អាជ្ញាធរ​ខេត្ត​កំពង់ចាម​ស៊ើប​អង្កេត​បន្ថែម​ករណី​បាត់​ក្របី​ប្រមាណ​២០​ក្បាល

ដោយ សូត សុខប្រាថ្នា
2015-03-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

អាជ្ញាធរ​ខេត្ត​កំពង់ចាម បញ្ជាក់​ថា ករណី​បាត់​ក្របី​របស់​ពលរដ្ឋ​នៅ​ឃុំ​សណ្ដែក ស្រុក​បាធាយ ប្រមាណ ២០​ក្បាល កំពុង​ឋិត​ក្នុង​ការ​សង្ស័យ​នៅ​ឡើយ ហើយ​សមត្ថកិច្ច​នៅ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ថា​ជា​ករណី​ប្លន់​នោះ​ដែរ ដ្បិត​ត្រូវ​ការ​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់លាស់។

ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម លោក ប៉ែន រ័ត្ន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៨ មីនា ថា សមត្ថកិច្ច​កំពុង​បន្ត​ស៊ើប​អង្កេត​លើ​បញ្ហា​នេះ ពីព្រោះ​មាន​ចំណុច​ជាច្រើន​ដែល​អាជ្ញាធរ​មិន​អាច​ជឿ​បាន​ទាំង​ស្រុង។ លោក​បន្ត​ថា ពលរដ្ឋ ៦​នាក់​ដែល​សម្រាន្ត​ចាំ​ក្របី​ជាង ៦០​ក្បាល​កាល​ពី​យប់​កើត​ហេតុ ថ្ងៃ​ទី​២៣ មីនា ដែល​បាន​អះអាង​ថា ក្រុម​ចោរ​លួច​ក្របី​របស់​ពួក​គាត់​ដាក់​ឡាន​នោះ គឺ​និយាយ​មិន​ស៊ី​សង្វាក់​គ្នា​ទេ។ ពលរដ្ឋ​ដែល​បាត់​ក្របី​ខ្លះ ហាក់​ពុំ​សូវ​ភ្ញាក់​ផ្អើល​លើ​បញ្ហា​នេះ ដោយ​មិន​បាន​ដាក់​ពាក្យ​ប្ដឹង​មក​សមត្ថកិច្ច។ ពលរដ្ឋ​ខ្លះ​មិន​ទាន់​ជឿជាក់​ថា ក្របី​របស់​ពួក​គាត់​បាត់​ដែរ ដោយសារ​ក្របី​ពួក​គាត់​តែងតែ​លែង​ចោល​បែប​នេះ និង​ម្យ៉ាង​ទៀត​កន្លែង​កើត​ហេតុ គឺ​ឋិត​នៅ​ជាប់​មាត់​បឹង​ទន្លេសាប ពិបាក​នឹង​រថយន្ត​ចូល​ទៅ​ដើម្បី​ដឹក​ក្របី​ណាស់។

លោក​បញ្ជាក់​ថា ករណី​នេះ​អាច​មិន​មែន​ជា​អំពើ​ប្លន់​ឡើយ ប៉ុន្តែ​ហាក់​ជា​រឿង​មួយ​មិន​ពិត​ទៅ​វិញ​ទេ៖ «បញ្ហា​នេះ​វា​ត្រូវ​ការ​ជាក់លាក់។ បើ​សិន​ជា​រឿង​ពិត វា​ត្រូវ​ការ​ធាតុ​ផ្សំ​អ្វី​ខ្លះ ហើយ​បើ​សិន​ជា​រឿង​ប្រឌិត វា​ត្រូវ​ការ​ធាតុ​ផ្សំ​អ្វី​ខ្លះ ដើម្បី​ដោះស្រាយ​ថា​ជា​រឿង​ប្រឌិត។ ប៉ុន្តែ​ខ្ញុំ​បាន​ដំណើរ​ការ​ស៊ើប​អង្កេត​ហើយ ប៉ុន្តែ​វា​ហាក់​ឆ្ងាយ​ពី​រឿង​ពិត​ហើយ»

លោក​បន្ថែម​ថា មក​ដល់​ពេល​នេះ ក្របី​ដែល​បាត់ គឺ​មិន​ដល់ ២០​ក្បាល​ទេ ប៉ុន្តែ​មិន​មែន​បាត់​កាល​ពី​យប់​ថ្ងៃ​ទី​២៣ មីនា នោះ​ឡើយ។ យ៉ាង​ណា​លោក​ថា សមត្ថកិច្ច​កំពុង​ដំណើរ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់លាស់​ថែម​ទៀត​លើ​ករណី​មួយ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល