ពលរដ្ឋ​នៅ​កំពង់ចាម​ស្នើ​អាជ្ញាធរ​ជួយ​ស្វែងរក​ក្របី​ដែល​ចោរ​លួច​ជិត​៣០​ក្បាល

ដោយ សូត សុខប្រាថ្នា
2015-03-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ប្រជាពលរដ្ឋ​នៅ​ស្រុក​បាធាយ ខេត្ត​កំពង់ចាម អំពាវនាវ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច ជួយ​ស្វែងរក​ក្របី​របស់​ពួក​គាត់​ជិត ៣០​ក្បាល ដែល​ក្រុម​ចោរ​បាន​លួច​កាល​ពី​យប់​ថ្ងៃ​ទី​២៣ មីនា។ ការ​អំពាវនាវ​នេះ ស្រប​ពេល​អាជ្ញាធរ​ថា​ពួក​គេ​កំពុង​បើក​ការ​ស៊ើប​អង្កេត​ជុំវិញ​បញ្ហា​នេះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់។

ពលរដ្ឋ​រស់នៅ​ឃុំ​សណ្ដែក ស្រុក​បាធាយ ចាប់​ផ្តើម​បារម្ភ​ចំពោះ​បញ្ហា​សុវត្ថិភាព​សន្តិសុខ​នៅ​ក្នុង​ភូមិ​ស្រុក ដោយសារ​មាន​អំពើ​ចោរកម្ម​លួច​ទ្រព្យ​សម្បត្តិ ដូចជា​សត្វ​ពាហនៈ កើត​មាន​នៅ​ក្នុង​ភូមិ​ជាដើម។

ពលរដ្ឋ​នៅ​ឃុំ​សណ្ដែក អ្នកស្រី ហ៊ឹម ញ៉រ ឲ្យ​ដឹង​ថា អ្នកស្រី​តែង​យក​ក្របី​ទៅ​ឃ្វាល​ឆ្ងាយ​ពី​ភូមិ​ជាច្រើន​គីឡូម៉ែត្រ រហូត​ត្រូវ​សម្រាន្ត​នៅ​វាល​មួយ​ឈ្មោះ​ថា វាល​រមាលភេរ ឋិត​នៅ​ក្នុង​តំបន់​បឹង​ទន្លេសាប ជាមួយ​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​ផ្សេង​ទៀត។ អ្នកស្រី​ថា គ្រួសារ​អ្នកស្រី​បាត់​ក្របី​សរុប​ចំនួន ៧​ក្បាល​ក្នុង​ចំណោម​ក្របី ២០​ក្បាល។ អ្នកស្រី​ឲ្យ​ដឹង​ទៀត​ថា នៅ​យប់​កើត​ហេតុ គឺ​មាន​មនុស្ស​ចំនួន ៤​នាក់​ប្រដាប់​ដោយ​អាវុធ សំដៅ​ចូល​មក​កន្លែង​ស្នាក់នៅ​របស់​ពួក​គាត់ និង​មាន​ជាច្រើន​នាក់​ផ្សេង​ទៀត​នៅ​ចាំ​រថយន្ត។ ក្រោយ​មក​ក៏​មាន​ការ​បាញ់​គំរាម​ពួក​គាត់ ព្រម​ទាំង​បិទ​មុខ​ពួក​គាត់​ទាំង ៦​នាក់​ដែល​ដេក​ចាំ​ក្របី មិន​ឲ្យ​ឃើញ​ពី​សកម្មភាព​របស់​ពួក​គេ ហើយ​ក៏​កៀង​ក្របី​ជាច្រើន​ក្បាល​ឡើង​រថយន្ត។ អ្នកស្រី​បន្ត​ថា ក្រុម​ចោរ គឺ​ប្រមូល​យក​ក្របី​ណា​ដែល​ធំៗ​តែ​ប៉ុណ្ណោះ។ អ្នកស្រី​បញ្ជាក់​ថា គ្រួសារ​គាត់​សំណាង​អាក្រក់​កើត​ឡើង​ស្រប​គ្នា ពីព្រោះ​ពេល​ថ្ងៃ​ចោរ​លួច​ម៉ូតូ​នៅ​ខេត្ត​កណ្ដាល ហើយ​ស្រាប់​តែ​យប់​ឡើង​ចោរ​លួច​ក្របី​ទៀត៖ «ពេល​បាត់​ក្របី​ទៀត​ខ្ញុំ​វា​វង្វេង​រង្វាន់​អស់​ហើយ។ តាំង​កូន​ខ្ញុំ​វា​រោគ​បេះដូង​ទៀត»

បន្ថែម​ពី​នេះ មេ​ឃុំ​សណ្ដែក លោក ហ៊ុល ញ៉ុង មាន​ប្រសាសន៍​ថា មាន​ពលរដ្ឋ​ជាង ១០​គ្រួសារ​ដែល​រងគ្រោះ ហើយ​មាន​ក្របី​បាត់​ទាំងអស់​ជិត ៣០​ក្បាល​ក្នុង​ចំណោម​ក្របី​ជាង ៧០​ក្បាល។ លោក​បន្ត​ថា កន្លង​មក​ធ្លាប់​បាត់​ក្របី​ដែរ ប៉ុន្តែ​ការ​បាត់​នោះ​ពុំ​មែន​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ដូច​លើក​នេះ​ទេ គឺ​ជា​ការ​បាត់​ដោយ​ដាច់​ហ្វូង ហើយ​ការ​បាត់​លើក​នេះ​លោក​ហៅ​ថា​ជា​អំពើ​ប្លន់​តែ​ម្តង។ លោក​ថា ពលរដ្ឋ​ដែល​ចោរ​ប្លន់​ក្របី​ទាំង​នោះ ជួប​គ្រោះ​ផ្ទួនៗ​គ្នា ព្រោះ​កាល​ពី​ខែ​វស្សា ស្រូវ​ស្រែ​របស់​ពួក​គាត់​ស្កក​ស្ទើរ​តែ​គ្រប់​គ្នា ហើយ​ឥឡូវ​ចោរ​លួច​ក្របី​ទៀត។ លោក​បន្ថែម​ទៀត​ថា អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ កំពុង​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​មួយ​នេះ៖ «អាជ្ញាធរ​ភូមិ​ខ្ញុំ​បញ្ជូន​តាម​ឡាន។ ឥឡូវ​ហ្នឹង​មាន​ទៅ​ដល់​នៅ​កុងស៊ី​នៅ​ភ្នំពេញ​ម៉ោង​បី​យប់។ មាន​នៅ​ត្រពាំងផ្លុង ជិត​ទៅ​ដល់​ខ្លះ។ យើង​ទៅ​កាក់​មើល​នៅ​ហ្នឹង»

យ៉ាង​ណា ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម លោក ប៉ែន រ័ត្ន មាន​ប្រសាសន៍​ថា បញ្ហា​នេះ​អាជ្ញាធរ​មាន​សមត្ថកិច្ច​កំពុង​ស៊ើប​អង្កេត​បន្ថែម​ទៀត ពីព្រោះ​បញ្ហា​កើត​ឡើង​ហាក់​នៅ​មាន​ភាព​មន្ទិល​សង្ស័យ​នៅ​ឡើយ៖ «តាម​បច្ចេកទេស​យើង​ត្រូវ​ប្រតិកម្ម ត្រូវ​បើក​ការ​ស៊ើប​អង្កេត​ហើយ ប៉ុន្តែ​ករណី​នេះ​វា​ចម្លែក​ពេក​លួច​ម្តង​ហា​ហុកសិប​ក្បាល វា​ពិបាក​ជឿ​ណាស់។ ហើយ​លួច​ឡើង​ឡាន​ទៀត ហើយ​មាន​គ្នា​ដល់ ៦​នាក់ គេ​មក​ចង តើ​អ្នក​មក​ចង​នោះ​មាន​គ្នា​ប៉ុន្មាន​នាក់»

ភូមិ​ស្វាយព្រៃ ឋិត​នៅ​ក្នុង​ឃុំ​សណ្ដែក គឺ​ជា​ភូមិ​មួយ​នៅ​ចុងកាត់មាត់ញក ហើយ​ករណី​ប្លន់​គោ​ក្របី​របស់​ពលរដ្ឋ​ពេល​នេះ ធ្វើ​ឲ្យ​ពួក​គាត់​មួយ​ចំនួន​នៅ​ក្នុង​ភូមិ​បារម្ភ​ចំពោះ​បញ្ហា​សន្តិសុខ​សុវត្ថិភាព។

បន្ថែម​លើ​ការ​ព្រួយ​បារម្ភ​របស់​ពលរដ្ឋ មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក នាង សុវ៉ាត មាន​ប្រសាសន៍​ថា ពលរដ្ឋ​ច្បាស់​ជា​បារម្ភ​ហើយ ពីព្រោះ​បញ្ហា​នេះ​បញ្ជាក់​ពី​កម្សោយ​របស់​សមត្ថកិច្ច​ក្នុង​ការ​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ពួក​គាត់ និង​ម្យ៉ាង​ទៀត វា​ប្រាសចាក​ពី​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​រាជ​រដ្ឋាភិបាល​ទៀត​ផង។ លោក​បន្ត​ថា ករណី​ប្លន់​ធំៗ​បែប​នេះ ក្រុម​ជនល្មើស​គឺ​បាន​វាយ​តម្លៃ​ពី​សមត្ថភាព​របស់​សមត្ថកិច្ច​រួច​ទៅ​ហើយ ហើយ​លោក​យល់​ថា វា​អាច​មាន​ពាក់ព័ន្ធ​ជាមួយ​សមត្ថកិច្ច​ខ្លះ​ផង​ក៏​មិន​ដឹង៖ «បើ​និយាយ​ថា​ប្រសិន​បើ​គាត់​រក​បាន គាត់​ធ្វើ​បាន​ដោយសារ​ចិញ្ចឹម​ក្របី​មុខ​ជា​គាត់​លែង​ហ៊ាន​ហើយ»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ គេហទំព័រ​នៅ​ក្នុង​ស្រុក​នា​ពេល​ថ្មីៗ​នេះ បាន​ចុះ​ផ្សាយ​អំពី​ការ​ព្រមាន​របស់​អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន ដល់​គ្រប់​ស្នងការ អធិការ និង​សមត្ថកិច្ច​តាម​មូលដ្ឋាន​ទាំងអស់ ថា​នឹង​អាច​ប្រឈម​ការ​ត្រួត​ពិនិត្យ ឬ​ដក​ចេញ​ពី​តំណែង​តែ​ម្តង ប្រសិន​បើ​ធ្វេសប្រហែស​ចេះ​តែ​បណ្ដោយ​ឲ្យ​មាន​ករណី​ប្លន់​ប្រដាប់​អាវុធ​កើត​ឡើង​ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល