ថៅកែ​រោងចក្រ​ស្យុង​យិន នៅ​ក្រុង​តាខ្មៅ បើក​ប្រាក់​អត្ថប្រយោជន៍​ឲ្យ​កម្មករ​ចំនួន ១៩ដុល្លារ ​តែ​កម្មករ​នឹង​បន្ត​តវ៉ា​ទាមទារ​អត្ថប្រយោជន៍​ផ្សេង​ទៀត

ដោយ ហេង រស្មី
2020-01-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ​ជាង​៤០០​នាក់ តវ៉ា​នៅ​មុខ​រោងចក្រ​ស្យុងយិន (Zhong Yin Cambodia B Textile Co.LTD) នៅ​សង្កាត់​សិត្បូ ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល នៅ​ថ្ងៃ​តី១៤ ខែ​មករា ឆ្នាំ២០២០។
កម្មករ​ជាង​៤០០​នាក់ តវ៉ា​នៅ​មុខ​រោងចក្រ​ស្យុងយិន (Zhong Yin Cambodia B Textile Co.LTD) នៅ​សង្កាត់​សិត្បូ ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល នៅ​ថ្ងៃ​តី១៤ ខែ​មករា ឆ្នាំ២០២០។
រូប៖ កម្មករ

ថៅកែ​រោងចក្រ​ស្យុងយិន (Zhong Yin Cambodia B Textile Co.LTD) នៅ​សង្កាត់​សិត្បូ ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល បាន​បើក​ប្រាក់​អត្ថប្រយោជន៍​ឲ្យ​កម្មករ ជាង​​បី រយ (៣០០)​នាក់ ចំនួន​១៩​ដុល្លារ​អាមេរិក។ ប៉ុន្តែ​ក្រុម​កម្មករ​ អះអាង​ថា ពួកគេ​នឹង​បន្ត​ការ​តវ៉ា​​នៅ​មុខ​រោងចក្រ​ដដែល ដើម្បី​ទាមទារ​​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ទៀត​។

អនុ​ប្រធាន​សហជីព​ស្មារតី​កម្មករ​ខ្មែរ ប្រចាំ​រោងចក្រ​ ស្យុងយិន លោក ឈូក មីរ៉ា ប្រាប់​ថា ថៅកែ​បាន​បើក​លុយ​អត្ថប្រយោជន៍ ​ចំនួន​១២​ដុល្លារ និង​ថ្លៃ​ធ្វើ​ដំណើរ​ចំនួន​៧ ដុល្លារ សម្រាប់​ខែ​វិច្ឆិកា ឲ្យ​កម្មករ​ដែល​កំពុង​តវ៉ា​ជាង​៣០០​នាក់ នៅ​រសៀល​ថ្ងៃ​ទី​២៧ មករា។ ប៉ុន្តែលោកថា ​ថៅកែ​មិន​ទាន់​បើក​ប្រាក់​ឈ្នួល​តាំង​ពី​ខែ​វិច្ឆិកា និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ទៀត ដូចជា ប្រាក់​បំណាច់ និង​​ប្រាក់​បញ្ចប់​កិច្ច​សន្យា​នៅ​ឡើយ​ទេ ដូច្នេះក្រុម​កម្មករ នឹង​បន្ត​ការ​តវ៉ា​មុខ​រោងចក្រ​ដដែល។ លោក​ថា កម្មករ​ខ្លះ មិន​ហ៊ាន​​ទទួល​យក​ប្រាក់​អត្ថប្រយោជន៍ ​១៩​ដុល្លារ​នេះ​ទេ ព្រោះ​ខ្លាច​ថៅកែ ​លែង​បើក​ប្រាក់​ឈ្នួល និង​ប្រាក់​​អត្ថ​ប្រយោជន៍​ផ្សេង​ឲ្យ៖ «នៅ​ច្រើន​ណាស់​បង ប្រាក់​ខែ​ពួកគាត់ (កម្មករ)។ នៅ​ប្រាក់​ខែ ហើយ​នៅ​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត ហើយ​ខាង​ក្រុមហ៊ុន​បញ្ចប់​កិច្ច​សន្យា​របស់​ពួកគាត់ ដោយ​មិន​មាន​ការ​ជូន​ដំណឹង​នីតិវិធី​ផ្លូវ​ច្បាប់​ត្រឹមត្រូវ ហើយ​បង​ប្អូន​យើង​ខ្លះ គាត់​អត់​ព្រម​បើក​ទេ។ អ៊ីចឹង​ណា​បង»

រោងចក្រ ​ស្យុង ​យិន ជា​របស់ថៅកែ​ជនជាតិ​​ចិន និងមាន​កម្មករ​សរុប​ជិត ៦រយ (៥៩២) ​នាក់ ដោយ​ដេរ​សំលៀក​បំពាក់ផ្គត់ផ្គង់ឱ្យ​ក្រុមហ៊ុន​ H&M និង​ម៉ាកយីហោល្បីៗ​ផ្សេង​ទៀត។ ​កម្មករ​នៅ​រោងចក្រ​នេះ ច្រើន​រយ​នាក់ បាន​តវ៉ា​បណ្ដាក់​គ្នា តាំង​ពី​ចុង​ខែ​កញ្ញា ឆ្នាំ​២០១៩ ព្រោះ​ថៅកែ បាន​បញ្ចប់​កិច្ច​សន្យា​ការងារ​របស់​ពួកគេ​ ដោយហេតុ​ថា រោងចក្រ​គ្មាន​ឥវ៉ាន់​ដេរ។

កម្មករ​ អះអាង​ថា ថៅកែ​រោងចក្រ​បាន​សម្រុក​បញ្ឈប់​កម្មករ​ខ្លាំង នៅ​ចុង​ឆ្នាំ​២០១៩ ជា​ហេតុ​ធ្វើ​ឲ្យ​កម្មករប្រមូល​​​​​ផ្ដុំ​គ្នា​តវ៉ា​មុខ​រោងចក្រ​រាល់​ថ្ងៃ។ ​​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាលធ្លាប់​​ចុះ​ដោះស្រាយ​វិវាទការងារនេះដែរតែ​​ភាគី​ កម្មករ​ចោទ​ថា ភាគី​ថៅកែ​មិន​គោរព​សេចក្ដី​សម្រេច​ សង​លុយ​កម្មករ​តាម​ច្បាប់​ការងារ​កំណត់។

ដោយ​វិវាទ​ចេះ​តែ​អូស​បន្លាយ កាល​ពី​ពាក់​កណ្ដាល​ខែ​មករា​ ក្រុម​កម្មករ​ ​បាន​នាំ​គ្នា​​​យក​​ញត្តិ ទៅ​ដាក់​ជូន​មន្ត្រី​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ក្រសួង​ការងារ និង​សាលា​ខេត្ត​កណ្ដាល ដើម្បី​ស្នើសុំ​ដំណោះស្រាយ​ តែ​មិន​ទាន់ឃើញ​​មាន​ចំណាត់​ការ​ឆ្លើយ​​តប​ពីស្ថាប័ន​ទាំងនេះនៅឡើយទេ។ ក្រុម​កម្មករ អះអាង​ថា ពួកគេ​ខកខាន​ផ្ញើ​លុយ​ឲ្យ​អ្នក​ផ្ទះ​ច្រើន​ខែ​មកហើយ​ និង​មិន​បាន​ ទៅ​​ស្រុក​កំណើត​ ចូល​រួម​ពិធី​​សែន​ព្រេន ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន នៅ​ឆ្នាំ​នេះ​ទេ ដោយសារ​ ​គ្មាន​ប្រាក់​ និង​ជាប់​រវល់​តវ៉ា​ មុខ​រោងចក្រ។

កម្មការិនី​ម្នាក់ ផ្នែក​កត់​បុង​ លោកស្រី ផា ផាត និយាយ​ថា ថ្វីបើ​លោកស្រី និង​កម្មករ​ផ្សេង​ទៀត ទទួល​យក​ប្រាក់​១៩​ដុល្លារក៏ដោយ​ ​ក៏ពួក​លោកស្រី ​នៅ​តែ​បន្ត​ការ​ទាមទារ​ លុះត្រណា​​ទទួល​បាន​ដំណោះស្រាយ​តាម​ច្បាប់​ការងារ ទើប​បញ្ឈប់​ការ​តវ៉ា។​ លោកស្រី រំលឹក​ថា កម្មករ​​រោងចក្រ​ស្យុងយិន ច្រើន​នាក់ បាន​សម្ងំនៅ​ក្នុង​បន្ទប់​ជួល នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន ដោយសារ​គ្មាន​ប្រាក់​ទៅ​លេង​ស្រុក​កំណើត។

លោកស្រី ស្នើសុំ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច ជួយ​អន្តរាគមន៍​ទៅ​ភាគី​ថៅកែ​រោងចក្រ​ ផ្ដល់​សំណង​ឲ្យ​កម្មករ​ត្រឹមត្រូវ​តាម​ច្បាប់​ការងារ​ ឲ្យ​បាន​លឿន ដើម្បី​កម្មករ មាន​ឱកាស​​រក​ការងារ​ថ្មី​ បាន​ធ្វើ៖ «អត់​បាន​ទៅ​សែន​ ជួបជុំ​ម៉ែ​ឪ​ទេ បាន​តែ​នៅ​ក្នុង​ផ្ទះ​ជួល​ហ្នឹង ជាមួយ​ប្ដី​ជាមួយ​អ្វី​ហ្នឹង។ ប្ដី​ខ្ញុំ​អត់​លុយ​ដែរ គាត់​ធ្វើ​ការ​មួយ​ថ្ងៃ​ ចាយ​មួយ​ថ្ងៃ​មិន​គ្រាន់​ផង​បង​អើយ។ កូន​រៀន​ផង អ្វី​ផង ដល់​អ៊ីចឹង​ ខ្វះ​ខាត​ដែរ​ហ្នឹង»

ជុំវិញ​ករណី​វិវាទ​ការងារ​នៅ​រោងចក្រ​ស្យុងយិន​នេះ អាស៊ី​សេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ខាង​​ប្រធាន​រដ្ឋបាល​រោងចក្រ ​លោក តុំ គឹមសឿន បាន​ទេ​ នៅ​ថ្ងៃ​ទី ២៧ មករា ដោយសារ​ ទូរស័ព្ទ​លោក លែង​អាច​ទទួល​ការ​ហៅ​ចូល​បាន​។ ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​ជា​​ អគ្គលេខាធិការ​នៃ​អគ្គ​លេខាធិការដ្ឋាន​គណៈកម្មការ​សម្រាប់​ដោះ​ស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅ​តាម​គ្រប់​មុខ​សញ្ញា ​លោក ទេស រុក្ខា​ផល ​ទូរស័ព្ទ​រោទិ៍​គ្មាន​អ្នក​ទទួល។

ក្រុម​កម្មករ​ អះអាង​ថា ក្រៅពី​ដាក់​ញត្តិ​តាម​ស្ថាប័ន​រដ្ឋ កម្មករ​បាន​ពឹង​ពាក់​មេធាវី​​អង្គការ​ឃ្លាំមើល​សិទ្ធិ​ការងារ​ (មជ្ឈមណ្ឌល​អាម៉េរិកាំង​សម្រាប់​សាមគ្គីភាព​ការងារ​អន្តរជាតិ ហៅ​កាត់​ថា ​អង្គការ​អេស៊ីល (Acil) ) ឲ្យ​ជួយ​​ដាក់​ពាក្យ​ប្ដឹង​ ថៅកែ​រោងចក្រ​ស្យុងយិន​ ទៅ​សាលា​ដំបូង​ខេត្ត​កណ្ដាល​ហើយ។ កម្មករ និង​សហជីព អះអាង​ថា ពួកគេ​ទាមទារ​ឲ្យ​ថៅកែ​សង​សំណង​ត្រឹមត្រូវ​តាម​ច្បាប់​ការងារ​ទើប​សុខ​ចិត្ត ព្រោះ​ពួកគាត់ សុទ្ធ​តែ​មាន​អតីតភាព​ការងារ​ច្រើន​ឆ្នាំ​មក​ហើយ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល