កម្ពុជា​បារម្ភ​​ខ្លាច​​កម្មករ​និង​អ្នក​ជំនាញ​ធ្វើ​ចំណាក​ស្រុក​ពេល​សមាហរណកម្ម​អាស៊ាន

ដោយ ហង្ស សាវយុត
2015-02-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល ថ្លែង​ក្នុង​ពិធី​បើក​វេទិកា​វិស័យ​ឯកជន នៅ​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣ កុម្ភៈ ឆ្នាំ​២០១៥។
រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល ថ្លែង​ក្នុង​ពិធី​បើក​វេទិកា​វិស័យ​ឯកជន នៅ​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣ កុម្ភៈ ឆ្នាំ​២០១៥។
RFA/Hang Savyouth

នៅ​សល់​រយៈពេល​តែ ១០​ខែ​ទៀត​ទេ ប្រទេស​កម្ពុជា និង​ប្រទេស​ជា​សមាជិក​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ដែល​ហៅ​កាត់​ថា អាស៊ាន (ASEAN) ចំនួន ៩​ផ្សេង​ទៀត នឹង​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​រួម​បញ្ចូល​គ្នា​​តែមួយ​សម្រាប់​តំបន់។

ការ​គ្រោង​នឹង​ច្របាច់​សេដ្ឋកិច្ច​បញ្ចូល​គ្នា​តែ​មួយ​នេះ ធ្វើ​ឱ្យ​កម្ពុជា រៀបចំ​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ប្រកួត​ប្រជែង​សេដ្ឋកិច្ច​ឱ្យ​ទាន់​ប្រទេស​មួយ​ចំនួន​ទៀត ដែល​ធ្លាប់​តែ​មាន​ការ​ជឿនលឿន​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម​នៅ​ក្នុង​តំបន់។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​នៃ​ប្រទេស​កម្ពុជា កំពុង​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​ពិភាក្សា​ជាមួយ​វិស័យ​ឯកជន​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ដើម្បី​បង្ហាញ​ពី​គោលការណ៍ និង​វិធីសាស្ត្រ​ថ្មីៗ ឱ្យ​ក្រុម​អ្នក​ជំនួញ និង​អ្នក​វិនិយោគ​ផ្នែក​ឯកជន​បាន​រៀបចំ​ខ្លួន​ជា​ស្រេច​សម្រាប់​ទទួល​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន។

វេទិកា​វិស័យ​ឯកជន​នៅ​តាម​បណ្ដា​ខេត្ត​នេះ រៀបចំ​ឡើង​ជា​ឱកាស​ឱ្យ​ម្ចាស់​អាជីវកម្ម និង​វិស័យ​ឯកជន​ទាំង​ឡាយ​បាន​យល់​អំពី​ការ​ប្រកួត​ប្រជែង​គ្នា ព្រម​ទាំង​ការ​ប្រឈម​សម្រាប់​អាជីវកម្ម​នៅ​ពេល​ដែល​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​នឹង​មក​ដល់​នៅ​ខែ​ធ្នូ ឆ្នាំ​២០១៥ ខាង​មុខ។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម គឺ​លោក ស៊ុន ចាន់ថុល។ លោក​មាន​ប្រសាសន៍​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន បន្ទាប់​ពី​ថ្លែង​បើក​វេទិកា​វិស័យ​ឯកជន​នៅ​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៣ ខែ​កុម្ភៈ ថា ដោយសារ​កម្ពុជា គឺ​ជា​ប្រទេស​តូច​ហើយ​ធ្លាប់តែ​បើក​ចំហ​ពាណិជ្ជកម្ម​នាំ​ចូល​ជា​យូរ​មក​ហើយ គឺ​នឹង​មិន​មាន​ការ​ប្រឈម​មុខ​ផ្នែក​ពាណិជ្ជកម្ម​នៅ​ពេល​ដែល​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ទៅ​ក្នុង​តំបន់​អាស៊ាន​ទេ។

លោក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ទៀត​ថា ជា​ច្រើន​ឆ្នាំ​មក​ហើយ កម្ពុជា​ក៏​ដូចជា​ប្រទេស​អាស៊ាន បាន​បន្ថយ​ពន្ធ​នាំ​ចូល​ស្ទើរ​តែ​ទាំង​អស់​ទៅ​ហើយ ដូច្នេះ​មិន​មាន​អ្វី​ព្រួយ​បារម្ភ​អំពី​ការ​ប្រកួត​ប្រជែង​ផ្នែក​ពាណិជ្ជកម្ម​នៅ​ពេល​ខាង​មុខ​ទេ។ ប៉ុន្តែ​អ្វី​ដែល​កម្ពុជា ព្រួយ​បារម្ភ គឺ​ខ្លាច​ក្រែងតែ​កម្មករ និង​អ្នក​ជំនាញ​កម្ពុជា ទៅ​ធ្វើ​ការ​ឱ្យ​ប្រទេស​ដទៃ​មិន​ធ្វើ​ការ​ឱ្យ​ប្រទេស​ខ្លួន​ឯង៖ «ប្រទេស​មួយ​ចំនួន​ដែល​ខ្ទប់​គេ​នោះ លែង​ខ្ទប់​កើត​ហើយ យើង​មិន​ដែល​ខ្ទប់​អ្នក​ណា​ផង ដូច្នេះ​អត់​មាន​អ្វី​ធ្វើ​ឱ្យ​យើង​ព្រួយបារម្ភ​ទេ។ អ្វី​ដែល​ព្រួយបារម្ភ​ខ្លាច​តែ​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន ពីព្រោះ​ប្រទេស​ដទៃ​មាន​ប្រាក់​ខែ​ច្រើន​ជាង»

អ្នក​វិភាគ​សេដ្ឋកិច្ច​ក៏​យល់​ឃើញ​ប្រហាក់ប្រហែល​គ្នា​នឹង​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ដែរ​ថា ដោយសារ​តែ​ពន្ធ​នាំ​ចូល​ត្រូវ​បាន​កាត់​បន្ថយ​ស្ទើរ​តែ​ទាំង​ស្រុង​ទៅ​ហើយ ដូច្នេះ​នៅ​ពេល​ដែល​កម្ពុជា ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ទៅ​ក្នុង​អាស៊ាន គឺ​វា​មាន​ការ​ប្រឈម​មុខ​ខ្លះ ប៉ុន្តែ​មិន​ធំដុំ​ទេ។

ប្រធាន​សមាគម​សេដ្ឋកិច្ច​កម្ពុជា លោក ច័ន្ទ សុផល បាន​មើល​ឃើញ​ថា ដោយសារ​មាន​ការ​កាត់​បន្ថយ​ពន្ធ​នាំ​ចូល​ស្ទើរ​តែ​ទាំង​ស្រុង គឺ​នៅ​ពេល​ដែល​កម្ពុជា ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន វា​អាច​នឹង​ធ្វើ​ឱ្យ​ទំនិញ​បរទេស​នាំ​ចូល​មក​កម្ពុជា ច្រើន និង​តម្លៃ​ថោក ដូច្នេះ​បើ​និយាយ​ពី​ការ​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ គឺ​ទំនិញ​ក្នុង​ស្រុក​ប្រហែល​ជា​ចាញ់​ទំនិញ​បរទេស៖ «ខ្ញុំ​ធ្លាប់​វិភាគ​ជា​សរុប​ទៅ​ខ្ញុំ​យល់​ថា ប្រទេស​កម្ពុជា នឹង​អាច​ចាញ់​ប្រៀប​គេ​បន្តិច​រឿង​ទំនិញ ជាពិសេស​ចំពោះ​សហគ្រាស​ខ្នាត​តូច និង​កសិករ​ប្រហែល​ជា​ពិបាក​ប្រកួត​ប្រជែង​ជាមួយ​គេ»

​ក៏ប៉ុន្តែ​អាជីវករ​ម្នាក់​នៅ​ខេត្ត​សៀមរាប លើក​ឡើង​ថា បច្ចុប្បន្ន​អ្នក​រក​ទទួល​ទាន​នៅ​ក្នុង​ស្រុក​ខ្លះ ហាក់​នៅ​មាន​ភាព​ងងឹត​មិន​យល់​ច្បាស់​លាស់​អំពី​ច្បាប់​នៅ​ឡើយ​ទេ។ អាជីវករ​ដដែល​បញ្ជាក់​ថា អាជីវករ​ខ្លះ បើ​រក​ទទួល​ទាន​ដោយ​ឱ្យ​សុំ​ច្បាប់​ទម្លាប់​គឺ​គាត់​នៅ​មាន​ការ​ភិតភ័យ ដូច្នេះ គួរ​ក្រសួង​ពាណិជ្ជកម្ម រៀបចំ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​មាន​ក្រមសីលធម៌​ច្បាស់លាស់​ដើម្បី​លើក​ទឹក​ចិត្ត​ឱ្យ​អ្នក​រក​ទទួលទាន​មាន​ទំនុក​ចិត្ត​លើ​ច្បាប់​ផង​ដែរ។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ឱ្យ​ដឹង​ថា នៅ​ពេល​ដែល​បណ្ដា​ប្រទេស​អាស៊ាន​ទាំង ១០ រួម​បញ្ចូល​សេដ្ឋកិច្ច​គ្នា​តែ​មួយ​នៅ​ខែ​ធ្នូ ឆ្នាំ​២០១៥ ខាង​មុខ គឺ​នឹង​ធ្វើ​ឱ្យ​ទីផ្សារ​សេដ្ឋកិច្ច​អាស៊ាន មាន​ប្រជាពលរដ្ឋ​ជាង ៦០០​លាន​នាក់ ព្រម​ទាំង​មាន​ផលិតផល​ក្នុង​ស្រុក​គិត​ជា​ទឹក​ប្រាក់​ចំនួន​ជាង ៣​ពាន់​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក។ ដូច្នេះ​ថ្នាក់ដឹកនាំ​រដ្ឋ​នៃ​សមាជិក​អាស៊ាន ធ្លាប់​បាន​ឯកភាព​គ្នា​ថា ការ​រួម​បញ្ចូល​សេដ្ឋកិច្ច​អាស៊ាន​តែ​១ គឺ​មិន​ត្រូវ​ឱ្យ​មាន​របាំង​ពន្ធ​ក្នុង​ការ​នាំ​ទំនិញ​ចេញចូល​ទេ ដើម្បី​ឱ្យ​បណ្ដា​ប្រទេស​អាស៊ាន ក្លាយ​ទៅ​ជា​តំបន់​ផលិត​តែមួយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

ជៃ

ពី ចុងត្នោត

ខ្វាក់ខ្វិនធើបានត៎ាប៉ឹនណឹង

Mar 09, 2015 11:44 AM

អ្នក​អាន​អនាមិក

ទឹកត្រជាក់ត្រីកុំ!ចំណេះជិះកអែងនិងមកដល់!រាស្ត្រខ្មែរមាន
ចំណេះជាងពួកលោក!ដំណាក់កាលជួញដូរពលកម្មមិនបាន
ថិតថេរទេទីណាមានសេចក្តីសុខទីនោះមានមនុស្សស្វែងរក

Feb 23, 2015 07:42 PM

N.G

ពី Phnom Penh

I believe many people will migrate to other countries for work due to low salary or wages. Even they (workers) have a job, but they struggle to survive.

Feb 23, 2015 07:03 PM

អ្នក​អាន​អនាមិក

បារម្ភធ្វើអី ចេះបារម្ភដែរ ម៉េចខ្លាចអត់មានកម្មករស៊ីឈ្នួលថោកៗ បងប្អូនយួនរបស់អស់លោកយកមកអោយធ្វើមក​ អោយសមចិត្តមេរបស់ពួកលោកសប្បាយចិត្ត បង្កើតសាលារាប់មិនអស់ ទីផ្សារការងារទៅកូរ៉េ ម៉ាឡេ ប្រជាពលរដ្ឋ ក៏ស្លាប់ រឺក៏ឆ្គួតដែរ គិតយ៉ាងម៉េចឥលូវ មិនបង្កើតទីផ្សារការងារក្នុងស្រុកអត់ អញ្ចឹងបានគេថាកម្ពុជាជាប្រទេសហូប មិនមែនប្រទេសផលិតទេ។មិនលើកចេះលើកទឹកចិត្តប្រជាកសិករ បានទិន្នផលអោយតំលៃថោក លក់ឈើមានតំលៃអោយគេ នាំចូលពីគេវិញឈើចាក់ធ្មេញ អស្ចារ្យណាស់។

Feb 23, 2015 10:02 AM

គេហទំព័រ​ទាំងមូល