អាជ្ញាធរ​បណ្ដេញ​បុរស​អូស្ត្រាលី​ម្នាក់​ចេញ​ពី​កម្ពុជា

ដោយ អ៊ុំ រង្សី
2015-12-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ស្ថិត​ក្នុង​ខេត្ត​បន្ទាយមានជ័យ។ រូបថត​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៥
ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ស្ថិត​ក្នុង​ខេត្ត​បន្ទាយមានជ័យ។ រូបថត​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៥
RFA/Hum Chamroeun

បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់​ដែល​អាជ្ញាធរ​ថៃ តាម​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​មួយ​កើត​ឡើង​នៅ​ក្រុង​ប៉ាតាយ៉ា (Pattaya) ប្រទេស​ថៃ កាល​ពី​ចុង​ខែ​វិច្ឆិកា ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា បណ្ដេញ​ចេញ​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៥ ខែ​ធ្នូ នេះ។ ការ​បណ្ដេញ​នេះ គឺ​បន្ទាប់​ពី​ជន​រូប​នោះ​ត្រូវ​អាជ្ញាធរ​កម្ពុជា ចាប់​ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​៣ ខែ​ធ្នូ។

មន្ត្រី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ អះអាង​ថា បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់ ឈ្មោះ អានតូនីញ៉ូ បាញ៉ាតូ (Antonio Bagnato) ត្រូវ​បាន​អង្គភាព​នេះ​បណ្ដេញ​ចេញ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ បន្ទាប់​ពី​រក​ឃើញ​ថា លិខិត​ឆ្លង​ដែន​មិន​មាន​បោះត្រា​ត្រឹមត្រូវ​តាម​ច្បាប់។

​អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ លោក កែវ វណ្ណថន បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៥ ខែ​ធ្នូ ថា បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់ ឈ្មោះ  អានតូនីញ៉ូ បាញ៉ាតូ បាន​លួច​ឆ្លងដែន​មក​កាន់​ប្រទេស​កម្ពុជា ដោយ​ខុស​ច្បាប់។ លោក​ថា តាម​នីតិវិធី​នៃ​ច្បាប់​អន្តោប្រវេសន៍​ត្រូវ​តែ​បណ្ដេញ​ជន​នោះ​ត្រឡប់​ទៅ​វិញ៖ «តាម​នីតិវិធី​ជន​បរទេស កាល​ណា​ឆ្លង​ដែន​ខុស​ច្បាប់ គឺ​យើង​ត្រូវ​តែ​បណ្ដេញ​ចេញ ឬ​បញ្ជូន​ទៅ​តាម​លិខិត​របស់​ក្រសួង​មហាផ្ទៃ ត្រូវ​តែ​បណ្ដេញ​ចេញ បើ​គាត់​ចូល​តាម​ច្រក​ណា យើង​ដេញ​ទៅ​តាម​ច្រក​ហ្នឹង​វិញ ហើយ​សម្រាប់​ជន​បរទេស​ម្នាក់​នេះ គាត់​ចូល​មក​កម្ពុជា លិខិត​ឆ្លង​ដែន​របស់​គាត់​មិន​មាន​វាយ​ត្រា តាម​ច្បាប់​របស់​កម្ពុជា»

លោក អានតូនីញ៉ូ បាញ៉ាតូ  អាយុ ២៦​ឆ្នាំ ដែល​អាជ្ញាធរ​ថៃ តាម​ចាប់​ខ្លួន​ពី​បទ​ករណី​ឃាតកម្ម​មួយ​នៅ​ក្នុង​ក្រុង​ប៉ាតាយ៉ា ប្រទេស​ថៃ  ត្រូវ​កងរាជអាវុធហត្ថ​កម្ពុជា ចាប់​ខ្លួន​នៅ​ក្បែរ​ផ្សារ​កណ្ដាល ក្រុង​ភ្នំពេញ កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ ខែ​ធ្នូ បន្ទាប់​ពី​ឆ្លង​ដែន​ខុស​ច្បាប់​តាម​ខេត្ត​បន្ទាយមានជ័យ កាល​ពី​ពេល​ថ្មីៗ​នេះ។

​ជនសង្ស័យ​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​នេះ រង​ការ​ចោទ​ថា បាន​ដឹកនាំ​ការ​ចាប់​ជំរិត និង​សម្លាប់​ដៃគូ​ពាណិជ្ជកម្ម គឺ​លោក វ៉េ រ៉ដនី ស្នៃឌ័រ (Wayne Rodney Schneider) វ័យ ៣៧​ឆ្នាំ។ លោក វ៉េ រ៉ដនី ស្នៃឌ័រ ត្រូវ​បាន​គេ​ចាប់​ជំរិត​ដោយ​មនុស្ស​មួយ​ក្រុម​នៅ​ក្រៅ​ផ្ទះ​របស់​លោក ដែល​ស្ថិត​នៅ​ក្រុង​ប៉ាតាយ៉ា ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល