ជនជាតិ​ចិន​ជិត​១៧០​នាក់​ត្រូវ​ឃាត់​ខ្លួន​នៅ​ខេត្ត​ព្រះសីហនុ​សង្ស័យ​​ពី​​បទ​​ចាប់​ជំរិត

ដោយ ដែន អយុធ្យា
2015-10-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជនជាតិ​ចិន ដែល​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ ឃាត់​ខ្លួន​សង្ស័យ​ពី​បទ​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប នា​កន្លែង​ស្នាក់នៅ ស្ថិត​ក្នុង​សង្កាត់៣ ក្រុង​ព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៥។
ជនជាតិ​ចិន ដែល​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ ឃាត់​ខ្លួន​សង្ស័យ​ពី​បទ​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប នា​កន្លែង​ស្នាក់នៅ ស្ថិត​ក្នុង​សង្កាត់៣ ក្រុង​ព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៥។
Photo: RFA

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា កម្លាំង​ជំនាញ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ សហការ​ជាមួយ​កម្លាំង​ជំនាញ​នគរបាល​ខេត្ត​នេះ ចុះ​ឆែកឆេរ​កាស៊ីណូ និង​ភូមិគ្រឹះ​ដែល​ជនជាតិ​ចិន ធ្វើ​ការ និង​ស្នាក់នៅ​ចំនួន ២​ទីតាំង ដើម្បី​ត្រួត​ពិនិត្យ​បទល្មើស​ចាប់​ជំរិត​ឆ្លងដែន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (Internet)។

​ប្រតិបត្តិការ​នេះ ដែល​ចាប់​ផ្ដើម​ពេញ​មួយ​ថ្ងៃ គឺ​នៅ​ថ្ងៃ​សៅរ៍ ទី​៣១ ខែ​តុលា សមត្ថកិច្ច​ឃាត់​ខ្លួន​ជនជាតិ​ចិន ទាំង ២​ភេទ ជាង ១០០​នាក់ ដើម្បី​ត្រួត​ពិនិត្យ​លិខិត​ឆ្លង​ដែន​ដោយ​មាន​ប៉ូលិស​មក​ពី​ប្រទេស​ចិន ចូល​រួម​ពិនិត្យ​ផ្ទាល់។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ក្នុង​យុទ្ធនាការ​នេះ សមត្ថកិច្ច​ជំនាញ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ សហការ​ជាមួយ​ប៉ូលិស​ចិន និង​កម្លាំង​នគរបាល​ស្នងការ​ខេត្ត​នេះ បាន​រក​ឃើញ​ជនជាតិ​ចិន ជិត ១៧០​នាក់ ដើម្បី​ត្រួត​ពិនិត្យ។ លោក​បន្ត​ថា ក្នុង​ចំណោម​ជនជាតិ​ចិន ដែល​ឃាត់​ខ្លួន​នេះ គឺ​មាន​ជនជាតិ​ចិន មួយ​ចំនួន​ត្រូវ​សមត្ថកិច្ច​សង្ស័យ​មាន​អ្នក​ជាប់​ពាក់ព័ន្ធ​បទល្មើស​ចាប់​ជំរិត​មនុស្ស​ទារ​ប្រាក់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប។

លោក​ស្នងការ​បញ្ជាក់​បន្ថែម​ថា ការ​ត្រួត​ពិនិត្យ​ទីតាំង​ស្នាក់នៅ និង​កាស៊ីណូ ជា​កន្លែង​ធ្វើការ​របស់​ជនជាតិ​ចិន ទាំង​ពីរ​ទី​តាំង គឺ​អាជ្ញាធរ​អនុវត្ត​តាម​បច្ចេកទេស និង​ស្របតាម​ច្បាប់។ លោក​បន្ត​ថា ប្រតិបត្តិការ​ឆ្មក់​ចូល​ទីតាំង​ទាំង​ពីរ​របស់​ជនជាតិ​ចិន នៅ​ខេត្ត​ព្រះសីហនុ ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ឯក ឃុន សំបូរ អគ្គ​រង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ និង​លោក ហួត វិចិត្រ ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ។

លោក ជួន ណារិន្ទ ថ្លែង​បន្ត​ថា ពេល​នេះ​កម្លាំង​ជំនាញ​កំពុង​ត្រួត​ពិនិត្យ​ឯកសារ​ពាក់ព័ន្ធ​ទៅ​លើ​ជនជាតិ​ចិន ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ទាំង​នេះ។ លោក​ថា អ្នក​មិន​ជាប់​ពាក់ព័ន្ធ​បទល្មើស​ចាប់​ជំរិត​នឹង​ត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ។ ប៉ុន្តែ​ចំពោះ​អ្នក​ជាប់​ពាក់ព័ន្ធ​បទល្មើស​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ មាន​វិធានការ​បន្ត​តាម​ផ្លូវ​ច្បាប់៖ «សមត្ថកិច្ច​ជំនាញ​បច្ចេកទេស​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​ប៉ូលិស​ជំនាញ​ខាង​ភាគី​ចិន បាន​រក​ឃើញ​ថា មាន​ជន​សង្ស័យ​ជា​ជាតិ​ចិន ខ្លះ​ដែល​មក​ប្រកប​ការងារ និង​ស្នាក់​នៅ​ខេត្ត​ព្រះសីហនុ មាន​ជាប់​ពាក់ព័ន្ធ​បទល្មើស​គំរាម​ចាប់​ជំរិត​មនុស្ស​ទារ​ប្រាក់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា។ ទីតាំង​ដែល​យើង​បាន​ត្រួត​ពិនិត្យ​ចំនួន ២​កន្លែង នៅ​ថ្ងៃ​សៅរ៍ ទី​៣១ ខែ​តុលា គឺ​នៅ​សណ្ឋាគារ ឬ​កាស៊ីណូ រ៉ូយ៉ាល់ ហ្គោលដិន (Royal Golden) រក​ឃើញ​ជនជាតិ​ចិន ចំនួន ៧៩​នាក់ ហើយ​ទីតាំង​ស្នាក់​នៅ​របស់​ជនជាតិ​ចិន មួយ​កន្លែង​ទៀត​រក​ឃើញ​ចំនួន ៨៩​នាក់។ បច្ចុប្បន្ន​មន្ត្រី​ជំនាញ​អគ្គនាយកដ្ឋាន​​អន្តោប្រវេសន៍ និង​មន្ត្រី​តុលាការ​កំពុង​ពិនិត្យ​លំអិត​លើ​ឯកសារ​ពាក់ព័ន្ធ​របស់​ជនជាតិ​ចិន ទាំង​នោះ ដើម្បី​វែក​រក​មុខ​ជនល្មើស​ពិត​ប្រាកដ​យក​ទៅ​ផ្ដន្ទាទោស»

ទោះ​យ៉ាង​ណា លោក ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បញ្ជាក់​ថា រហូត​មក​ដល់​ល្ងាច​ថ្ងៃ​សៅរ៍ ទី​៣១ ខែ​តុលា មិនទាន់​ដឹង​ច្បាស់​ថា មាន​ជនជាតិ​ចិន ដែល​ជាប់​សង្ស័យ​លើ​សំណុំរឿង​ប្រព្រឹត្ត​បទល្មើស​ចាប់​ជំរិត​មាន​ចំនួន​ប៉ុន្មាន​នាក់​ទេ​ត្រូវ​នាំ​ខ្លួន​ទៅ​កាន់​ក្រសួង​មហាផ្ទៃ ព្រោះ​ខាង​ប៉ូលិស​មក​ពី​ប្រទេស​ចិន និង​មន្ត្រី​តុលាការ​ខេត្ត​ព្រះសីហនុ កំពុង​ត្រួត​ពិនិត្យ​មិន​ទាន់​ចប់​ទេ៖ «យើង​ត្រូវ​ញែក​ឲ្យ​ដាច់​រវាង​មនុស្ស​ជាប់​ពាក់ព័ន្ធ​បទល្មើស និង​អ្នក​ដែល​មិន​ជាប់​ពាក់ព័ន្ធ​បទល្មើស។ អ្នក​មិន​ជាប់​ពាក់ព័ន្ធ​បទល្មើស​ជា​ជនជាតិ​ចិន ហើយ​មាន​លិខិត​ស្នាម​ស្នាក់នៅ និង​ប្រកប​ការងារ​ស្រប​ច្បាប់​កម្ពុជា នឹង​ត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព និង​ប្រកប​ការងារ​ជា​ធម្មតា​វិញ។ ប៉ុន្តែ​បើ​ជន​ជាប់​សង្ស័យ​ជាប់​ពាក់ព័ន្ធ​បទល្មើស គឺ​ត្រូវ​បញ្ជូន​ទៅ​កាន់​អគ្គនាយកដ្ឋាន​​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ តាម​សំណើ​របស់​ប៉ូលិស​ភាគី​ចិន ស្នើ​សុំ។ ករណី​នេះ​ព្រះរាជអាជ្ញា​រង​តុលាការ​ខេត្ត​ព្រះសីហនុ ដឹក​នាំ​ដោយ​លោក ហួត វិចិត្រ និង​លោក​ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឃុន សំបូរ អគ្គ​រង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ និង​ប៉ូលិស​ភាគី​ចិន កំពុង​ត្រួត​ពិនិត្យ​ដោយ​យក​ចិត្ត​ទុក​ដាក់​លើ​សំណុំ​រឿង​ចាប់​ជំរិត​ឆ្លង​ ដែន​នេះ»

​ត្រង់​ចំណុច​នេះ លោកស្នងការ​ស្នើ​សុំ​ការ​យោគយល់ ដែល​សមត្ថកិច្ច​មិន​ទាន់​បង្ហាញ​តួលេខ​ពិត​លម្អិត​របស់​ជនសង្ស័យ​លើ​សំណុំ​រឿង​ចាប់​ជំរិត​មនុស្ស​ឆ្លង​ដែន​ពេល​នេះ។

ទាក់ទិន​បញ្ហា​នេះ លោក ប៊ួន ណារិទ្ធិ មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​សាទរ​ចំពោះ​ចំណាត់​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​អត្តសញ្ញាណ​របស់​ជនបរទេស​នានា ដែល​ចូល​មក​ស្នាក់នៅ ឬ​ប្រកប​ការងារ​ក្នុង​មូលដ្ឋាន​នេះ។ លោក​សំណូមពរ​ដល់​កម្លាំង​សមត្ថកិច្ច​ជំនាញ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ ពិសេស​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ ត្រូវ​ចុះ​ត្រួតពិនិត្យ​សកម្មភាព​របស់​ជនជាតិ​ផ្សេងៗ ពិសេស​ជនជាតិ​ចិន ដែល​បាន​ចូល​មក​ស្នាក់នៅ​ខេត្ត​ព្រះសីហនុ ដ៏​ច្រើន​សន្ធឹកសន្ធាប់​ក្នុង​ឆ្នាំ​២០១៥ នេះ។

ផ្ដើម​ពី​បញ្ហា​នេះ លោក ប៊ួន ណារិទ្ធិ បង្ហាញ​ការ​សង្ស័យ​ទៅ​លើ​វត្តមាន​របស់​ជនជាតិ​ចិន ដែល​ចូល​មក​ស្នាក់នៅ និង​ប្រកប​ការងារ​ច្រើន​សន្ធឹក​សន្ធាប់​នា​ខេត្ត​ព្រះសីហនុ នៅ​ពេល​បច្ចុប្បន្ន​នេះ មាន​រូបភាព​គួរ​ឲ្យ​ចាប់​អារម្មណ៍ ព្រោះ​ជនជាតិ​ចិន ទាំង​នេះ​ហ៊ាន​ជួល​សណ្ឋាគារ​ប្រណិតៗ លំដាប់​ផ្កាយ ឬ​ជួល​ភូមិគ្រឹះ និង​វិឡា​ធំ​ស្កឹមស្កៃ មាន​តម្លៃ​ខ្ពស់​រាប់​ម៉ឺន​ដុល្លារ​ក្នុង ១​ខែៗ​ដើម្បី​ស្នាក់នៅ ឬ​ធ្វើ​ជំនួញ​ជា​ដើម៖ «សព្វ​ថ្ងៃ​នេះ​មាន​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​បាន​សម្រុក​ មក​ធ្វើ​ទេសចរណ៍ និង​ស្នាក់​នៅ​ប្រកប​កិច្ច​ការងារ​ផ្សេងៗ ក្នុង​ក្រុង​ព្រះសីហនុ ច្រើន​សន្ធឹក​សន្ទាប់។ ជន​បរទេស​ទាំង​នោះ មាន​ដូចជា​ជនជាតិ​ចិន ជនជាតិ​វៀតណាម និង​ជនជាតិ​ច្រើន​ជាតិ​សាសន៍​ទៀត។ ដូច្នេះ​ខ្ញុំ​យល់​ថា ការ​ដែល​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ ចុះ​មក​ត្រួត​ពិនិត្យ​វត្តមាន​របស់​ជន​បរទេស​ទាំង​នេះ គឺ​ជា​ការ​ល្អ ហើយ​យើង​ជា​សង្គម​ស៊ីវិល​គាំទ្រ​ចំពោះ​សកម្មភាព​នេះ ដើម្បី​ឲ្យ​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​របស់​កម្ពុជា មាន​ប្រសិទ្ធភាព»

​យ៉ាងណា​ក៏​ដោយ​ចុះ លោក ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ប្ដេជ្ញា​ថា នឹង​មិន​អនុញ្ញាត​ឲ្យ​ជនបរទេស​ដែល​ចូល​មក​ទេសចរណ៍​ក្តី ឬ​ចូល​មក​ស្នាក់នៅ​ធ្វើ​ជំនួញ​នា​មូលដ្ឋាន​នេះ​ប្រព្រឹត្ត​បទល្មើស​អនាធិបតេយ្យ​បាន​ទេ។ លោក​ថា ជនបរទេស​គ្រប់​ជាតិ​សាសន៍ បើ​មាន​ជាប់​ពាក់ព័ន្ធ​បទល្មើស​អ្វី​មួយ ហើយ​សមត្ថកិច្ច​រក​ឃើញ​កំហុស​នឹង​ត្រូវ​នាំ​ខ្លួន​ទៅ​ផ្ដន្ទាទោស​តាម​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល