អាជ្ញាធរ​និង​សហគមន៍​នេសាទ​ខេត្ត​តាកែវ​ចោទ​គ្រូ​បឋមសិក្សា​ព្រែកតាផ​យក​ទី​ធ្លា​ធ្វើ​ឃ្លាំង​ស្តុក​ដែក

ដោយ វោហារ ជាតិ
2015-03-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

អាជ្ញាធរ​មូលដ្ឋាន​និង​សហគមន៍​នេសាទ​ចោទ​ថា ក្រុមហ៊ុន​ក្នុងស្រុក​មួយ បាន​រំលោភ​កាយដី​តំបន់អភិ​រក្ស និង​យក​ទីធ្លា​ក្បែរ​បរិវេណ​សាលារៀន​សម្រាប់​ធ្វើ ជា​កន្លែង​ស្ដុក​ដែក ដែល​រំខាន​ដល់​ការ​សិក្សា​របស់សិស្ស។

ប្រធាន​សហគមន៍​នេសាទ​នៅ ឃុំ​គោកធ្លក ស្រុក​អង្គរបូរី ខេត្ត​តាកែវ លោក ឡាយ យុលីម នៅថ្ងៃ​ទី​២៩ មីនា ចោទ​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​ថា បាន​ប្រើ​គ្រឿង​ចក្រ​កាយ​ដី​ដែល​ជា​តំបន់​អភិរក្ស​មច្ឆាជាតិ ដើម្បី​សង់​កំពង់​ផែ​ពាណិជ្ជកម្ម ដឹក​ជញ្ជូន​ទំនិញ​ចេញចូល​ពី​ប្រទេស​វៀតណាម។

លោកថា ការ​ធ្វើ​ផែ​នេះ​មិន​ត្រឹម​ប៉ះពាល់​ដល់តំបន់​អភិរក្ស​​មច្ឆាជាតិ​ទេ តែ​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​សិស្ស​បឋម​សិក្សា​ព្រែកតាផ ដែល​នៅ​ជាប់គ្នា​នោះ​ទៀត​ផង ៖ «រឿង​អេស្កាវ៉ាទ័រហ្នឹង​វា​ប៉ះពាល់​ដល់​សំឡេង​រំខាន​ដល់​សិស្ស​តូចៗ​ហ្នឹង វាដាក់ដែក ហើយ​សំខាន់​វា​ក្នុង​ស្ទឹង​តំបន់​អភិរក្សហ្នឹង​យកមកធ្វើ​ពង្រីកជាផែ​ដាក់​ដែក​ថែម​ទៀត សាលា​រៀន​ហ្នឹង​ជាប់​មាត់​ទន្លេ ហើយ​ទី​ធ្លា​ទន្លេ​តូច​ទៀត​ ចំណុច​ទី​ធ្លា​សាលា​រៀន​ហ្នឹង​តូច​ទៀត»

ចំណែក​ជំទប់​ឃុំ​ទី​២ នៃ​ឃុំ​គោធ្លក លោក ផែង សំអាត ក៏​បាន​អះអាង ប្រហាក់ប្រហែល​គ្នា​នេះ​ដែរ។ លោក​ថា លោក​នាយក​សាលាបឋមសិក្សា​ព្រែកតាផ រួម​ទាំង​អាជ្ញាធរ​ឃុំ និង​ស្រុក​មិន​បាន​ត្រួត​ពិនិត្យ​សកម្មភាព​ពាណិជ្ជ​កម្ម​របស់​ក្រុមហ៊ុន​មួយ​នេះ​ដែល លោក​ថា ជា​សកម្មភាព​ខុស​ច្បាប់​នោះទេ ៖ «មាន​ក្រុមហ៊ុន​អាជីវកម្ម​មួយ​ដឹក​ដែក​ពី​វៀតណាម​មក ហើយ​យក​មកស្តុក​ជិត​សាលារៀន​ហ្នឹង​ហើយ​វា​ជិត​សាលារៀន​ជាប់គ្នា​ហ្នឹង ​ហើយ​មាន​អាស្ទូច ស្ទូច​ដែក​អី​ឡើង​នៅ​ហ្នឹង​ទាំង​អស់ ហើយ​ខ្ញុំពិនិត្យ​ឃើញ​ថា ជាផ្លូវ​ច្បាប់​វា​ខុស​ហើយ​វា​ជិត​សាលារៀន ប៉ះពាល់​ដល់​កូន​សិស្ស​រៀន។ ទី២​ ឥឡូវ​ហ្នឹង​យក​អាអិច​មក​កាយ​ទន្លេ​យក​ដី​ចាក់​ទៅ​ផែ​ទៀត កន្លែង​សាលា​រៀន​ហ្នឹង​ហើយ​ផែ​ហ្នឹង​កន្លែង​ដី​ទន្លេហ្នឹង​ដី​អភិរក្ស​ទៀត ហើយ​ខ្ញុំ​តេ​ទៅ​ជលផល​ទៅ​អី​ ហើយ​គេ​ឆ្លើយ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក គេ​ថា​ឲ្យ​សួរ​មេឃុំ មេ​ឃុំ​គេ​ថា​ឲ្យ​សួរ​ចៅហ្វាយ​ស្រុក ពេញ​ទឹក​ពេញ​ដី​ទាំងអស់​»

ទោះយ៉ាងណា ទាំង​ជំទប់ឃុំ និង​ប្រធាន​សហគមន៍​នេសាទ មិន​បាន​ឲ្យ​ដឹង​ឈ្មោះ​ក្រុមហ៊ុន​ដែល​គាត់​ចោទ​ប្រកាន់​នោះដែរ​។

វិទ្យុ​អាស៊ី​សេរី​ មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន និង​លោក​នាយក​សាលា​ព្រែកតាផ បាន​នៅ​ថ្ងៃ​ទី​២៩ មីនា ដើម្បី​សុំការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​នេះ។

ក៏ប៉ុន្តែ មេឃុំ​ព្រែកតាផ លោក ម៉ក់ ជូ ឲ្យ​ដឹង​ថា សកម្មភាព​​លើកដាក់ និង​ដឹកជញ្ជូន​ដែក​របស់​ក្រុមហ៊ុន​ឯកជន​នោះ មិន​រំខាន​ដល់​ការ​សិក្សា​របស់​សិស្ស​ទេ ព្រោះ​ដឹកជញ្ជូន និង​ការ​ប្រើ​គ្រឿងយន្ត​លើកដាក់​ដែក​ធ្វើឡើង​ក្នុងពេល​ម៉ោង​សិស្ស​សម្រាក។

លោក​ថា ក្រុមហ៊ុន​បាន​ជួយ​ឧបត្ថម្ភ​ដល់​សាលា​ព្រែកតាផ ក្នុង​មួយ​ឆ្នាំ​ៗ ២​លាន​រៀល​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។ចុ

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល