គ្រួសារ​ពលករ​ខ្មែរ​ស្លាប់​នៅ​ថៃ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ជួយ​ទាមទារ​សំណង​ពី​ក្រុមហ៊ុន​ថៃ

ដោយ ហង្ស សាវយុត
2015-08-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រថយន្ត​របស់​អាជ្ញាធរ​ថៃ ដឹក​ពលករ​ខ្មែរ​យក​មក​ដាក់​នៅ​ខាង​មុខ​ការិយាល័យ​ប៉ូលិស​អន្តោប្រវេសន៍​ខ្មែរ ក្រុង​ប៉ោយប៉ែត កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៤។
រថយន្ត​របស់​អាជ្ញាធរ​ថៃ ដឹក​ពលករ​ខ្មែរ​យក​មក​ដាក់​នៅ​ខាង​មុខ​ការិយាល័យ​ប៉ូលិស​អន្តោប្រវេសន៍​ខ្មែរ ក្រុង​ប៉ោយប៉ែត កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៤។
Photo: RFA

យុវជន​ខ្មែរ​ម្នាក់​ជា​អ្នក​ភូមិ​គោកធ្លក ឃុំ​គោកធ្លកលើ ស្រុក​ជីក្រែង ខេត្ត​សៀមរាប ដែល​ទៅ​ធ្វើ​ជា​កម្មករ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ បាន​ស្លាប់​ដោយសារ​តែ​គ្រោះថ្នាក់​ចរាចរណ៍ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា កន្លង​ទៅ។

ក្រុម​គ្រួសារ​ទើប​តែ​ទៅ​ទទួល​យក​សាកសព​ពលករ​ខ្មែរ​ម្នាក់​នេះ​ពី​ទីក្រុង​បាងកក ប្រទេស​ថៃ ត្រឡប់​មក​ដល់​ភូមិ​កំណើត​វិញ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​សីហា ហើយ​ការ​ស្លាប់​របស់​ពលករ​ខ្មែរ​នោះ ក៏​មិន​មាន​សំណង​ទឹក​ប្រាក់​ឲ្យ​សមរម្យ​នៅ​ឡើយ​ទេ។

ក្រុម​គ្រួសារ​របស់​ពលករ​ខ្មែរ និង​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​គោកធ្លកលើ បាន​អំពាវនាវ​ដល់​មន្ត្រី​រដ្ឋាភិបាល ឲ្យ​ជួយ​ជ្រោមជ្រែង​ផ្នែក​ផ្លូវ​ច្បាប់​ក្នុង​ការ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ថៃ ផ្តល់​សំណង​ជា​ទឹក​ប្រាក់​ឲ្យ​បាន​សមរម្យ ដល់​គ្រួសារ​កម្មករ​ខ្មែរ​ម្នាក់​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ឯ​ទីក្រុង​បាងកក ប្រទេស​ថៃ នោះ។

មេ​ភូមិ​គោកធ្លក គឺ​លោក សួស ម៉ៅ។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ពុធ ទី​២៦ ខែ​សីហា ថា យុវជន​ម្នាក់​ឈ្មោះ ជា ឡុង អាយុ ២៨​ឆ្នាំ បាន​ចាក​ចេញ​ពី​ភូមិ​កំណើត​ទៅ​ធ្វើ​ជា​កម្មករ​ផ្លូវ​រថភ្លើង​នៅ​ឯ​ប្រទេស​ថៃ រយៈពេល ៣​ឆ្នាំ​មក​ហើយ។ យុវជន​នេះ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បើក​កិន​ស្លាប់ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា កន្លង​ទៅ។ នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នោះ គឺ​ក្រុមហ៊ុន​ថៃ មិន​បាន​ទទួល​ខុស​ត្រូវ​លើ​អាយុ​ជីវិត​របស់​កម្មករ​ខ្មែរ​ឡើយ។ លោក​មេ​ភូមិ​គោកធ្លក បញ្ជាក់​ទៀត​ថា ក្រុម​គ្រួសារ​ទើប​តែ​ទៅ​ទទួល​យក​សាកសព​ពលករ​ខ្មែរ មក​ដល់​ផ្ទះ​វិញ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​សីហា ក៏ប៉ុន្តែ​គ្មាន​បាន​ទទួល​សំណង​នៃ​ការ​ស្លាប់​នោះ​ទេ គឺ​មាន​តែ​ម្ចាស់​រថយន្ត​ដែល​បង្ក​គ្រោះថ្នាក់​ចេញ​សង​ជា​ទឹក​ប្រាក់ ១៥.០០០​បាត​ប្រាក់​ថៃ ស្មើ​នឹង​ជាង ​៤០០​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។ លោក​មេ​ភូមិ អំពាវនាវ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល និង​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ ជួយ​ជ្រោមជ្រែង​លើ​ការ​ទារ​សំណង ចំពោះ​ការ​ស្លាប់​របស់​កម្មករ​ខ្មែរ​ម្នាក់​នេះ៖ «ចង់​ឲ្យ​ស្ថានទូត​ជួយ​រក​កន្លែង​ក្រុមហ៊ុន ដើម្បី​ទាមទារ​សំណង ដើម្បី​ឲ្យ​ខាង​លើ​ដោះស្រាយ​ជាមួយ​ក្រុមហ៊ុន​ដែល​យក​កម្មករ​ទៅ​នោះ»

មេ​ឃុំ​គោកធ្លកលើ លោក ទូច ទ្រី មាន​ប្រសាសន៍​ថា ពលករ​ខ្មែរ​ឈ្មោះ ជា ឡុង ដែល​ស្លាប់​នៅ​ឯ​ប្រទេស​ថៃ នោះ គឺ​ជា​ក្មេង​កំព្រា​ឪពុក មាន​តែ​ម្ដាយ​ជា​ស្ត្រី​មេម៉ាយ។ លោក​មេ​ឃុំ​អះអាង​ថា ក្នុង​ពេល​ដែល​ពលករ​ឈ្មោះ ជា ឡុង ស្លាប់​នោះ គឺ​ក្រុម​គ្រួសារ​បាន​ទទួល​សំណង​ពី​ម្ចាស់​រថយន្ត​ដែល​បើក​កិន​នោះ ១៥.០០០​បាត ប៉ុន្តែ​ប្រាក់​នោះ​គ្រាន់​តែ​ជួល​រថយន្ត​ដឹក​សាកសព​ពី​ទីក្រុង​បាងកក មក​ដល់​ព្រំដែន​ខ្មែរ​ប៉ោយប៉ែត គឺ​អស់​ទៅ​ហើយ។ ចំណែក​ឯ​ការ​ដឹក​សាកសព​បន្ត​ពី​ប៉ោយប៉ែត មក​ដល់​ភូមិ​កំណើត​អស់ ៤០០​ដុល្លារ​ទៀត គឺ​ក្រុម​គ្រួសារ​ត្រូវ​ចេញ​ប្រាក់​ខ្លួន​ឯង ហើយ​គ្មាន​ប្រាក់​ធ្វើ​បុណ្យ​សព​ទេ៖ «សំណង​អត់​គ្រប់​ទេ គឺ​ចេញ​លុយ​ពី​ហោប៉ៅ​អ្នក​ផ្ទះ​ទេ។ ក្រុមហ៊ុន​វា​ពិបាក​ណាស់​ពេល​មក​រក​ពលករ គឺ​គេ​លួង​លោម​ទៅ ប៉ុន្តែ​ពេល​មាន​បញ្ហា​ដូច​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ឡើយ»

មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​សៀមរាប លោក សួស ណារិន ដែល​បាន​ដឹង​រឿង​នេះ បាន​សម្ដែង​ការ​សោកស្ដាយ ហើយ​ចាត់​ទុក​ថា សំណង​ដែល​សង​ចំពោះ​អ្នក​ស្លាប់ ១៥.០០០​បាត​នោះ គឺ​តិចតួច​ណាស់។ លោក សួស ណារិន ជំរុញ​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ស្រាវជ្រាវ​ពី​ឈ្មោះ​ក្រុមហ៊ុន​ដែល​នាំ​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​នោះ​ឲ្យ​ច្បាស់ រួច​ហើយ​ធ្វើ​ពាក្យ​បណ្ដឹង​ដាក់​ទៅ​រដ្ឋាភិបាល ឲ្យ​ជួយ​ចាត់​វិធានការ​ចំពោះ​រឿង​ទាមទារ​សំណង​ឲ្យ​បាន​សមរម្យ​ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

Cambodian Freedom

ពី Siem Reap

វា​មិន​ពិ​បាក​ទេ​គ្រាន់​តែ​ឆែក​មើល​កន្លែង​វីសា​ទៅ​ដឹង​ហើយ​ថា​ក្រុម​ហ៊ុន​អី​ពី​ព្រោះ​កន្លែង​វីសា​វា​មាន​ឈ្មោះ​ក្រុម​ហ៊ុន​នេះ​បើ​ពលករ​ទៅ​ធ្វើ​ការ​ដោយ​ស្រប​ច្បាប់​តាម​រយៈ​ក្រុម​ហ៊ុន​ហើយ​មួយ​ទៀត​បញ្ហា​ពលករ​ត្រូវ​បុក​ស្លាប់​ក្រុម​ហ៊ុន​ខាង​ថៃ​គេ​មិន​ទទួល​ខុស​ត្រូវ​អោយ​ទេ​ពី​ព្រោះ​បញ្ហា​នេះ​ពលករ​មិន​បាន​កើត​គ្រោះ​ថ្នាក់​នៅ​ក្នុង​រោង​ចក្រ​ឬពេល​កំពុង​ធ្វើ​ការ​ហើយ​ពលករ​ទៅ​ដើរ​លេង​មាន​គ្រោះ​ថ្នាក់​ដោយ​ខ្លួន​ឯង​

Aug 26, 2015 11:34 PM

គេហទំព័រ​ទាំងមូល