"ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​​​​​កម្ពុជា​ខ្ពស់​មិន​ឆ្លុះ​បញ្ចាំង​ពី​ជីវភាព​ពលរដ្ឋ​ជាក់​ស្ដែង"

ដោយ អាន ស៊ីថាវ
2015-03-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​​កម្ពុជា លោក អៀរិក ស៊ីដវិច (Eric Sidgwick) ថ្លែង​ក្នុង​សន្និសីទ​កាសែត នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៤ មីនា ២០១៥។
ប្រធាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​​កម្ពុជា លោក អៀរិក ស៊ីដវិច (Eric Sidgwick) ថ្លែង​ក្នុង​សន្និសីទ​កាសែត នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៤ មីនា ២០១៥។
RFA/An Sithav

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​​ប្រចាំ​កម្ពុជា បាន​ព្យាករ​​​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​២០១៥ សម្រេច​បាន​កំណើន ៧% ដែល​បាន​ចូល​រួម​ពី​វិស័យ​សំខាន់​របស់​កម្ពុជា ដូចជា កសិកម្ម កាត់ដេរ និង​វិស័យ​ទេសចរណ៍។ ប៉ុន្តែ​អ្នក​វិភាគ​សេដ្ឋកិច្ច​យល់​ឃើញ​ថា កំណើន​សេដ្ឋកិច្ច​ដែល​​​​ស្ថាប័ន​អភិវឌ្ឍន៍​សម្រេច​បាន​នោះ មិន​បែង​ចែក​ផល​​ដល់​ប្រជាពលរដ្ឋ​ស្មើ​​គ្នា​ឡើយ។

​របាយការណ៍​ព្យាករ​កំណើន​សេដ្ឋកិច្ច​​របស់​​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៤ មីនា បាន​បង្ហាញ​ថា សេដ្ឋកិច្ច​កម្ពុជា នឹង​បន្ត​រីក​ចម្រើន​ជា​លំដាប់​​នៅ​ក្នុង​ឆ្នាំ​២០១៥ និង​ឆ្នាំ​២០១៦ ដោយសារ​ការ​នាំ​ចេញ​របស់​កម្ពុជា កើន​ឡើង។ របាយការណ៍​ដដែល​នោះ​ បាន​​លើក​យក​ហេតុផល​សំខាន់​មួយ​ដែល​​ជា​មូលដ្ឋាន​​ជំរុញ​កំណើន​សេដ្ឋកិច្ច​​​កម្ពុជា នោះ គឺ​ភាព​កាន់​តែ​រឹង​មាំ​នៃ​ដំណើរការ​សេដ្ឋកិច្ច​របស់​ដៃគូ​ពាណិជ្ជកម្ម​របស់​កម្ពុជា មាន​ដូច​ជា​សហរដ្ឋ​អាមេរិក ថៃ និង​សហភាព​​អឺរ៉ុប បាន​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា មាន​កំណើន​​កាន់​តែ​ខ្ពស់​នា​ពេល​អនាគត។

ម៉្យាង​វិញ​ទៀត​ ភាព​ធូរ​ស្រាល​នៃ​សម្ពាធ​នយោបាយ និង​ការ​ធ្លាក់​ថ្លៃ​ប្រេង​​ឥន្ធនៈ​ គឺ​ជា​ឱកាស​ថ្មី​​បន្ថែម​ទៀត​ក្នុង​ការ​បង្ក​លក្ខណៈ​ងាយ​ស្រួល​​អ្នក​រក​ស៊ី​ក្នុង​ស្រុក និង​​ទាក់ទាញ​វិនិយោគិន​បរទេស។

សេដ្ឋវិទូ​ជាន់​ខ្ពស់​​នៃ​ធនាគារ​​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​កម្ពុជា លោក ជេន ហាន់សេន (Jan Hansen) មាន​ប្រសាសន៍​ថា ​របាយការណ៍​នេះ គឺ​ជា​ការ​បង្ហាញ​អំពី​ភាព​រីក​ចម្រើន​​សេដ្ឋកិច្ច​របស់​កម្ពុជា បាន​ដល់​កម្រិត​ណា បើ​ធៀប​នឹង​ប្រទេស​​នៅ​ក្នុង​តំបន់​​អាស៊ី។ លោក​បញ្ជាក់​ថា​ សេដ្ឋកិច្ច​កម្ពុជា នឹង​មាន​កំណើន​ដល់ ៧,៥% និង​អត្រា​អតិផរណា​វិញ បាន​ធ្លាក់​ចុះ​មក​នៅ​ប្រមាណ ២% នៅ​ក្នុង​ឆ្នាំ​២០១៥។

បញ្ហា​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ធ្លាប់​បាន​អះអាង​កាល​ពី​ថ្ងៃ​ទី​២៣ មីនា ថា ​ក្រោម​ការ​ដឹក​នាំ​របស់​លោក និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការ​រក​ស៊ី ប៉ុន្តែ​ក្រុម​អាជីវករ​ទាំង​នោះ​ ក៏​ត្រូវ​ទទួល​ខុស​ត្រូវ​លើ​ការ​បង់​ពន្ធ​ជូន​រដ្ឋ​ផង៖ «រឿង​ធំ​ជាង​គេ​មាន​ស្ថិរភាព​នយោបាយ​ មាន​អាជីវកម្ម​ឲ្យ​បាន​ល្អ ហើយ​រដ្ឋ​សង្ឃឹម​ថា​ មាន​ការ​បង់​ពន្ធ​​មក​វិញ ព្រោះ​រដ្ឋ​​​បាន​បង្ក​លក្ខណៈ​ងាយ​ស្រួល​គ្រប់​បែប​យ៉ា»

ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន នេះ ប្រធាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​​កម្ពុជា លោក អៀរិក ស៊ីដវិច (Eric Sidgwick) មាន​ប្រសាសន៍​​​ស្រប​ពេល​ចេញ​របាយការណ៍​ព្យាករ​សេដ្ឋកិច្ច​ នៅ​ថ្ងៃ​ទី​២៤ មីនា ថា ឧបសគ្គ​ចំពោះ​កំណើន​សេដ្ឋកិច្ច​កម្ពុជា នៅ​តែ​មាន​ ក្នុង​នោះ រួម​មាន​បញ្ហា​ច្បាប់​ទម្លាប់ និង​បញ្ហា​ទាក់ទង​នឹង​តម្លៃ​អគ្គិសនី។ ម៉្យាង​វិញ​ទៀត​ អត្រា​កំណើន​សេដ្ឋកិច្ច​ដែល​បាន​ព្យាករ​មាន​ចំនួន ៧% ក្នុង​មួយ​ឆ្នាំ​ គឺ​បង្ហាញ​​សកម្មភាព​សេដ្ឋកិច្ច​កម្ពុជា ជា​ទូទៅ ប៉ុន្តែ​​អត្រា​នៃ​កំណើន​នេះ មិន​ឆ្លុះ​បញ្ចាំង​ថា​ ប្រជាពលរដ្ឋ​កម្ពុជា អាច​ទទួល​ផល​ពី​កំណើន​សេដ្ឋកិច្ច​​ទាំង​ស្រុង​ឡើយ៖ «បញ្ហា​​​​ដែល​ទាក់ទង​នឹង​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​នោះ គឺ​​ការ​បែក​ចែក​ផល​ពី​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ស្មើ​ភាព​គ្នា។ ដូច្នេះ ប្រសិន​បើ​កម្ពុជា សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​​កាន់​តែ​​ធំ មាន​ន័យ​ថា ប្រជាពលរដ្ឋ​កម្ពុជា អាច​ទទួល​ផល​ពី​កំណើន​សេដ្ឋកិច្ច​កាន់​តែ​ធំ​ជាង​មុន ប៉ុន្តែ​ក៏​មិន​មែន​​មាន​ន័យ​ថា អាច​ទទួល​​​​បាន​ផល​ពី​កំណើន​នោះ​គ្រប់គ្នា​ដែរ»

​អ្នក​វិភាគ​សេដ្ឋកិច្ច​មួយ​ចំនួន​យល់​ឃើញ​ថា​ ស្រប​ពេល​ដែល​កម្ពុជា មាន​កំណើន​សេដ្ឋកិច្ច​​​​ខ្ពស់​នោះ ឧបសគ្គ​ចំពោះ​កំណើន​ក៏​កើត​មាន​​ឡើង​ដែរ ក្នុង​នោះ រួម​មាន​បញ្ហា​​ឡើង​ថ្លៃ​ទំនិញ ​ការ​បណ្ដេញ​ចេញ​ពី​គម្រោង​អភិវឌ្ឍន៍​នានា​របស់​រាជរដ្ឋាភិបាល និង​​​ភាព​អន់​ខ្សោយ​នៃ​សេវា​សាធារណៈ។

តាម​ការ​ប៉ាន់ស្មាន​ដោយ​​ស្ថាប័ន​ស្រាវជ្រាវ​អភិវឌ្ឍន៍​នានា​នៅ​កម្ពុជា ​​បាន​បង្ហាញ​ថា​ ​បច្ចុប្បន្ន​ ក្រុម​ប្រជាពលរដ្ឋ​​រង​គ្រោះ​បាន​កើន​ឡើង​រហូត​ដល់ ៩​លាន​​នាក់​ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​សរុប​ ១៥​លាន​នាក់​ ក្នុង​នោះ​រួម​មាន​ក្រុម​អ្នក​ក្រីក្រ ក្រុម​​អ្នក​គ្មាន​ការងារ​ធ្វើ​ ក្រុម​ពលករ​ចំណាក​ស្រុក​ និង​ក្រុម​ប្រជាពលរដ្ឋ​​គ្មាន​ផ្ទះ​សម្បែង​ដែល​រង​គ្រោះ​ពី​ការ​បណ្ដេញ​​​ចេញ​ជា​ដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

ស្តាប់ទៅស្រកៀរត្រចៀកមែនទែន អ្នកវិភាគអន់ៗមកវិភាគសេដ្ឋកិច្ច​ស្រុកខ្មែរ វាអត់ត្រូវទេលោកលោក វាត្រូវបើវិភាគស្រុកលោកនោះ តែស្រុកខ្មែរវិញមិនមែនអញ្ចឹងទេ លុយគេឡើងគគាក់ បើមិនជឿ​លោក​ទៅសួរ លោកទ្រីភាពមើល​និងបើមិនជឿរយកម៉ែត្រទៅវា​ស់លុយនៅធនាគារមើល និងបើថា​ពិបាកពេក អង្គុយរាប់រថយន្ត​ក៏ដឹង​ដែរ។

Mar 24, 2015 09:54 PM

មាលា

ពី ព្រះវិហារ

ឃើញស្រាប់ចំនួនទេសចរក្នុងខេត្តសៀមរាបកើនឡើងរៀងរាល់ឆ្នាំ​ប៉ុន្តែ
ផលនៃទេសចរតិចណាស់សម្រាប់ខ្មែរពិសេសអ្នកភូមិក្នុងតំបន់អង្គរ ដូចជាផលិតសិប្បកម្ម និង​កសិកម្មបានគ្មានទីផ្សារសមស្រប ដោយ
សារតែភ្ញៀវភាគច្រើនជា យួន ចិន​ គេមានសេវាកម្មគ្រប់យ៉ាង​សម្រាប់ភ្ញៀវជាតិរបស់គេ កន្លែងស្នាក់នៅ​ រួមទាំងហាងអាហារ ហាងលក់វត្ថុសិប្បកម្ម ដោយគេឲ្យថ្លែទឹកតែ និង​កាកតែខ្ពស់ដល់អ្នក
នាំ។ ចំណែកអ្នកភូមិគ្មានទេ សូម្បីតែកាកតែ ព្រោះតែគាត់លក់
តម្លៃថោកឆាប់បានលុយបំពេញក្រពះ។

Mar 24, 2015 08:04 AM

គេហទំព័រ​ទាំងមូល