កម្មករ​រោងចក្រ​នៅ​ព្រែកព្នៅ​បន្ត​ធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​៨​ចំណុច

ដោយ អ៊ុំ រង្សី
2015-08-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

កម្មករ​រោងចក្រ ​អង្គរ ហេរ៉ូ (Angkor Hero Co., Ltd.) ស្ថិត​ក្នុង​ភូមិ​ស្រែដូនតូច សង្កាត់​ពញ្ញាពន្ធ ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​កូដកម្ម​នៅ​ខាង​មុខ​រោងចក្រ​អស់​រយៈពេល​ជិត​មួយ​សប្ដាហ៍​មក​ហើយ ដើម្បី​ទាមទារ​អត្ថប្រយោជន៍​ចំនួន ៨​ចំណុច។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ នៅ​ពុំ​ទាន់​មាន​ដំណោះស្រាយ​យ៉ាង​ណា​ពី​ភាគី​ក្រុមហ៊ុន។ ពួកគេ​អះអាង​ថា នឹង​បន្ត​ការ​តវ៉ា​ទៀត បើ​ក្រុមហ៊ុន​នៅ​តែ​មិន​ផ្ដល់​ដំណោះស្រាយ​ដល់​ពួកគេ។

កម្មករ​រោងចក្រ អង្គរ ហេរ៉ូ ផលិត​សំលៀកបំពាក់​ជិត ២០០​នាក់ ដែល​ប្រមូល​ផ្តុំ​គ្នា​បន្ត​ធ្វើ​កូដកម្ម​ជិត​មួយ​សប្ដាហ៍​មក​ហើយ បាន​ឈាន​ដល់​ការ​ដុត​កង់​ឡាន និង​គប់​ស្បោង​ដែល​ច្រក​ទឹក​ស្អុយ​ចូល​ទៅ​ក្នុង​រោងចក្រ។

តំណាង​ឲ្យ​កម្មករ​រោងចក្រ​ដែល​ដឹកនាំ​កូដកម្ម កញ្ញា យឹម ចរិយា បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​​២៩ សីហា ថា មូលហេតុ​ដែល​ពួកគេ​ធ្វើ​កូដកម្ម​ដែល​ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​ទី​២៤ រហូត​ដល់​ថ្ងៃ​ទី​២៩ ខែ​សីហា នោះ ដោយសារ​តែ​ភាគី​ក្រុមហ៊ុន​មិន​ព្រម​ជជែក​ដោះស្រាយ​តាម​សំណើ​របស់​កម្មករ​ទាំង ៨​ចំណុច​នោះ​ទេ បើ​ទោះ​បី​ជា​ពួកគេ​ដាក់​លិខិត​សុំ​អន្តរាគមន៍​សុំ​ដោះស្រាយ​ដោយ​សន្តិវិធី​ជា​ច្រើន​លើក​យ៉ាង​ណា​ក្តី។

ជាង​នេះ​ទៀត តំណាង​កម្មករ​តវ៉ា​រូប​នេះ​បាន​បញ្ជាក់​ដែរ​ថា មុន​នឹង​ឈាន​ដល់​ការ​ដុត​កង់ឡាន និង​គប់​ស្បោង​ទឹក​ស្អុយ​ចូល​ទៅ​ក្នុង​រោងចក្រ កាល​ពី​សប្ដាហ៍​មុន​ក្រុម​កម្មករ​ក៏​បាន​ជូន​ដំណឹង​តាម​នីតិវិធី​ទៅ​កាន់​ភាគី​រោងចក្រ និង​ស្ថាប័ន​ពាក់ព័ន្ធ​ដែរ តែ​នៅតែ​គ្មាន​ការ​ឆ្លើយ​តប​ណា​មួយ​មក​ក្រុម​កម្មករ៖ «កម្មករ​គ្រាន់តែ​ទាមទារ​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​ហ្នឹង​វា​អត់​មាន​អី​ហួស​ហេតុ​ក្រៅ​ពី​ផ្លូវ​ច្បាប់​ទេ»

អត្ថប្រយោជន៍​ទាំង ៨​ចំណុច​នោះ រួម​មាន​ទាមទារ​មិន​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​កម្មករ​តាម​អំពើ​ចិត្ត ស្នើ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ចេញ​មុន​ម៉ោង ១៥​នាទី ស្នើ​សុំ​ពេល​កម្មករ​ឈប់​សម្រាក​ឈឺ​មាន​សំបុត្រ​ពេទ្យ​ក្រុមហ៊ុន​ត្រូវ​ទទួល សុំ​ឲ្យ​ពេល​កម្មករ​សុំច្បាប់ សុំ​កុំ​ឲ្យ​កាត់​លុយ​កម្មករ ស្នើ​ឲ្យ​ក្រុមហ៊ុន​ត្រូវ​ជួយ​សម្រួល​អោយ​មាន​ខ្យល់​អាកាស​ក្នុង​រោងចក្រ បន្ទប់ទឹក​ត្រូវ​ធានា​ឲ្យ​មាន​អនាម័យ ស្នើ​ឲ្យ​មាន​ទឹក​ស្អាត និង​ស្នើ​ឲ្យ​មាន​កន្លែង​ហូប​បាយ​ត្រឹមត្រូវ។

​ចំណែក​ឯ​កម្មការិនី​ម្នាក់​ក្នុង​ចំណោម​អ្នក​តវ៉ា កញ្ញា ហ៊ុល ស្រីល័ក្ខ បាន​ឲ្យ​ដឹង​ដែរ​ថា ភាគី​ក្រុមហ៊ុន​គួរ​តែ​ដោះស្រាយ​តាម​ការ​ស្នើ​សុំ​របស់​ក្រុម​កម្មករ ព្រោះ​កម្មករ​ទាមទារ​នេះ​ក៏​ដើម្បី​ផលប្រយោជន៍​របស់​រោងចក្រ​ដែរ៖ «សូម​សំណូមពរ​ដល់​អាជ្ញាធរ និង​ថៅកែ​រោងចក្រ ជួយ​ដោះស្រាយ​ដល់​កម្មករ​យើង​ទាំង​អស់​គ្នា​ឲ្យ​បាន​ល្អ ដោយ​សន្តិ​វិធី។ ពួក​ខ្ញុំ​អត់​ចង់​ធ្វើ​កូដកម្ម​ទេ ពួក​ខ្ញុំ​ចង់​មាន​ការ​ធ្វើ ពួក​ខ្ញុំ​មិន​ចង់​បាត់​បង់​កម្រៃ​ទេ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​រដ្ឋបាល​រោងចក្រ អង្គរ ហេរ៉ូ និង​ថៅកែ​រោងចក្រ​ដែល​ជនជាតិ​ចិន ដើម្បី​សុំ​ការ​បំភ្លឺ​តប​តាម​ការ​លើក​ឡើង​របស់​កម្មករ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា។

ទាក់ទិន​នឹង​ករណី​នេះ​ដែរ ប្រធាន​ដោះស្រាយ​វិវាទ​សហព័ន្ធ​សហជីព​សិទ្ធិ​ប្រយោជន៍​កម្មករ ដែល​ឃ្លាំមើល​កូដកម្ម​នេះ លោក អ៊ុន ផានិត ឲ្យ​ដឹង​ថា ការ​ធ្វើ​កូដកម្ម​របស់​កម្មករ​រោងចក្រ អង្គរ ហេរ៉ូ មិន​ទាក់ទង​នឹង​ការ​សុំ​ដំឡើង​ប្រាក់​ឈ្នួល​នោះ​ទេ។ លោក​បន្ត​ថា ការ​ទាមទារ​របស់​ក្រុម​កម្មករ​ទាំង ៨​ចំណុច វា​សមស្រប​ទៅ​តាម​ច្បាប់​ការងារ​របស់​ប្រទេស​កម្ពុជា ហើយ​លក្ខខណ្ឌ​ទាំង​នេះ​វា​ងាយ​ស្រួល​ដោះស្រាយ ប្រសិនបើ​ថៅកែ​មាន​ចេតនា​ដោះស្រាយ​នោះ៖ «យើង​គ្រាន់តែ​ស្នើ​សុំ​នូវ​អ្វី​ក្នុង​ផ្លូវ​ច្បាប់ ដែល​ក្រសួង​យើង​អនុម័ត​ចេញ​មក​ហ្នឹង គឺ​យើង​ត្រូវ​តែ​អនុវត្ត»

នៅ​ម៉ោង​ជាង ១២​ថ្ងៃត្រង់ បន្ទាប់​ពី​ការ​ធ្វើ​កូដកម្ម រហូត​ឈាន​ដល់​ការ​ដុត​កង់ឡាន និង​គប់​ស្បោង​ទឹក​ស្អុយ​ចូល​ទៅ​ក្នុង​រោងចក្រ អភិបាល​រង​ខណ្ឌ​ព្រែកព្នៅ លោក ម៉ក ហុង បាន​ចេញ​មក​អន្តរាគមន៍​ជាមួយ​ភាគី​ក្រុមហ៊ុន បន្ទាប់​មក​ក្រុមហ៊ុន ស្នើ​ឲ្យ​ក្រុម​កម្មករ​ចូល​ធ្វើ​ការ​វិញ​នៅ​ថ្ងៃ​ច័ន្ទ ទី​៣១ សីហា ហើយ​រង់ចាំ​ដំណោះស្រាយ​ពី​ក្រុមហ៊ុន។

កម្មករ​រោងចក្រ​សំលៀកបំពាក់ អង្គរ ហេរ៉ូ ប្រកាន់​ជំហរ​របស់​ខ្លួន​ថា បើ​ក្រុមហ៊ុន​មិន​គោរព​សន្យា ពួកគេ​នឹង​បន្ត​ការ​តវ៉ា​នៅ​ខាង​មុខ​រោងចក្រ​បន្ត​ទៀត។ មិនតែប៉ុណ្ណោះ ពួកគេ​នឹង​ធ្វើ​សកម្មភាព​ហែ​ក្បួន​ជា​ទ្រង់ទ្រាយ​ធំ​ទៅ​កាន់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ព្រម​ទាំង​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្វែង​រក​អន្តរាគមន៍៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល