នគរបាល​កម្ពុជា​ឃាត់​ជនជាតិ​ចិន​២​នាក់​ពី​បទ​ចាប់ជំរិត

ដោយ អូន​ ភាព
2020-01-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

នាយកដ្ឋាន នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ឃាត់​ជនជាតិ​ចិន​២​នាក់ បន្ទាប់ពី​បាន​រក​ឃើញ​ជនជាតិ​ចិន​ម្នាក់ទៀត​ស្លាប់​នៅ​ក្នុង​ឃ្លុប ខាងក្រោយ​រថយន្ត​របស់​ពួកគេ​នៅ​រសៀល​ថ្ងៃ​ទី​២១ ខែ​មករា ឃុំ​ចោមចៅ ខណ្ឌ​ពោធិ​សែនជ័យ ក្រុងភ្នំពេញ។

អគ្គស្នងការ​រង​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​លោក អ៊ិន បូរ៉ា ប្រាប់​អាស៊ីសេរី​ថា ជនសង្ស័យ​ទាំងពីរ​នាក់​នេះ​បាន​ព្យាយាម​បើក​រថយន្ត Lexus ៤៧០ បម្រុង​គេចខ្លួន បន្ទាប់ពី​ចាប់ជំរិត​ជន​ជាតិ​ចិន​ដូចគ្នា នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល ហើយ​ពួកគេ​បាន​ធ្វើ​ទារុណកម្ម​ទៅលើ​ជនរងគ្រោះ​រហូតដល់​ស្លាប់។

លោក​និយាយ​ថា ជនសង្ស័យ​ទាំងពីរ​នាក់​ត្រូវ​បាន​ឃុំខ្លួន​នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ​នៅឡើយ ហើយ​សមត្ថកិច្ច​គ្រោង​និង​ប្រគល់​ទៅ​ឱ្យ​នគរបាល​ខេត្ត​កណ្តាល បន្ទាប់​ពី​បញ្ចប់​ការសាកសួរ​នៅ​ថ្ងៃស្អែក។

សមត្ថកិច្ច​កម្ពុជា​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន ៤១​នាក់ ហើយ​ក្នុង​រយ​:​ពេល​៣​ខែ​ចុង​ក្រោយនេះ ទាក់ទង​នឹង​ករណី​ធ្វើ​ទារុណកម្ម ក្នុង​អំពើ​ចាប់ជំរិត និង​ពី​បទ​ប្លន់​ដោយ​ប្រដាប់​អាវុធ ដែល​ភាគច្រើន​កើត​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ និង​ទីក្រុង​ភ្នំពេញ។

កាលពី​សប្ដាហ៍​មុន នគរបាល​ខណ្ឌ​ជ្រោយចង្វារ បាន​ឃាត់​ជនជាតិ​ចិន​តៃវ៉ាន់​ម្នាក់​ពី​បទ​ប៉ុនប៉ង​មនុស្សឃាត បន្ទាប់ពី​រក​ឃើញ​ស្ត្រី​ខ្មែរ​ម្នាក់​ក្នុង​ស្ថានភាព​សន្លប់ ក្នុង​ឃ្លុប​រថយន្ត​របស់​គាត់​នៅផ្ទះ​សំណាក់​មួយ​កន្លែង នៅ​សង្កាត់​ព្រែកលៀប ក្រុងភ្នំពេញ។

អធិការ​នគរបាល​ខណ្ឌ​ជ្រោយចង្វា​រលោក សៀម សុត្ថាវុធ បាន​ប្រាប់​អាស៊ីសេរី ថា បុរស​ជន​ជាតិ​ចិន​ម្នាក់​នេះ បាន​បី​ស្ត្រី​ខ្មែរ​យក​ទៅ​ដាក់​ក្នុង​ឃ្លុប​រថយន្ត​តូយូតា កាមារី (Toyota Camry) ហើយ​បម្រុង​បើក​ចេញ​ពី​ម្ចាស់ផ្ទះ​សំណាក់​មហាលាភ។

បើ​តាម​ចម្លើយ​របស់​ជនជាតិ​ចិន​បាន​ឱ្យ​នគរបាល​ដឹង​ថា គាត់​និង​ស្ត្រី​ខ្មែរ​ម្នាក់​នេះ​គឺជា​សង្សារ​នឹង​គ្នា រយ​:​ពេល​៥​ខែ​មក​ហើយ ប៉ុន្តែ​ជម្លោះ​បាន​កើត​ឡើង​ហើយ​បាន​វាយ​ដុំ​គ្នា​ទៅវិញទៅមក បន្ទាប់ពី​គាត់​បាន​សុំ​បែកផ្លូវ​គ្នា។

លោក សៀម សុត្ថាវុធ និយាយ​ថា ជនសង្ស័យ​បាន​សារភាព​ថា គាត់​បាន​ជ្រុលដៃ​វាយ​ស្ត្រី​ឱ្យ​សន្លប់ ហើយ​បាន​រុំ​ជាមួយ​ភួយ ដាក់​ចូល​ទៅ​ក្នុង​ឃ្លុប​រថយន្ត បម្រុង​បើក​ចេញ ដើម្បី​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ប៉ុន្តែ​រឿងហេតុ​យ៉ាងណា​នោះ​មិនទាន់​ដឹង​នៅ​ទេ ព្រោះ​ជនរងគ្រោះ​នៅ​សន្លប់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​នៅឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល