ពលរដ្ឋ៖ សមត្ថកិច្ច​ច្រក​របៀង​អូរ​បីជាន់​យក​ប្រាក់​ពី​ពលករ​បើក​ឲ្យ​ទៅ​ថៃ​ខុស​ច្បាប់

ដោយ ហ៊ុំ ចំរើន
2015-04-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​ពលករ​ខ្មែរ​បម្រុង​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ តាម​ច្រក​របៀង​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២០ មេសា ឆ្នាំ​២០១៥។
សកម្មភាព​ពលករ​ខ្មែរ​បម្រុង​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ តាម​ច្រក​របៀង​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២០ មេសា ឆ្នាំ​២០១៥។
Provided Photo

ប្រជាពលរដ្ឋ​នៅ​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ អះអាង​ថា សមត្ថកិច្ច​ប្រចាំ​ច្រក​របៀង​អូរបីជាន់ ជាយ​ដែន​កម្ពុជា-​ថៃ កំពុង​ត្រូវប៉ាន់​រក​បាន​ប្រាក់​ចំណូល​ជា​ច្រើន​ពី​ពលករ​ខ្មែរ​រាប់​រយ​នាក់​ក្នុង​មួយ​ថ្ងៃៗ ជា​ថ្នូរ​បើកដៃ​ឲ្យ​ពួកគេ​ចេញ​ទៅ​ប្រទេស​ថៃ ដោយ​ខុស​ច្បាប់។ ប៉ុន្តែ​សមត្ថកិច្ច​ប្រចាំការ​ច្រក​របៀង​អូរបីជាន់ បដិសេធ​ថា ជា​រឿង​មិន​ពិត​ឡើយ។

ប្រជាពលរដ្ឋ​នៅ​តំបន់​ស្រុក​អូរបីជាន់ សម្ដែង​ការ​ភ្ញាក់ផ្អើល​និង​ចាត់​ទុក​ថា ជា​ការ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ឆ្លើយ​បដិសេធ​របស់​សមត្ថកិច្ច​ប្រចាំ​ច្រក​របៀង​អូរបីជាន់​នេះ ទាក់ទង​រឿង​យក​លុយ​ពលករ​ឆ្លង​ដែន​ខុស​ច្បាប់។

ប្រជាពលរដ្ឋ​នៅ​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ម្នាក់​ថ្លែង​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃ​ទី​២០ មេសា ថា ចាប់​តាំង​ពី​ចប់​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ នៅ​ថ្ងៃ​១៧ មេសា មក គឺ​សកម្មភាព​រថយន្ត​តាក់ស៊ី​ធុន​តូច​ដឹក​ពលករ​ខ្មែរ​រាប់​រាយ​នាក់​មួយ​ថ្ងៃៗ ដាក់​នៅ​ចំណុច​ច្រក​របៀង​អូរបីជាន់ ស្រុក​អូរជ្រៅ ដើម្បី​ចេញ​ទៅ​​ធ្វើការ​នៅ​ប្រទេស​ថៃ ដោយ​សុខ​ច្បាប់​ជា​បន្តបន្ទាប់។ ពលរដ្ឋ​រូប​នេះ​បន្ត​ថា ពលករ​ដែល​ចេញ​ទៅ​ប្រទេស​ថៃ តាម​ច្រក​របៀង​នោះ ត្រូវ​សមត្ថកិច្ច​ច្រក​តម្រូវ​ឲ្យ​ពួកគេ​បង់​ប្រាក់​ម្នាក់ ៥​ពាន់​រៀល​ ជា​ថ្នូរ​បាន​ឆ្លង​កាត់​ទៅ​ទឹកដី​ថៃ ដោយ​សុខ​ច្បាប់៖ «ខ្ញុំ​ឃើញ​ឡាន​ដឹក​មនុស្ស​ពេញៗ​ឡាន​ឆ្លង​កាត់​មុន​ផ្ទះ​ខ្ញុំ​រហូត​ដល់​ច្រក​របៀង។ ខ្ញុំ​ឃើញ​ពួកគាត់​​គួរ​ឲ្យ​អាណិត​ណាស់! ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ជួយ​ពលករ​ទាំង​នោះ​កុំ​ឲ្យ​មន្ត្រី​ច្រក​យក​ប្រាក់​ឆ្លង​ដែន​ទៅ​ថៃ បាន​ទេ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​ច្រក​របៀង​អូរបីជាន់ លោក ឡាយ ចន្ថា មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា ពិត​ជា​មាន​ពលករ​ខ្មែរ​សម្រុក​ចេញ​ទៅ​ប្រទេស​តាម​ច្រក​របៀង​ក្រោយ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ខ្លះ​មែន។ ទោះ​យ៉ាង​នេះ លោក​បដិសេធ​ថា សមត្ថកិច្ច​ពុំ​បាន​យក​ប្រាក់​ពី​ពលករ​ជា​ថ្នូរ​ឲ្យ​ពួកគេ​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ដោយ​ខុស​ច្បាប់​​នោះ​ទេ៖ «អត់​មាន​ទេ​ មាន​តែ​អ្នក​ជិះ​ម៉ូតូ​ម្នាក់​ពីរ និង​​មាន​ឡាន​ដឹក​ពលករ​មក​ដាក់​មុខ​ច្រក​ ប៉ុន្តែ​ខាង​ខ្ញុំ​ទប់​ស្កាត់​មិន​ឲ្យ​ពួកគេ​ចេញ​ទៅ​ប្រទេស​ថៃ ដោយ​សុខ​ច្បាប់​ទេ»

​ទោះ​យ៉ាង​នេះ​ក្ដី ពលករ​ខ្មែរ​មក​ពី​ខេត្ត​ស្វាយរៀង ម្នាក់​ឈ្មោះ​លោក ហាំ វណ្ណៈ ដែល​បម្រុង​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ តាម​ច្រក​របៀង​អូរបីជាន់ ថ្លែង​ថា ក្រុម​របស់​លោក​មាន​គ្នា​ប្រមាណ ២០​នាក់ ជួបជុំ​គ្នា​នៅ​ក្បែរ​ច្រក​របៀង ត្រៀម​ចេញ​ដំណើរ​ទៅ​ប្រទេស​ថៃ នៅ​រសៀល​ថ្ងៃ​ទី​២០ មេសា ដោយ​បង់​ប្រាក់​ឲ្យ​សមត្ថកិច្ច​ច្រក​ម្នាក់ ៥​ពាន់​រៀល៖ «ទាំង​គេ​ទាំង​ខ្ញុំ​នាំ​គ្នា​​អង្គុយ​ជា​ក្រុមៗ​តាម​គុម្ពោត​ព្រៃ​​ស្ងាត់​ក្បែរ​ច្រក​របៀង​អូរបីជាន់ រង់ចាំ​ចេញ​ទៅ​ប្រទេស​ថៃ រៀងៗ​ខ្លួន»

ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ទៀត​ថា ពលករ​ដែល​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ តាម​ច្រក​របៀង​អូរបីជាន់ នោះ ពួកគេ​ប្រថុយប្រថាន​នឹង​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត ចំណែក​ឯ​សមត្ថកិច្ច​ពុំ​មាន​វិធានការ​ទប់​ស្កាត់​ពលករ​ដែល​ចេញ​ទៅ​ប្រទេស​ថៃ នោះ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

>. យើងទៅ ខុសច្បាប់ គេយកលុយ តិចតួច អោយគាត់ ទៅ !

Apr 20, 2015 09:04 PM

គេហទំព័រ​ទាំងមូល