អាដហុក​និង​អាជ្ញាធរ​ខេត្ត​សៀមរាប​បារម្ភ​សុវត្ថិភាព​ពលរដ្ឋ​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស

ដោយ ហង្ស សាវយុត
2015-10-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​នៅ​ខេត្ត​សៀមរាប សហការ​ជាមួយ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ធ្វើ​វេទិកា​សាធារណៈ​ផ្សព្វផ្សាយ​អប់រំ​ប្រជាពលរដ្ឋ​ពី​ការ​ធ្វើ​ចំណាក​ស្រុក​មិន​ស្រប​ច្បាប់​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស និង​បញ្ហា​ប្រឈម​មុខ​នានា នៅ​ឃុំ​ល្វា ស្រុក​ពួក ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥។
ក្រុម​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​នៅ​ខេត្ត​សៀមរាប សហការ​ជាមួយ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ធ្វើ​វេទិកា​សាធារណៈ​ផ្សព្វផ្សាយ​អប់រំ​ប្រជាពលរដ្ឋ​ពី​ការ​ធ្វើ​ចំណាក​ស្រុក​មិន​ស្រប​ច្បាប់​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស និង​បញ្ហា​ប្រឈម​មុខ​នានា នៅ​ឃុំ​ល្វា ស្រុក​ពួក ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥។
RFA/Hang Savyouth

បច្ចុប្បន្ន ប្រជាពលរដ្ឋ​ខ្មែរ​ក្រីក្រ​ដែល​រស់នៅ​តាម​ទី​ជនបទ បាន​នាំ​គ្នា​ចាក​ចោល​ផ្ទះ​សម្បែង​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស​កាន់​តែ​ច្រើន​ឡើងៗ ហើយ​ក្នុង​ចំណោម​ពលករ​ដែល​ចំណាក​ស្រុក​មិន​ស្រប​ច្បាប់​ខ្លះ គឺ​បាន​ជួប​ប្រទះ​នូវ​ការ​ជួញ​ដូរ​មនុស្ស ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ហួស​ប្រមាណ និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​ថៅកែ ជាដើម។

ខេត្ត​សៀមរាប គឺ​ជា​ខេត្ត​ក្រីក្រ​មួយ​ក្នុង​ចំណោម​ខេត្ត​ខ្លះ​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ដែល​មាន​ប្រជាពលរដ្ឋ​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ដោយ​ខុស​ច្បាប់​ដែរ។

មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) និង​អាជ្ញាធរ​មូលដ្ឋាន​នៃ​ខេត្ត​សៀមរាប កំពុង​ប្រឹងប្រែង​រួម​គ្នា ដើម្បី​កាត់​បន្ថយ​ចំនួន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ទី​ជនបទ កុំ​ឲ្យ​ធ្វើ​ចំណាក​ស្រុក​មិន​ស្រប​ច្បាប់ ចេញ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ដោយ​ប្រថុយប្រថាន​ត​ទៅ​ទៀត។

កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល ដែល​សហការ​ជាមួយ​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​នេះ បាន​ធ្វើ​ឡើង​តាម​រយៈ​ការ​រៀបចំ​វេទិកា​សាធារណៈ​មួយ​នៅ​ឯ​ឃុំ​ល្វា នៃ​ស្រុក​ពួក កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​២៦ ខែ​តុលា។

ប្រធាន​ផ្នែក​ប្រឆាំង​ការ​ជួញ​ដូរ​ស្ត្រី និង​ការពារ​កុមារ​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក គឺ​អ្នកស្រី ឆន សុគន្ធា។ អ្នកស្រី​ថ្លែង​នៅ​ក្នុង​ការ​បើក​វេទិកា​សាធារណៈ​ស្ដីពី​សុវត្ថិភាព នៃ​ការ​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៦ ខែ​តុលា ថា បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​កំពុង​នាំ​គ្នា​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​ក្រៅ​ប្រទេស ដូចជា​ទៅ​ប្រទេស​ថៃ និង​ប្រទេស​ម៉ាឡេស៊ី ជាដើម ហើយ​ភាគ​ច្រើន​នៃ​អ្នក​ចំណាក​ស្រុក​ទាំង​នោះ មិន​ស្រប​ច្បាប់​ទេ ដោយសារ​តែ​មាន​មេ​ខ្យល់​បោក​បញ្ឆោត ជា​ហេតុ​ធ្វើ​ឲ្យ​កម្មករ​កម្មការិនី​ខ្លះ ជួប​ប្រទះ​នឹង​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ហួស​កម្រិត។

អ្នកស្រី ឆន សុគន្ធា បញ្ជាក់​ទៀត​ថា ខេត្ត​សៀមរាប គឺ​ជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ជាច្រើន​ទៀត​ដែល​ប្រជាពលរដ្ឋ​កំពុង​នាំ​គ្នា​ធ្វើ​ចំណាក​ស្រុក​ដោយ​មិន​ស្រប​ច្បាប់ ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស៖ «មាន​អ្នក​ខ្លះ​បាន​ផល​ពី​ការ​ធ្វើ​ចំណាក​ស្រុក​ហ្នឹង​តិចតួច​ណាស់ ប៉ុន្តែ​កត្តា​ហានិភ័យ​នៃ​ការ​ប្រឈម គឺ​មាន​ច្រើន ដូចជា​អ្នក​ខ្លះ​ត្រូវ​រង​ការ​ធ្វើ​ទារុណកម្ម​ពី​ថៅកែ ឬ​ក៏​ធ្លាក់​ខ្លួន​ក្នុង​ការ​ប្រើប្រាស់​ថ្នាំ​ញៀន​ជាដើម»

អ្នក​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​សៀមរាប អ្នកស្រី ម៉ៅ យិន ឲ្យ​ដឹង​ថា នៅ​ខេត្ត​សៀមរាប គឺ​មាន​ស្ត្រី​ខ្លះ​បាន​ប្រឈម​មុខ​នឹង​បញ្ហា​ដែល​គេ​បោក​បញ្ឆោត​យក​ទៅ​រៀបការ​នៅ​ប្រទេស​ចិន និង​បុរស​ខ្លះ​ទៀត ត្រូវ​គេ​ជួញ​ដូរ​នៅ​ក្រៅ​ប្រទេស។ អ្នកស្រី ម៉ៅ យិន បញ្ជាក់​ថា កាល​ពី​អំឡុង​ខែ​ឧសភា កន្លង​ទៅ សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក និង​សមត្ថកិច្ច​របស់​រដ្ឋាភិបាល បាន​ជួយ​រំដោះ​បុរស និង​ស្ត្រី​ចំនួន ១៣​នាក់​ដែល​ត្រូវ​មេ​ខ្យល់​បោក​បញ្ឆោត​យក​ទៅ​ជួញ​ដូរ​កម្លាំង​ពលកម្ម​នៅ​ប្រទេស​ថៃ មិន​ស្រប​ច្បាប់ ហើយ​ត្រូវ​ប៉ូលិស​ថៃ ចាប់​ខ្លួន​ដាក់​ពន្ធនាគារ។

ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប អ្នកស្រី ដួង ថាវរី ទទួល​ស្គាល់​ថា បច្ចុប្បន្ន គឺ​ពិត​ជា​មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាំ​គ្នា​ចំណាក​ស្រុក​ខុស​ច្បាប់​ទៅ​ធ្វើ​ការ​ក្រៅ​ប្រទេស​មែន។ អ្នកស្រី ដួង ថាវរី បញ្ជាក់​ថា កាល​ពី​ខែ​មិថុនា កន្លង​ទៅ រដ្ឋាភិបាល​បាន​រំដោះ​ពលករ​ខ្មែរ​ដែល​ធ្វើ​ការ​តាម​ទូក​នេសាទ​ពី​ប្រទេស​ឥណ្ឌូនេស៊ី ចំនួន ២៣០​នាក់​នោះ គឺ​មាន​ចំនួន ៨៧​នាក់​ជា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ខេត្ត​សៀមរាប៖ «វេទនា​បំផុត​នៅ​លើ​ទូក​នេសាទ។ អ្នក​ខ្លះ​មាន​រហូត ១៨​ឆ្នាំ​ដែល​ទៅ​ធ្វើ​ការ​លើ​ទូក​នេសាទ។ ទៅ​ធ្វើ​ការ​តាំង​ពី​ក្មេង​មាន​កាយ​សម្បទា​គ្រប់គ្រាន់ រហូត​ថ្ងៃ​ដែល​គាត់​ត្រឡប់​មក​វិញ គឺ​ពលករ​ខ្លះ​ជិះ​រទេះ​ពិការ​ភាព»

របាយការណ៍​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក សម្រាប់​ឆមាស​ទី​១ ដើម​ឆ្នាំ​២០១៥ ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​មាន​ពលករ​ខ្មែរ​ចំនួន​ជាង ៦០​ម៉ឺន​នាក់​ដែល​ចូល​ទៅ​ធ្វើ​ការ​មិន​ស្រប​ច្បាប់​នៅ​ក្នុង​ប្រទេស​ថៃ ហើយ​ពលករ​មួយ​ចំនួន​ទៀត ក៏​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ដោយ​ឆ្លង​កាត់​តាម​ប្រទេស​ថៃ ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល