សមត្ថកិច្ច​​​នៅ​ខេត្ត​ត្បូងឃ្មុំ​ហាមឃាត់​ពលរដ្ឋ​មិន​ឱ្យ​ចូល​មើល​ដី​មាន​​ជម្លោះ​ជិត​ព្រំដែន

ដោយ​ សូត សុខប្រាថ្នា
2015-06-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (adhoc) និង​ប្រជាពលរដ្ឋ រង់ចាំ​ការ​ចរចា​ជាមួយ​មន្ត្រី​អាជ្ញាធរ​ព្រំដែន​ចាន់មូល ដើម្បី​ស្នើ​ចូល​មើល​ដី​ជម្លោះ​នៅ​ជិត​ប៉ុស្តិ៍​ព្រំដែន​ចាន់មូល ឃុំ​ចាន់មូល ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៥។
មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (adhoc) និង​ប្រជាពលរដ្ឋ រង់ចាំ​ការ​ចរចា​ជាមួយ​មន្ត្រី​អាជ្ញាធរ​ព្រំដែន​ចាន់មូល ដើម្បី​ស្នើ​ចូល​មើល​ដី​ជម្លោះ​នៅ​ជិត​ប៉ុស្តិ៍​ព្រំដែន​ចាន់មូល ឃុំ​ចាន់មូល ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៥។
RFA/Saut Sokprathna

ពលរដ្ឋ មន្ត្រី​សង្គម​ស៊ីវិល រិះគន់​អាជ្ញាធរ​កម្ពុជា ប្រចាំការ​នៅ​តាម​ព្រំដែន​វៀតណាម ​នៅ​ច្រក​ចាន់មូល ស្ថិត​នៅ​ឃុំ​ចាន់មូល ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ថា មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​របស់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន ដោយ​ភ័យ​ខ្លាច​អាជ្ញាធរ​វៀតណាម ឬ​​បំពេញ​ការងារ​ដោយ​លាក់​កំបាំង។

ការ​រិះគន់​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល ត្រូវ​មន្ត្រី​នៅ​ច្រក​ព្រំដែន​រារាំង​មិន​ឲ្យ​ចូល​ទៅ​តំបន់​ដី​មាន​ជម្លោះ​រវាង​ពលរដ្ឋ​ជាមួយ​នាយ​ប៉ុស្តិ៍​ព្រំដែន​នៅ​ច្រក​ចាន់មូល កាល​ពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​មិថុនា។ មន្ត្រី​ការពារ​ព្រំដែន​លើក​ហេតុផល​ថា ដី​នៅ​តំបន់​នោះ​នៅ​មិន​ទាន់​ដោះស្រាយ​ជាមួយ​អាជ្ញាធរ​វៀតណាម រួចរាល់​ទេ បើ​ចង់​ចូល​ទាល់​តែ​មាន​ការ​អនុញ្ញាត​ពី​ភាគី​វៀតណាម។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) និង​ពលរដ្ឋ​យល់​ថា ការ​ហាម​ឃាត់​ពួកគេ​មិន​ឱ្យ​ទៅ​កាន់​ដី​ជម្លោះ​រវាង​ពលរដ្ឋ​មួយ​គ្រួសារ​ជាមួយ​មេ​ប៉ុស្តិ៍​ព្រំដែន​ចាន់មូល គឺ​ជា​រឿង​មិន​ត្រឹមត្រូវ។ ពួកគេ​ថែម​ទាំង​ដាក់​ការ​សង្ស័យ​ថា តំបន់​ដី​ជម្លោះ ហាក់​មាន​ភាព​អាថ៌កំបាំង ម្យ៉ាង​អាច​មក​ពី​ទម្លាប់​ខ្លាច​គេ​ផង។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត សម្ដែង​ការ​ហួសចិត្ត​នៅ​ពេល​មាន​ជម្លោះ​ដីធ្លី​រវាង​ខ្មែរ និង​ខ្មែរ ក្នុង​ដី​ខ្មែរ បែរ​ជា​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​ភាគី​វៀតណាម ទៅ​វិញ បើ​ទោះ​បី​ជា​លោក​​ប្រាប់​អាជ្ញាធរ​ថា ចូល​មើល​ត្រឹម​ដី​ជម្លោះ​ក៏ដោយ៖ «ខ្ញុំ​ឆ្ងល់​ដែរ​ថា បារាស​ព្រំដែន យើង​មិន​ដូច​បារាស​ព្រំដែន​វៀតណាម។ បារាស​ព្រំដែន​វៀតណាម ព្រំដែន​គេ​ត្រឹម​ណា​គេ​ធ្វើ​ប៉ុស្តិ៍​ត្រឹម​ហ្នឹង។ ឯ​ខ្មែរ​យើង​វិញ ២០០​ម៉ែត្រ​ពី​បង្គោល​ព្រំដែន​ហើយ​មក​ធ្វើ​ប៉ុស្តិ៍​នៅ​ខាង​ក្រោយ ហើយ​មក​ឃាត់​ខ្ញុំ ឃាត់​នៅ​ខាង​ក្រោយ។ ខ្ញុំ​អត់​យល់!»

ពលរដ្ឋ​ខ្លះ​ថា ក្បែរ​តំបន់​ដែល​ហាមឃាត់​នោះ ​ជា​កន្លែង​ស្តុក​ឈើ​ប្រណីត​ខុស​ច្បាប់​របស់​ឈ្មួញ។ ពិសេស​ជាង​នេះ​ទៀត ​គឺ​ពាក់ព័ន្ធ​រឿង​ព្រំដែន​តែម្ដង ពីព្រោះ​ពី​កន្លែង​ដី​មាន​ជម្លោះ​ទៅ​កាន់​បង្គោល​ព្រំដែន​លេខ ៩៦ ប្រមាណ ២០០ ទៅ ៣០០​ម៉ែត្រ ប៉ុន្តែ​អាជ្ញាធរ​បែរ​ជា​មិន​អនុញ្ញាត​ឱ្យ​ចូល​ទៅ។ អាជ្ញាធរ​អះអាង​ថា ទាល់តែ​មាន​ការ​យល់​ព្រម​ពី​ភាគី​វៀតណាម ជា​មុន​សិន ទើប​អាជ្ញាធរ​ខ្មែរ​អនុញ្ញាត ដើម្បី​ជៀសវាង​មាន​បញ្ហា​កើត​ឡើង ព្រោះ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​មិន​ទាន់​ដោះស្រាយ​ឱ្យ​បាន​​ច្បាស់​លាស់​នៅ​ឡើយ ឬ​ហៅ​ថា តំបន់​ស។ ផ្ទុយ​ពី​នេះ ផ្ទះ​វៀតណាម មួយ​គ្រួសារ​គេ​អាច​មក​លក់​ដូរ​គុយទាវ កាហ្វេ ឱ្យ​ពលរដ្ឋ​ខ្មែរ និង​អាជ្ញាធរ​របស់​គេ​នៅ​ក្បែរ​ដី​មាន​ជម្លោះ​បាន ស្រប​ពេល​ដែល​អាជ្ញាធរ​មូលដ្ឋាន​បញ្ជាក់​ថា ដី​ដែល​វៀតណាម តាំង​ទី​នោះ គឺ​ជា​ដី​របស់​ខ្មែរ។

នៅ​ពេល​ចរចា​ជាមួយ​​មន្ត្រី​ប្រចាំការ​នៅ​ច្រក​ព្រំដែន​ចាន់មូល សុំ​ចូល​ទៅ​មើល​ដី​របស់​ពលរដ្ឋ​មួយ​គ្រួសារ ដែល​មាន​ចម្ងាយ​ប្រមាណ ១០០​ម៉ែត្រ​ពី​ប៉ុស្តិ៍​ព្រំដែន​នោះ ពួកគេ​ហាក់​មាន​សម្ពាធ​ខ្លាំង​ណាស់​ក្នុង​ការ​សម្រេច​ថា ឱ្យ​ចូល ឬ​មិន​ឱ្យ​ចូល។ ម្ដង​ពួកគេ​ថា ឱ្យ​ចូល ម្តង​ថា មិន​ឱ្យ​ចូល ពិសេស​ក្រោយ​ពេល​ពួកគេ​និយាយ​ទូរស័ព្ទ​​ជាមួយ​មេ​ពួកគេ​ម្តងៗ។ មន្ត្រី​ការពារ​ព្រំដែន​ថា គេ​នឹង​យល់​ព្រម​ឱ្យ​ចូល​ប្រសិន​បើ​មាន​មេ​ភូមិ ឬ​មេ​ឃុំ​ធានា ប៉ុន្តែ​ពេល​មាន​អាជ្ញាធរ​ទាំង​នោះ​ចូលរួម ពួកគេ​នៅ​ហាម​ឃាត់​មិន​ឱ្យ​ចូល​ទៅ​កន្លែង​ដី​ជម្លោះ​ដដែល។

យ៉ាង​ណា​ក្នុង​ពេល​ចរចា​នៅ​មុខ​ទីស្នាក់ការ​ប៉ុស្តិ៍​ការពារ​ព្រំដែន គឺ​មិន​ឃើញ​វត្តមាន​របស់​នាយ​នគរបាល​ប៉ុស្តិ៍​ព្រំដែន​ឃុំ​ចាន់មូល លោក គីម វណ្ណា នៅ​កន្លែង​ទេ កាល​ពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​មិថុនា ហើយ​សួរ​រក​លេខ​ទូរស័ព្ទ​ក៏​គ្មាន​អ្នក​ដឹង​ទៀត។ ​ពលរដ្ឋ​ចោទ​ប្រកាន់​មេ​ប៉ុស្តិ៍​រូប​នេះ​ថា បាន​យក​អាត្រាក់​ជីក​ប្រឡាយ​ទទឹង​ប្រមាណ ១​ម៉ែត្រ បណ្ដោយ​ជិត ៣០​ម៉ែត្រ រំលោភ​ដី​របស់​គាត់ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មិថុនា។

ទោះ​យ៉ាងណា​ក៏ដោយ មេ​ឃុំ​ចាន់មូល ដែល​និយាយ​ម្ដង​ថា ឱ្យ​ពួក​យើង​ចូល​ទៅ​មើល​ទីតាំង​ដី​មាន​ជម្លោះ ហើយ​បែរ​ប្រែ​ក្រឡាស់​ភ្លាមៗ បន្ទាប់​ពី​ឈប់​និយាយ​ជាមួយ​ដៃគូ​សន្ទនា​​ខ្លួន​ភ្លាម។ លោក ប្រាក់ សុគន្ធ និយាយ​ទាំង​ញ័រ​មាត់​ថា ទីតាំង​ដែល​មេ​ប៉ុស្តិ៍​ជីក​ប្រឡាយ​នោះ គឺ​ដើម្បី​បង្ហូរ​ទឹក​ចេញ​ពី​ដី​ស្ថិត​នៅ​ផ្នែក​ក្នុង ជៀសវាង​ដក់​ទឹក​ធ្វើ​ឱ្យ​ងាប់​ដំណាំ។ លោក​អះអាង​ថា ដី​របស់​ពលរដ្ឋ គឺ​មិន​បាត់បង់​ឡើយ ហើយ​លោក​នឹង​យក​រឿង​នេះ​ទៅ​ពិភាក្សា​ជាមួយ​មេ​ប៉ុស្តិ៍​ព្រំដែន​បន្ថែម​ទៀត។

ចំណែក​រឿង​ហាមឃាត់​មិន​ឱ្យ​សង្គម​ស៊ីវិល ពលរដ្ឋ និង​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ចូល​ទៅ​កាន់​ដី​ជម្លោះ លោក ប្រាក់ សុគន្ធ បញ្ជាក់​ថា គឺ​ទាល់​តែ​សុំ​ពី​ភាគី​វៀតណាម ជា​មុន​សិន៖ «កាល​ណា​យើង​ចូល​ទៅ គឺ​ទាល់​តែ​មាន​ច្បាប់​ពី​វៀតណាម។ ដី​យើង​ទាល់​តែ​សុំ​ពី​វៀតណាម? ខ្ញុំ​ធ្វើ​ម៉េច​បាន​ធ្វើ​ច្បាប់​បាន?អ៊ីចឹង​បាន​ថា។ ...អត់​បាន​ទេ!»

ដោយឡែក​រឿង​ពលរដ្ឋ​វៀតណាម មក​ធ្វើ​ផ្ទះ​លក់​បាយ កាហ្វេ នៅ​ក្បែរ​ប៉ុស្តិ៍​ព្រំដែន​ចាន់មូល ស្ថិត​នៅ​ក្នុង​ដីខ្មែរ​ជា​ច្រើន​រយ​ម៉ែត្រ​ពី​បង្គោល​ព្រំដែន​នោះ លោក​មេ​ឃុំ​បន្ថែម​ថា ពួកគេ​ទើបតែ​មក​រស់​នៅ​បាន​ប្រមាណ​ជា ២​ឆ្នាំ ហើយ​ពួកគេ​គ្រាន់​តែ​មក​តាំង​ទី​ដើម្បី​រក​ស៊ី​បណ្ដោះអាសន្ន​ប៉ុណ្ណោះ។

ពលរដ្ឋ​ភូមិ​ចាន់មូល មាន​ជម្លោះ​ជាមួយ​មេ​ប៉ុស្តិ៍​ព្រំដែន លោក អាន សាអ៊ុន ឱ្យ​ដឹង​ថា ដី​លោក​មាន​បញ្ហា គឺ​មាន​ទំហំ ៦០អា (A)។ លោក​យល់​ថា មេ​ប៉ុស្តិ៍​ជីក​ប្រឡាយ​ គឺ​មិន​មែន​គោល​បំណង​បង្ហូរ​ទឹក​ចេញ​ទេ ប៉ុន្តែ​ជា​ចេតនា​ចង់​យក​ដី​របស់​លោក​តែម្ដង ព្រោះ​បើ​គេ​ជីក​បង្ហូរ​ទឹក គេ​គួរ​តែ​ជីក​នៅ​ជាប់​ព្រំ​ដី​គ្នា ប៉ុន្តែ​ករណី​នេះ មេ​ប៉ុស្តិ៍​បែរ​ជា​មក​ជីក​លើ​ដី​គាត់​ទៅ​វិញ។

យ៉ាង​ណា​ពលរដ្ឋ​ម្ចាស់ដី​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មិថុនា ថា ប្រឡាយ​ដែល​មេ​ប៉ុស្តិ៍​ព្រំដែន​ចាន់មូល ជីក គឺ​គេ​បាន​លុប​វិញ​ហើយ។

ជុំវិញ​ការ​ហាមឃាត់​មន្ត្រី​សង្គម​ស៊ីវិល ពលរដ្ឋ និង​អ្នក​សារព័ត៌មាន​មិន​ឱ្យ​ចូល​ទៅ​មើល​ដី​ជម្លោះ​រវាង​ខ្មែរ និង​ខ្មែរ នៅ​ក្បែរ​ព្រំដែន​វៀតណាម លោក នាង សុវ៉ាត ស្នើ​ឱ្យ​រាជរដ្ឋាភិបាល គប្បី​ផ្លាស់ប្ដូរ​មន្ត្រី​អាជ្ញាធរ​ទាំង​ឡាយ​ណា​ដែល​មាន​ទម្លាប់​ខ្លាច​គេ​​ចេញ​ពី​តំបន់​តាម​ព្រំដែន ដោយ​ជំនួស​សមត្ថកិច្ច​ដែល​យល់​ដឹង​ពី​បញ្ហា​ព្រំដែន និង​មាន​ឆន្ទៈ​ការពារ​បូរណភាព​ដែនដី​ពិត​ប្រាកដ ជៀសវាង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​រាជរដ្ឋាភិបាល និង​បូរណភាពដែនដី​របស់​កម្ពុជា ត​ទៅ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

បើបង្ហាត់ឲ្យចេះ ដាក់អ្នកស្នេហាជាតិ ម៉េចយួនព្រម ទាល់តែក្ជះយួនទើបគេបន្តុបឲ្យខ្មែររលាយ ឲ្យលឿនៗទៅព្រះអ៊ឺយ។

Jun 26, 2015 06:20 AM

អ្នក​អាន​អនាមិក

ដោយឡែក​រឿង​ពលរដ្ឋ​វៀតណាម មក​ធ្វើ​ផ្ទះ​លក់​បាយ កាហ្វេ នៅ​ក្បែរ​ប៉ុស្តិ៍​ព្រំដែន​ចាន់មូល ស្ថិត​នៅ​ក្នុង​ដីខ្មែរ​ជា​ច្រើន​រយ​ម៉ែត្រ​ពី​បង្គោល​ព្រំដែន​នោះ លោក​មេ​ឃុំ​បន្ថែម​ថា ពួកគេ​ទើបតែ​មក​រស់​នៅ​បាន​ប្រមាណ​ជា ២​ឆ្នាំ ហើយ​ពួកគេ​គ្រាន់​តែ​មក​តាំង​ទី​ដើម្បី​រក​ស៊ី​បណ្ដោះអាសន្ន​ប៉ុណ្ណោះ។
why they never think about it. Youn(vietnamese)always use this excuse to grab Cambodia Land.

Jun 26, 2015 12:49 AM

គេហទំព័រ​ទាំងមូល