​ឧត្តម​សិក្សា​វិញ ក្រសួង​បាន​រៀបចំ​ឲ្យ​មាន​អាហារូបករណ៍​សម្រាប់​សិស្ស​ក្រីក្រ និង​តំបន់​ដាច់​ស្រយាល ព្រម​ទាំង​បង្កើត​ឲ្យ​មាន​ជា​អន្តេវាសិកដ្ឋាន​សម្រាប់​សិស្ស​នារី​ដែល​ឡើង​មក​រៀន​នៅ​ភ្នំពេញ។ លោក​ស្នើ​ដល់​សិស្សានុសិស្ស​ជា​ជនជាតិ​ដើម​ភាគ​តិច តាម​ដាន​ព័ត៌មាន​សិក្សា​របស់​ក្រសួង​ឲ្យ​បាន​ញឹកញាប់៖ «ចំណុច​សំខាន់ គឺ​ព័ត៌មាន​តែ​ម្តង ធ្វើ​យ៉ាង​ណា​ទាក់ទង​អ្នក​ដែល​ធ្លាប់​ឡើង​មក​រៀន។ មួយ​ទៀត គឺ​ឧស្សាហ៍​មើល​គេហទំព័រ​របស់​ក្រសួង​អំពី​ព័ត៌មាន​ថ្មីៗ។ ទី​បី គឺ​អាច​ទំនាក់ទំនង​មក​ក្រសួង​ផ្ទាល់​តែ​ម្តង ឬ​ទំនាក់ទំនង​ទៅ​គ្រឹះស្ថាន​ឧត្តម​សិក្សា​នានា ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម​ទាំង​អាហារូបករណ៍ ទាំង​ការ​រៀន ទាំង​ការ​ស្នាក់នៅ»

បើ​ទោះ​ជា​ក្រសួង​អប់រំ បាន​លើក​ឡើង​ពី​ចំណុច​ទាំង​នេះ​ក្តី ក៏​គេ​សង្កេត​ឃើញ​នៅ​មាន​បញ្ហា​ជាច្រើន​ទៀត​ដែល​ក្រសួង​មិន​ទាន់​ដោះស្រាយ​បាន ដូចជា​កង្វះ​ខាត​ព័ត៌មាន​សិក្សា ការ​ផ្សព្វផ្សាយ​ពី​ការ​អប់រំ​សម្រាប់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​នៅ​មាន​កម្រិត និង​កង្វះ​ខាត​ទីផ្សារ​ការងារ​សម្រាប់​ជនជាតិ​ដើម​ភាគ​តិច ជាដើម។

សមាគម​យុវជន​ជនជាតិ​ដើម​ភាគ​តិច​កម្ពុជា រក​ឃើញ​ថា ក្នុង​ឆ្នាំ​សិក្សា​២០១៤-២០១៥ ដែល​មាន​បេក្ខជន​ប្រឡង​ជាប់​បាក់​ឌុប​ជិត ៥​ម៉ឺន​នាក់ មាន​សិស្ស​ជនជាតិ​ដើម​ភាគ​តិច​តែ ៦៥​នាក់​ប៉ុណ្ណោះ ដែល​បាន​មក​បន្ត​ការ​សិក្សា​ថ្នាក់​ឧត្តម​សិក្សា​នៅ​រាជធានី​ភ្នំពេញ។

ប្រធាន​អង្គការ​ជនជាតិ​ដើម​ភាគ​តិច​កម្ពុជា អ្នកស្រី យុន ម៉ាណេ មាន​ប្រសាសន៍​ថា ដើម្បី​ឲ្យ​សិស្ស​ជនជាតិ​ដើម​ភាគ​តិច​អាច​មាន​ឱកាស​បន្ត​ការ​សិក្សា​នៅ​ថ្នាក់​មហា​វិទ្យាល័យ ក្រសួង​អប់រំ គួរ​តែ​បន្ធូរបន្ថយ​និទ្ទេស ដើម្បី​ឲ្យ​សិស្ស​ជនជាតិ​ដើម​ភាគ​តិច​អាច​ទទួល​បាន​អាហារូបករណ៍ ជាពិសេស​កំណត់​ចំនួន​អាហារូបករណ៍​ជាក់លាក់​សម្រាប់​ពួក​គេ៖ «ទី​១ អាច​មើល​និទ្ទេស​ទៅ ប៉ុន្តែ​អ្នក​ដែល​អត់​មាន​និទ្ទេស​ល្អ សូម​ទទួល​យក​គាត់​ដើម្បី​លើក​ទឹក​ចិត្ត​គាត់ មិន​មែន​ថា​ធ្វើ​ឲ្យ​ខូច​គុណភាព​អប់រំ ប៉ុន្តែ​គ្រាន់​ថា ដំណាក់​កាល​នេះ បើ​យើង​គិត​ពី​គុណភាព​ទាំង​ស្រុង វា​មិន​អាច​ផ្តល់​ឱកាស​ឲ្យ​គាត់​បាន»

ស្ថិតិ​របស់​ក្រសួង​ផែនការ ឆ្នាំ​២០០៨ បង្ហាញ​ថា ជនជាតិ​ដើម​ភាគ​តិច​នៅ​កម្ពុជា មាន​ចំនួន​ជិត ១៨​ម៉ឺន​នាក់ ស្មើ​នឹង ១,៣៤​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប ដែល​ចែក​ចេញ​ជា ២៤​ក្រុម​ផ្សេងៗ​គ្នា និង​កំពុង​រស់នៅ​តាម​បណ្ដា​ខេត្ត​ចំនួន ១៥ ក្នុង​ប្រទេស​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល