អាជ្ញាធរ​ខេត្ត​បាត់ដំបង​រៀបចំ​ពិធី​ឆ្លង​ឆ្នាំ​សកល​រយៈពេល​១០​ថ្ងៃ​១០​យប់

ដោយ ហ៊ុំ ចំរើន
2015-12-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អាជ្ញាធរ​ខេត្ត​បាត់ដំបង ដាក់​ភ្លើង​បំភ្លឺ​ត្រៀម​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០១៥-២០១៦ ក្នុង​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង កាល​ពី​យប់​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៥។
អាជ្ញាធរ​ខេត្ត​បាត់ដំបង ដាក់​ភ្លើង​បំភ្លឺ​ត្រៀម​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០១៥-២០១៦ ក្នុង​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង កាល​ពី​យប់​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA/Hum Chamroeun

អាជ្ញាធរ​ខេត្ត​បាត់ដំបង រៀបចំ​ពិធី​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០១៥-២០១៦ ដ៏​ធំ​មួយ​រយៈពេល ១០​យប់ ១០​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៥ ដល់​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៦។ នៅ​ក្នុង​ពិធី​នេះ នៅ​ពេល​យប់​មាន​ការ​ប្រគំ​តន្ត្រី សម្ដែង​សៀក បាញ់​កាំជ្រួច និង​បង្ហោះ​គោម​នៅ​មុខ​ផ្សារ​ណាត់​ក្រុង​បាត់ដំបង ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ទស្សនា​រៀង​រាល់​រាត្រី។

ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​បាត់ដំបង ភាគ​ច្រើន​សាទរ​នឹង​ការ​រៀបចំ​ពិធី​ឆ្លង​ឆ្នាំ​សកល ២០១៦ ដ៏​ធំធេង​មិន​ធ្លាប់​មាន ដែល​អាជ្ញាធរ​ប្រារព្ធ​ឡើង​ក្នុង​ទឹក​ដី​ខេត្ត​នេះ។

នៅ​ក្នុង​ពិធី​នេះ តាម​ដើម​ឈើ​អម​មាត់​ស្ទឹង​សង្កែ​ត្រើយ​ខាង​លិច មាន​ការ​តុប​តែង​លម្អ​ភ្លើង​ចម្រុះ​ពណ៌​ភ្លឺ​ចែង​ចាំង​តាម​ដង​ផ្លូវ និង​មាន​ដាក់​តាំង​ពិព័រណ៍​ទំនិញ​ខ្មែរ-ថៃ ហូរហែ​ចម្ងាយ​ប្រមាណ ១​គីឡូម៉ែត្រ។

ក្រុម​ប្រជាពលរដ្ឋ​ថ្លែង​ក្នុង​ទឹក​មុខ​សប្បាយ​រីករាយ ខណៈ​ឈរ​នៅ​មាត់​ស្ទឹង​សង្កែ ក្រុង​បាត់ដំបង នៅ​ថ្ងៃ​ទី​២៩ ធ្នូ ថា ពួក​គាត់​មាន​ក្ដី​រំភើប​ក្នុង​ចិត្ត​ជា​ខ្លាំង នៅ​ពេល​ឃើញ​អាជ្ញាធរ​ខេត្ត​បាត់ដំបង រៀបចំ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០១៥-២០១៦ ច្រើន​ថ្ងៃ​បែប​នេះ ដែល​បង្ក​ភាព​អធិកអធម​ជូន​ប្រជាពលរដ្ឋ​បាន​ទស្សនា​សប្បាយ។ អ្នក​ស្រុក សំណូមពរ​ឲ្យ​អភិបាល​ខេត្ត​បាត់ដំបង រៀបចំ​ប្រគំ​តន្ត្រី​ឆ្លង​ឆ្នាំ​សកល​ឲ្យ​បាន​រៀង​រាល់​ឆ្នាំ​ទៅ​មុខ​ទៀត៖ «ទាំង​គេ​ទាំង​ខ្ញុំ ចិត្ត​ណាស់! ដែល​បាន​ចូលរួម​ចូល​ឆ្នាំ​សកល​ក្នុង​ខេត្ត​បាត់ដំបង។ អាជ្ញាធរ​រៀបចំ​កម្មវិធី​នេះ​ផ្ដល់​សារប្រយោជន៍​ដល់​អ្នក​លក់​ដូរ អាច​លក់​របស់​របរ​បាន​ច្រើន​ជាង​សព្វ​ដង»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អភិបាល​ខេត្ត​បាត់ដំបង លោក ច័ន្ទ សុផល មាន​ប្រសាសន៍​ថា នៅ​ពេល​យប់​មាន​ការ​ប្រគំ​តន្ត្រី សម្ដែង​សៀក បាញ់​កាំជ្រួច និង​បង្ហោះ​គោម ចែក​ជូន​ប្រជាពលរដ្ឋ​ទស្សនា​រៀង​រាល់​រាត្រី។ លោក​បញ្ជាក់​ថា មូលហេតុ​ដែល​រៀបចំ​ឆ្លង​ឆ្នាំ​សកល​ច្រើន​ថ្ងៃ​បែប​នេះ ក្នុង​គោល​បំណង​បង្ក​ភាព​អធិកអធម ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​ប្រជាពលរដ្ឋ​បាន​លេង​កម្សាន្ត​សប្បាយ៖ «ក្នុង​ពិធី​នេះ យើង​មាន​រៀបចំ​តុ​កៅអី​ដាក់​ឲ្យ​បងប្អូន​ចូល​អង្គុយ​ទស្សនា ហើយ​អាច​ទិញ​ចំណី​អាហារ​ទៅ​ដាក់​ហូប​តាម​ចិត្ត​ចង់»

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​បាត់ដំបង រៀបចំ​ឆ្លង​ឆ្នាំ​សកល​ច្រើន​ថ្ងៃ​បែប​នេះ ជា​ការ​កេង​ចំណេញ​ផ្នែក​នយោបាយ ដើម្បី​ទាក់ទាញ​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​អបអរ​ថ្ងៃ​៧ មករា ទៅ​វិញ​ទេ៖ «ហើយ​ថ្មីៗ​នេះ​ក្នុង​ខេត្ត​បាត់ដំបង អត់​មាន​សុវត្ថិភាព​ពេញលេញ​នៅ​ឡើយ​ទេ ព្រោះ​មាន​ករណី​ចោរ​ប្លន់​ទ្រព្យ​សម្បត្តិ​របស់​អាជីវករ​នៅ​ក្រុង​បាត់ដំបង ហើយ​បាន​បង្ក​ការ​ភ័យ​ខ្លាច​ជា​ខ្លាំង​ដល់​ការ​រស់នៅ​ប្រជាពលរដ្ឋ»

ខេត្ត​បាត់ដំបង មាន​ប្រជាពលរដ្ឋ​រស់នៅ​ជាង ១​លាន​នាក់ និង​មាន ១៤​ស្រុក។ ខេត្ត​ដែល​មាន​រហស្សនាម​ថា ជា​ជង្រុក​ស្រូវ​របស់​កម្ពុជា មួយ​នេះ មាន​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ​ច្រើន​គួរ​សម មាន​ជាអាទិ៍ ប្រាសាទ​បាណន់ ឯក​ភ្នំ ដំណើរ​កម្សាន្ត​តាម​ឡូរី សេកសក និង​រមណីយដ្ឋាន​ភ្នំ​សំពៅ ជាដើម។ របាយការណ៍​មន្ទីរ​ទេសចរណ៍​ខេត្ត​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៥ ភ្ញៀវ​ទេសចរ​អន្តរជាតិ ចូល​ទស្សនា​ខេត្ត​បាត់ដំបង មាន​ចំនួន​ជាង ៩​ម៉ឺន ៤​ពាន់​នាក់ (៩៤.៤៨៨​នាក់) គឺ​កើន​ឡើង​ប្រមាណ ៥​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៤ ដែល​មាន​ជាង ៨​ម៉ឺន ៩​ពាន់​នាក់ (៨៩.១៥២​នាក់)។ ចំណែក​ឯ​ភ្ញៀវ​ទេសចរ​ជាតិ​វិញ ក្នុង​ឆ្នាំ​២០១៥ មាន​ចំនួន​ជាង ៥០​ម៉ឺន​នាក់ (៥០១.២៦០​នាក់) កើន​ឡើង​ប្រមាណ ១៤​ភាគរយ បើ​ធៀប​ឆ្នាំ​២០១៤ មាន​ជាង ៤៣​ម៉ឺន​នាក់ (៤៣៧.៣៤៥​នាក់)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

អ្នក​អាន​អនាមិក

How much money will waste for 10 days New Year Holiday? How many people will die from drink, drunk, drug, robber and accident? This is called, "POOR is acting like RICH".

Dec 30, 2015 04:29 AM

អ្នក​អាន​អនាមិក

In U.S, people work really hard, that's why this country leads the world's economy. In contrast, Cambodia is one of the poor country in the world, but has spent lot of time to holiday. This provincial governor should be fired.

Dec 29, 2015 09:31 PM

ឡាយកក្កដា

ពី បាត់ដំបង

ខ្ញុំគាំទ្រនឹងការរៀបចំកម្មវិធីនេះតែខ្ញុំសូមសំនូមពរទៅអភិបាល​ខេត្ត​បាត់ដំបង លោក ច័ន្ទ សុផលអោយមានការបន្ថែមកងកំលាំងដើម្បីការពារប្រជាពលរដ្ឋខេត្តយើងអោយមានសុវត្ថិភាព។កុំអោយជនខិលខូចមួយចំនួនឆ្លៀតឱកាសក្នុងកម្មវិធីដ៏អធិកអធម​មួយនេះ។សូមអោយកម្មវិធីនេះប្រព្រឹត្តទៅយ៉ាងរលូន ហើយសូមអោយមានការរៀបចំ​ប្រគំ​តន្ត្រី​ឆ្លង​ឆ្នាំ​សកល​ឲ្យ​បាន​រៀង​រាល់​ឆ្នាំ​ទៅ​មុខ​ទៀត។សូមអគុណ

Dec 29, 2015 01:14 PM

អ្នក​អាន​អនាមិក

ម៉េចមិនមើលប្រទេសគេជឿនលឿន គេបំផ្លាញធនធានបំផ្លាញលុយរបៀបក្ជះគេអ្ចឹងដែរអី?

Dec 29, 2015 08:48 AM

គេហទំព័រ​ទាំងមូល