មនុស្ស​១៨នាក់​ស្លាប់​និង​២១នាក់​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្វាយរៀង

ដោយ សុ ជីវី
2015-05-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រថយន្ត​ដឹក​កម្មករ​ដែល​រង​គ្រោះថ្នាក់​នៅ​ខេត្ត​ស្វាយរៀង កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៥។
រថយន្ត​ដឹក​កម្មករ​ដែល​រង​គ្រោះថ្នាក់​នៅ​ខេត្ត​ស្វាយរៀង កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៥។
Licadho Photo

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវ​នាវ​អោយ​ពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍​អោយ​បាន​ទាំង​អស់​គ្នា។ ការ​អំពាវ​នាវ​នេះ ធ្វើ​ឡើង​ភ្លាមៗ​នៅ​ក្រោយ​ពេល​ដែល​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​ស្វាយរៀង ដែល​បាន​សម្លាប់​កម្មករ​ ​១៨​នាក់ និង ២១​នាក់​ទៀត​របួស។ ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​រិះគន់​ថា ការ​មិន​គោរព​ច្បាប់​ចរាចរណ៍​កើត​ឡើង​ពី​ការ​អនុវត្ត​ច្បាប់​ធូរ​រលុង និង​មិន​ស្មើ​ភាព​គ្នា។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ចូលរួម​រំលែក​ទុក្ខ​កម្មករ​ដែល​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​ស្វាយរៀង រំលឹក​ថា ច្បាប់​ចរាចរណ៍​ថ្មី​ដែល​កំពុង​ដាក់​អោយ​អនុវត្តន៍​នោះ​នឹង​អាច​ជួយ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​បាន នៅ​ពេល​ណា​ដែល​ពលរដ្ឋ​គ្រប់​រូប​ចូល​រួម​ប្រតិបត្តិ។

លោក ហ៊ុន សែន បាន​ថ្លែង​បែប​នេះ​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​បញ្ចប់​បរិញ្ញាបត្រ​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ៖ «ក្នុង​ប្រទេស​យើង​បញ្ហា​ចរាចរណ៍​​គឺ​ជា​រឿង​មួយ​កាន់​តែ​ធ្ងន់​ទៅៗ មាន​កន្លែង​ខ្លះ​ស្រាល ខ្លះ​ទៀត​ក៏​ធ្ងន់ ហើយ​ស្ថានភាព​នេះ​ទាមទារ​អោយ​មាន​ការ​អនុវត្ត​អោយ​កាន់​តែ​ម៉ឺងម៉ាត់​ថែម​ទៀត​នូវ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក ក្នុង​នោះ​ទាល់​តែ​ទាំង​អស់​គ្នា​អនុវត្ត»

ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន នេះ ធ្វើ​ឡើង​ភ្លាមៗ នៅ​ក្រោយ​ពេល​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​គួរ​ឲ្យ​រន្ធត់​មួយ​ទៀត គឺ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​ឧសភា កម្មករ​ចំនួន ១៨​នាក់​បាន​ស្លាប់ និង​ជាង ២១​នាក់​ទៀត រង​របួស​ធ្ងន់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ក្រុង​របស់​ក្រុមហ៊ុន​វៀតណាម ឈ្មោះ ស៊ុន ហួរ ដែល​ហៅ​កាត់​ថា ១៥ អេស.អេច្ឆ (15 SH) ដែល​ដឹក​អ្នក​ដំណើរ​ពី​ប្រទេស​វៀតណាម បុក​នឹង​រថយន្ត​ដឹក​កម្មករ​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​១ នៅ​ចំណុច​ភូមិ​ដើមពោធិ៍ ក្នុង​ឃុំ​ស្វាយតាយាន ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង។

ទាក់ទង​នឹង​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ លោក យង់ គិមអេង មាន​ប្រសាសន៍​ថា ជា​ទូទៅ​ការ​មិន​គោរព​ច្បាប់​ចរាចរណ៍​កើត​ឡើង​ដោយសារ​ភាព​ធូរ​រលុង​ក្នុង​ការ​អនុវត្ត​ច្បាប់​ដោយ​មន្ត្រី​សមត្ថកិច្ច​ទៅ​វិញ​ទេ។ លោក យង់ គិមអេង បន្ត​ថា ពង្រឹង​ការងារ​របស់​សមត្ថកិច្ច និង​បំពាក់​សម្ភារៈ​ចាំ​បាច់​នានា នឹង​អាច​ជួយ​អោយ​មាន​ការ​អនុវត្ត​ច្បាប់​ត្រឹមត្រូវ៖ «មន្រ្តី​ចរាចរណ៍​ខ្លួន​ឯង​ហ្នឹង​ត្រូវ​តែ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ អនុវត្ត​ច្បាប់​ចរាចរណ៍​ សំខាន់​បំផុត​ត្រូវ​តែ​ផាក​ពិន័យ​ដោយ​មិន​រើស​មុខ»

ស្នងការ​រង​ខេត្ត​ស្វាយរៀង លោក ណុប គឹមហេង អោយ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ មាន​មនុស្ស​ចំនួន ​១៦​នាក់​ស្លាប់​នៅ​កន្លែង​កើត​ហេតុ​ភ្លាមៗ និង ២​នាក់​ទៀត បាន​ស្លាប់​ក្រោយ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ។ លោក​ស្នងការ​រង​បញ្ជាក់​ថា ក្នុង​ចំណោម​អ្នក​ស្លាប់​នោះ​មាន​បុរស ២​នាក់ ចំណែក​អ្នក​ផ្សេង​ទៀត​ជា​ស្ត្រី។

ជាមួយ​គ្នា​នោះ​មាន​អ្នក​របួស​ធ្ងន់​ចំនួន ៧​នាក់ និង​របួស​ស្រាល​ចំនួន ១៤​នាក់។ អ្នក​របួស​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ស្វាយរៀង និង​មាន​ម្នាក់​ត្រូវ​បញ្ជូន​មក​កាន់​រាជធានី​ភ្នំពេញ។

ប្រភព​ពី​ពលរដ្ឋ​នៅ​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា រថយន្ត​ក្រុង​បាន​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ចំណែក​រថយន្ត​ដឹក​កម្មករ​ធ្វើ​ដំណើរ​បញ្ច្រាស​ទិស​គ្នា​ក្នុង​ល្បឿន​លឿន​ដែរ។ រថយន្ត​ក្រុង​នោះ​បាន​វ៉ា​រថយន្ត​ដែល​នៅ​ខាង​មុខ​ខ្លួន ហើយ​បាន​បុក​គ្នា​ពេញ​ទំហឹង​នឹង​រថយន្ត​ដែល​បាន​ដឹក​កម្មករ​មាន​គ្នា​ទាំង​អស់ ៣៩​នាក់។ រថយន្ត​ដែល​ដឹក​កម្មករ​ជា​ប្រភេទ​រថយន្ត​ទេសចរណ៍ ដែល​ដឹក​មនុស្ស​លើសចំណុះ។

បើ​តាម​លោក គឹម ហេង អ្នក​បើកបរ​រថយន្ត​ក្រុង​ដែល​បង្ក​គ្រោះថ្នាក់​នោះ​ជា​ជនជាតិ​វៀតណាម ឈ្មោះ ឡេ វ៉ាងស៊ឹង ត្រូវ​បាន​នគរបាល​ចាប់​ខ្លួន និង​កំពុង​ឋិត​នៅ​ស្នងការដ្ឋាន​ខេត្ត​ស្វាយរៀង ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ៖ «គេ​រាយការណ៍​មក​ថា រក​អត់​ឃើញ​ប័ណ្ណ​បើកបរ​ទេ»

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​ក្រុមហ៊ុន ១៥ អេស.អេច្ឆ បាន​នៅ​ឡើយ​ទេ​ចំពោះ​ករណី​អ្នក​បើកបរ​របស់​ក្រុមហ៊ុន​បំពេញ​ការងារ​ដោយ​ពុំ​មាន​ប័ណ្ណ​បើកបរ​នេះ។

ក្នុង​មាត្រា ៨៥ នៃ​ច្បាប់​ចរាចរណ៍​ថ្មី​បាន​ចែង​ថា អ្នក​បើកបរ​ដែល​បង្ក​អោយ​មាន​អ្នក​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ​ ៣​ឆ្នាំ និង​ពិន័យ​ពី ៤​លាន ទៅ ១៥​លាន​រៀល។ ទោស​នេះ​នឹង​ត្រូវ​ផ្ដន្ទាទោស​ពី ២​ឆ្នាំ ទៅ ៥​ឆ្នាំ ពិន័យ​ពី ១០​លាន​រៀល ដល់ ២៥​លាន​រៀល ប្រសិន​បើ​បណ្ដាល​អោយ​មាន​អ្នក​ស្លាប់​ច្រើន​នាក់ ឬ​ករណី​ផ្សេងៗ​មួយ​ចំនួន​ទៀត។

ទាក់ទិន​នឹង​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ប្រធាន​ផ្នែក​ការិយាល័យ​គោលនយោបាយ និង​ជា​អ្នកនាំពាក្យ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ហៅ​កាត់​ថា ប.ស.ស លោក ជាវ ប៊ុណ្ណរិទ្ធ មាន​ប្រសាសន៍​ថា គ្រោះ​ថ្នាក់​នៅ​ពេល​ទៅ​បំពេញ​ការងារ​របស់​កម្មករ​ត្រូវ​ចាត់​ទុក​ជា​គ្រោះថ្នាក់​ការងារ​ដែល ប.ស.ស ទទួល​ខុស​ត្រូវ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ ទាំង​អ្នក​ដែល​បាត់បង់​ជីវិត និង​អ្នក​របួស​ពិការ៖ «ជា​គោលការណ៍​ក្នុង​មួយ​សព ៤​លាន​រៀល។ ជន​រងគ្រោះ​ដល់​ស្លាប់​នេះ បើសិន​ជា​គាត់​មាន​ប្ដី ឬ​មាន​ប្រពន្ធ​​​ និង​មាន​កូន ប.ស.ស នឹង​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ចិញ្ចឹម។ បើសិនជា​កូន​គឺ​ចិញ្ចឹម​រហូត​ដល់​អាយុ ២១​ឆ្នាំ»

លោក​បញ្ជាក់​ទៀត​ថា ក្រៅ​ពី​សំណង​ទាំង​នេះ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​អាច​ដាក់​ពាក្យ​ប្ដឹង​ទាមទារ​សំណង​ពី​អ្នក​បើកបរ ឬ​ពី​ក្រុមហ៊ុន​ដឹក​ជញ្ជូន។

ប្រធាន​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា មាន​ប្រសាសន៍​ថា សមាជិក​របស់​សហជីព​លោក ក៏​ឋិត​ក្នុង​ចំណោម​មនុស្ស​ទាំង ៣៩​នាក់ ដែល​គ្រោះថ្នាក់​ក្នុង​ហេតុការណ៍​នោះ​ដែរ។ ក្រុម​របស់​លោក កំពុង​ត្រៀម​រៀបចំ​ពាក្យ​បណ្ដឹង​ទាមទារ​សំណង​ពី​ក្រុមហ៊ុន។ លោក ប៉ាវ ស៊ីណា បន្ត​ថា កម្មករ​បន្ត​ជិះ​ប្រជ្រៀត​គ្នា​ដោយ​ផ្ទុយ​នឹង​ច្បាប់​កំណត់​គឺ​ដោយ​សារ​ពួកគេ​ពុំ​មាន​ជម្រើស ដ្បិត​ប្រាក់​ឈ្នួល​ទាប៖ «គឺ​គាត់​យល់​ច្បាស់ (ច្បាប់) ណាស់ ប៉ុន្តែ​គាត់​ឆ្លើយ​តប​ថា តើ​អោយ​គាត់​ជិះ​រថយន្ត​មួយ​មាន​គ្នា ១៥​នាក់​យ៉ាង​ម៉េច​បើ​គាត់​ត្រូវ​ចំណាយ​​លុយ​ហ្នឹង​ទ្វេដង»

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​មាន​អ្នក​ស្លាប់​ច្រើន​បែប​នេះ​មិន​ធ្លាប់​កើត​មាន​ទេ​នៅ​ក្នុង​ខេត្ត​ស្វាយរៀង។ ប៉ុន្តែ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​សម្លាប់​មនុស្ស​ជា​រៀង​រាល់​ថ្ងៃ​នៅ​ទូទាំង​ប្រទេស។ របាយការណ៍​បឋម​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​បាន​អោយ​ដឹង​ថា ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​រយៈពេល ៤​ខែ​ដើម​ឆ្នាំ​២០១៥ នេះ មាន​ចំនួន ១.៨៨៤​ករណី គឺ​បាន​កើន​ឡើង​ចំនួន ៧៧​ករណី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (7)
Share

saroeun minea

ពី phnom penh

VN Van shall be changed driver while across the border to Cambodia. Should not allow the VN driver drive the Van to Phnom Penh. Tour Van to from Phnom Penh to VN must be changed Khmer driver to VN driver when cross the border to VN. Why not apply in Cambodia?

May 19, 2015 10:28 PM

អ្នក​អាន​អនាមិក

In Cambodia land Vietnamese can do anything they want no one control just green money to a police that is it.Accident or no accident they do not care just dollars in the pocket.Circulation law in Cambodia means nothing Hun Sen's car or anyone who work for government can go back to one way sign even red light they still can go no one can stop even police circulation.Just only license plate show police yes sir go ahead.

May 19, 2015 10:26 PM

Mike

ពី Boston

The Vietnamese bus drivers never care about Khmer life on the street if we look at their driving attitudes, while they do care about their own people's lives. That is the reason that they drive so fast in Cambodia, but slowly in Vietnam. Why do they act like this?

May 19, 2015 08:22 PM

អ្នក​អាន​អនាមិក

អ្នកបើកបរមិនគោរពច្បាប់ចរាចរត្រូវពិន័យ ឡានបរទេសចូលមកត្រូវ
ឲ្យគោរពច្បាប់ក្នុងស្រុក ។ ផ្លូវនៅតាមទីក្រុងនិងនៅតាមជនបទត្រូវចាក់កៅស៊ូខ្នងលាបន្ថយល្បឿន ។ ប៉ុន្តែស្រុកខ្មែរប៉ូលិសមួយចំនួនមិនចេះច្បាប់ចរាចរផងពិតជាបញ្ហាមួយ ហើយផ្សំនឹងប្រាក់ខែតិចផងគឺយកលុយគេមិនហ៊ានធ្វើអីគេ និងខ្លាចបុណ្យសក្ដិមិននឹងន៎ ទាំងអ្នកបើកបរមានចរិតជោរផង បានកាន់ចង្កូតឡានដូចជាឡូយណាស់ផង អាងថាអញឲ្យលុយប៉ូលិសហើយ មិនខ្លាចនរណាទាំអស់ នេះជាបញ្ហា ។ គួរឲ្យខ្លាច ទាំងអស់គ្នាមិនមានការធានារ៉ាប់រង ស្លាប់ចោលទទេៗ ខូចខាតចោលទទេៗ ។ នេះឬប្រទេសអច្ឆរិយៈ ?។

May 19, 2015 03:10 PM

អ្នក​អាន​អនាមិក

Since this driver is Vietnamese I can't wait to see if he will do time or walk free. I urge both the medias and right groups should keep close eyes on this.

May 19, 2015 01:11 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល