សមត្ថកិច្ច​ចាប់​ខ្លួន​ជនជាតិ​ចិន​ចំនួន​៤​ នាក់​ ពី​បទ​មាន​ចេតនា​ទុច្ចរិត

ហេង រស្មី
2020-11-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សមត្ថកិច្ច កាល​ពី​ថ្ងៃ​ទី២៥​ វិច្ឆិកា​ចាប់​ខ្លួន​ជនជាតិ​ចិន​ចំនួន​៤​ នាក់​ ពី​បទ​ មាន​ចេតនា​ទុច្ចរិត​ប្រព្រឹត្តិ​បទ​ល្មើស​ខុស​ច្បាប់​ នៅ​ខេត្ត​ព្រះសីហនុ​។
សមត្ថកិច្ច កាល​ពី​ថ្ងៃ​ទី២៥​ វិច្ឆិកា​ចាប់​ខ្លួន​ជនជាតិ​ចិន​ចំនួន​៤​ នាក់​ ពី​បទ​ មាន​ចេតនា​ទុច្ចរិត​ប្រព្រឹត្តិ​បទ​ល្មើស​ខុស​ច្បាប់​ នៅ​ខេត្ត​ព្រះសីហនុ​។
រូប៖​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ

ស្នងការ​ប៉ូលិស​ខេត្ត​ព្រះសីហនុ​លោក​ ជួន ណារិន​ ប្រាប់​អាស៊ីសេរី​នៅថ្ងៃ​ទី​២៧​ វិច្ឆិកា​ ថា​ សមត្ថកិច្ច​ចាប់​ខ្លួន​ជនជាតិ​ចិន​ចំនួន​៤​ នាក់​ ពី​បទ​ មាន​ចេតនា​ទុច្ចរិត​ប្រព្រឹត្តិ​បទ​ល្មើស​ខុស​ច្បាប់។

​លោក​បញ្ជាក់​ទៀត​ថា​ មូល​ហេតុ​ដែល​នាំ​ទៅ​រក​ការ​ចាប់​ខ្លួន​នេះ​ គឺ​ដោយ​សារ​តែ​នៅ​ពេល​ដែល​ក្រុម​សមត្ថកិច្ច​ ចុះត្រួត​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ នៅ​ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះសីហនុ​ បាន​ឃាត់​រថយន្ត​មួយ​គ្រឿង​ក៏ឃើញជនសង្ស័យ ជនជាតិ​ចិន​ចំនួន​បួន​នាក់។​

លោក​ ថា​ក្រោយ​ពី​ឆែកឆេរ​ក្នុង​រថយន្ត​ សមត្ថកិច្ច​បាន​រក​ឃើញ​ មាន​ខ្នោះដៃ​ ដំបងឆក់ ខ្សែលួស​ ១ ដុំ​ ស្រោម​ដៃ​ និង​សម្ភារៈ​មួយ​ចំនួន​ទៀត​ដែល​សង្ស័យ​ថា​ ជនជាតិ​ចិន​ទាំង​បួន​នាក់​មាន​បំណង​ធ្វើ​សកម្មភាព​ខុស​ច្បាប់​អ្វី​មួយ ទើប​ឃាត់​ខ្លួន​ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​៖«​ ទោះ​ជា​មិន​ទាន់​មាន​ការ​ប្រព្រឹត្ត​បទ​ល្មើស​ក៏​ដោយ​ ប៉ុន្តែ​យើង​ ពិនិត្យ​ទៅ​លើ​បទ​ល្មើស​កាន់​កាប់​វត្ថុតាង​មួយ​ចំនួន ស្លាក​លេខ​ ក្លែង​បន្លំ​បិទ​ស្លាក​លេខ​ចឹង​ មាន​ចេតនា​ទុច្ចរិត​ហើយ​។​អញ្ចឹង​ទេ​ យើង​កំពុង​តែ​ដឹកនាំ​សុំ​ពី​ព្រះរាជអាជ្ញា​ដើម្បី​រៀប​ចំ​នីតិវិធី បញ្ជូន​ទៅ​តុលាការ​។នៅ​ព្រឹក​ស្អែក​នេះ​យើង​បញ្ជូន​ហើយ។»

ជនជាតិ​ចិន​ដែល​សមត្ថកិច្ច​ចាប់​ខ្លួននោះ​ មាន​អាយុចាប់ពី​ពី​៣៥​ឆ្នាំ​ រហូត​ដល់​ ៥០​ ឆ្នាំ​។​ បើ​តាម​គេហទំព័រ​របស់​អគ្គស្នងការ​ដ្ឋាន​នគរ​បាល​ជាតិ​បាន​ឱ្យ​ដឹងថា​ សម្ភារៈ​ដែល​សមត្ថកិច្ច​ចាប់​បាន​ គឺ​ជា​ឧបករណ៍​ដែល​ជនសង្ស័យ​ ប្រើប្រាស់​ក្នុង​ការ​ចាប់​ជំរិត តែ​មិន​ទាន់​ធ្វើ​សកម្មភាព​នៅ​ឡើយ។​​

សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ក្នុង​រយៈ​ពេល​ជាង​ ១១ ​ខែ ​ឆ្នាំ​២០២០​ មាន​ជនជាតិ​ចិន​ជិត​ ៣០០​នាក់​ ត្រូវ​ចាប់​ខ្លួន​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ ក្នុង​សំណុំ​រឿង​ផ្សេងៗ​គ្នា​ ពាក់​ព័ន្ធ​នឹង​ការ​រត់​ពន្ធ​ថ្នាំ​ញៀន​ខុស​ច្បាប់​ ចាប់​ជំរិត​ ចោរកម្ម​ និង​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា ទៅ​លើ​ជនជាតិ​ចិន​ដូ​ច​គ្នា៕ ​​​

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល