អាជ្ញាធរ​ខេត្ត​កំពត​រង​ការ​រិះគន់​រឿង​វត្តមាន​វៀតណាម​ឡើង​ធ្វើ​សមាធិ​នៅ​ភ្នំ​បូកគោ

ដោយ ម៉ម មុនីរតន៍
2015-12-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​បាន​រិះគន់​ចំណាត់​ការ​របស់​អាជ្ញាធរ​ខេត្ត​កំពត​ថា នៅ​តែ​​ពុំ​មាន​វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​ចំពោះ​ពលរដ្ឋ​វៀតណាម ប្រើប្រាស់​ភ្នំបូកគោ ធ្វើ​សមាធិ និង​បូជា​តាម​បែប​សាសនា​នៅ​តាម​ល្អាង​មួយ​ចំនួន​លើ​ភ្នំ​បូកគោ។ ប្រជាពលរដ្ឋ​វៀតណាម បាន​ឡើង​មក​ភ្នំបូកគោ ជា​ហូរហែ​ក្នុង​មួយ​ថ្ងៃៗ ដើម្បី​គោរព​បូជា ទាំង​តាម​រថយន្ត និង​ម៉ូតូ​ផ្ទាល់​ខ្លួន។ ចំណែក​ស្នងការ​ខេត្ត​កំពត បដិសេធ​ថា ពួកគេ​ពុំ​បាន​ដឹង​ថា មាន​ពលរដ្ឋ​វៀតណាម ឆ្លៀត​ពេល​ដើម្បី​ធ្វើ​ពិធី​បូជា​ដូច​នេះ​នៅ​លើ​ភ្នំបូកគោ​ទេ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពត យល់​ឃើញ​ថា ដោយសារ​អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ​របស់​រដ្ឋាភិបាល ខ្វះ​ការ​ត្រួត​ពិនិត្យ និង​មាន​ភាព​ធូរ​រលុង​ផ្នែក​ច្បាប់ ជាពិសេស​ច្បាប់​អន្តោប្រវេសន៍ ទើប​ជំរុញ​ឲ្យ​ពលរដ្ឋ​វៀតណាម ប្រើប្រាស់​ភ្នំ​បូកគោ ធ្វើ​ជា​ទីតាំង​សម្រាប់​ធ្វើ​សក្ការបូជា និង​រៀបចំ​ធ្វើ​ពិធី​សែនព្រេន​តាម​បែប​សាសនា របស់​វៀតណាម។

មន្ត្រី​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​កំពត លោក យន់ ផល្លី ចាត់​ទុក​ថា នេះ​ជា​ការ​ធ្វេសប្រហែស​របស់​អាជ្ញាធរ​កម្ពុជា ដែល​បណ្ដែតបណ្ដោយ​ឲ្យ​ពលរដ្ឋ​វៀតណាម បន្ត​ឡើង​ចុះ​ភ្នំបូកគោ សម្រាប់​ធ្វើ​ជា​កន្លែង​បែរបន់​តាម​បែប​សាសនា​របស់​គេ ដោយ​ពុំ​មាន​ការ​ត្រួត​ពិនិត្យ។

លោក​បន្ត​ថា ដោយសារ​តែ​ប្រសិទ្ធភាព​នៃ​ការ​ចាប់​អនុវត្ត​របស់​កម្ពុជា នៅ​មាន​កម្រិត នេះ​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​ការ​ចេញចូល​របស់​ជនបរទេស ហាក់​មាន​ភាព​ងាយស្រួល៖ «ទាក់ទិន​នឹង​ការ​អនុវត្ត​ច្បាប់​យើង​ឃើញ​ថា ហាក់​បី​ដូច​ជា​​គ្មាន​វិធានការ​ក្នុង​ការ​ទប់ស្កាត់។ អ៊ីចឹង​អាជ្ញាធរ​គួរ​តែ​ធ្វើ​ការ​ពិនិត្យ​ឡើង​វិញ ពាក់ព័ន្ធ​នឹង​ច្បាប់​អន្តោប្រវេសន៍»

បច្ចុប្បន្ន​រមណីយដ្ឋាន​ភ្នំបូកគោ បាន​ក្លាយ​ជា​ទីតាំង​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​នៃ​ភ្ញៀវ​ទេសចរ​បរទេស ជាពិសេស​ពលរដ្ឋ​វៀតណាម។ បើ​ទោះ​ជា​រហូត​មក​ដល់​ពេល​នេះ ពុំ​មាន​របាយការណ៍​ណា​មួយ​ដែល​បាន​​បង្ហាញ​ជា​ផ្លូវការ​ពី​ចំនួន​ភ្ញៀវ​ទេសចរ​វៀតណាម ក៏​សង្កេត​ឃើញ​ថា ភាគ​ច្រើន​ពួកគេ​បាន​ឡើង​ចុះ​ភ្នំ​បូកគោ ជា​ហូរហែ ក្នុង​មួយ​ថ្ងៃៗ ទាំង​តាម​មធ្យោបាយ​រថយន្ត ១២​កៅអី និង​តាម​ម៉ូតូ បើ​ប្រៀបធៀប​នឹង​ភ្ញៀវ​ទេសចរ​បរទេស​ផ្សេង​ទៀត។ ក្រៅ​ពី​នេះ ក៏​មាន​ដែរ​តាម​រថយន្ត​ប្រភេទ​ទេសចរណ៍ ធុន​ធំៗ។

ប្រជាពលរដ្ឋ​កម្ពុជា ភាគ​ច្រើន​នៅ​ក្នុង​តំបន់​ជិត​ភ្នំ​បូកគោ និយាយ​ថា ពួក​គាត់​សប្បាយ​ចិត្ត​នៅ​ពេល​មាន​ភ្ញៀវ​ទេសចរ។ ពួកគាត់​ចាត់​ទុក​ថា ចំនួន​ភ្ញៀវ​ទេសចរ​នេះ​នឹង​អាច​ជួយ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​សម្រាប់​ប្រទេស ក៏ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ពួក​គាត់​អះអាង​ថា ក្ដី​បារម្ភ​ក៏​បាន​កើត​ឡើង​ដែរ ដោយ​ហេតុ​ថា កំណើន​នៃ​វត្តមាន​ជនអន្តោប្រវេសន៍​វៀតណាម កំពុង​ប្រើប្រាស់​តំបន់​មួយ​ចំនួន និង​ល្អាង​ខ្លះ​នៅ​លើ​ភ្នំបូកគោ សម្រាប់​ធ្វើ​ពិធី​បូជា​តាម​បែប​សាសនា ដោយ​ពុំ​ឃើញ​អាជ្ញាធរ​មាន​វិធានការ​ណា​មួយ​ឡើយ។

នៅ​តំបន់​ភ្នំ​បូកគោ​ទីតាំង​សំខាន់ ៗ ដែល​មាន​ចម្ងាយ​មិន​ក្រោម​ជាង ១០​គីឡូម៉ែត្រ ដោយ​គិត​ចាប់​​សណ្ឋាគារ​បូកគោ របស់​លោក សុខ គង់ ដែល​មាន​ចំណុច​ខ្លះ​ស្ថិត​នៅ​ក្នុង​ព្រៃ​ជ្រៅ គឺ​បាន​ក្លាយ​ជា​ទី​សក្ការបូជា​ដ៏​ពេញ​និយម​បំផុត​របស់​ប្រជាជន​វៀតណាម។

ជាក់ស្ដែង​នៅ​ចំណុច​វាល​ស្រែ៥០០ ដែល​ប្រជាជន​កម្ពុជា ភាគ​ច្រើន​មិន​ដែល​ស្គាល់ និង​ពុំ​ដែល​សូវ​​បាន​ទៅ​ដល់​ផង​នោះ ផ្ទុយ​ទៅ​វិញ ជនអន្តោប្រវេសន៍​ដែល​ជា​ជាតិ​ផ្សេង បាន​ដឹង​និង​ស្គាល់ ហើយ​ថែម​ទាំង​ជ្រើសរើស​ទីតាំង​នេះ សម្រាប់​ធ្វើ​សមាធិ និង​កន្លែង​គោរព​ប្រតិបត្តិ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ។

បុគ្គលិក​ដែល​បម្រើការ​ឲ្យ​ក្រុមហ៊ុន​ឋានសួគ៌​បូកគោ របស់​លោក សុខ គង់ និយាយ​ថា ភាគ​ច្រើន​បំផុត​នៃ​អ្នក​មក​គោរព​បូជា​ដុំ​ថ្ម​នៅ​តាម​ល្អាង និង​ព្រៃ​ជ្រៅៗ នៅ​លើ​ភ្នំ​បូកគោ​នេះ គឺ​ជា​ពលរដ្ឋ​វៀតណាម ហើយ​ជួនកាល​ពួក​គេ​មក​សម្រាក​ជា​ច្រើន​យប់​ក៏​មាន​ដែរ។

ភ្ញៀវ​ទេសចរ​កម្ពុជា ទៅ​ពី​ទីក្រុង​ភ្នំពេញ មួយ​ចំនួន ដែល​រក​ច្រក​ចូល​ទៅ​វាលស្រែ៥០០ មិន​ឃើញ ធ្លាប់​បាន​អះអាង​ថា គេ​ពិត​ជា​ហួសចិត្ត ក្រោយ​ពី​រក​ឃើញ​ទីតាំង​វាលស្រែ៥០០ ហើយ​ពុំ​មាន​អ្វី​សោះ​សម្រាប់​កម្សាន្ត ក្រៅ​ពី​គយគន់​ទេសភាព​ធម្មជាតិ ក៏ប៉ុន្តែ​តំបន់​នេះ ត្រូវ​បាន​ជន​ជាតិ​វៀតណាម ប្រើប្រាស់​សម្រាប់​ជា​ទី​សក្ការបូជា​ដូច្នេះ​ទៅ​វិញ។

ផ្ទុយ​ពី​នេះ ពលរដ្ឋ​វៀតណាម ដែល​តែង​ឡើង​ធ្វើ​ពិធី​បូជា​នៅ​លើ​ភ្នំបូកគោ​វិញ យល់​ឃើញ​ថា មូលហេតុ​ដែល​ពួក​គេ​សម្រេច​ចិត្ត​ឆ្លង​កាត់​ពី​ប្រទេស​វៀតណាម មក​កម្ពុជា​​នេះ ដោយសារ​តែ​គេ​មាន​ជំនឿ​ថា ការ​បួងសួង នឹង​ធ្វើ​ឲ្យ​គេ​មាន​សេចក្ដី​សុខ និង​ជា​ជំងឺ​ជាដើម។ ម្យ៉ាង​វិញ​ទៀត ដោយសារ​តែ​បុព្វបុរស​របស់​ពួក​គេ​បាន​លះបង់​ជីវិត​នៅ​លើ​ភ្នំបូកគោ​នេះ​ផង។

ពលរដ្ឋ​វៀតណាម​បន្ត​ថា៖ «មើល​ទៅ​ដូចជា​រូប​របស់​មនុស្ស រូបភាព​ល្អ​ណាស់។ មាន​ទឹកធ្លាក់ និង​ដុំ​ថ្ម មាន​ថ្ម មាន​ផ្កា មិន​ដឹង​ថា ទៅ​កន្លែង​ណា​មាន​ផ្ទាំង​ថ្ម​អ៊ីចឹង​ទេ»

ជុំវិញ​បញ្ហា​នេះ ទាំង​លោក ស្វាយ វុត្ថា នាយក​នីតិកម្ម និង​ទំនាក់ទំនង​សាធារណៈ​របស់​ក្រុមហ៊ុន សុខា ឋានសួគ៌​បូកគោ និង​កូន​ប្រសា​របស់​លោក សុខ គង់ គឺ​លោក សាយ សុភក្រ្តា ប្រធាន​ផ្នែក​លក់ និង​ទីផ្សារ បាន​បដិសេធ​ថា លំហូរ​នៃ​ជនជាតិ​វៀតណាម ដែល​ឡើង​ភ្នំបូកគោ ក្រោម​ហេតុផល​នៃ​សាសនា​នេះ គឺ​ខាង​ក្រុមហ៊ុន​មិន​ស្ថិត​នៅ​ពី​ក្រោយ​រឿង​នេះ​ទេ។

លោក សាយ សុភក្ត្រា មាន​ប្រសាសន៍​កាល​ពី​ខែ​កុម្ភៈ ថា ការ​ពិត​ផ្នូរ​បូរាណ​នេះ​មាន​តាំង​ពី​មុន​ក្រុមហ៊ុន​ចាប់​វិនិយោគ​ទៅ​ទៀត។ លោក​បន្ត​ថា អ្វី​ដែល​ក្រុមហ៊ុន​កំពុង​តែ​ផ្សព្វផ្សាយ​នៅ​លើ​ទីផ្សារ​នៅ​ពេល​នេះ គឺ​បង្ហាញ​ពី​វប្បធម៌​ដ៏​សម្បូរ​បែប​របស់​កម្ពុជា ជាពិសេស​នៅ​លើ​ភ្នំបូកគោ ដើម្បី​ទាក់ទាញ​ឲ្យ​មក​ទស្សនា​មិន​ថា​ភ្ញៀវ​វៀតណាម ឬ​ជាតិ​សាសន​ដទៃ​នោះ​ឡើយ៖ «យើង​ផ្សព្វផ្សាយ​ជា​គេ​ហៅ​ថា ជា​តំបន់​ទេសចរណ៍​ឋានសួគ៌​បូកគោ ហើយ​ភ្នំបូកគោ​ព្រះ​មុនីវង្ស​ហ្នឹង តំបន់​បូកគោ​ហ្នឹង។ លោក​បន្ត​ថា អ៊ីចឹង​ជនជាតិ​វៀតណាម​ក្ដី ជនជាតិ​ថៃ ក្ដី ជនជាតិ​ខ្មែរ​យើង​ក្ដី គឺ​យើង​ស្វាគមន៍​គាត់​ទាំង​អស់»

ពាក់ព័ន្ធ​រឿង​នេះ ប្រធាន​ប៉ុស្តិ៍​ព្រំដែន កម្ពុជា វៀតណាម​ប្រចាំ​ច្រក​ទាន់ហន់ លោក អែម សុភា ធ្លាប់​បាន​អះអាង​ថា ពលរដ្ឋ​វៀតណាម ដែល​ឆ្លងកាត់​ទៅ​ភ្នំ​បូកគោ ទាំង​អស់​គឺ​សុទ្ធ​តែ​មាន​លិខិត ឆ្លងដែន និង មាន​ការ​អនុញ្ញាត​ត្រឹមត្រូវ ពី​អាជ្ញាធរ​ពាក់ព័ន្ធ។

ផ្ទុយ​ពី​ការ​លើក​ឡើង​ដូច​នេះ អ្នក​បើក​បរ​រថយន្ត​ដឹក​ពលរដ្ឋ​វៀតណាម និយាយ​ថា ពលរដ្ឋ​វៀតណាម ដែល​ឡើង​មក​ភ្នំ​បូកគោ​នេះ គឺ​ពុំ​មាន​លិខិត​ឆ្លងដែន​ទេ គឺ​ពួក​គេ​ផ្ដល់​លុយ​ខ្លះៗ​ឲ្យ​មន្ត្រី​ប្រចាំ​ច្រក​ព្រំដែន​ខាង​ភាគី​កម្ពុជា ហើយ​ទទួល​បាន​លិខិត​អនុញ្ញាត​ជា​ថ្នូរ​នឹង​បាន​ចូល​មក​ដោយ​សេរី។

ឆ្លើយ​តប​រឿង​នេះ ស្នងការ​ខេត្ត​កំពត លោក ម៉ៅ ចាន់មធុរិទ្ធ បញ្ជាក់​ថា ការ​ឡើង​ចុះ​របស់​ពលរដ្ឋ​វៀតណាម នៅ​លើ​ភ្នំបូកគោ គឺ​ខាង​សមត្ថកិច្ច​ពុំ​បាន​ត្រួត​ពិនិត្យ​ទេ ព្រោះ​ពួកគេ​គឺ​ជា​ភ្ញៀវ​ទេសចរណ៍ ក៏​ប៉ុន្តែ​ប្រសិន​បើ​រក​ឃើញ​ថា ការ​ឡើង​ចុះ​នេះ​បែរ​ជា​ទៅ​ធ្វើ​សមាធិ​ខុស​ពី​គោលការណ៍​វិញ គឺ​សមត្ថកិច្ច​ជំនាញ​នឹង​មាន​វិធានការ​ហើយ៖ «គាត់​ឡើង​ទៅ​ធ្វើ​ធម៌ និង​គឺ​គាត់​ឥត​បាន​ផ្ដល់​ដំណឹង​ឲ្យ​សមត្ថកិច្ច​យើង​ទេ។ គាត់​មក​ហ្នឹង​គឺ​ក្នុង​នាម​គាត់​មក​ជា​ភ្ញៀវ​ទេសចរ។ ធម្មតា​មក​ក្នុង​នាម​ភ្ញៀវ​ទេសចរ គឺ​មក​ឡើង​លេង​ភ្នំបូកគោ។ យើង​មាន​តែ​កម្លាំង​ទេ សម្រាប់​ដាក់​ការពារ ប៉ុន្តែ​ដោយ​ឡែក​រឿង​គាត់​លួច​ទៅ​ធ្វើ​សមាធិ​ធម៌​អី​នេះ គឺ​យើង​អត់​បាន​ដឹង​ទេ»

មាត្រា ១៤ នៃ​ច្បាប់​ស្ដីពី​អន្តោប្រវេសន៍​របស់​កម្ពុជា ចែង​ថា ជនបរទេស​អន្តោប្រវេសន្ត​ត្រូវ​ទៅ​បង្ហាញ​ខ្លួន​ក្នុង​រយៈពេល ៤៨​ម៉ោង ក្រោយ​ពេល​មក​ដល់​នៅ​ការិយាល័យ​ជនបរទេស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ក្រុង ដែល​ខ្លួន​មាន​បំណង​ស្នាក់​នៅ ដើម្បី​ធ្វើ​ពាក្យ​សុំ​ប័ណ្ណ​ស្នាក់​នៅ។

ពាក់ព័ន្ធ​នឹង​ភាព​ចម្រូងចម្រាស​នេះ កាល​ពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា បាន​ចុះ​ត្រួត​ពិនិត្យ​ជា​ថ្មី​ឡើង​វិញ នៅ​ភ្នំបូកគោ បន្ទាប់​ពី​គណៈកម្មការ​ចម្រុះ ៤​ស្ថាប័ន​របស់​រដ្ឋាភិបាល ចុះ​អង្កេត​ម្ដង​ដែរ កាល​ពី​ខែ​សីហា ឆ្នាំ​២០១៣ តែ​លទ្ធផល​មិន​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​វិញ​ឡើយ។ រហូត​មក​ដល់​ពេល​នេះ មាន​ល្អាង​មួយ​ចំនួន​នៅ​លើ​ភ្នំបូកគោ ត្រូវ​បាន​វៀតណាម ហៅ​តាម​ឈ្មោះ​ជា​ភាសា​ខ្លួន​​រួច​ទៅ​ហើយ ដូច​ជា​ល្អាង "ចេតរោយ" (Chết Rồi)  ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា "ល្អាង​មរណៈ" នៅ​តំបន់​វាលស្រែ៥០០ ជាដើម។ ផ្នូរ​ដែល​វៀតណាម ចាត់​ទុក​ជា​ផ្នូរ​បុរាណ​បាន​បន្សល់​ទុក​តាំង​ពី​បុព្វបុរស​របស់​ពួកគេ និង​ទី​សក្ការបូជា​​ដទៃ​ទៀត នៅ​លើ​ខ្នង​ភ្នំបូកគោ មើល​ទៅ​ទំនង​ជា​របៀប​ថ្ម ដែល​គេ​យក​តម្រៀប ហើយ​ធ្វើ​ពិធី​បែរបន់​ប៉ុណ្ណោះ។

បើ​ទោះ​ជា​បែប​ណា ចាប់​ពី​មាន​អធិការកិច្ច​ដែល​ក្រសួង​ចុះ​ត្រួត​ពិនិត្យ ពុំ​មាន​ការ​បង្ហាញ​ណា​មួយ​ថា នៅ​ក្នុង​ថ្ម​ដែល​សន្មត​ថា ជា​ផ្នូរ​នោះ មាន​អ្វី​ឲ្យ​ប្រាកដ​នៅ​ឡើយ​ទេ។

ដោយ​ឡែក ក្រសួង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប ក៏​បាន​បើក​ការ​ស្រាវជ្រាវ​ម្ដង​រួច​មក​ហើយ​ដែរ កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៤។ ប៉ុន្តែ​កាល​ណោះ​ជា​លទ្ធផល​គឺ​រក​ពុំ​ឃើញ​​ថា ការ​ធ្វើ​សមាធិ​របស់​ជនជាតិ​វៀតណាម នេះ អាច​មាន​ផល​ប៉ះពាល់​ដល់​វប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់​របស់​កម្ពុជា​ទេ។

លោក យ៉ែម បុញ្ញឫទ្ធិ ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា ទទួល​បន្ទុក​​វប្បធម៌​ទេសចរណ៍ អប់រំ និង​សាសនា ថ្លែង​ថា លោក​ទទួល​បាន​របាយការណ៍​ពី​ក្រសួង​ដែល​ជា​សេនាធិការ​របស់​រដ្ឋាភិបាល​ទទួល​បន្ទុក ធ្វើ​អធិការកិច្ច​ជនអន្តោប្រវេសន៍ លើ​ភ្នំបូកគោ​នេះ ហើយ​គឺ​មិន​អនុញ្ញាត​ឲ្យ​ស្នាក់​នៅ​ហួស​ពី​ការ​កំណត់​របស់​ក្រុមហ៊ុន និង​ក្រសួង​ឡើយ។ បើ​ទោះ​ជា​បែប​ណា លោក​អះអាង​ថា នឹង​ពិនិត្យ​បន្ត​ទៀត ដើម្បី​ឲ្យ​ប្រាកដ​ថា ភ្ញៀវ​ទេសចរ​វៀតណាម បាន​អនុវត្ត​ដូច​អ្វី​ដែល​ក្រសួង និង​ភាគី​ក្រុមហ៊ុន បាន​ព្រមព្រៀង​ដែរ​ទេ៖ «គណៈកម្មការ​ទី​៧ យើង​កំពុង​តែ​ពិនិត្យ​បន្ត​ពី​របាយការណ៍​របស់​ក្រសួង​ទាំង​បី ដែល​ពាក់ព័ន្ធ​រឿង​ភ្នំបូកគោ ហើយ​យើង​នឹង​មាន​គម្រោង​ជាមួយ​រដ្ឋមន្ត្រី​បន្តបន្ទាប់​ទៀត»

ជុំវិញ​រឿង​នេះ បុគ្គលិក​ដែល​បម្រើការ​នៅ​ខ្នង​ភ្នំបូកគោ​របស់​លោក សុខ គង់ និយាយ​ថា ពលរដ្ឋ​វៀតណាម ដែល​ឡើង​ទៅ​ធ្វើ​សមាធិ​នៅ​តាម​គោល​ដៅ​មួយ​ចំនួន​នៃ​បរិវេណ ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន គឺ​មិន​អាច​ឲ្យ​ស្នាក់​នៅ​លើស​ពី ២​យប់ ៣​ថ្ងៃ​បាន​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

អ្នក​អាន​អនាមិក

The president and vice-president of Kompot provincial and most rich business people in Kompot are Vietnamese. Sok-Kong is Vietnamese who own the Bok-Kor.

Dec 18, 2015 11:21 PM

អ្នក​អាន​អនាមិក

ចេះតានិយាយថា វៀតណាមៗៗៗ តិចត្រូវមានលោកវីរៈជនស្នេហា​ជាតិ​​អេងរិទ្ធីហើយ លោកខំខិតរករកទាំងផ្លូវទឹកផ្លូវគោកទាំងម៉ាភៃបួន​ខេត្តក្រុងអត់ឃើញមានអាយួនម៉ាក់មួយផងហ្នឹង មានយួនឯណា​ស្រុក​ខ្មែរនោះ បើមិនជឿទៅសូរមើលនិយាយស្មេស្បាស់ធេង មើលអត្ត​សញ្ញាណបុង មើលសាភៅគ្រួសារមើល ស្មេរម៉ាកាំភ្លេ អញ្ចឹងអ្នក​ដែលថាមានយួននៅស្រុកស្មេរប្រយ័ត្នភ្នាល់ចាញ់គេទាន។

Dec 18, 2015 06:52 PM

អ្នក​អាន​អនាមិក

តឹងរឹុងក្ជះគេ ឲ្យដៃសត្រូវ គំរាមសម្លាប់ស៊ែ្ម ទីបញ្ចប់អ្លាយខ្លួនទាំងពូជ៕

Dec 18, 2015 06:52 AM

Lop lop

ពី P.P

Koy Pisey used to say that Khmer people are living in the territory or VN soil without know nothing. So, may be kampot province or whole Cambodia land is belong to VN since before 1700.

Dec 18, 2015 04:41 AM

គេហទំព័រ​ទាំងមូល