​ពិព័រណ៍​សៀវភៅ​"អាន​ខ្ញុំ​ថ្ងៃ​នេះ​ដើម្បី​ជោគជ័យ​ថ្ងៃ​ស្អែក"

ដោយ សាន សែល
2015-12-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
យុវសិស្ស​ទិញ​សៀវភៅ​កន្លែង​ពិព័រណ៍​ក្នុង​បណ្ណាល័យ​ជាតិ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ធ្នូ ឆ្នាំ​២០១៥។
យុវសិស្ស​ទិញ​សៀវភៅ​កន្លែង​ពិព័រណ៍​ក្នុង​បណ្ណាល័យ​ជាតិ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ធ្នូ ឆ្នាំ​២០១៥។
RFA/San Sel

ពិព័រណ៍​សៀវភៅ​កម្ពុជា លើក​ទី​៤ បាន​ចាប់​ផ្ដើម​ហើយ នៅ​ថ្ងៃ​ទី​១១ ខែ​ធ្នូ នៅ​បណ្ណាល័យ​ជាតិ​កម្ពុជា ក្បែរ​វត្តភ្នំ ក្នុង​រាជធានី​ភ្នំពេញ ដោយមាន​ស្ដង់​តាំង​សៀវភៅ​ប្រមាណ ៤៥​ស្ដង់។ ពិព័រណ៍​នេះ​រៀបចំ​ឡើង​រយៈពេល ៣​ថ្ងៃ ពី​ថ្ងៃ​ទី​១១ ដល់​ទី​១៣ ខែ​ធ្នូ។ អ្នក​រៀបចំ​កម្មវិធី​បាន​អះអាង​ថា មួយ​រយៈ​កាល​ចុង​ក្រោយ​នេះ ចរន្ត​នៃ​ការ​អាន​សៀវភៅ​នៅ​កម្ពុជា កំពុង​កើន​ឡើង។

​សៀវភៅ​ជា​ច្រើន​ប្រភេទ រាប់​ទាំង​ពី​សៀវភៅ​សម្រាប់​កុមារ សៀវភៅ​ប្រវត្តិសាស្ត្រ និង​សៀវភៅ​អភិវឌ្ឍន៍​ខ្លួន បាន​បង្ហាញ​ខ្លួន​នៅ​តាម​ស្ដង់​នៃ​ពិព័រណ៍។

​ពិព័រណ៍​នៅ​ឆ្នាំ​នេះ​ដែល​ធ្វើ​ឡើង​ក្រោម​ប្រធានបទ "អាន​ខ្ញុំ​ថ្ងៃ​នេះ​ដើម្បី​ជោគជ័យ​ថ្ងៃ​ស្អែក" ត្រូវ​រៀបចំ​ឡើង​ដោយ​សមាគម​បណ្ណារក្ស និង​ឯកសារ​វិទូ​កម្ពុជា ក្រសួង​អប់រំ និង​បណ្ដា​ស្ថាប័ន​អប់រំ គ្រឹះស្ថាន​បោះពុម្ព មួយ​ចំនួន​ទៀត។

​ក្រៅ​ពី​ការ​ដាក់​តាំង​ពិព័រណ៍ និង​លក់​សៀវភៅ ពិព័រណ៍​នេះ​ក៏​មាន​សិក្ខាសាលា​មួយ​ចំនួន​ដែល​បង្ហាញ​ពី​អំណាន​ក្នុង​សម័យ​ឌីជីថល ការ​ជួប​ជា​អ្នក​និពន្ធ ការ​បង្ហាញ​ពី​របៀប​អាន​ជាមួយ​កុមារ​តូច និង​ការ​ប្រគំតន្ត្រី។

​ប្រធាន​សមាគម​បណ្ណារក្ស និង​ឯកសារ​វិទូ​កម្ពុជា លោក ហុក សុទ្ធិ ថ្លែង​ឲ្យ​ដឹង​ថា ការ​បោះ​ពុម្ព​ផ្សាយ​នៅ​កម្ពុជា ក្នុង​រយៈកាល​ចុង​ក្រោយ​នេះ​កើន​ឡើង ដែល​លោក​ថា វា​ឆ្លុះ​បញ្ចាំង​ថា ប្រជាជន​កម្ពុជា កំពុង​ត្រូវ​ការ​សៀវភៅ​ជា​ច្រើន​សម្រាប់​អាន៖ «ពិព័រណ៍​សៀវភៅ​នេះ​ ផ្ដោត​ជា​សំខាន់​ទៅ​លើ​ការ​លើក​ស្ទួយ​ ការ​បោះពុម្ព​សៀវភៅ​នៅ​កម្ពុជា ជា​ភាសា​ខ្មែរ ហើយ​និង​លើក​ស្ទួយ​ការ​អាន​នៅ​កម្ពុជា យើង​ទាំង​មូល»

​បន្ទាប់​ពី​បើក​ទ្វារ​ទទួល​អ្នក​ចូល​រួម មាន​កូន​សិស្ស​បឋមសិក្សា និង​អនុវិទ្យាល័យ​ជា​ច្រើន​នាក់ មក​ជាមួយ​គ្រូ​ចូល​រួម​មើល​ពិព័រណ៍​នេះ។

​លោកស្រី អៀង ផលិកា ដែល​កំពុង​ដើរ​មើល​សៀវភៅ​នៅ​តាម​ស្ដង់​ពិព័រណ៍​សៀវភៅ ប្រាប់​ថា គាត់​បាន​ទិញ​សៀវភៅ​មួយ​ចំនួន ហើយ​លោកស្រី​យល់​ថា ការ​អាន​ផ្ដល់​នូវ​អត្ថប្រយោជន៍​ច្រើន៖ «បើ​ខ្ញុំ​អាន​ច្រើន​ទៅ​ពេល​គេ​សួរ​ខ្ញុំ​ចេះ ខ្ញុំ​ដឹង ហើយ​ខ្ញុំ​អាច​រក​ការងារ​បាន។ ខ្ញុំ​សង្ឃឹម​ថា ឲ្យ​ប្រជាជន​ខ្មែរ​ទាំង​អស់​គ្នា ចូល​ចិត្ត​អាន​កាន់​តែ​ច្រើន នឹង​មាន​ចំណេះ​នៅ»

​យុវជន ណុប មរកត សិស្ស​ថ្នាក់​ទី​៧ មក​ចូល​រួម​មើល​ពិព័រណ៍​សៀវភៅ​នេះ​ជាមួយ​មិត្ត​រួម​ថ្នាក់​ផ្សេង​ទៀត។ មរកត​ទិញ​បាន​សៀវភៅ​និយាយ​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា មួយ​ក្បាល៖ «មាន​សារសំខាន់​ដល់​ប្រជាជន​ខ្មែរ​យើង។ អប់រំ​ពី​ការ​សិក្សា​ ដើម្បី​ឲ្យ​ក្មេងៗ​មាន​ការ​យល់​ដឹង»

​យោង​តាម​ការ​សិក្សា​មួយ​របស់​អង្គការ រូម ធូ រីដ (Room to Read) ប្រជាជន​កម្ពុជា ម្នាក់ ក្នុង​មួយ​ឆ្នាំ​អាន​សៀវភៅ​ចំនួន ១​ក្បាល​កន្លះ។

​លោក ហុក សុទ្ធិ អះអាង​ថា កម្រិត​នៃ​វប្បធម៌​ការ​អាន​នៅ​កម្ពុជា មិន​ទាន់​ទូលំទូលាយ​នៅ​ឡើយ ដែល​លោក​ស្នើ​ឲ្យ​មាន​ការ​ចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន ហើយ​ត្រូវ​ការ​ពេល​វេលា​បន្ថែម​ទៀត​ដើម្បី​កញ្ជ្រៀប​ឲ្យ​ប្រជាជន​កម្ពុជា ចូល​ចិត្ត​អាន​សៀវភៅ​បន្ថែម​ទៀត៖ «ការ​​អាន​ទី​មួយ​វា​សំខាន់ ​សម្រាប់​យើង​ជា​មនុស្ស​ទាំង​អស់​គ្នា​ដើម្បី​ចេះ​ដឹង។ ចេះ​ដឹង​ដើម្បី​អី? ចេះ​ដឹង​ដើម្បី​ទទួល​ការ​អប់រំ ដើម្បី​ទទួល​ការ​បណ្ដុះ​បណ្ដាល។ បើ​យើង​មាន​ការ​បណ្ដុះ​បណ្ដាល​ យើង​មាន​ឱកាស​ច្រើន​ដើម្បី​អភិវឌ្ឍ​ខ្លួន។ ដូច្នេះ មនុស្ស​ម្នាក់ៗ​ ត្រូវ​តែ​ចាប់​ផ្ដើម​ពី​ការ​អាន។ បើ​យើង​ចង់​មាន​ការ​អភិវឌ្ឍ​ខ្លួន​យើង ត្រូវ​តែ​អាន។ បើ​មិន​អាន​ទេ យើង​មិន​អាច​ក្លាយ​ជា​អ្នក​មាន​អភិវឌ្ឍ​ទូលំ​ទូលាយ។ យើង​មិន​អាច​ក្លាយ​ជា​អ្នក​ដឹក​នាំ​បាន​ទេ»

​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ពាក់​កណ្ដាល​ខែ​កញ្ញា ឆ្នាំ​២០១៥ បាន​ចេញ​អនុក្រឹត្យ​មួយ​ដើម្បី​ប្រារព្ធ​ទិវា​អំណាន​ជាតិ​ជា​រៀងរាល់​ឆ្នាំ នៅ​ថ្ងៃ​ទី​១១ ខែ​មីនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

Kon Khmer USA today

ពី Boston Mass

Hello to all friends in Cambodia
If You Could find the Book Call "The Teacher who couldn't Read" By John Corcoran. Read it very interesting .

Dec 11, 2015 04:14 PM

គេហទំព័រ​ទាំងមូល