កម្ពុជា​​បន្ត​បណ្ដេញ​ជនបរទេស​រស់​នៅ​ខុស​ច្បាប់​ចេញ​ពី​ប្រទេស

ដោយ អ៊ុក សាវបូរី
2015-06-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នា​រាជធានី​ភ្នំពេញ
អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នា​រាជធានី​ភ្នំពេញ
Photo: RFA

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ បន្ត​បណ្ដេញ​ជនបរទេស ១៦៤​នាក់​ឲ្យ​ចេញ​ពី​កម្ពុជា។ ការ​បណ្ដេញ​ជនបរទេស​នេះ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​មន្ត្រី​អន្តោប្រវេសន៍​ឆែកឆេរ​នៅ​ការដ្ឋាន​សំណង់​ក្នុង​ខណ្ឌ​ច្បារអំពៅ និង​កោះពេជ្រ ប្រមូល​បាន​ជនបរទេស​ជាង ៣០០​នាក់ ដែល​ភាគ​ច្រើន​ជនជាតិ​ចិន និង​វៀតណាម ដែល​លួចលាក់​ធ្វើការ និង​រស់​នៅ​ខុស​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា។

អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ លោក ម៉ម ស្រ៊ីមវណ្ណា ឲ្យ​ដឹង​នៅ​ថ្ងៃ ទី​២៧ ខែ​មិថុនា ឆ្នាំ​២០១៥ ថា ជន​បរទេស​ចំនួន ១៦៤​នាក់ ក្នុង​នោះ​មាន​ស្រី ៣៦​នាក់ ត្រូវ​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា បណ្តើរៗ។ លោក​ថ្លែង​យ៉ាង​ដូច្នេះ ក្រោយ​ពី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ក្នុង​សប្ដាហ៍​នេះ ឆែក​តាម​ការដ្ឋាន​សំណង់​ធំៗ​នៅ​កោះពេជ្រ និង​នៅ​ច្បារអំពៅ ក្នុង​រាជធានី​ភ្នំពេញ រក​ឃើញ​ជនបរទេស​លួចលាក់​រស់​នៅ និង​ធ្វើការ​នៅ​ក្នុង​ការដ្ឋាន​សំណង់​ជាង ៣០០​នាក់។

លោក ម៉ម ស្រ៊ីមវណ្ណា បន្ត​ថា ការ​បណ្ដេញ​ជនបរទេស​ចេញ​ពី​កម្ពុជា នៅ​សប្ដាហ៍​នេះ គឺ​វៀតណាម ១៥៩​នាក់ ជនជាតិ​ចិន ម្នាក់ ជនជាតិ​ម៉ាល់តា (Malta) ២​នាក់ ជនជាតិ​អង់គ្លេស ម្នាក់ និង​ជនជាតិ​ឥណ្ឌូនេស៊ី ម្នាក់។ លោក​ថា ក្នុង​ចំណោម​ជនបរទេស​ច្រើន​សញ្ជាតិ​ដែល​ត្រូវ​បណ្ដេញ​ចេញ​ពី​កម្ពុជា នៅ​សប្ដាហ៍​​នេះ ខ្លះ​បាន​លួចលាក់​រស់​នៅ និង​ធ្វើការ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា៖ «១៦០​ប្លាយ​នាក់​ដែល​ខ្ញុំ​លើក​ឡើង​អម្បាញ់មិញ ដេញ​នៅ​សប្ដាហ៍​នេះ បាន​បណ្តើរៗ។ ឥឡូវ​ថ្ងៃ​ស្អែក (២៨ មិថុនា) តាម​ព័ត៌មាន​អាច​ខាង​ស្ថានទូត​វៀតណាម ចេញ​លិខិត​ឲ្យ​ចាកចេញ​នៅ​ថ្ងៃ​ស្អែក អាច​ប្រហែល ៣០​នាក់ ចេញ​បណ្តើរៗ​ទៀត​ហើយ»

​លោក ម៉ម ស្រ៊ីមវណ្ណា ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ មិន​ទាន់​បាន​រាប់​បញ្ចូល​ជនបរទេស​វៀតណាម និង​បរទេស​ផ្សេង​ទៀត​ដែល​រស់​នៅ​លើ​ផ្ទៃ​ទឹក​ក្នុង​ខេត្ត​កណ្ដាល និង​​​ខេត្ត​ដទៃ​ទៀត​នៅ​ឡើយ ដោយ​ទុក​ភារកិច្ច​អនុវត្ត​ច្បាប់​ឲ្យ​អាជ្ញាធរ​ខេត្ត​ចាត់ចែង​មុន​សិន៖ «ខេត្ត​ហ្នឹង​ឮ​ថា គាត់​ដេញ​ឲ្យ​ខាង​វៀតណាម រក​ជម្រក​កន្លែង​ផ្សេង​នៅ មិន​ឲ្យ​នៅ​ក្នុង​តំបន់​ទេសចរណ៍​ទេ ព្រោះ​ពួកគាត់​បត់ជើង​អត់​មាន​អនាម័យ​ទេ ដាក់​បាវ​ព័ទ្ធ​ជុំវិញ​ទៅ គាត់​លេង​ប្លុកៗ​ក្នុង​ទឹក​ទៅ»

​បញ្ហា​នេះ​ដែរ មន្ត្រី​ស៊ើប​អង្កេត​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត អបអរ​ចំពោះ​ការ​ពង្រឹង​នីតិវិធី​អនុវត្ត​ច្បាប់​ស្ដីពី​អន្តោប្រវេសន៍។ លោក​សុំ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ ដោយ​មិន​ប្រកាន់​ពូជ​សាសន៍។ លោក​បញ្ជាក់​ដែរ​ថា យោង​តាម​ច្បាប់​ស្ដីពី​សញ្ជាតិ​ជនបរទេស​អាច​បាន​ទទួល​សញ្ជាតិ​ខ្មែរ លុះត្រាតែ​ព្រះមហាក្សត្រ ឡាយ​ព្រះហស្តលេខា ទទួល​ស្គាល់​មុន​សិន។

លោក អំ សំអាត៖ «ពីព្រោះ​បើសិនជា​ជន​ណា​មួយ​ដែល​ចូល​មក​កម្ពុជា ដោយ​ខុស​ច្បាប់ ហើយ​គ្មាន​ឯកសារ​គ្រប់គ្រាន់​​ថា អ្នក​ហ្នឹង​ចូល​មក​ដោយ​ស្រប​ច្បាប់​ទេ ហើយ​យើង​ទៅ​បង្កើន​ការ​ទីតាំង​អី​ថ្មី សម្រាប់​ពួកគេ​រស់​នៅ។ បាន​ន័យ​ថា វា​កាន់​តែ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​អន្តោប្រវេសន៍​ខុស​ច្បាប់​ហ្នឹង​កាន់​តែ​ច្រើន​ហើយ»

​ចំពោះ​ការ​រស់​នៅ​របស់​ជនជាតិ​វៀតណាម លើ​ផ្ទៃ​ទឹក​ក្នុង​ស្រុក​ល្វាឯម និង​ស្រុក​ខ្សាច់កណ្ដាល ដែល​តម្រូវ​ឲ្យ​អាជ្ញាធរ​ខេត្ត​កណ្ដាល អនុវត្ត​បណ្ដេញ​ចេញ​នោះ អភិបាល​ខេត្ត​កណ្ដាល លោក ម៉ៅ ភារុន ពន្យល់​ថា អាជ្ញាធរ​ខេត្ត​កណ្ដាល មិន​មាន​រក​ទីតាំង​ថ្មី​ឲ្យ​ជនបរទេស​វៀតណាម រស់​នៅ​លើ​ទឹក​ទន្លេ មាន​សិទ្ធិ​ជ្រកកោន ក្នុង​ទឹក​ដី​ខេត្ត​កណ្ដាល បន្ត​ទេ៖ «ខ្ញុំ​មិន​ពាក់ព័ន្ធ​ក្នុង​រឿង​បញ្ហា​ទៅ​រក​ដី​ឲ្យ​នៅ ព្រោះ​អ្នក​នោះ​គ្មាន​សិទ្ធិ គ្មាន​សញ្ជាតិ​អី​ទេ»

​លោក ម៉ម ស្រ៊ីមវណ្ណា អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ អះអាង​ថា ការ​រក​ឃើញ​ជនបរទេស​លួចលាក់​ធ្វើការ​ខុស​ច្បាប់ និង​បណ្ដេញ​ចេញ​ពី​កម្ពុជា ដើម្បី​ឲ្យ​ពលរដ្ឋ​កម្ពុជា ដែល​បាន​ធ្វើ​ចំណាក​ស្រុក គួរ​មក​រក​ការងារ​នៅ​ក្នុង​ប្រទេស​វិញ ព្រោះ​ជនជាតិ​ខ្មែរ​ធ្វើ​ការងារ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​មិន​មាន​ជាប់​ពន្ធ​ការងារ​នោះ​ទេ។

លោក​បន្ត​ថា ការ​បណ្ដេញ​ជនបរទេស​ចេញ​ពី​កម្ពុជា គិត​ពី​ឆ្នាំ​២០១៤ មក​ដល់​បច្ចុប្បន្ន មាន ២៥១៩​នាក់ ក្នុង​នោះ​ស្រី ៣៨៦​នាក់ ដែល​មាន ៤១​សញ្ជាតិ ភាគ​ច្រើន​ជា​ជនជាតិ​វៀតណាម។ លោក​បន្ត​ថា កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១៥ មន្ត្រី​​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួង​មហាផ្ទៃ បាន​ឆែកឆេរ​ការដ្ឋាន​សំណង់​កោះពេជ្រ ៣​កន្លែង ប្រមូល​ជនបរទេស ២១៥ លួចលាក់​ធ្វើការ​នៅ​ទី​នោះ ដែល​មាន​ជនជាតិ​ចិន និង​វៀតណាម។

​នៅ​ថ្ងៃ​២៥ ខែ​មិថុនា ឆែកឆេរ​នៅ​ខណ្ឌ​ច្បារអំពៅ ប្រមូល​បាន​ជនបរទេស​ជាង ១០០​នាក់​ថ្មី​ទៀត ដែល​កំពុង​ធ្វើ​ការ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត។ ក្រោយ​ពី​ការ​ឆែកឆេរ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ច្រើន​កន្លែង​មក​នៅ​សល់​ជនបរទេស​គ្មាន​លិខិត​បញ្ជាក់​អត្តសញ្ញាណ ១៦៤​នាក់ ដែល​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បណ្ដេញ​ពី​កម្ពុជា​បណ្តើរៗ តាម​រយៈ​សេចក្ដី​ប្រកាស​ពី​ក្រសួង​មហាផ្ទៃ និង​ពី​ស្ថានទូត​របស់​ជនបរទេស​ទាំង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល