កងកម្លាំង​មួក​ខៀវ​កម្ពុជា​ម្នាក់​រង​របួស​ដោយ​ការ​វាយប្រហារ​ពី​ពួក​ឧទ្ទាម​នៅ​ប្រទេស​ម៉ាលី

ដោយ អាស៊ីសេរី
2017-11-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កង​រក្សា​សន្តិភាព​តម្រង់​ជួរ​ក្នុង​ពិធី​ទទួល​ដំណើរ​និវត្តន៍​នៃ​កងកម្លាំង​ឯកភាព ៤​កងពល ដែល​បាន​បញ្ចប់​បេសកកម្ម​រក្សា​សន្តិភាព​នៅ​ប្រទេស​ស៊ូដង់ ខាង​ត្បូង និង​ប្រទេស​ម៉ាលី នា​មូលដ្ឋាន​ទ័ព​អាកាស​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០១៥។
កង​រក្សា​សន្តិភាព​តម្រង់​ជួរ​ក្នុង​ពិធី​ទទួល​ដំណើរ​និវត្តន៍​នៃ​កងកម្លាំង​ឯកភាព ៤​កងពល ដែល​បាន​បញ្ចប់​បេសកកម្ម​រក្សា​សន្តិភាព​នៅ​ប្រទេស​ស៊ូដង់ ខាង​ត្បូង និង​ប្រទេស​ម៉ាលី នា​មូលដ្ឋាន​ទ័ព​អាកាស​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០១៥។
Photo: RFA

កងកម្លាំង​យោធា​មួក​ខៀវ​នៃ​អង្គការ​សហប្រជាជាតិ ប្រចាំ​នៅ​តំបន់​បេសកកម្ម​ក្នុង​សាធារណរដ្ឋ​ម៉ាលី បាន​រង​ការ​វាយប្រហារ​ពី​សំណាក់​ក្រុម​ឧទ្ទាម បណ្ដាល​ឲ្យ​កងកម្លាំង​មួក​ខៀវ​កម្ពុជា​ម្នាក់ រង​របួស​ម្នាក់។

អគ្គនាយក​នៃ​មជ្ឈមណ្ឌល​កង​កម្លាំង​រក្សា​សន្តិភាព បោសសំអាត​មីន និង​គ្រាប់មីន​ទាន់​ផ្ទុះ នាយ​ឧត្ដមសេនីយ៍ សែម សុវណ្ណនី ឲ្យ​ក្រុម​អ្នកកាសែត​ដឹង​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ថា ការ​វាយប្រហារ​នេះ​ក៏បាន​បណ្ដាល​កងកម្លាំង​យោធា​មួក​ខៀវ​ប្រទេស​ផ្សេងទៀត​ស្លាប់​ចំនួន​ពីរ​នាក់ នៅ​នឹង​កន្លែង ហើយ​១៥​រូប​ផ្សេងទៀត​បាន​រង​របួស។

លោក​ថា ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង ៦​ព្រឹក​ម៉ោង​ក្នុងស្រុក​ម៉ាលី ត្រូវ​នឹង​ម៉ោង ១២ថ្ងៃត្រង់ ម៉ោង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

មន្ត្រី​យោធា​ជាន់ខ្ពស់​កម្ពុជា​រូប​នេះ បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា យោធា​មួក​ខៀវ​កម្ពុជា​ដែល​រង​របួស​ដោយ​ការវាយប្រហារ​ពី​ឧទ្ទាម​នៅ​ម៉ាលី​មានឈ្មោះ អនុសេនីយ៍ឯក មុំ រិទ្ធី។ អនុសេនីយ៍ឯក​រូប​នេះ រង​របួស​ដោយ​អំបែង​គ្រាប់​តូចៗ​នៅ​ដៃ​និង​ជើង។ អនុសេនីយ៍ឯក មុំ រិទ្ធី មាន​ស្រុកកំណើត​នៅ​ភូមិ​ផ្ទះស្លា ឃុំ​ខ្នារ​ទទឹង ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល