ក្រសួង​ការងារ​អំពាវនាវ​ដល់​ម្ចាស់​រោងចក្រ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​រឿង​ព្យួរ​កិច្ចសន្យាការងារ​កម្មករ

ដោយ ខែ​​ សុណង
2020-03-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​ អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ថ្លែង​ក្នុង​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ នៅ​កោះពេជ្រ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៧ ខែ​តុលា ឆ្នាំ ២០១៨។
លោក​ អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ថ្លែង​ក្នុង​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ នៅ​កោះពេជ្រ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៧ ខែ​តុលា ឆ្នាំ ២០១៨។
រូបថត៖ ហ្វេសប៊ុក​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

ក្រសួង​ការងារ​អំពាវនាវ​ដល់​ថៅកែ​រោងចក្រ និង​សហគ្រាស​ទាំងឡាយ​នៃ​វិស័យ​កាត់ដេរ ដែល​រង​ផល​ប៉ះពាល់​ពី​កង្វះ​វត្ថុធាតុដើម ដោយសារ​វិបត្តិ​ជំងឺ​កូវីដ ១៩ (COVID-19) ថា អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់ ទាក់ទង​នឹង​ការ​ព្យួរ​កិច្ចសន្យាការងារ​របស់​កម្មករ​។ សហជីព​ឯករាជ្យ​ថា ក្រៅពី​ការ​អំពាវនាវ ក្រសួង​ត្រូវតែ​មាន​វិធានការ​តឹងរ៉ឹង​ជាង​នេះ ដើម្បី​កុំ​ឱ្យ​និយោជក​ប្រព្រឹត្ត​ល្មើសច្បាប់។

ក្រសួង​ការងារ​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​លើ​ម្ចាស់​រោងចក្រ និង​សហគ្រាស​ទាំងឡាយ​ណា ដែល​ឆ្លៀតឱកាស​ប្រែក្លាយ​ការ​ព្យួរ​កិច្ចសន្យាការងារ ទៅជា​ការ​បញ្ចប់​កិច្ចសន្យា​ការងារ ឬ​ផ្លាស់ប្ដូរ​ប្រភេទ​កិច្ចសន្យាការងារ​ចំពោះ​កម្មករ។ ជាមួយ​គ្នា​នេះ ក្រសួង​បាន​ហាម​មិន​ឱ្យ​បញ្ចប់​កិច្ច​សន្យាការងារ ដោយ​រើសអើង​ថ្នាក់ដឹកនាំ​សហជីព​នោះ​ឡើយ ព្រោះ​នេះ​ជា​ទង្វើ​ខុសច្បាប់។

ក្រសួង​ការងារ​លើកឡើង​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​៦ មីនា ថា ម្ចាស់​រោងចក្រ​សហគ្រាស ដែល​ប៉ះពាល់​ពី​កង្វះ​វត្ថុធាតុដើម​ដោយសារ​ជំងឺ​កូវីដ​១៩ ត្រូវ​អនុវត្ត​តាម​បញ្ញត្តិ​ច្បាប់​ស្ដីពី​ការងារ ពាក់ព័ន្ធ​នឹង​នីតិវិធី​ព្យួរ​កិច្ចសន្យាការងារ​។ លើស​ពី​នេះ ក្រសួង​តម្រូវ​ឱ្យ​ម្ចាស់​រោងចក្រ​ទាំងនោះ អនុវត្ត​តាម​សេចក្ដីណែនាំ​របស់​ក្រសួង​ការងារ​ចុះ​ថ្ងៃ​ទី​២៨ កុម្ភៈ ស្ដីពី​ការ​ព្យួរ​កិច្ចសន្យា​ការងារ ការ​ចុះ​ឈ្មោះ​ចូលរៀន​ជំនាញ និង​ការ​ផ្អាក​បង់​វិភាគទាន​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម។

ថ្មីៗ នេះ រដ្ឋាភិបាល​លោក ហ៊ុន សែន បានសម្រេច​មិន​យកពន្ធ​ចំនួន ៦​ខែ​ដល់ ១​ឆ្នាំ ពី​រោងចក្រ​កាត់ដេរ​ណា ដែល​ជួប​បញ្ហា​ខ្វះខាត​វត្ថុធាតុដើម និង​រង​ផល​ប៉ះពាល់​ពី​ការ​ដក EBA ហើយ​ម្ចាស់​រោងចក្រ​ទាំងនោះ ក៏​រួច​កាតព្វកិច្ច​បង់​វិភាគទាន​ចូល​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​បសស) ក្នុងអំឡុងពេល​ព្យួរ​អាជីវកម្ម​របស់​ខ្លួន​ដែរ​។ ទោះជា​បែបនេះ​ក្តី រោងចក្រ​ដែល​ផ្អាក​ការផលិត​រយៈពេល​ខ្លី ដោយ​ខ្វះ​វត្ថុធាតុដើម​នោះ ត្រូវ​បង់​ថវិកា ៤០% ហើយ​រដ្ឋាភិបាល​នឹង​ជួយ​ចេញ ២០% បន្ថែម​ទៀត នៃ​ប្រាក់ខែ​គោល​ចំនួន ១៩០​ដុល្លារ​ក្នុង​មួយ​ខែ សម្រាប់​កម្មករ​ដែល​រង​ការ​ព្យួរ​ការងារ។ គិត​ជា​សរុប​កម្មករ​ដែល​រង​ការ​ព្យួរ​ការងារ​នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​ប្រហែល ១២០​ដុល្លារ​អាមេរិក សម្រាប់​រយៈពេល ៦​ខែ ដើម្បី​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បន្ថែម និង​អំឡុង​ពេល​រក​ការងារ​ថ្មី។

ប្រធាន​សហភាព​ការងារ លោក អាត់ ធន់ មានប្រសាសន៍ថា សេចក្ដី​អំពាវនាវ​នេះ​ជា​ការ​ល្អ ដើម្បី​បំពេញ​បន្ថែម​លើ​សេចក្ដីណែនាំ​លើក​មុន កុំ​ឱ្យ​ថៅកែ​រោងចក្រ​ខ្លះ​ឆក់​ឱកាស​នេះ បញ្ចប់​កិច្ចសន្យា​កម្មករ ដែល​មាន​អតីតភាព​យូរ​ឆ្នាំ ឬ​បញ្ឈប់​ថ្នាក់ដឹកនាំ​សហជីព​។ ទោះជា​យ៉ាងណាក្ដី លោក​កត់សម្គាល់​ថា មក​ដល់​ពេល​នេះ មាន​ករណី​មួយ​ចំនួន​ហើយ ដែល​ម្ចាស់​រោងចក្រ ព្យាយាម​មិន​អនុវត្ត​តាម​ច្បាប់ និង​សេចក្ដីណែនាំ​របស់​ក្រសួង​ការងារ។ ដូច្នេះ លោក​ថា ទាល់តែ​ក្រសួង​ដាក់​ចេញ​នូវ​វិធានការ​តឹងរ៉ឹង​ជាង​នេះ ទើប​ក្រុមហ៊ុន​មួយ​ចំនួន​មិន​ហ៊ាន​បំពាន​ច្បាប់៖ «ក្រុមហ៊ុន​មុន​នឹង​ធ្វើ​ការ​អ្វីមួយ វា​មាន​អ្នក​ឱ្យ​យោបល់ មេធាវី ឬក៏​មន្ត្រី​ណាមួយ​ហើយ បានជា​ហ៊ាន​ធ្វើ ឬក៏​បើ​ធ្វើ​ឆៅ​តែម្ដង ក៏​វា​អាច​មាន​អ្វី​ប៉ះប៉ូវ​ដែរ​។ អ៊ីចឹង​អ្វី​ដែល​ខ្ញុំ​ស្នើ បើ​រក​ឃើញ ក្រុមហ៊ុន​មាន​បញ្ហា​ហ្នឹង​ត្រូវ​ហាម​ដាច់ខាត បើ​មិន​អ៊ីចឹង​ត្រូវ​ពិន័យ ឬក៏​បិទ​ចោល អាហ្នឹង​ប្រហែល​មិន​អី​ទេ​។ តែ​បើ​គ្រាន់តែ​ធ្វើ​សេចក្ដីណែនាំ ហើយ​បន្ទាប់​មក​ឱ្យ​ពួកគេ​អនុវត្ត​នោះ គឺ​ខ្ញុំ​គិត​ថា កន្លងមក​មិន​សូវ​មាន​ប្រសិទ្ធភាព​ទេ»

ថ្នាក់ដឹកនាំ​សហជីព​រូប​នេះ យល់ថា វិធានការ​របស់​រដ្ឋាភិ​បាល​ក្នុង​ការ​ជួយ​ដល់​រោងចក្រ​ដែល​រង​ផល​ប៉ះពាល់​រឿង​ខ្វះ​វត្ថុធាតុដើម អាច​ដោះស្រាយ​បញ្ហា​បានតែ​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​។ លោក​ថា បើ​ស្ថានភាព​បែបនេះ​ត្រូវ​អូស​បន្លាយ​រយៈពេល​យូរ រោងចក្រ​ទាំងនោះ​នឹង​ជួប​វិបត្តិ​ធ្ងន់ធ្ងរ ហើយ​បើ​សេចក្ដី​សម្រេច​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% ចូល​ជា​ធរមាន​នៅ​ខែ​សីហា​ទៀត​នោះ លោក​ជឿ​ថា រោងចក្រ​មួយ​ចំនួន​នឹង​ត្រូវ​បិទទ្វារ។

រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ បាន​អះអាង​កាល​ពី​ពេល​ថ្មីៗ នេះ​ថា គិត​ត្រឹម​ចុងខែ​កុម្ភៈ មាន​រោងចក្រ​ចំនួន ១០​ហើយ ដែល​បាន​ដាក់​សំណើសុំ​ព្យួរ​ការងារ​ផ្នែក​ខ្លះ​របស់​កម្មករ​។ លោក​បញ្ជាក់​ទៀត​ថា ឥទ្ធិពល​នៃ​ជំងឺ​កូវីដ​១៩ អាច​នឹង​ធ្វើ​ឱ្យ​រោងចក្រ​ប្រមាណ​២០០ ប្រឈមមុខ​នឹង​ការ​បិទទ្វារ​នៅ​ក្នុង​ខែ​មីនា​នេះ ដោយសារតែ​កង្វះ​វត្ថុធាតុដើម​នាំចូល​ពី​ប្រទេស​ចិន ហើយ​បញ្ហា​នេះ នឹង​ធ្វើ​ឱ្យ​កម្មករ​រោងចក្រ​ជិត ១៦​ម៉ឺន​នាក់ បាត់បង់​ការងារ​ធ្វើ​។

ទោះជា​យ៉ាងណា សហជីព​ឯករាជ្យ​មើល​ឃើញ​ថា ហានិភ័យ​នៃ​ការ​បិទទ្វារ​រោងចក្រ​ដ៏​ច្រើន​នេះ មិនមែន​បណ្ដាលមកពី​រឿង​ខ្វះ​វត្ថុធាតុដើម​ពី​ប្រទេស​ចិន​តែមួយ​មុខ​នោះ​ទេ ប៉ុន្តែ​ក៏​ដោយសារតែ​វិធានការ​ដកហូត​ការ​អនុគ្រោះ​ពន្ធ EBA របស់​គណៈកម្មការ​អឺរ៉ុប​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល