សាច់ញាតិ​ជនរងគ្រោះ​ដោយ​ថៃ​បាញ់​សម្លាប់​អំពាវនាវ​សុំ​កិច្ច​អន្តរាគមន៍​ពី​រដ្ឋាភិបាល

ដោយ ម៉ម មុនីរតន៍
2015-04-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា-​ថៃ គ្រោង​ដាក់​លិខិត​តតាំង​តាម​ផ្លូវ​ច្បាប់​ទៅ​ភាគី​ថៃ នៅ​ពេល​ណា​ដែល​ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​គ្រួសារ​សព ថៅកែ​ជនជាតិ​ថៃ បាញ់។

បច្ចុប្បន្ន​ពលរដ្ឋ​ខ្មែរ​ម្នាក់ ដែល​ត្រូវ​បាន​ថៅកែ​ជនជាតិ​ថៃ បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​២៣ មេសា នោះ ត្រូវ​បាន​ក្រុម​គ្រួសារ​សព​បូជា​រួច​ហើយ គិត​ត្រឹម​ថ្ងៃ​ទី​២៦ មេសា នៅ​​មាត់​ច្រក​អូរបីជាន់ ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ។

ក្រុម​គ្រួសារ​នៃ​សាច់ញាតិ​របស់​ជន​រងគ្រោះ​បាន​អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋ ជួយ​អន្តរាគមន៍ និង​ជំរុញ​ឲ្យ​សមត្ថកិច្ច​តាម​ចាប់​ខ្លួន អ្នក​ប្រព្រឹត្ត​បទល្មើស​ជា​ថៅកែ​ជនជាតិ​ថៃ យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់។

ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​អូរបីជាន់ ខេត្ត​បន្ទាយមានជ័យ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ត្រូវ​ជា​បង​ថ្លៃ​ជន​រងគ្រោះ​​ផង លោក ប៉ែន សុផល ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​២៦ មេសា ថា ក្រុម​គ្រួសារ​របស់​ខ្លួន​មិន​ដឹង​ជា​ត្រូវ​ធ្វើ​យ៉ាង​ណា​ត​ទៅ​ទេ ក្រោយ​ពី​បាន​បូជា​សព​រួច ព្រោះ​ខ្វះ​លទ្ធភាព​គ្រប់​​យ៉ាង។ ទន្ទឹម​នឹង​នេះ លោក ប៉ែន សុផល បាន​អំពាវនាវ​សូម​ឲ្យ​រដ្ឋាភិបាល​ជំរុញ​ការ​ស៊ើបអង្កេត និង​ចាត់វិធានការ​ចំពោះ​អ្នក​ប្រព្រឹត្ត​បទល្មើស​ដែល​ជា​ថៅកែ​ជនជាតិ​ថៃ មក​ផ្ដន្ទាទោស និង​សង​ជំងឺចិត្ត​ចំពោះ​ក្រុម​គ្រួសារ​របស់​លោក៖ «ប្រមុខ​រដ្ឋាភិបាល​ក្តី ឬ​ក៏​ស្ថានទូត​កម្ពុជា ឬ​ក្រសួង​ការបរទេស​ខ្មែរ​យើង មេត្តា​ធ្វើ​យ៉ាង​ម៉េច​ជួយ​រក​យុត្តិធម៌​ដល់​ជន​ក្រីក្រ។ ដោយសារ​ខ្មែរ​យើង​លក់​ពលកម្ម ថ្វី​ត្បិត​ខុស​ច្បាប់ ឬ​ត្រូវ​ច្បាប់ ក៏​វា​មាន​ការ​បាញ់​ប្រហារ​យ៉ាង​ឃោរឃៅ​យ៉ាង​នេះ។ សូម​ឲ្យ​ខាង​ភាគី​ថៃ ជួយ​ទទួល​ខុស​ត្រូវ​ក្នុង​រឿង​ហ្នឹង ពិសេស​ប្រពន្ធ​ពោះ​ធំ​ទម្ងន់​ប៉ិន​កញ្ជើ»

សព​ត្រូវ​បាន​ក្រុម​គ្រួសារ​បូជា និង​ធ្វើ​បុណ្យ​រួចរាល់​ហើយ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ មេសា នៅ​ក្បែរ​មាត់​ច្រក​ក្នុង​ទឹក​ដី​ឃុំ​អូរបីជាន់ ក្បែរ​ព្រំ​ដែន​កម្ពុជា-​ថៃ ក្រោយ​បញ្ជូន​ពី​ទីតាំង​កើតហេតុ​នៃ​ឃុំ​បានស៊ុង ស្រុក​ភ្នំសារ៉ាខាម ខេត្ត​សាចាក់ឆឿងសៅ ប្រទេស​ថៃ។

លោក ប៉ែន សុផល ដែល​ត្រូវ​ជា​បង​ថ្លៃ​របស់​សព ឈ្មោះ លោក ផាត សុខអីន ដែល​មាន​អាយុ ២៤​ឆ្នាំ បញ្ជាក់​ថា មូលហេតុ​ដែល​ឈាន​ដល់​ការ​បាញ់​សម្លាប់​ដោយ​ថៅកែ​ចម្ការ​អំពៅ​ដែល​ជា​ជនជាតិ​ថៃ កើត​ឡើង​ភ្លាមៗ ក្រោយ​ពី​កម្មករ​ដូច​គ្នា​ជា​ជនជាតិ​ភូមា រាយការណ៍​ប្រាប់​ថៅកែ​ចម្ការ​អំពៅ​នោះ​ថា លោក ផាត សុខអីន បាន​មើល​ងាយ​កូន​ថៅកែ​ដោយ​យក​ជើង​ទាត់​កំប៉េះគូទ។ ក៏ប៉ុន្តែ លោក ប៉ែន សុផល ថ្លែង​ថា តាម​ពិត​នេះ​ជា​ទម្លាប់​ដែល​ប្អូន​ប្រុស​របស់​ខ្លួន​តែង​លេង​សើច​ជាមួយ​កូន​របស់​ថៅកែ​នោះ ដូច​សព្វ​មួយ​ដង។

មាន​ស្រុក​កំណើត នៅ​ឃុំ​ត្រពាំងចាន់ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង លោក ផាត សុខអីន ត្រូវ​បាន​ថៅកែ​ជន​ជាតិ​ថៃ​បាញ់ ចំនួន ៦​គ្រាប់ បណ្ដាល​ឲ្យ​សម្លាប់​ភ្លាមៗ នៅ​នឹង​កន្លែង​កើត​ហេតុ។

ដោយ​ឡែក ប្រធាន​ក្រុម​ការងារ​ទំនាក់ទំនង​ព្រំ​ដែន​កម្ពុជា-​ថៃ លោក សៅ វាសនា មាន​ប្រសាសន៍​ថា បន្ទាប់​ពី​អន្តរាគមន៍​ដឹក​សព​ចេញ​ពី​ទឹកដី​ថៃ រហូត​មក​ដល់​ពេល​នេះ ខាង​សមត្ថកិច្ច​ជំនាញ​នៅ​រង់​ចាំ​បណ្ដឹង​ពី​ក្រុម​គ្រួសារ​បន្ត​ទៀត ដើម្បី​តតាំង​ជា​មួយ​ភាគី​ថៃ៖ «អ៊ីចឹង​យើង​ឲ្យ​គាត់​ធ្វើ​ពាក្យ​បណ្ដឹង​មក​មួយ​ទៀត។ យើង​ចាំ​មើល​ពេល​គាត់​ធ្វើ​បុណ្យ​សព​ហើយ ឲ្យ​គាត់​ដាក់​ពាក្យ​បណ្ដឹង​មក​យើង ដើម្បី​យើង​ធ្វើ​ពាក្យ​ហ្នឹង​ទៅ​ភាគី​ខាង​ថៃ»

វិទ្យុ​អាស៊ីសេរី ពុំ​ទាន់​អាច​ស្នើ​សុំ​ការ​បំភ្លឺ​បាន​ភ្លាមៗ​ទេ ពី​អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​ខេត្ត​ស្រះកែវ លោក ប៊ុន សុវិបុល ដោយ​ទូរស័ព្ទ​ពុំ​អាច​ហៅ​ចូល​បាន នៅ​ថ្ងៃ​ទី​២៦ មេសា។

យ៉ាង​ណា អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា យល់​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា គប្បី​ដាក់​សម្ពាធ​ទៅ​ភាគី​ថៃ ឲ្យ​បាន​ម៉ឺងម៉ាត់​ជាង​នេះ​បន្ថែម​ទៀត ព្រោះ​កំណត់​ទូត ឬ​អនុស្សរណៈ​យោគយល់​ដែល​មាន​កន្លង​ទៅ ថៃ​ពុំ​ដែល​អើពើ ជា​ពិសេស ហាក់​ពុំ​មាន​ប្រសិទ្ធភាព​ទេ៖ «គួរ​តែ​រដ្ឋាភិបាល​កម្ពុជា លើក​ឡើង​ជា​លក្ខណៈ​យុទ្ធសាស្ត្រ​វិញ ឬ​ក៏​ជា​យន្តការ​មួយ​វិញ ដើម្បី​ទប់ស្កាត់​រាល់​ការ​បាញ់​សម្លាប់​ខ្មែរ។ កន្លង​មក​យើង​ឃើញ​ថា ការ​ធ្វើ​តែ​មួយ​ករណីៗ ដែល​ធ្វើ​ឲ្យ​ភាគី​ថៃ នៅ​តែ​ប្រព្រឹត្ត​ដដែល»

បន្ថែម​ពី​លើ​នេះ​ទៀត លោក ស៊ុំ ច័ន្ទគា រក​ឃើញ​ថា អគ្គ​កុងស៊ុល​ខ្មែរ​ដែល​ទើប​តែ​ឡើង​កាន់​តំណែង​ថ្មី​ប្រចាំ​ខេត្ត​ស្រះកែវ នោះ គឺ​ពុំ​សូវ​ខ្វាយខ្វល់​ច្រើន​ឡើយ​ពី​សុខទុក្ខ​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើ​ចំណាក់​ស្រុក ទាំង​ខុស​ច្បាប់ និង​ស្រប​ច្បាប់​ទៅ​ប្រទេស​ថៃ។

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក រូប​នេះ បញ្ជាក់​ថា ថ្វី​បើ​តួលេខ​នៃ​ការ​បាញ់​សម្លាប់​ដោយ​ភាគី​ថៃ នៅ​ពេល​នេះ​ពុំ​ទាន់​អាច​ចេញ​ជា​ផ្លូវ​ការ​បាន​ក៏​ពិត​មែន ក៏​កំណើន​នៃ​ការ​ស្លាប់​របស់​ពលរដ្ឋ​ខ្មែរ​តាម​រយៈ​ការ​ឆ្លង​ចូល​ទៅ​ប្រទេស​ថៃ ដើម្បី​រក​ការងារ​ធ្វើ​មិន​ថយ​ចុះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល