កម្ពុជា​នៅ​ខ្វះខាត​ព័ត៌មាន​ទីផ្សារ​ការងារ

ដោយ យ៉ង ចាន់តារា
2015-12-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
យុវជន​កំពុង​បំពេញ​ពាក្យ​ការងារ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ក្នុង​ឱកាស​ពិព័រណ៍​ការងារ​ថ្នាក់​ជាតិ​ឆ្នាំ​២០១៥ នា​សាល​ពិព័រណ៍​កោះ​ពេជ្រ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
យុវជន​កំពុង​បំពេញ​ពាក្យ​ការងារ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ក្នុង​ឱកាស​ពិព័រណ៍​ការងារ​ថ្នាក់​ជាតិ​ឆ្នាំ​២០១៥ នា​សាល​ពិព័រណ៍​កោះ​ពេជ្រ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
RFA/Yang Chandara

កម្ពុជា​ជា​ប្រទេស​សំបូរ​កម្លាំង​ពលកម្ម។ ប្រជាជន​គ្រប់​អាយុ​ធ្វើ​ការ​ចាប់​ពី​វ័យ ១៥ ទៅ ៦៤​ឆ្នាំ បាន​កើន​ឡើង​ច្រើន​ជាង​ទ្វេ​ដង គឺ​ប្រមាណ​ជា ៤​លាន​នាក់​ក្នុង​ឆ្នាំ​១៩៨០ ទៅ​ជិត ១០​លាន​នាក់ (៩,៨​លាន) ក្នុង​ឆ្នាំ​២០១៣។ អត្រា​គ្មាន​ការងារ​ធ្វើ​នៃ​ប្រជាជន​គ្រប់​អាយុ​ធ្វើការ​បាន​ថយ​ចុះ តាម​រយៈ​កំណើន​ការងារ​ក្នុង​វិស័យ​កសិកម្ម ឧស្សាហកម្ម និង​សេវាកម្ម។ យ៉ាង​នេះ​ក្តី ភាព​មិន​ស៊ីគ្នា​នៃ​អ្នក​ស្វែង​រក​ការងារ និង​អ្នក​ផ្គត់ផ្គង់​ការងារ​នៅ​តែ​កើត​មាន ដែល​បញ្ហា​នេះ​បណ្ដាល​មក​ពី​កង្វះខាត​ព័ត៌មាន​ទីផ្សារ​ការងារ។

​​ព័ត៌មាន​ទីផ្សារ​ការងារ​មាន​សារសំខាន់​ណាស់​សម្រាប់​អ្នក​ស្វែង​រក​ការងារ​ធ្វើ។ វា​ជួយ​អ្នក​ស្វែង​រក​ការងារ​ឱ្យ​សម្រេច​ចិត្ត​បាន​ត្រឹមត្រូវ ពេល​ដែល​គេ​ចង់​ផ្លាស់ប្ដូរ​ការងារ ឬ​ប្ដូរ​ការិយាល័យ​ការងារ​ថ្មី។

​ព័ត៌មាន​ទីផ្សារ​ការងារ​ប្រាប់​អ្នក​ស្វែង​រក​ការងារ​ឱ្យ​ដឹង​អំពី​ប្រភេទ​ការងារ និង​ជំនាញ​ដែល​និយោជក​ត្រូវ​ការ។ វា​បង្ហាញ​ពី​ឈ្មោះ និង​ទីតាំង​ស្ថាប័ន​ដែល​កំពុង​ជ្រើសរើស​បុគ្គលិក ធ្វើ​ឱ្យ​អ្នក​ស្វែង​រក​ការងារ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ផ្គត់ផ្គង់។ វា​ក៏​ប្រាប់​អ្នក​ស្វែង​រក​ការងារ​អំពី​លក្ខខណ្ឌ​ការងារ​របស់​ស្ថាប័ន ព្រម​ទាំង​ការ​អប់រំ និង​បណ្ដុះបណ្ដាល​ដែល​អ្នក​ស្វែង​រក​ការងារ​ត្រូវការ ដើម្បី​ទទួល​បាន​ការងារ។ អត្ថប្រយោជន៍​សំខាន់​មួយ​ទៀត គឺ​ធ្វើ​ឱ្យ​អ្នក​ស្វែង​រក​ការងារ​ដឹង​ពី​ប្រភេទ​ការងារ​ដែល​នឹង​មាន​តម្រូវការ​ច្រើន​នៅ​ពេល​អនាគត និង​ទិន្នន័យ​ការងារ​សំខាន់ៗ ជាពិសេស​គេ​អាច​ដឹង​ពី​កត្តា​ដែល​រាំងស្ទះ​មិន​ឱ្យ​អ្នក​ស្វែង​រក​ការងារ​មាន​ឱកាស​ទទួល​បាន​ការងារ​ថ្មី។

​ព័ត៌មាន​ទីផ្សារ​ការងារ​គ្របដណ្ដប់​លើ​ធាតុ​ផ្សំ​សំខាន់ៗ​នៃ​ទីផ្សារ​ការងារ និង​ប្រតិបត្តិការ​របស់​វា។ ធាតុ​ផ្សំ​ទាំង​នោះ​រួមមាន តម្រូវការ និង​ការ​ផ្គត់ផ្គង់​ការងារ។ តម្រូវការ​ការងារ គឺ​ជា​ចំនួន​ការងារ​ដែល​មាន​ចំណែក​ឯ​ការ​ផ្គត់ផ្គង់​ការងារ​វិញ សំដៅ​ដល់​ចំនួន​មនុស្ស​ដែល​អាច​ធ្វើ​ការ​បាន។ ដោយ​ឡែក​ប្រតិបត្តិការ​ទីផ្សារ​ការងារ​សំដៅ​ដល់​ការ​ផ្លាស់ប្ដូរ​ការងារ ដែល​រួម​មាន ការ​ស្វែង​រក​ការងារ​ការ​ផ្ដល់​ការងារ សកម្មភាព​ជួល ការ​លា​ឈប់ និង​ការ​បណ្ដេញ​ចេញ ព្រម​ទាំង​សកម្មភាព និង​គោលនយោបាយ​របស់​រដ្ឋាភិបាល ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​កាត់​បន្ថយ​ចំនួន​មនុស្ស​អត់​ការងារ​ធ្វើ។

អ្នកស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី អះអាង​ថា កង្វះ​ខាត​ព័ត៌មាន​ទីផ្សារ​ការងារ​នៅ​កម្ពុជា បណ្ដាល​មក​ពី​ការ​ខ្វះខាត​ទិន្នន័យ និង​ខ្វះ​ការសិក្សា​ស្រាវជ្រាវ​អំពី​ទីផ្សារ​ការងារ។

លោក កែម ឡី បន្ត​ថា រដ្ឋាភិបាល​ហាក់​មិនសូវ​វិនិយោគ​ច្រើន​នៅ​ឡើយ​ចំពោះ​ការ​បង្កើត​ប្រព័ន្ធ​ទិន្នន័យ​សម្រាប់​ឱ្យ​អ្នក​មាន​តម្រូវការ និង​អ្នក​ផ្គត់ផ្គង់​ការងារ​ងាយ​ស្រួល​ស្វែងរក​គ្នា៖ «ភ្នាក់ងារ​ដើម្បី​ចងក្រង​ប្រវត្តិ​អ្នក​រក​ការងារ​ធ្វើ ហើយ​និង​ប្រវត្តិ ឬ​មួយ​ក៏​ចំនួន​អ្នក​ត្រូវ​ការ​បុគ្គលិក កម្មករ​ជំនាញ អ៊ីចឹង​យើង​អត់​មាន​ភ្នាក់ងារ​កណ្ដាល​ហ្នឹង​ច្រើន​ទេ។ មួយ​ទៀត ដោយសារ​តម្លាភាព​ព័ត៌មាន​របស់​យើង​នៅ​ខ្សោយ ហើយ​យើង​អត់​មាន​យុទ្ធនាការ​តាម​វិទ្យាល័យ នៅ​ពេល​ដែល​ក្មេង​រៀន​ចប់​អនុវិទ្យាល័យ ឬ​ក៏​រៀន​ចប់​វិទ្យាល័យ យើង​អត់​មាន​ការ​ផ្សព្វផ្សាយ​ច្រើន​ទេ។ បើ​សិន​យើង​មាន​ភ្នាក់ងារ​ទីផ្សារ​ការងារ​ជា​លក្ខណៈ​ឯកជន នោះ​គាត់​អាច​ទៅ​ទំនាក់ទំនង​ក្មេង​ដែល​រក​ការងារ​ធ្វើ​បាន»

​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មាន​អង្គភាព ២ ដែល​បំពេញ​ភារកិច្ច​ក្នុង​ការ​ប្រមូល និង​ផ្តល់​ព័ត៌មាន​ទីផ្សារ​ការងារ។ អង្គភាព​ទាំង​នោះ គឺ​នាយកដ្ឋាន​ព័ត៌មាន​ទីផ្សារ​ការងារ និង​ទីភ្នាក់ងារ​ជាតិ​មុខ​របរ និង​ការងារ។

​របាយការណ៍​ស្ទង់​មតិ​របស់​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ ឆ្នាំ​២០១៤ បង្ហាញ​ថា អ្នក​ស្វែង​រក​ការងារ​ធ្វើ​នៅ​កម្ពុជា ខ្វះខាត​ជំនាញ​ជា​ច្រើន។ ជំនាញ​ទាំង​នោះ​មាន​ដូចជា​ជំនាញ​បច្ចេកទេស ឬ​ការ​អនុវត្ត​ជាក់ស្ដែង ៣៩,២​ភាគរយ ភាសា​បរទេស ៣១,៥ ភាគរយ ចំណេះដឹង​មូលដ្ឋាន​ផ្នែក​កុំព្យូទ័រ ឬ​ព័ត៌មានវិទ្យា ១៩,៦​ភាគរយ ជំនាញ​ជួយ​សម្រួល​កិច្ចការ​ដល់​អតិថិជន ១៧,៥​ភាគរយ ជំនាញ​ក្នុង​ដោះស្រាយ​បញ្ហា ១៥,៤​ភាគរយ ជំនាញ​ទំនាក់ទំនង​តាម​រយៈ​ការ​និយាយ ១២,៦​ភាគរយ ជំនាញ​ក្នុង​ការ​ធ្វើ​ការងារ​ជា​ក្រុម ៩,១​ភាគរយ ជំនាញ​ក្នុង​ការ​រៀបចំ​ផែនការ និង​ចាត់ចែង​កិច្ចការ ៧​ភាគរយ ជំនាញ​ក្នុង​ការ​ទំនាក់ទំនង​តាម​រយៈ​ការ​សរសេរ ៥,៦​ភាគរយ ជំនាញ​ការងារ​រដ្ឋបាល ៤,៩​ភាគរយ ជំនាញ​ក្នុង​ការ​គណនា​លេខ ៤,៩​ភាគរយ និង​ជំនាញ​គ្រប់គ្រង​យុទ្ធសាស្ត្រ ៣,៥​ភាគរយ។

​ដោយ​ឡែក វិស័យ​ដែល​ជួប​ប្រទះ​បញ្ហា​កង្វះ​ខាត​ជំនាញ​វិញ រួម​មាន​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​កុំព្យូទ័រ ៦៩,៧​ភាគរយ វិស័យ​ផលិត​អាហារ និង​ភេសជ្ជៈ ២៧,៧​ភាគរយ វិស័យ​ដឹក​ជញ្ជូន ២៤,៣​ភាគរយ វិស័យ​សុខាភិបាល ១៥,៣​ភាគរយ វិស័យ​អប់រំ ១៣,៧​ភាគរយ វិស័យ​ហិរញ្ញវត្ថុ និង​ការ​ធានារ៉ាប់រង ១០,៨​ភាគរយ វិស័យ​សណ្ឋាគារ ១០,៦​ភាគរយ វិស័យ​វាយនភណ្ឌ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង ៩,៩​ភាគរយ វិស័យ​សំណង់ ៨,៥​ភាគរយ ព្រម​ទាំង​វិស័យ​ផលិត​កៅស៊ូ និង​ប្លាស្ទិក ៨,២​ភាគរយ។

​អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី បញ្ជាក់​ថា កង្វះ​ខាត​ព័ត៌មាន​ទីផ្សារ​ការងារ​នេះ ផ្ដល់​ផល​វិបាក​ជា​ច្រើន​សម្រាប់​អ្នក​ស្វែង​រក និង​អ្នក​ផ្គត់ផ្គង់​ការ ដូចជា​ខាត​បង់​ពេល​វេលា និង​ធ្វើ​ឱ្យ​សង្វាក់​ផលិតកម្ម​ស្ថាប័ន​មាន​ភាព​យឺតយ៉ាវ​ជាដើម៖ «ទី​១ សម្រាប់​អ្នក​រក​ការងារ​ធ្វើ ពិបាក​រក​ការងារ។ អត់​មាន​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ​អ៊ីចឹង គាត់​ត្រូវ​ចំណាយ​ពេល​ច្រើន​ដើរ​រក។ ទី​២ ក្រុមហ៊ុន​ដែល​ត្រូវការ​កម្មករ​ជំនាញ គាត់​ពិបាក​រក។ ជួនកាល​គាត់​ប្រថុយប្រថាន​ក្នុង​ការ​យក។ ទី​៣ កាល​ណា​ទុក​ឱ្យ​ចន្លោះ​ហ្នឹង​ខ្វះខាត វា​បាត់បង់​ឱកាស​ផលិតកម្ម។ ឧទាហរណ៍ ក្រុមហ៊ុន​មួយ​ត្រូវការ​កម្មករ​កាត់ដេរ ៥០០​នាក់ ប៉ុន្តែ​រក​អត់​ទាន់​បាន វា​ត្រូវ​យឺត ហើយ​មួយ​ទៀត ដែល​មាន​ឧបសគ្គ​នៅ​ត្រង់​ថា ក្រុមហ៊ុន​មួយ​ចំនួន​មក​ជា​លក្ខណៈ​បច្ចេកវិទ្យា​អេឡិចត្រូនិក ហើយ​យើង​មិន​សូវ​មាន​សាកលវិទ្យាល័យ​រៀន​ជំនាញ​នេះ ដូច្នេះ​វា​ត្រូវ​អូស​ទាញ​ពលករ​ជំនាញ​ពី​ចិន ពី​សិង្ហបុរី ឬ​ពី​ប្រទេស​ដទៃ​មក។ អូស​ទាញ​យូរៗ​ទៅ យើង​នៅតែ​អត់​មាន​សមត្ថភាព ទាល់តែ​អ៊ីចឹង​ទៅ​ក្លាយ​ជា​អត់​មាន​ការងារ​ធ្វើ​ទៅ​វិញ»

​អ្នកស្រាវជ្រាវ​រូប​នេះ ចង់​ឃើញ​រដ្ឋាភិបាល​បង្កើត​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​វែង បន្ថែម​ពីលើ​គោលនយោបាយ​ជាតិ​ស្ដីពី​មុខ​របរ និង​ការងារ ២០១៥-​២០២៥ ព្រមទាំង​រៀបចំ​យន្តការ​សម្របសម្រួល​ជា​លក្ខណៈ​ពហុ​វិស័យ មាន​អង្គការ​សង្គម​ស៊ីវិល វិស័យ​រដ្ឋ និង​ឯកជន ដើម្បី​ធ្វើការ​រួមគ្នា​ក្នុង​ការ​សិក្សា និង​ចែកចាយ​ព័ត៌មាន​ទីផ្សារ​ការងារ​ឱ្យ​បាន​ទូលំទូលាយ​ដល់​សាធារណជន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល