មន្ត្រី​ប៉ូលិស​នៅ​​បាត់ដំបង​ថា​​ប្រធាន​អង្គភាព​បង្ខំ​ឲ្យ​​​កាត់​លុយ​ទៅ​កាកបាទ​ក្រហម

ដោយ ហ៊ុំ ចំរើន
2015-05-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

មន្ត្រី​ប៉ូលិស​នៅ​ស្រុក​ភ្នំព្រឹក ​ខេត្ត​បាត់ដំបង​ ចោទ​ប្រកាន់​អធិការ​នគរបាល​ស្រុក​នេះ​ថា តម្រូវ​​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​បង់​លុយ​ចូល​កាកបាទ​ក្រហម​កម្ពុជា ប្រចាំ​នៅ​ខែត្រ​នេះ ជា​លើក​ដំបូង ដែល​ដក​ចេញ​ពី​ប្រាក់​ខែ​របស់​មន្ត្រី​នគរបាល​ម្នាក់ៗ​ ដើម្បី​យក​ប្រើប្រាស់​​ក្នុង​ការងារ​សង្គម។ ប៉ុន្តែ​អធិការ​នគរបាល​ស្រុក​បដិសេធ​​ចំពោះ​​ការ​ចោទ​ប្រកាន់​នេះ​ថា​ ជា​រឿង​មិន​ពិត​ឡើយ។

​​​​​​​មន្ត្រី​ប៉ូលិស​ស្រុក​ភ្នំព្រឹក​​ សម្ដែង​ការ​មិន​ពេញ​ចិត្ត​ទៅ​នឹង​ទង្វើ​​​​ថ្នាក់​ដឹក​នាំ​របស់​ខ្លួន​នេះ​ ថា​ជា​កាយវិការ​មួយ​​ធ្វើ​ឡើង​ទាំង​បង្ខំ​នាំ​ឲ្យ​ប៉ះពាល់​​ដល់​សតិអារម្មណ៍​​របស់​មន្ត្រី​ក្រោម​ឱវាទ​ដែល​មាន​ប្រាក់​ចំណូល​តិចតួច។

មន្ត្រី​ប៉ូលិស​នៅ​ស្រុក​ភ្នំព្រឹក ម្នាក់ ថ្លែង​ក្នុង​លក្ខណៈ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា ថា មន្ត្រី​ប៉ូលិស​ថ្នាក់​ក្រោម​​​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក ជា​ច្រើន​នាក់​ ត្រូវ​បាន​លោក​អធិការ​នគរបាល​ស្រុក​ភ្នំព្រឹក តម្រូវ​ឲ្យ​ពួកគេ​​បង់​ប្រាក់​ម្នាក់ ១​ម៉ឺន​រៀល​ទៅ​ឲ្យ​កាកបាទ​ក្រហម​កម្ពុជា ខេត្ត​បាត់ដំបង ​ដែល​ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី​២០ រហូត​​ដល់​ថ្ងៃ​ទី​២២ ខែ​ឧសភា កន្លង​ទៅ។

មន្ត្រី​ប៉ូលិស​រូប​នេះ​បន្ត​ថា​ ការ​បង់​ប្រាក់​ទៅ​កាកបាទ​ក្រហម​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សតិអារម្មណ៍​របស់​មន្ត្រី​ប៉ូលិស​តូចតាច​ដែល​​មាន​ប្រាក់​ខែ​តិចតួច​មិន​សប្បាយ​ចិត្ត​ឡើយ។ លោក​បន្ថែម​ថា ការ​ដក​លុយ​ប្រាក់​ខែ​ពួកគាត់​នេះ​ជា​ការ​គាបសង្កត់​ដែល​ធ្វើ​ឲ្យ​ពួកគាត់​បាត់បង់​ប្រាក់​ចំណូល​ប្រចាំ​ខែ៖ «ជា​ធម្មតា​លុយ​ប្រាក់​ខែ​បើក​ពី​ធនាគារ​ទេ ក៏ប៉ុន្តែ​គេ​ឲ្យ​យើង​រក​ប្រាក់ ១​ម៉ឺន​រៀល​ផ្សេង​ទៅ​បង់​ឲ្យ​គេ​វិញ​ដដែល​ហ្នឹង ហើយ​បើ​យើង​មិន​ឲ្យ​គេ​វា​អាច​ប៉ះពាល់​​ការងារ​របស់​យើង​ទៅ​ថ្ងៃ​អនាគត។ តែ​បើ​សិន​ជា​យក​លុយ​នោះ​ទៅ​ជួយ​អ្នក​ក្រីក្រ​ពិត​ប្រាកដ​មែន ខ្ញុំ​មិន​សោកស្ដាយ​ទេ​ ប៉ុន្តែ​កន្លង​មក​​អ្នក​ក្រ​ពិត​ប្រាកដ​មិន​បាន​ប្រាក់​ជំនួយ​នោះ​ទេ»

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ​ អធិការ​នគរបាល​ស្រុក​ភ្នំព្រឹក លោក​ សុង សុភ័ក្រ​ មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​ពុំ​បាន​តម្រូវ​ឲ្យ​មន្ត្រី​ប៉ូលិស​ក្រោម​ឱវាទ​ណា​ម្នាក់​បង់​ប្រាក់​ទៅ​​ឲ្យ​កាកបាទ​ក្រហម​កម្ពុជា ខេត្ត​ដូច​ការ​លើ​ឡើង​នោះ​ទេ។

ទោះ​យ៉ាង​នេះ​លោក​ទទួល​ស្គាល់​ថា ការ​បង់​ប្រាក់​ទៅ​ឲ្យ​កាក​ក្រហម​នោះ​​ ធ្វើ​ឡើង​ចំពោះ​តែ​​រូប​លោក​​ម្នាក់​ឯង​ប៉ុណ្ណោះ​ គឺ​ពុំ​មាន​ពាក់​ព័ន្ធ​​មន្ត្រី​ក្រោម​ឱវាទ​នោះ​ឡើយ៖ «ទើប​តែ​ឆ្នាំ​នេះ​ដែល​កាកបាទ​ក្រហម​កម្ពុជា ខេត្ត​ឲ្យ​ជួយ​នោះ​ កន្លង​មក​ពុំ​មាន​ទេ។ ប៉ុន្តែ​ការ​ជួយ​នេះ​ជា​ការ​ស្ម័គ្រ​ចិត្ត​របស់​ខ្ញុំ​ទេ»

ទោះ​យ៉ាង​នេះ​ក្ដី​មន្ត្រី​ប៉ូលិស​ម្នាក់​ទៀត​អះអាង​ថា រូប​គេ​ក៏​បាន​បង់​ប្រាក់​ម្នាក់ ​១​ម៉ឺន​រៀល​ទៅ​ឲ្យ​កាកបាទ​ក្រហម​​ខេត្ត​បាត់ដំបង តាម​រយៈ​ថ្នាក់​ដឹក​នាំ​របស់​ខ្លួន​ដូចៗ​គ្នា។ មន្ត្រី​ប៉ូលិស​រូប​នេះ​បញ្ជាក់​ថា ពួកគេ​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​បង់​ប្រាក់​ម្នាក់ ១​ម៉ឺន​រៀល​នេះ ប៉ុន្តែ​​ដោយ​សារ​ជា​មន្ត្រី​តូចតាច​ នៅ​ក្រោម​បញ្ជាគេ​​ មិន​ហ៊ាន​ជំទាស់​នឹង​គ្មាន​ជម្រើស៖ «កាល​ពី​ថ្ងៃ​ប្រជុំ​នៅ​ក្នុង​អង្គភាព​កន្លង​ទៅ​គេ​សុំ​ឲ្យ​ពួក​ខ្ញុំ​ជួយ​ដល់​កាកបាទ​ក្រហម​ម្នាក់ ១​ម៉ឺន​រៀល​ ហើយ​លុយ​នោះ​ខ្ញុំ​ក៏​បាន​បង់​ឲ្យ​គេ​អស់​ទៅ​ហើយ​ដែរ»

មន្ត្រី​ស៊ើបអង្កេត​អង្គការ​លីកាដូ (Licadho) ខេត្ត​បាត់ដំបង លោក​ ហេង​ សាយហុង មាន​ប្រសាសន៍​ថា ការ​បង់​ប្រាក់​ម្នាក់ ១​ម៉ឺន​រៀល​ទៅ​ឲ្យ​កាកបាទ​ក្រហម​នេះ​ ថ្វីត្បិត​មាន​ចំនួន​តិចតួច​ក៏​ពិត​មែន ប៉ុន្តែ​ប្រសិន​​បើ​ពុំ​មែន​ជា​ការ​ស្ម័គ្រ​ចិត្ត​ទេ​ បញ្ហា​នេះ​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សតិអារម្មណ៍​របស់​មន្ត្រី​ប៉ូលិស​​ធ្វើ​ឲ្យ​ពួកគេបាត់​ទឹក​ចិត្ត​​ក្នុង​ការ​បំពេញ​ការងារ។

កាកបាទ​ក្រហម​កម្ពុជា បាន​ប្រភព​ចំណូល​ធំ​ពី​សប្បុរសជន​នានា និង​ឧកញ៉ា​ធំៗ​ដែល​ជិតស្និត​នឹង​គណបក្ស​ប្រជាជន​កម្ពុជា។ ការ​តម្រូវ​ឲ្យ​មន្ត្រី​រាជការ​បង់​វិភាគ​ទាន​ខ្លះ​ដក​ចេញ​ពី​ប្រាក់​ខែ​នេះ មិន​មែន​លេច​ឮ​តែ​ពី​មន្ត្រី​នគរបាល​ទាំង​នេះ​ទេ កន្លង​មក​ក៏​មាន​សកម្មភាព​បង់​លុយ​ដក​ចេញ​ពី​មន្ត្រី​រាជការ​មួយ​ចំនួន​ទៀត​ដែរ៕​​​​​​​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

វិធីសាស្ត្រលួចមានច្រើនណាស់ប្រទេសយើងអ្នកគតិបណ្ឌឹត
ចោរព្រោងព្រាត់រាប់ភ្លេចស្បែកមុខក្រាស់៧មែត្រពិសេសធ្វើ
ចោរហើយចេះស្រែកអោយគេជួយចាប់ចោរដ៍ទែ!

May 25, 2015 07:10 AM

គេហទំព័រ​ទាំងមូល