អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ឲ្យ​អាជីវករ​កំណត់​តម្លៃ​សេវា​ឲ្យ​ត្រឹមត្រូវ​នៅ​ថ្ងៃ​បុណ្យ​ឆ្លង​ឆ្នាំ

ដោយ ដែន អយុធ្យា
2015-12-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អាជ្ញាធរ​ដាក់​តាំង​ភ្លើង​បំភ្លឺ លំអ​ក្នុង​ក្រុង​ព្រះសីហនុ ដើម្បី​អបអរ​ពិធី​បុណ្យ​ឆ្លង​ឆ្នាំ​សកល ឆ្នាំ​២០១៥-​២០១៦។ រូបថត​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៥
អាជ្ញាធរ​ដាក់​តាំង​ភ្លើង​បំភ្លឺ លំអ​ក្នុង​ក្រុង​ព្រះសីហនុ ដើម្បី​អបអរ​ពិធី​បុណ្យ​ឆ្លង​ឆ្នាំ​សកល ឆ្នាំ​២០១៥-​២០១៦។ រូបថត​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៥
RFA/Den Ayuthyea

អភិបាល​ខេត្ត​ព្រះសីហនុ ស្នើ​ឲ្យ​ក្រុម​ប្រតិបត្តិករ​ទេសចរណ៍ ឬ​ក្រុម​អាជីវករ ត្រូវ​កំណត់​តម្លៃ​សេវា​ទេសចរណ៍​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគទុន​ឲ្យ​ចូល​មក​ទស្សនា និង​វិនិយោគទុន​តំបន់​ទេសចរណ៍​ខែត្រ​ជាប់​មាត់​សមុទ្រ​ឲ្យ​បាន​ច្រើន​ថែម​ទៀត។

សារ​ក្រើន​រំលឹក​ដល់​ក្រុម​ប្រតិបត្តិករ​លើ​សេវា​ទេសចរណ៍​របស់​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ក្រុង​ពាលី នៃ​ការ​រៀបចំ​ប្រគំ​តន្ត្រី​អបអរសាទរ​ឆ្លង​ឆ្នាំ​សកល ២០១៥-២០១៦ នា​ឆ្នេរ​អូរឈើទាល កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​២៩ ខែ​ធ្នូ។

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន មាន​ប្រសាសន៍​ថា នៅ​ពេល​កំណើន​ភ្ញៀវទេសចរ និង​អ្នក​វិនិយោគទុន​បាន​ហូរ​ចូល​មក​មូលដ្ឋាន​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ​បាន​ច្រើន ចំណូល​របស់​ប្រជាពលរដ្ឋ ក៏​កើន​ទៅ​តាម​កំណើន​នេះ​ដែរ។ លោក​ស្នើ​ឲ្យ​ប្រតិបត្តិករ​ទេសចរណ៍​នា​ខេត្ត​ព្រះសីហនុ ត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ឲ្យ​បាន​ទាំង​អស់​គ្នា។

បន្ថែម​លើ​នេះ លោក យន្ត មីន បាន​ស្វាគមន៍​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ និង​អ្នកវិនិយោគទុន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ឲ្យ​ចូល​មក​ទស្សនា និង​ប្រកបរបរ​ទទួល​ទាន​ឲ្យ​បាន​ច្រើន ព្រោះ​កម្លាំង​ជំនាញ​គ្រប់​ស្ថាប័ន មាន​កងទ័ព កងរាជអាវុធហត្ថ និង​កម្លាំង​នគរបាល​ជាដើម បាន​ពង្រឹង​សន្តិសុខ​មាន​សុវត្ថិភាព​ល្អ៖ «សូម​អញ្ជើញ​បងប្អូន​ទាំង​ជាតិ អន្តរជាតិ ដែល​មាន​បំណង​ដើរ​លំហែ​កាយ​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល សូម​ជ្រើស​យក​ខេត្ត​ព្រះសីហនុ ដើម្បី​កម្សាន្ត​ចុង​ឆ្នាំ​របស់​ខ្លួន ព្រោះ​រដ្ឋបាល​ខេត្ត​នេះ បាន​សហការ​ជាមួយ​សភា​ពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ និង​ជាមួយ​មន្ទីរ​ពាក់ព័ន្ធ​នានា បាន​រៀបចំ​ពិធី​ប្រគំ​តន្ត្រី​សម័យ និង​ក្រុម​កំប្លែង​ល្បីៗ ជូន​បងប្អូន​ទស្សនា ក្នុង​រយៈពេល ៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ។ ក្នុង​នោះ​រដ្ឋបាល​ខេត្ត​បាន​ពង្រឹង​សន្តិសុខ និង​តាំង​ភ្លើង​បំភ្លឺ​ពាសពេញ​ក្រុង ដើម្បី​រង់ចាំ​បម្រើ​ការ​សប្បាយ​របស់​បង​ប្អូន​ក្នុង​ពិធី​ឆ្លង​ឆ្នាំៗ​នេះ»

ប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ លោក​ឧកញ៉ា ឡាវ កាំង ដែល​ចូលរួម​សហការ​បង្កើត​កម្មវិធី​ប្រគំ​តន្ត្រី​ដើម្បី​អបអរ​ឆ្លង​ឆ្នាំ​សកល ២០១៥-​២០១៦ បាន​ឲ្យ​ដឹង​ដែរ​ថា ពិធី​ប្រគំតន្ត្រី​អបអរ​ឆ្លង​ឆ្នាំៗ​នេះ មាន​ក្រុម​សិល្បៈ​ចម្រៀង​សម័យ និង​កំប្លែង​ល្បីៗ នឹង​ចូល​រួម​សម្ដែង​ជូន​ភ្ញៀវ​ទស្សនា​ក្នុង​រយៈពេល ៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ។ កម្មវិធី​នេះ ក៏​មាន​ផ្សាយ​បន្ត​ផ្ទាល់​តាម​ស្ថានីយ​ទូរទស្សន៍​តាម​រយៈ​ទូរទស្សន៍​ក្នុង​ស្រុក​ដែរ។

នៅ​ក្នុង​ឱកាស​នេះ​ដែរ អគ្គនាយក​សាលា​ស្តង់ដារ​ជាតិ-​អន្តរជាតិ អាយឌា ស៊ស (Idea Source) ខេត្ត​ព្រះសីហនុ លោក វណ្ណ សុខហេង បាន​ឲ្យ​ដឹង​ដែរ​ថា លោក​នឹង​ដឹក​នាំ​ក្រុម​សិល្បៈ​កុមារ​ប្រចាំ​សាលា​នេះ មក​សម្ដែង​របាំ​ប្រពៃណី​ខ្មែរ និង​របាំ​ផ្សេងៗ ជូន​ភ្ញៀវកិត្តិយស និង​ភ្ញៀវ​ទេសចរ​កម្សាន្ត​ឆ្លង​ឆ្នាំ​សកល​នេះ​ដែរ។

ពិធី​ប្រគំតន្ត្រី​អបអរ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​នេះ ក៏​មាន​រៀបចំ​តាំង​ពិព័រណ៍​ទំនិញ​មក​ពី​ប្រទេស​ជិត​ខាង និង​ទំនិញ​ក្នុង​ស្រុក​រាប់​រយ​ប្រភេទ​ក្នុង​រយៈពេល ៣​ថ្ងៃ នៅ​ឆ្នេរ​អូរឈើទាល និង​មាន​តាំង​ភ្លើង​ចម្រុះ​ពិព័រណ៍​ពាសពេញ​ក្រុង​នៅ​ពេល​រាត្រី។ ជាង​នេះ​ទៀត រដ្ឋបាល​ខេត្ត​ព្រះសីហនុ ក៏​ដាក់​ពង្រាយ​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​នៅ​តាម​គោលដៅ​គ្រប់​ច្រកល្ហក ដើម្បី​រង់ចាំ​ការពារ​សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ​ទាំង​កម្សាន្ត​លើ​ដី​គោក និង​នៅ​លើ​កោះ​ជាដើម។

ទាក់ទង​បញ្ហា​នេះ​ដែរ ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្ត​ព្រះសីហនុ លោក នូ សុផល បាន​កោះហៅ​ក្រុម​ប្រតិបត្តិករ​ទេសចរណ៍​លក់​ដូរ​នៅ​តាម​ឆ្នេរ​មួយ​ចំនួន​មក​ជួប​ពិភាក្សា ដោយ​តម្រូវ​ឲ្យ​កំណត់​តម្លៃ​មុខ​ម្ហូប និង​ទីកន្លែង​អង្គុយ​ជាដើម​ឲ្យ​បាន​ច្បាស់​លាស់។ កិច្ចពិភាក្សា​ជាមួយ​ក្រុម​អាជីវករ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​ធ្នូ បាន​កំណត់​តម្លៃ​ថ្លៃ​ជួល​ទីតាំង​អង្គុយ តុ​មួយ​មាន​កៅអី​ចំនួន ៦ ថ្ងៃ​ធម្មតា​មាន​តម្លៃ ២​ម៉ឺន​រៀល និង​ថ្ងៃ​បុណ្យ ៦​ម៉ឺន​រៀល។ ចំណែក​មុខ​ម្ហូប​ក៏​ត្រូវ​កំណត់​តម្លៃ​ជូន​ភ្ញៀវ​នៅ​លើ​បញ្ជី​រាយ​មុខ​ម្ហូប​ឲ្យ​បាន​ច្បាស់លាស់ និង​មុខ​ម្ហូប​ត្រូវ​តែ​មាន​គុណភាព។

​លោក នូ សុផល៖ «សូម​កំណត់​តម្លៃ​មុខ​ម្ហូប​របស់​បងប្អូន​ឲ្យ​បាន​ច្បាស់លាស់ គឺ​ចាន​តូច និង​ចាន​ធំ​ត្រូវ​កំណត់​តម្លៃ នៅ​ថ្ងៃ​ធម្មតា និង​ថ្ងៃ​បុណ្យ ឲ្យ​បាន​ច្បាស់​នៅ​លើ​បញ្ជី​រាយ​មុខ​ម្ហូប ដើម្បី​ឲ្យ​ភ្ញៀវ​មាន​ជម្រើស។ បំណង​របស់​មន្ទីរ​ទេសចរណ៍​ដូច្នេះ គឺ​មាន​បំណង​ចង់​ជួយ​បង​ប្អូន​អាជីវករ​ទាំង​អស់​មាន​លក់​ដូរ​ប្រកប​ដោយ​ស្តង់ដារ»

កន្លង​​មក​តម្លៃ​ជួល​ទីកន្លែង​អង្គុយ​នៅ​តាម​ទីតាំង​លក់ដូរ​មួយ​ចំនួន​នៅ​ឆ្នេរ​អូរឈើទាល ត្រូវ​ភ្ញៀវទេសចរ​រិះគន់​ថា បាន​កំណត់​តម្លៃ​ខ្ពស់​ដោយ​តុ​មួយ​មាន​កៅអី​ចំនួន ៦ យក​តម្លៃ​ពី​ភ្ញៀវ​អង្គុយលេង​ចន្លោះ​ពី ៣០ ទៅ ៥០​ដុល្លារ​សហរដ្ឋអាមេរិក នៅ​ពេល​មាន​ថ្ងៃបុណ្យ​ធំៗ។

ការ​រៀបចំ​ពិធី​ប្រគំតន្ត្រី​រយៈពេល ៣​ថ្ងៃ ដើម្បី​អបអរ​ឆ្លង​ឆ្នាំ​សកល​២០១៥-​២០១៦ ចាប់​ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​សភា​ពាណិជ្ជកម្ម​ខេត្ត​គ្រោង​ចំណាយ​ថវិកា​ជាង ១២​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល