កម្មករ​ជួស​ជុល​ប្រាសាទ​មេបុណ្យ​ខាង​លិច ចាប់​ផ្ដើម​តវ៉ា​ទាមទារ​​ចូល​ធ្វើការ​​ និង​លក្ខ​ខណ្ឌ​ការងារ​​ល្អ​ប្រសើរ​ឡើងវិញ

ដោយ ម៉ៅ សុធានី
2020-03-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តំណាង​ជាង ៤០នាក់ នៃ​កម្មករ​ជួសជុល​ប្រាសាទ​មេបុណ្យ​ខាង​លិច នៅ​ព្រឹក​ថ្ងៃ​ទី១៦ ខែ​មីនា ឆ្នាំ២០២០ ចាប់​ផ្ដើម​តវ៉ា​ទាមទារ​អាជ្ញាធរ​ខេត្ត​សៀមរាប និង​តំណាង​របស់​គម្រោង​សាលា​បារាំង​ចុង​បូព៌ា​ប្រទេស (FEFO) ឱ្យ​ដោះ​ស្រាយ​វិវាទ​ការងារ។
តំណាង​ជាង ៤០នាក់ នៃ​កម្មករ​ជួសជុល​ប្រាសាទ​មេបុណ្យ​ខាង​លិច នៅ​ព្រឹក​ថ្ងៃ​ទី១៦ ខែ​មីនា ឆ្នាំ២០២០ ចាប់​ផ្ដើម​តវ៉ា​ទាមទារ​អាជ្ញាធរ​ខេត្ត​សៀមរាប និង​តំណាង​របស់​គម្រោង​សាលា​បារាំង​ចុង​បូព៌ា​ប្រទេស (FEFO) ឱ្យ​ដោះ​ស្រាយ​វិវាទ​ការងារ។
រូប៖ អង្គការ CENTRAL

ក្រុម​​​អ្នក​តំណាង​របស់​កម្មករ​ជួសជុល​ប្រាសាទ​មេបុណ្យ​ខាង​លិច ជាង​សែសិប (៤០)​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ មីនា​ បាន​នាំ​គ្នា​​ចាប់​ផ្ដើម​តវ៉ា ដោយ​លើក​​បដា​​ ដើម្បី​ទាមទារ​​​អាជ្ញាធរ​ខេត្ត​សៀមរាប​​ និង​​តំណាង​​របស់​គម្រោង​សាលា​បារាំង​ចុង​បូព៌ា​ប្រទេស​ (FEFO) ឱ្យ​​ដោះស្រាយ​វិវាទ​កម្មករ ជាមួយ​អាជ្ញាធរ​អប្សរា ដែល​អូស​បន្លាយ​ជាង​ ២ឆ្នាំ​​មក​ហើយ។

អនុ​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ​កម្ពុជា លោក សួ ឆ្លូញ ឲ្យ​ដឹង​ថា ការ​តវ៉ា​របស់​ ក្រុម​កម្មករ​គ្មាន​ការ​រំខាន​ពី​អាជ្ញាធរ​ឡើយ ហើយ​តំណាង​របស់​សាលា​បារាំង​ចុង​បូព៌ា​ប្រទេស (FEFO) បាន​ចេញ​មក​ទទួល​ញត្តិ ដោយ​សន្យា​សុំ​ពេល​១សប្ដាហ៍​ ដើម្បី​ពិនិត្យ​មើល​ករណី​នេះ។

លោក សួ ឆ្លូញ ថា ក្នុង​សំណើ​នោះ ក្រុម​កម្មករ​ជំនាញ​ជួសជុល​ប្រាសាទ​មេបុណ្យ​ខាង​លិច​ បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​អប្សរា ដែល​ទទួល​បាន​គម្រោង​ជួសជុល​ប្រាសាទ​នេះ បន្ត​ពី​សាលា​បារាំង​ចុង​បូព៌ា ឲ្យ​ទទួល​យក​កម្មករ​ចូល​ធ្វើការ​វិញ និង​ត្រូវ​ផ្ដល់​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​ដូច​មុន៖ «ខ្ញុំ​សុំ​ស្នើ​ទៅ​ភាគី​ពាក់ព័ន្ធ​ចំនួន៣ ឲ្យ​ធ្វើ​ការ​ដោះស្រាយ​ទៅ​លើ​រឿង​ហ្នឹង​ណា។ ជា​ពិសេស​ទី១ ស្នើ​ទៅ​សម្ដេច​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ធ្វើ​យ៉ាង​ម្ដេច​ឲ្យ​សម្ដេច​សម្រួល​ ឲ្យ​ពួក​គាត់​ទាំង ១២៦នាក់ បាន​ចូល​បម្រើ​ការងារ​វិញ។ ទី២ យើង​ស្នើ​ទៅ​ភាគី​ម្ចាស់​គម្រោង​មាន​ន័យ​ថា ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា ដោយសារ​គឺ​គម្រោង​ហ្នឹង​ទម្លាក់​តាម​រដ្ឋាភិបាល​​​បារាំង ពី​ប្រទេស​បារាំង​មក។ អ៊ីចឹង យើង​ស្នើសុំ​ឲ្យ​មាន​ការ​ដោះ​ស្រាយ​រឿង​នេះ ហើយ​ពិសេស​ឲ្យ​ពួក​គាត់ បាន​ចូល​ធ្វើ​ការ​វិញ ហើយ​ទី៣ គឺ​ទាក់ទង​នឹង​អាជ្ញាធរ​អប្សរា​ផង​ដែរ គឺ​យើង​ស្នើសុំ​​ឲ្យ​អាជ្ញាធរ​អប្សរា ​ធ្វើ​យ៉ាង​ណា ផ្ដល់​ការងារ​ទាំង​អស់​ហ្នឹង ឲ្យ​ពួកគាត់​ឡើងវិញ ដោយសារ​ពួកគាត់​ទាំង​អស់​សុទ្ធ​សឹង​តែ​ជា​កម្មករ​ជំនាញ ហើយ​ធ្វើ​ការ​មាន​បទ​ពិសោធន៍​នៅ​ក្នុង​ការ​ជួស​ជុល​ប្រាសាទ​ជាង​២០​ឆ្នាំ​មក​ហើយ»

ក្រុម​កម្មករ​ បាន​ដាក់​សំណើ​ជូន​ដំណឹង​ពី​ការ​តវ៉ា​នេះ ទៅ​សាលា​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី៩ មីនា ហើយ​អះអាង​ថា ការ​តវ៉ា​នឹង​បន្ត​រហូត​ ទាល់​តែ​ទទួល​បាន​ដំណោះស្រាយ។ មេ​ការដ្ឋាន និង​ជា​ប្រធាន​សហជីព​​​គម្រោង​សាលា​បារាំង​ចុង​បូព៌ា​ប្រទេស​ លោក ជិន សុផល អះអាង​ថា មូល​ហេតុ​ នៃ​តវ៉ា​ជាថ្មី ដោយសារ​ រយៈ​ពេល​ជាង ២ឆ្នាំ​មក​នេះ អាជ្ញាធរ​អប្សរា ដែល​ទទួល​បាន​​លុយ​គម្រោង​ជួស​ជុល​ប្រាសាទ​មេ​បុណ្យ​ខាង​លិច​ ពី​ស្ថានទូត​បារាំង​ បន្ត​ពី​សាលា​បារាំង​ចុង​បូព៌ា​ប្រទេស មិន​ព្រម​ទទួល​យក​ក្រុម​កម្មករ​ ចូល​ធ្វើការ​​វិញ។

លោក​អះអាង​ថា​ ក្រុម​កម្មករ​​រង​ការ​ព្យួរ​ការងារ​នេះ នៅ​កំឡុង​ឆ្នាំ២០១៨ មាន​ចំនួន ១២៦នាក់ ដោយសារ​គម្រោង​ប្រាប់​ថា គ្មាន​ថវិកា​បន្ត។ លុះ​​ឆ្នាំ២០១៩ ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​បាន​ទម្លាក់​កញ្ចប់​ថវិកា​ ជួសជុល​ប្រាសាទ​មេបុណ្យ​ខាង​លិច​បន្ត​​​ តែ​​គម្រោង​ជួសជុល​បន្ត​នោះ ត្រូវ​ផ្ទេរ​ឲ្យ​ទៅ​អាជ្ញាធរ​អប្សរា​ ជា​អ្នក​គ្រប់​គ្រង។ ​អាជ្ញាធរ​អប្សរា បាន​កែប្រែ​លក្ខខណ្ឌ​ការងារ​​ច្រើន​ចំណុច ដូច​ជា ប្ដូរ​ពី​ប្រាក់​ឈ្នួល​ប្រចាំ​ខែ មក​ជា​ប្រាក់​ឈ្នួល​ប្រចាំ​ថ្ងៃ ហើយ​រឹតត្បិត​លែង​ឲ្យ​មាន​ថ្ងៃ​ឈប់​សម្រាក ទទួល​បាន​ប្រាក់​ឈ្នួល​តាម​ច្បាប់​ការងារ ដោយ​​តម្រូវ​ថា ទាល់​តែ​មក​ធ្វើ​ការ​ទើប​បាន​លុយ ដែល​ធ្វើ​ឲ្យ​បាត់បង់​ប្រយោជន៍​កម្មករ ​ការ​​លុប​ចោល​ការ​ធានា​រ៉ាប់រង​សុខភាព​ឲ្យ​កម្មករ​ ឈប់​ផ្ដល់​អតីត​ភាព​ការងារ​ឲ្យ​ជា​ដើម។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​ខាង​ភាគី​អាជ្ញាធរ​អប្សរា ​បាន​ទេ នៅ​ថ្ងៃ​ទី​១៦ មីនា ដោយសារ​​ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​ និង​ជា​អ្នក​នាំ​ពាក្យ​អាជ្ញាធរ​អប្សរា លោក ឡុង កុសល មិន​ទទួល​ទូរស័ព្ទ។ ប៉ុន្តែ​លោក ធ្លាប់​​ប្រាប់​អាស៊ី​សេរី​ថា ​គឺ​កម្មករ​មិន​ព្រម​ទទួល​យក​លក្ខខណ្ឌ​ការងារ ​របស់​អាជ្ញាធរ​អប្សរា​ខ្លួន​ឯង​​ ដូច្នេះ លោក​គ្មាន​សិទ្ធិ​ចាប់​បង្ខំ ឲ្យ​​ក្រុម​កម្មករ​ចូល​ធ្វើការ​​បាន​ឡើយ។ ឯ​ការ​ជួសជុល​ប្រាសាទ​មេបុណ្យ​ខាង​លិច កំពុង​តែ​បន្ត​ធ្វើ តាម​គម្រោង ដោយ​មាន​កម្មករ​ថ្មី​ចូល​ធ្វើការ​ជំនួស៖ «ជំហរ​របស់​យើង គឺ​យើង​អត់​មាន​ទៅ​បដិសេធ​ទេ។ តែ​សំខាន់​​ តើ​គាត់​ទទួល​យក​នូវ​ហេតុផល​ឬ​អត់? អា​ហ្នឹង ខ្ញុំ​បាន​បញ្ជាក់​ហើយ គឺ​​យើង​បាន​ជួប​គ្នា ហើយ​យើង​ពិភាក្សា​គ្នា។ ក៏​ប៉ុន្តែ​បើ​គាត់​មិន​ទទួល​យក​អា​ជម្រើស​ ឬ​ក៏​ហេតុ​ផល​ដែល​យើង​ផ្ដល់​ជូន​គាត់ អា​ហ្នឹង​យើង​ទៅ​មាន​សិទ្ធិ​អ្វី​ទៅ​បង្ខំ​គាត់។ អ៊ីចឹង​ បាន​ខ្ញុំ​បញ្ជាក់​ថា ការងារ​ជួស​ជុល​ប្រាង្គ​ប្រាសាទ​គឺ​យើង​នៅ​តែ​បន្ត​ អា​ហ្នឹង​ គឺ​អ៊ីចឹង»

ក្រុម​កម្មករ ធ្លាប់​បាន​ដាក់​ញត្តិ​ទៅ​ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា និង​ស្ថាប័ន​ច្រើន​មក​ហើយ តែ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​ទេ។ ក្រុម​កម្មករ អះអាង​ថា ម្ដង​នេះ ពួកគេ​​នឹង​បន្ត​ការ​តវ៉ា​រហូត​​ ទាល់​តែ​ទទួល​បាន​ដំណោះស្រាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល