មន្ត្រី​អាជ្ញាធរ​អប្សរា​បដិសេធ​ចំពោះ​ការ​បាត់​មកុដ​មាស​ដែល​ជីក​បាន​ពី​ប្រាសាទ​តា​ព្រហ្ម

ដោយ ហង្ស សាវយុត
2015-04-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មកុដ​មាស​ដែល​ក្រុម​អ្នក​ជួសជុល​ប្រាសាទ​តាព្រហ្ម បាន​ជីក​ដី​ប្រទះ​ឃើញ​កាល​ពី​អំឡុង​ឆ្នាំ​២០១២។
មកុដ​មាស​ដែល​ក្រុម​អ្នក​ជួសជុល​ប្រាសាទ​តាព្រហ្ម បាន​ជីក​ដី​ប្រទះ​ឃើញ​កាល​ពី​អំឡុង​ឆ្នាំ​២០១២។
Photo courtesy of Apsara Authority

មន្ត្រី​នាយកដ្ឋាន​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​អប្សរា បដិសេធ​ថា មកុដ​មាស​មួយ​ដែល​ក្រុម​អ្នក​ជួសជុល​ប្រាសាទ​តាព្រហ្ម បាន​ជីក​ដី​ប្រទះ​ឃើញ​កាល​ពី ៣​ឆ្នាំ​មុន​នោះ មិន​បាន​បាត់បង់​ដូច​ព័ត៌មាន​មួយ​ចំនួន​ផ្សព្វផ្សាយ​ចេញ​តៗ​គ្នា​នោះ​ទេ។

ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​អប្សរា គឺ​លោក ឡុង កុសល។ លោក​អះអាង​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ ទី​២៨ ខែ​មេសា ថា មកុដ​មាស​ដែល​គេ​រក​ឃើញ​នៅ​ក្នុង​ប្រាសាទ​បុរាណ​នោះ គឺ​នៅ​គង់វង្ស​នៅ​ឡើយ ដោយ​មាន​ការ​រក្សា​ទុក​យ៉ាង​សុវត្ថិភាព។ មន្ត្រី​ដដែល​បញ្ជាក់​ថា ក្រុម​អ្នក​ស្រាវជ្រាវ​ជាច្រើន នៅ​មិន​ទាន់​ប្រាកដ​ថា តើ​វត្ថុ​បុរាណ​ដែល​ធ្វើ​អំពី​មាស​មួយ​នោះ វា​ជា​មកុដ ឬ​ក៏​ផ្នួង​សក់​ទេ។ ដោយសារ​ការ​មិន​ទាន់​ប្រាកដ​នោះ ក្រុម​អ្នក​ស្រាវជ្រាវ​ត្រូវ​ការ​សិក្សា​មួយ​រយៈពេល​ទៀត។ ហេតុ​ដូច្នេះ បាន​ជា​វត្ថុ​ធ្វើ​អំពី​មាស​មួយ​នេះ មិន​ត្រូវ​បាន​គេ​ដាក់​តាំង​បង្ហាញ​សាធារណជន៖ «ហើយ​ឥឡូវ​ហ្នឹង​ដោយសារ​យើង​មិន​ដឹង​ថា វា​ជា​ផ្នួង ឬ​ក៏​ជា​មកុដ។ អ៊ីចឹង​យើង​បាន​លាង​សម្អាត និង​យក​វា​មក​រក្សា​ទុក ដោយ​មាន​ការ​ត្រួត​ពិនិត្យ​ទទួល​ស្គាល់​ដឹង​ឮ​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ទាំង​ភាគី​អន្តរជាតិ និង​ភាគី​ជាតិ»

វត្ថុ​ធ្វើ​អំពី​មាស​សុទ្ធ​ទម្ងន់​ប្រមាណ ៣​ខាំ ត្រូវ​បាន​ក្រុម​អ្នក​ជួសជុល​ប្រាសាទ​តាព្រហ្ម ប្រទះ​ឃើញ​ក្នុង​ពេល​ជីក​ដី​ម្ដុំ​បរិវេណ​រោង​របាំ​នៃ​ប្រាសាទ​នោះ កាល​ពី​អំឡុង​ឆ្នាំ​២០១២ កន្លង​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

Don't change with the fake, the thieve have a lot of trick.

Apr 29, 2015 08:21 AM

គេហទំព័រ​ទាំងមូល