ក្រសួង​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​សិស្ស​ត្រៀម​ប្រឡង​បាក់ឌុប​ឱ្យ​មើល​អក្ខរាវិរុទ្ធ និង​រូបថត

ដោយ អាស៊ីសេរិ
2019-08-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សិស្ស​​វិទ្យាល័យ ១០ មករា ក្នុង​ទី​រួម​​ខេត្ត​សៀមរាប នាំ​គ្នា​​​ផ្ទៀង​មើល​ឈ្មោះ​សិស្ស​ដែល​សាលា​បាន​ដក​បេក្ខភាព​មិន​ឱ្យ​ចូល​រួម​ប្រឡង​សញ្ញាប័ត្រ​បាក់ឌុប កាល​ពី​ថ្ងៃ​ទី​៤ សីហា ឆ្នាំ​២០១៦។
សិស្ស​​វិទ្យាល័យ ១០ មករា ក្នុង​ទី​រួម​​ខេត្ត​សៀមរាប នាំ​គ្នា​​​ផ្ទៀង​មើល​ឈ្មោះ​សិស្ស​ដែល​សាលា​បាន​ដក​បេក្ខភាព​មិន​ឱ្យ​ចូល​រួម​ប្រឡង​សញ្ញាប័ត្រ​បាក់ឌុប កាល​ពី​ថ្ងៃ​ទី​៤ សីហា ឆ្នាំ​២០១៦។
RFA

ប្រសិនបើ​លោកអ្នក​នាង​មាន​កូន​ត្រៀម​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប នៅ​ថ្ងៃ​ទី​១៩ សីហា ខាងមុខនេះ សូម​ជំរុញ​ឱ្យ​ពួកគេ​ទៅ​ពិនិត្យ​មើល​បញ្ជី​ឈ្មោះ នៅ​តាម​វិទ្យាល័យ​របស់​ពួកគេ​រៀងៗ​ខ្លួន។

អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ឌី ខាំបូលី ឱ្យ​អាស៊ីសេរី​ដឹង​ថា ក្រសួង​បាន​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​សិស្ស​ត្រៀម​ប្រឡង​បាក់ឌុប នៅ​តាម​វិទ្យាល័យ​ទាំងអស់​នៅ​ទូទាំង​ប្រទេស ដើម្បី​ឱ្យ​សិស្ស​មាន​ឱកាស​ទៅ​ពិនិត្យមើល​អក្ខរាវិរុទ្ធ​ឈ្មោះ​សាមីខ្លួន​ប្រឡង ឈ្មោះ​ឪពុកម្ដាយ និង​រូបថត។

លោក​បញ្ជាក់​ទៀត​ថា បញ្ជី​ឈ្មោះ ដែល​បិទ​ផ្សាយ​នៅ​ថ្ងៃ​ទី​០៣ សីហា នេះ មិនមែន​ជា​បញ្ជី​ឈ្មោះ លេខ​រៀង ឬ​មណ្ឌល​ប្រឡង​របស់​សិស្ស​បាក់ឌុប​ទេ គឺ​គ្រាន់តែ​ជា​បញ្ជី​ឈ្មោះ​អ្នក​ដែល​មាន​សិទ្ធិ​ប្រឡង​ប៉ុណ្ណោះ។ ដោយឡែក​បញ្ជី​លេខ​តុ និង​មណ្ឌល ដែល​ត្រូវ​ប្រឡង នឹង​ត្រូវ​បិទ​ផ្សាយ​មួយថ្ងៃ មុន​ថ្ងៃ​ប្រឡង​បាក់​ឌុប ពោល​គឺ​នៅ​ថ្ងៃ​ទី​១៨ សីហា។

អ្នកនាំពាក្យ​រូប​នេះ​ឱ្យ​ដឹង​ថា ក្រសួង​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ ឱ្យ​បេក្ខជន​ប្រឡង​បាន​ពិនិត្យមើល​អក្ខរាវិរុទ្ធ​មុន​ពេល​ប្រឡង​នេះ ដើម្បី​ជៀសវាង​ការ​ខុស​ឈ្មោះ ឬ​ទិន្នន័យ​នៅ​ថ្ងៃ​ប្រឡង​។ លោក​បន្ថែម​ថា ចំពោះ​សិស្ស​ណា ដែល​ខុស​ឈ្មោះ​ខ្លួនឯង ខុស​ឈ្មោះ​ឪពុកម្ដាយ ឬ​ខុស​រូបថត ត្រូវ​ស្នើសុំ​កែតម្រូវ​ភ្លាមៗ នៅ​គណៈកម្មការ​បិទ​ផ្សាយ តាម​វិទ្យាល័យ​នីមួយៗ ហើយ​គណៈកម្មការ​នេះ នឹង​បញ្ជូន​បន្ត​ទៅ​មន្ទីរ​អប់រំ និង​ក្រសួង​អប់រំ ដើម្បី​កែតម្រូវ។

ការ​ប្រឡង​បាក់​ឌុប សម្រាប់​ឆ្នាំ​សិក្សា​២០១៨-២០១៩ នេះ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​១៩ សីហា ខាងមុខ​។ បេក្ខជន​ប្រឡង​មាន​ចំនួន ជាង ១​សែន ( ១១៩ ២១៧)​នាក់ ចែកចេញជា​ពីរ​ផ្នែក គឺ​ផ្នែក​វិទ្យាសាស្ត្រ​ពិត និង​វិទ្យាសាស្ត្រ​សង្គម​ហើយ​មណ្ឌល​ប្រឡង មាន​ចំនួន​២០២​មណ្ឌល នៅ​ទូទាំង​ប្រទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល