តម្លៃ​ស្រូវ​ថោក​នៅ​តែ​ចោទ​ជា​បញ្ហា​ចំពោះ​កសិករ

ដោយ យ៉ង ចាន់តារា
2015-11-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សន្និសីទ​សារព័ត៌មាន​ស្ដីពី​វេទិកា​ស្រូវ​អង្ករ​ឆ្នាំ​២០១៥ កាល​​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
សន្និសីទ​សារព័ត៌មាន​ស្ដីពី​វេទិកា​ស្រូវ​អង្ករ​ឆ្នាំ​២០១៥ កាល​​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
RFA/Yang Chandara

ប្រជាកសិករ​ខ្មែរ​ដែល​រស់​នៅ​ពឹង​ផ្អែក​លើ​របរ​ធ្វើ​ស្រែ បន្ត​រងគ្រោះ​ដោយ​បញ្ហា​តម្លៃ​ស្រូវ​ថោក ខណៈ​ដែល​អង្ករ​កម្ពុជា កំពុង​ដណ្ដើម​បាន​ចំណែក​មួយ​ចំនួន​ក្នុង​ទីផ្សារ​អន្តរជាតិ។ កសិករ និង​អាជីវករ​ស្រូវ​អះអាង​ថា ពួកគេ​បាន​ខាតបង់​ច្រើន​ក្នុង​មុខ​របរ ហើយ​មក​ទល់​នឹង​ពេល​នេះ​មិន​មាន​ភាគី​ពាក់ព័ន្ធ​ណា​អាច​ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​នេះ​បាន​នៅ​ឡើយ។

រដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ស្ដីពី “ការ​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការ​នាំ​ចេញ​អង្ករ” កាល​ពី​ឆ្នាំ​២០១០ ក្នុង​គោល​បំណង​ជំរុញ​ផលិតកម្ម​ស្រូវ​ឱ្យ​ក្លាយ​ជា "មាស​ស” នៅ​ក្នុង​ទីផ្សារ​ពិភពលោក។ វិធានការ​គោលនយោបាយ​សំខាន់ៗ​តាម​ដំណាក់កាល​ដែល​រដ្ឋាភិបាល​អនុវត្ត​រួម​មាន វិធានការ​ពាក់ព័ន្ធ​នឹង​ការ​ជំរុញ​ផលិតកម្ម​ស្រូវ វិធានការ​ប្រមូល​ទិញ និង​កែច្នៃ​ស្រូវ វិធានការ​រៀបចំ​ប្រព័ន្ធ​សម្រួល​ការ​នាំ​ចេញ និង​វិធានការ​ស្វែង​រក​ទីផ្សារ។

យ៉ាង​នេះ​ក្តី  គេ​សង្កេត​ឃើញ​តម្លៃ​ស្រូវ​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​មាន​ការ​ធ្លាក់​ចុះ​ច្រើន។ កសិករ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ដូចជា​នៅ​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ និង​នៅ​ខេត្ត​តាកែវ ជាដើម បាន​ត្អូញត្អែរ និង​លើក​ជា​បញ្ហា​នេះ​ឡើង​ក្នុង​បំណង​ស្វែង​រក​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ។

អនុ​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក​ឧកញ៉ា គឹម សាវុធ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ថា ការ​ធ្លាក់​ចុះ​តម្លៃ​ស្រូវ​នៅ​កម្ពុជា គឺ​ជា​ឥទ្ធិពល​នៃ​ការ​ធ្លាក់​ចុះ​តម្លៃ​ផលិតផល​កសិកម្ម​ជា​សាកល។ លោក​អះអាង​ថា របត់​បែប​នេះ គឺ​មិន​មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​តែ​ពី​ការ​សម្រប​តាម​ស្ថានភាព​ទីផ្សារ​អន្តរជាតិ​នោះ​ទេ។

លោក​ឧកញ៉ា គឹម សាវុធ៖ «រឿង​តម្លៃ​អន្តរជាតិ​ចុះ​ថោក អា​ហ្នឹង​យើង​អត់​ដឹង​ធ្វើ​ម៉េច​ទេ ពីព្រោះ​មួយ​រយៈ​នេះ​ផលិតផល​កសិកម្ម​មិន​មែន​តែ​អង្ករ​ទេ អ្វី​ក៏​ចុះ​ដែរ​ឱ្យ​តែ​ផលិតផល​កសិកម្ម​ចុះ​ទាំង​អស់។ រឿង​អ្នក​សារព័ត៌មាន​សួរ​ថា តើ​វិធានការ​យ៉ាង​ម៉េច​លើក​តម្លៃ ជា​ទូទៅ​សហព័ន្ធ​យើង​ប្រឹង​ធ្វើ​ការ​នេះ​គឺ​ដើម្បី​លើក​តម្លៃ​ស្រូវ​របស់​ប្រជា​កសិករ​យើង​ហើយ។ ប៉ុន្តែ​អ្វី​ដែល​ជា​កត្តា​សត្យានុម័ត គឺ​ទីផ្សារ​អន្តរជាតិ។ អ្វី​ដែល​យើង​អាច​ធ្វើ​បាន គឺ​សុំ​ឱ្យ​គាត់​ដាំ​ដុះ​ពូជ​ល្អ​ដែល​បរទេស​ចង់​បាន ហើយ​សុំ​ឱ្យ​គាត់​ប្ដូរ​ពូជ​ឱ្យ​ទៀងទាត់​ដើម្បី​លើក​តម្លៃ​ឱ្យ​បាន​ខ្ពស់»

ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករកម្ពុជា លោក សុខ ពុទ្ធីវុធ ក្នុង​ពេល​ចូល​រួម​សន្និសីទ​សារព័ត៌មាន​ស្ដីពី​វេទិកា​ស្រូវ​អង្ករ​ឆ្នាំ​២០១៥ កាល​ពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ឆ្នាំ​២០១៥។ RFA/Yang Chandara
ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករកម្ពុជា លោក សុខ ពុទ្ធីវុធ ក្នុង​ពេល​ចូល​រួម​សន្និសីទ​សារព័ត៌មាន​ស្ដីពី​វេទិកា​ស្រូវ​អង្ករ​ឆ្នាំ​២០១៥ កាល​ពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ឆ្នាំ​២០១៥។ RFA/Yang Chandara

​ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ ប្រធាន​អង្គការ​សេដាក លោក​បណ្ឌិត យ៉ង សាំងកុមារ យល់​ឃើញ​ថា រដ្ឋាភិបាល ជាពិសេស​ក្រសួង​ពាណិជ្ជកម្ម គួរ​តែ​ប្រឹងប្រែង​ជាង​នេះ ដើម្បី​កុំ​ឱ្យ​កសិករ​ខាត​បង់​ក្នុង​មុខ​របរ​របស់​ពួកគេ។

លោក យ៉ង សាំងកុមារ ចង់​ឃើញ​រដ្ឋាភិបាល​អន្តរាគមន៍​ឱ្យ​បាន​ទាន់​ពេល​វេលា ជា​ជាង​ទុក​បណ្ដោយ​ឱ្យ​តម្លៃ​ស្រូវ​កាន់តែ​ធ្លាក់​ចុះ​ថែម​ទៀត៖ «ទី​មួយ យើង​ពន្លែង​លុយ​ខ្លះ​ដើម្បី​ទិញ​ស្រូវ​ទុក​ក្នុង​ស្រុក ហើយ​ទិញ​ក្នុង​តម្លៃ​អប្បបរមា មិន​មែន​ទិញ​ក្នុង​តម្លៃ​ថ្លៃ ហើយ​យក​ទៅ​លក់​វិញ​ខាត​នោះ​ទេ។ ទិញ​ទុក​ដើម្បី​កុំ​ឱ្យ​វា​ធ្លាក់​ចុះ​ទាប។ ទី​ពីរ គឺ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ទាំង​អស់​អំពាវនាវ​កុំ​ឱ្យ​ប្រជាកសិករ​បន្ទាន់​លក់​ស្រូវ ឱ្យ​គាត់​ទុក​សិន​ទៅ»

រហូត​មក​ទល់​ពេល​នេះ តម្លៃ​ស្រូវ​ក្រអូប​របស់​ប្រជាកសិករ​ខ្មែរ បាន​ធ្លាក់​ចុះ​នៅ​ចន្លោះ​ពី ៩០០ ទៅ ១.០០០​រៀល ក្នុង​មួយ​គីឡូក្រាម។ ការ​ធ្លាក់​ចុះ​តម្លៃ​ស្រូវ​នេះ ហាក់​ផ្ទុយ​ទៅ​នឹង​បរិបទ​ដែល​អង្ករ​កម្ពុជា កំពុង​ត្រូវ​បាន​អន្តរជាតិ​ទទួល​ស្គាល់​ជា​បណ្តើរៗ និង​ដណ្ដើម​បាន​ចំណែក​ទីផ្សារ​មួយ​ចំនួន។

ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក សុខ ពុទ្ធីវុធ បាន​បញ្ជាក់​ថា តួលេខ​នៃ​ការ​នាំ​អង្ករ​ចេញ​ទៅ​បរទេស គិត​ត្រឹម​ខែ​វិច្ឆិកា ឆ្នាំ​២០១៥ មាន​ចំនួន​ប្រហែល ៤០៨.០០០​តោន ទៅ​កាន់ ៥៨​ប្រទេស ដែល​មាន​ក្រុមហ៊ុន​ប្រហែល ៧០ ចូល​រួម។

រដ្ឋាភិបាល​កម្ពុជា មាន​បំណង​ចង់​នាំ​អង្ករ​ចេញ​ឱ្យ​បាន ១​លាន​តោន នៅ​ត្រឹម​ឆ្នាំ​២០១៥ ដើម្បី​ប្រែក្លាយ​កម្ពុជា ឱ្យ​ទៅ​ជា​ប្រទេស​នាំ​អង្ករ​ចេញ​ដ៏​សំខាន់​មួយ​​នៅ​លើ​ពិភពលោក។  ប៉ុន្តែ​ក្តី​ស្រមៃ​នេះ​បាន​បរាជ័យ​ទៅ​វិញ ត្បិត​កម្ពុជា នៅ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ដែល​ស្រូវ​ដោះស្រាយ​ទាក់ទង​នឹង​រឿង​ស្រូវ​អង្ករ។

លោក សុខ ពុទ្ធីវុធ បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម​ទាំង​នោះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​វេទិកា​ស្រូវ​អង្ករ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា កន្លង​ទៅ៖ «គេ​ត្រូវការ​ច្រើន តែ​យើង​ផ្គត់ផ្គង់​ឱ្យ​គេ​បាន​អត់? ហើយ​តម្លៃ​យើង​ប្រកួតប្រជែង​ជាមួយ​គេ​បាន​អត់? ហើយ​គុណភាព​យើង​អាច​ថែរក្សា​នៅ​តែ​ល្អ​អ៊ីចឹង​បាន​អត់ ពេល​ដែល​ការ​នាំ​ចេញ​ហ្នឹង​វា​រីកចម្រើន​ច្រើន​ទៅៗ? អ៊ីចឹង​សុទ្ធ​តែ​ជា​បញ្ហា​ដែល​យើង​ត្រូវតែ​គិត​ដោះស្រាយ ទាំង​ពី​ពូជ របៀប​ដាំ សហគមន៍​កសិករ ឃ្លាំង​ដាក់​ស្រូវ ធនាគារ រហូត​ទៅ​ដល់​ម៉ាស៊ីន​កិន និង​ការ​នាំ​ចេញ ហើយ​និង​ការ​រៀបចំ​ឈ្មោះ​អង្ករ​យើង​ឱ្យ​កាន់​តែ​ល្បី»

របាយការណ៍​អំពី​ស្ថានភាព​នៃ​ការ​​នាំ​ចេញ​អង្ករ​កម្ពុជា ក្នុង​រយៈពេល ៩​ខែ​ដើម​ឆ្នាំ​២០១៥ របស់​ក្រសួង​កសិកម្ម បង្ហាញ​ថា កម្ពុជា​នាំ​អង្ករ​ចេញ​ទៅ​ប្រទេស​នៅ​សហគមន៍​អឺរ៉ុប​ជាង ៦០​ភាគរយ ប្រទេស​ក្នុង​តំបន់​អាស៊ាន​ជាង ១០​ភាគរយ និង​ប្រទេស​ដទៃ​ទៀត​ជាង ២៥​ភាគរយ។

​អង្ករ​ដែល​កម្ពុជា​នាំ​ចេញ គឺ​ប្រភេទ​អង្ករ​សមាន​ជិត ៤៧​ភាគរយ អង្ករ​ក្រអូប​ប្រហែល ៤៥​ភាគរយ និង​អង្ករ​ចំហុយ​ជិត ៩​ភាគរយ។ អង្ករ​ក្រអូប​របស់​កម្ពុជា មាន​ដូចជា អង្ករ​ផ្កា​ម្លិះ ផ្កា​រំដួល នាង​ម្លិះ នាង​ក្រអូប និង​សុមាលី ជាដើម។

ទាក់ទង​ទៅ​នឹង​រឿង​ស្រូវ​អង្ករ​នេះ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា សហការ​ជាមួយ​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា នឹង​រៀបចំ “វេទិកា​ស្រូវ​អង្ករ​កម្ពុជា​លើក​ទី​៥” ចាប់ពី​ថ្ងៃ​ទី​២៤ ដល់ ២៦ ខែ​មករា ឆ្នាំ​២០១៦ ខាង​មុខ។ វេទិកា​នេះ​នឹង​មាន​ការ​ចូលរួម​ពី​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ ក្រុមហ៊ុន​នាំ​ចេញ​អង្ករ សហគមន៍​កសិករ ក្រុមហ៊ុន​ដឹក​ជញ្ជូន តំណាង​អង្គ​ក្រសួង​ពាក់ព័ន្ធ និង​តំណាង​ដៃគូ​អន្តរជាតិ ហើយ​នឹង​ពិភាក្សា​គ្នា​លើ​បញ្ហា​ស្រូវ​អង្ករ ដើម្បី​ភាព​រីកចម្រើន​នៃ​ឧស្សាហកម្ម​ស្រូវ​អង្ករ​កម្ពុជា។

គេ​រំពឹង​ថា ការ​កំណត់​បញ្ហា​ប្រឈម​សំខាន់ៗ​នៅ​ក្នុង​ផលិតកម្ម​ស្រូវ​អង្ករ​រវាង​អ្នក​ពាក់ព័ន្ធ នឹង​ជួយ​ធ្វើ​ឱ្យ​អង្ករ​កម្ពុជា មាន​លទ្ធភាព​ប្រកួតប្រជែង​បាន​ក្នុង​តម្លៃ​មួយ​សមរម្យ ក្នុង​គុណភាព​ល្អ និង​មាន​កិត្តិនាម​ក្នុង​ទីផ្សារ​ពិភពលោក ដែល​អាច​ហុច​ផល​ឱ្យ​កសិករ​ខ្មែរ​ទទួល​បាន​ប្រយោជន៍​ច្រើន​ក្នុង​មុខ​របរ​របស់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (5)
Share

សៀន ផាន់ណា

ពី ព្រះវិហារ

រដ្ឋាភិបាលខ្វះការយកចិត្តទុកដាក់ និងខ្វះសមត្ថភាព​ទើបតម្លៃ ផលិតផល កសិកម្មថោកច្រើនឆ្នាំជាប់គ្នាបែបនេះ ពឹតជាគួរឱ្យខ្មាស់ពិភពលោកខ្លាំងណាស់ ដែលរដ្ឋាភិបាលយកវិស័យកសិកម្មជាគោល តែគ្មានសមត្ថភាពជំរុញ វិស័យនេះអោយរីកចំរើនសមទៅនឹងតម្លៃបាន

Nov 25, 2015 03:37 AM

អ្នក​អាន​អនាមិក

លោក​ឧកញ៉ា គឹម សាវុធ៖ «រឿង​តម្លៃ​អន្តរជាតិ​ចុះ​ថោក អា​ហ្នឹង​យើង​អត់​ដឹង​ធ្វើ​ម៉េច​ទេ ពីព្រោះ​មួយ​រយៈ​នេះ​ផលិតផល​កសិកម្ម​មិន​មែន​តែ​អង្ករ​ទេ អ្វី​ក៏​ចុះ​ដែរ​ឱ្យ​តែ​ផលិតផល​កសិកម្ម​ចុះ​ទាំង​អស់។ រឿង​អ្នក​សារព័ត៌មាន​សួរ​ថា តើ​វិធានការ​យ៉ាង​ម៉េច​លើក​តម្លៃ ជា​ទូទៅ​សហព័ន្ធ​យើង​ប្រឹង​ធ្វើ​ការ​នេះ​គឺ​ដើម្បី​លើក​តម្លៃ​ស្រូវ​របស់​ប្រជា​កសិករ​យើង​ហើយ។ ប៉ុន្តែ​អ្វី​ដែល​ជា​កត្តា​សត្យានុម័ត គឺ​ទីផ្សារ​អន្តរជាតិ។ អ្វី​ដែល​យើង​អាច​ធ្វើ​បាន គឺ​សុំ​ឱ្យ​គាត់​ដាំ​ដុះ​ពូជ​ល្អ​ដែល​បរទេស​ចង់​បាន ហើយ​សុំ​ឱ្យ​គាត់​ប្ដូរ​ពូជ​ឱ្យ​ទៀងទាត់​ដើម្បី​លើក​តម្លៃ​ឱ្យ​បាន​ខ្ពស់»។
Did this guy went to school, or he is really passed 12g without coruption.
So stupid no responsiblity talk.
kick him away.

Nov 24, 2015 10:40 PM

អនាមិក

ពី ចំការមន ភ្នំពេញ

មើលបញ្ហាតែមួយជ្រុង "រឿងអង្ក" ត្រង់រឿងកសិករខាតបង់រាល់ឆ្នាំមិនគិត។ ចោលម្សៀតមែន។

Nov 24, 2015 04:06 PM

អ្នក​អាន​អនាមិក

One hectar for 3 tons same old same old from Khmer Rouge regime they did not know how produce rice as you know ,I know during that time.Before 1970 Khmer people were almost 85 percent as a farmer.They did very well as a farmer no one teach them how to produce rice just some fertilizer.

Nov 24, 2015 12:45 PM

អ្នក​អាន​អនាមិក

សូមជំរាប ជនរួមជាតិ = ស្រូវ ថោក អង្ករ ថ្លៃ !

Nov 24, 2015 09:00 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល