អាជ្ញាធរ​ថៃ​ចាប់​ពលករ​ខ្មែរ​ជាច្រើន​នាក់​ដែល​ធ្វើដំណើរ​ត្រឡប់​មក​កម្ពុជា​បំពាន​បម្រាម​ប្រកាស​អាសន្ន

ដោយ មាន ឫទ្ធិ
2020-04-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលករ​ខ្មែរ​ ៧នាក់ ​ត្រូវ​អាជ្ញាធរ​ថៃ ខេត្ត​ស្រះកែវ ចាប់​ខ្លួន​ពេល​ធ្វើដំណើរ ឆ្ពោះ​ទៅ​ព្រំដែន​កម្ពុជា​ថៃ​ដើម្បី​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ មេសា ឆ្នា​២០២០។
ពលករ​ខ្មែរ​ ៧នាក់ ​ត្រូវ​អាជ្ញាធរ​ថៃ ខេត្ត​ស្រះកែវ ចាប់​ខ្លួន​ពេល​ធ្វើដំណើរ ឆ្ពោះ​ទៅ​ព្រំដែន​កម្ពុជា​ថៃ​ដើម្បី​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ មេសា ឆ្នា​២០២០។
photo courtesy

អាជ្ញាធរ​ខេត្ត​ស្រះកែវ​របស់​ថៃ​ចាប់ខ្លួន​ពលករ​ខ្មែរ​ជិត ១០​នាក់ ក្នុង​ពេល​ពួកគេ​ធ្វើដំណើរ​ឆ្លងកាត់​ខេត្ត​នេះ ឆ្ពោះ​ទៅ​ព្រំដែន​កម្ពុជា​ថៃ​ដើម្បី​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ នៅ​ព្រឹក​ថ្ងៃ​ទី​៩ មេសា។ អាជ្ញាធរ​ថៃ​បាន​ចោទប្រកាន់​ពលករ​ទាំង​នោះ​ពី​បទ​បំពាន​បម្រាម​ប្រកាស​អាសន្ន។

អាជ្ញាធរ​ស្រុក​គោកស៊ូង (Kouk Sung) ខេត្ត​ស្រះកែវ (Sra Keo) ប្រទេស​ថៃ ចាប់ខ្លួន​ពលករ​ខ្មែរ​ចំនួន​៧​នាក់ ជា​ពលករ​ធ្វើ​ការងារ​ស្របច្បាប់ មាន​ស្រុកកំណើត​នៅ​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​កំពង់ធំ។ នេះ​បើ​តាម​សេចក្ដី​រាយការណ៍​របស់​កាសែត​ថៃ ផ្សាយ​នៅ​ថ្ងៃ​ទី​៩ មេសា។ ប្រភព​ដដែល​បន្ថែម​ថា ពួកគេ​បាន​ជួល​រថយន្ត ១​គ្រឿង​តម្លៃ ៥​ពាន់​បាត ឬ​ប្រមាណ​១៧០​ដុល្លារ​អាមេរិក​ធ្វើដំណើរ​ពី​ខេត្ត​ជាប់​ទីក្រុង​បាងកក ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយសារ​នៅ​ប្រទេស​ថៃ​គ្មាន​ការងារ​ធ្វើ​បណ្ដាលមកពី​ផល​ប៉ះពាល់​ជំងឺ​កូវីដ​១៩​។ បច្ចុប្បន្ន អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពលករ​ទាំង​នោះ​ទៅ​តុលាការ​ដើម្បី​ចាត់​វិធាន​តាមច្បាប់ ពីព្រោះ​ពួកគេ​បាន​ល្មើស​បម្រាម​ប្រកាស​អាសន្ន។

ពលករ​ខ្មែរ​ ៧នាក់ ​ត្រូវ​អាជ្ញាធរ​ថៃ ចាប់​ខ្លួន​ពេល​ធ្វើដំណើរ ឆ្ពោះ​ទៅ​ព្រំដែន​កម្ពុជា​ថៃ​ដើម្បី​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ មេសា ឆ្នា​២០២០។
ពលករ​ខ្មែរ​ ៧នាក់ ​ត្រូវ​អាជ្ញាធរ​ថៃ ចាប់​ខ្លួន​ពេល​ធ្វើដំណើរ ឆ្ពោះ​ទៅ​ព្រំដែន​កម្ពុជា​ថៃ​ដើម្បី​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ មេសា ឆ្នា​២០២០។ photo courtesy

អាជ្ញាធរ​ខេត្ត​ស្រះកែវ (Srakao) បាន​ចេញ​សេចក្ដីប្រកាស​កាលពី​ថ្ងៃ​ទី​៥ មេសា ហាមឃាត់​រថយន្ត​ដឹក​ពលករ​បរទេស​គ្រប់​ប្រភេទ​ឆ្លងកាត់​ខេត្ត​មួយ​នេះ ២៤​ម៉ោង ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាន​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មី​។ ប្រសិនបើ​ជន​ណា​ល្មើស​បម្រាម​នេះ​នឹង​ត្រូវ​ពិន័យ​ដាក់គុក ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​១០​ម៉ឺន​បាត ឬ​ប្រមាណ​៣​ពាន់​ដុល្លារ​អាមេរិក។

អាស៊ីសេរី​មិន​អាច​ទាក់ទង​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ទីក្រុង​បាងកក ទទួលបន្ទុក​ផ្នែក​ពលករ លោក កឹម ចំរើន និង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​លោក កុយ គួង ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​បានទេ នៅ​ថ្ងៃ​ទី​៩ មេសា ដោយ​ទូរស័ព្ទ​ជា​ច្រើនដង​ពុំ​មាន​អ្នកទទួល។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទ​គា មាន​ប្រសាសន៍​ថា ករណី​នេះ​អាជ្ញាធរ​ខ្មែរ​គួរតែ​ទំនាក់​ទង​ទៅ​ភាគី​ថៃ ដើម្បី​សុំឱ្យ​ដោះលែង​ពលករ​ខ្មែរ​ទាំងនោះ​ត្រឡប់​មក​ប្រទេស​កំណើត​វិញ ពីព្រោះ​រឿង​នេះ​ពុំ​មែន​ជា​កំហុស​របស់​ពួកគេ​ឡើយ។ លោក​បន្ត​ថា ពលករ​ខ្មែរ​ត្រឡប់​ទៅ​ផ្ទះ​ដើម្បី​រត់គេច​ពី​ជំងឺ​កូវីដ​១៩​ផង និង​ដោយសារ​នៅ​ក្រៅ​ប្រទេស​គ្មាន​ការងារ​ធ្វើ​ផង ទើប​ពួកគេ​បង្ខំចិត្ត​ត្រឡប់​ទៅ​ផ្ទះ​វិញ ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន៖ «អ្វី​ដែល​សំខាន់​គឺ​ពួកគាត់​រត់​ត្រឡប់​មកវិញ ដើម្បី​ភាព​រស់រាន​មាន​ជីវិត អីចឹង​មិនមែន​ជា​កំហុស​អី​ធ្ងន់ធ្ងរ​ទេ។ អីចឹង​រដ្ឋាភិបាល​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ​គួរតែ​ប្រឹងប្រែង​ធ្វើ​ម៉េច​ដោះស្រាយ​ឱ្យ​ពួកគាត់​ហ្នឹង​បាន​ចេញ​មក​ជួប​ប្រពន្ធ​កូន បាន​មក​ជួប​បងប្អូន​ញាតិមិត្ត ឱ្យ​រួច​ផុយ​ពី​ជំងឺ​រាតត្បាត និង​ដើម្បី​ឱ្យ​ពលករ​ខ្មែរ​ដទៃ​ទៀត​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ​ឱ្យ​រួច​ផុត​ពី​ការ​ជាប់គុក​ជាប់ច្រវាក់​នៅ​ក្នុង​គ្រា​មាន​អាសន្ន​នេះ»

កាល​ពី​ថ្ងៃ​ទី​៧ មេសា អាជ្ញាធរ​ថៃ​ចាប់​ពលករ​ខ្មែរ​ចំនួន​៩​នាក់​រួច​មក​ហើយ​ដែរ ដោយសារតែ​ពួកគេ​ធ្វើដំណើរ​ត្រឡប់​ទៅ​កម្ពុជា​វិញ ហើយ​ឆ្លងកាត់​ខេត្ត​មួយ​នេះ បំពាន​បម្រាម​ប្រកាស​អាសន្ន​របស់​ថៃ។ ចាប់​តាំង​ពី​ជំងឺ​កូវីដ​១៩​រាតត្បាត​នៅ​ក្នុង​ប្រទេស​ថៃ មាន​ពលករ​ខ្មែរ​ជាង ៦​ម៉ឺន​នាក់ ហើយ​បាន​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ។

លោក ស៊ុំ ច័ន្ទគា ព្រួយបារម្ភ​ថា នៅ​ពេល​ខាងមុខ​នឹង​មាន​ពលករ​ខ្មែរ​ជាច្រើន​នាក់​ផ្សេងទៀត​ត្រូវ​ចាប់ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ ប្រសិនបើ​រដ្ឋាភិបាល​ខ្មែរ​មិន​ជួយ​អន្តរាគមន៍​ដល់​ពួកគេ​នោះ ដោយសារ​ពួកគេ​មិន​មាន​ស្បៀងអាហារ​ហូបចុក និង​គ្មាន​ប្រាក់​បង់ថ្លៃ​បន្ទប់​ជួល​ក្នុង​ពេល​ស្នាក់នៅ​ក្រៅ​ប្រទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល