ស្ត្រី​ខ្មែរ​ម្នាក់​ត្រូវ​ប៉ូលិស​ថៃ​ចាប់​ខ្លួន​ចោទ​ប្រកាន់​ប្រើ​លិខិត​ឆ្លង​ដែន​ក្លែងក្លាយ

ដោយ ហ៊ុំ ចំរើន
2015-06-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ច្រក​ព្រំដែន​កម្ពុជា-ថៃ នៅ​ក្រុង​ប៉ោយប៉ែត
ច្រក​ព្រំដែន​កម្ពុជា-ថៃ នៅ​ក្រុង​ប៉ោយប៉ែត
Photo: RFA

ស្ត្រី​ខ្មែរ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ថៃ ចាប់​ខ្លួន​កាល​ពី​រសៀល​ថ្ងៃ​ទី​១៥ មិថុនា នៅ​ចំណុច​ត្រួត​ពិនិត្យ​លិខិត​ឆ្លង​ដែន​នៅ​ស្រុក​អារញ្ញ ប្រទេស​ថៃ ទល់​មុខ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដោយ​ចោទ​ប្រកាន់​ថា ប្រើប្រាស់​លិខិត​ឆ្លង​ដែន​ក្លែងក្លាយ។

ប្រធាន​ក្រុម​ការងារ​ទំនាក់ទំនង​កម្ពុជា-ថៃ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត លោក សៅ វាសនា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៦ មិថុនា ថា ស្ត្រី​ខ្មែរ​ដែល​ប៉ូលិស​ថៃ ចាប់​ខ្លួន​នោះ​ឈ្មោះ អ្នកស្រី មាស ចិន្តា អាយុ ៣៣​ឆ្នាំ រស់នៅ​ខេត្ត​កំពង់ឆ្នាំង ធ្វើ​ដំណើរ​ជាមួយ​ប្ដី​របស់​គាត់​ជនជាតិ​ម៉ាឡេស៊ី មក​ពី​ប្រទេស​ម៉ាឡេស៊ី ដោយ​ឆ្លង​កាត់​ប្រទេស​ថៃ ដើម្បី​ទៅ​លេង​បងប្អូន​នៅ​ឯ​ស្រុក​កំណើត​ខេត្ត​កំពង់ឆ្នាំង។ លោក​អះអាង​ថា ប៉ូលិស​ស្រុក​អារញ្ញ ប្រទេស​ថៃ ចាប់​ខ្លួន​ទាំង​អ្នកស្រី និង​ប្ដី នៅ​ចំណុច​ពិនិត្យ​លិខិត​ឆ្លង​ដែន​ទល់​មុខ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដោយ​ចោទ​ប្រកាន់​ប្រើប្រាស់​លិខិត​ឆ្លង​ដែន​ក្លែងក្លាយ។

លោក សៅ វាសនា បន្ត​ថា នៅ​ថ្ងៃ​ទី​១៦ មិថុនា សមត្ថកិច្ច​ខ្មែរ​ប្រចាំ​ការ​ក្បែរ​នោះ បាន​ទំនាក់ទំនង​ទៅ​ខាង​ភាគី​ឲ្យ​ដោះ​លែង​ប្រជាពលរដ្ឋ​ខ្មែរ​មក​វិញ​ដែរ ប៉ុន្តែ​ពុំ​ទទួល​បាន​លទ្ធផល ដោយសារ​ស្វាមី​របស់​ស្ត្រី​រូប​នោះ​កាន់​លិខិត​ឆ្លង​ដែន​ក្លែងក្លាយ​ដូច​គ្នា៖ «ពេល​ដែល​យើង​ទៅ​សួរ​សមត្ថកិច្ច​ថៃ គេ​ថា​លិខិត​ឆ្លង​ដែន​ក្លែងក្លាយ ហើយ​យើង​មើល​ទៅ​ឃើញ​ក្លែងក្លាយ​មែន។ ខ្ញុំ​ព្យាយាម​និយាយ​ទៅ​សមត្ថកិច្ច ដើម្បី​សុំ​ពលរដ្ឋ​ខ្មែរ​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ដែរ ប៉ុន្តែ​គេ​មិន​ព្រម​នឹង​យើង​ទេ»

ទោះ​យ៉ាង​នេះ​ក្ដី ស្ត្រី​ដែល​សមត្ថកិច្ច​ថៃ ចាប់​ខ្លួន​នោះ​អះអាង​ថា រូប​គាត់​ប្រើប្រាស់​លិខិត​ឆ្លង​ដែន​របស់​ប្រទេស​កម្ពុជា ដោយ​ស្រប​ច្បាប់ ប៉ុន្តែ​មាន​កំហុស​ខុស​ត្រង់​បោះ​ត្រា​ទិដ្ឋាការ​ចូល​ប្រទេស​ថៃ។

សមត្ថកិច្ច​បញ្ជាក់​ថា តាម​ច្បាប់​ប្រទេស​ថៃ ពលរដ្ឋ​រូប​នោះ​អាច​មាន​ទោស​ជាប់​ពន្ធនាគារ​ចំនួន ៩​ខែ។ របាយការណ៍​របស់​សមត្ថកិច្ច​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-ថៃ ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៥ នេះ អាជ្ញាធរ​ថៃ ចាប់​ពលរដ្ឋ​ខ្មែរ​ដែល​ប្រើប្រាស់​លិខិត​ឆ្លង​ដែន​ក្លែងក្លាយ​ចំនួន ២​ករណី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល