មនុស្ស​ជាង​៤​ពាន់​នាក់​ចូលរួម​កម្មវិធី​បារខែម​​​ត្រៀម​ខ្លួន​សម្រាប់​សមាហរណកម្ម​អាស៊ាន

ដោយ ខែ សុណង
2015-10-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល បុគ្គលិក​ក្រុមហ៊ុន និង​យុវជន​ស្ម័គ្រ​ចិត្ត បាន​រួម​គ្នា​បង្កើត​ព្រឹត្តិការណ៍​មួយ​ឈ្មោះ​ថា បារខែម (Barcamp) ដែល​គេ​ទទួល​ស្គាល់​ថា ជា​ព្រឹត្តិការណ៍​ពិភពលោក ដោយ​ផ្ដោត​លើ​ប្រធានបទ​ធំ គឺ​ការ​ត្រៀម​ខ្លួន​សម្រាប់​សមាហរណកម្ម​អាស៊ាន។ ព្រឹត្តិការណ៍​នេះ​ធ្វើ​ឡើង​រយៈ​ពេល ២​ថ្ងៃ ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៥ ខែ​តុលា នៅ​ឯ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ឬ​ហៅ​ថា សាលា​តិចណូ។

មនុស្ស​ជាង ៤​ពាន់​នាក់ ភាគ​ច្រើន​ជា​យុវជន​មក​ពី​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ឯកជន បាន​ចាប់​អារម្មណ៍ និង​ចូលរួម​ក្នុង​កម្មវិធី​បារខែម ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​សមាហរណកម្ម​អាស៊ាន។

អ្នក​រៀបចំ​ព្រឹត្តិការណ៍​បារខែម លោក ជី សុផាត ថ្លែង​នៅ​ថ្ងៃ​ទី​២៤ តុលា ថា គោលបំណង​នៃ​ព្រឹត្តិការណ៍​នេះ ចង់​ឲ្យ​សាស្ត្រាចារ្យ​បុគ្គលិក​អង្គការ​ក្រុមហ៊ុន​ឯកជន យុវជន សិស្ស​និស្សិត​ទាំង​អស់​ដែល​ធ្វើការ និង​សិក្សា​ក្នុង​វិស័យ​ផ្សេងៗ​គ្នា បាន​មក​ជួបជុំ​គ្នា ហើយ​ចែក​រំលែក​នូវ​ជំនាញ និង​បទពិសោធន៍​រៀងៗ​ខ្លួន។

លោក​ថា សម្រាប់​កម្មវិធី​នៅ​ឆ្នាំ​នេះ បញ្ហា​បច្ចេកវិទ្យា​អាជីព​ការងារ រចនា​ច្នៃ​ប្រឌិត និង​សហគ្រិនភាព គឺ​ជា​ប្រធានបទ​តូចៗ ក្រោម​ប្រធានបទ​ធំ គឺ​ការ​ត្រៀម​ខ្លួន​សម្រាប់​សមាហរណកម្ម​អាស៊ាន៖ «ការ​ពិត​ទៅ​យើង​ព្យាយាម​យក​ជំនាញ​ផ្សេង​ទៀត ដែល​យើង​បាន​ដាក់​មាន​ប្រហែល​ជា​៤ ក្នុង​នោះ ៥​ទាំង​វប្បធម៌ មាន​ន័យ​ថា យើង​យក​បច្ចេកវិទ្យា សហគ្រិនភាព អាជីព​ការងារ​និង​ការ​ច្នៃ​ប្រឌិត។ យើង​អញ្ជើញ​វាគ្មិន​ទាំង​៤ ដែល​មាន​ជំនាញ​ទាំង​អស់​នេះ ដើម្បី​ឲ្យ​អ្នក​ចូលរួម​បាន​ទទួល​នូវ​ចំណេះ​ជំនាញ​ទាំង ៤ ឬ​បទពិសោធន៍​ទាំង​៤ ដើម្បី​ពង្រឹង​គាត់​ឲ្យ​ជំនាញ​គាត់​កាន់​តែ​ល្អ​ឡើង ដើម្បី​ធ្វើការ​ប្រកួត​ប្រជែង​ជាមួយ​សមាហរណកម្ម​អាស៊ាន​ខាង​មុខ​ហ្នឹង»

និស្សិត​ម្នាក់​ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ គឺ​យុវជន លោក លី ម៉េងគីម អាយុ ១៩​ឆ្នាំ ជា​និស្សិត​ផ្នែក​ព័ត៌មាន​វិទ្យា​នៃ​វិទ្យាស្ថាន​ស៊ីតិច បាន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​កម្មវិធី​នេះ។ យុវជន​ដដែល​ថ្លែង​ថា បន្ទាប់​ពី​គាត់​បាន​ស្ដាប់​បទ​បង្ហាញ​របស់​អ្នក​ជំនាញ​គាត់​បាន​អភិវឌ្ឍ​ខ្លួន​ឯង​ច្រើន​ក្នុង​មុខវិជ្ជា​ដែល​ខ្លួន​កំពុង​រៀន៖ «ខ្ញុំ​ស្ដាប់​បាន​ត្រង់​ចំណុច​មួយ​ដែល​គាត់​លើក​ឡើង​ថា យើង​អ្នក I.T (អាយ.អី) ហ្នឹង ប៉ុន្តែ​នៅ​ពេល​យើង​ចេញ​ធ្វើ​ការ​មិនមែន​យើង​ចេញ​ធ្វើ​ការ​តែ អាយ.ធី មួយ​មុខ​ទេ យើង​ត្រូវ​ចេះ​ធ្វើការ​នៅ​ច្រើន​មុខវិជ្ជា​ទៀត។ ឧទាហរណ៍ ទំនាក់ទំនង​សាធារណៈ យើង​ត្រូវ​ចេះ​ទំនាក់ទំនង​គ្នា​ជា​ដើម។ ខាង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដើម្បី​ផ្គួប​គ្នា​ជាមួយ​មុខ​វិជ្ជា​យើង»

ព្រឹត្តិការណ៍ បារខែម បាន​ចាប់​ផ្ដើម​ធ្វើ​ឡើង​តាំង​ពី​ឆ្នាំ​២០០៨។ ព្រឹត្តិការណ៍​នេះ​គេ​តែង​ធ្វើ​ឡើង​ជា​រៀងរាល់​ឆ្នាំ ក្រោម​ការ​ឧបត្ថម្ភ និង​សហការ​រួមគ្នា​ពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា យូ.អេស.អេ.អាយ.ឌី (USAID) ក្រសួង​អប់រំ អង្គការ​សង្គម​ស៊ីវិល និង​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

Richard

ពី Modesto, CA USA

Seeing Cambodian lacking good education policy, our education can't compete with Thailand, Vietnam, or even Philippine. Forget about Chinese, India, and Philippine, these countries have sent their doctors, nurses, and engineers to work in America, I like to see this happen to our young.

Oct 25, 2015 04:08 AM

គេហទំព័រ​ទាំងមូល