រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា​កំពុង​រក​ទីផ្សារ​នាំ​អង្ករ​ចេញ​ទៅ​តំបន់​អឺរ៉ុប

ដោយ អ៊ុក សាវបូរី
2015-02-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ​កំពុង​សំអាត​អង្ករ​សម្រាប់​លក់​ឲ្យ​អតិថិជន។
កម្មករ​កំពុង​សំអាត​អង្ករ​សម្រាប់​លក់​ឲ្យ​អតិថិជន។
AFP Photo

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ឆ្លុះ​បញ្ចាំង​ពី​បញ្ហា​ប្រឈម​មួយ​ចំនួន​ក្នុង​សង្វាក់​ផលិតកម្ម​ជួញ​ដូរ​ស្រូវ​អង្ករ​នាំ​ចេញ ដែល​នាំ​ឲ្យ​ទិន្នផល​នេះ​ធ្លាក់​ចុះ ចំណែក​បញ្ហា​បច្ចេកទេស​កែច្នៃ​នៅ​មាន​កម្រិត​នៅ​ឡើយ។

ទន្ទឹម​គ្នា​នេះ ក្រុម​អ្នក​ផលិត​ស្រូវ​សរីរាង្គ​ដែល​ដាំ​ដុះ​តាម​បច្ចេកទេស​ធម្មជាតិ គ្មាន​ប្រើ​សារធាតុ​គីមី ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​បង្រៀន​ទាំង​បច្ចេកទេស និង​ផ្តល់​ប្រាក់​កម្ចី មិន​យក​ការ​ប្រាក់​ខ្ពស់ ឬ​ជួយ​ទិញ​ស្រូវ​ពី​កសិករ​ក្នុង​តម្លៃ​អាច​ទូទាត់​ថ្លៃ​ឈ្នួល​ធ្វើ​ស្រែ​បាន។

តម្លៃ​ស្រូវ​នៅ​ប្រទេស​កម្ពុជា តែង​តែ​ធ្លាក់​ក្រោម ១​ពាន់​រៀល​ជា​រៀង​រាល់​រដូវ​ប្រមូល​ផល។ បញ្ហា​តម្លៃ​ស្រូវ មិន​ទាន់​អាច​តម្រូវ​ទៅ​តាម​ការ​ចង់​បាន​របស់​អ្នក​ផលិត​នេះ ត្រូវ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា កំពុង​តែ​ស្វែងរក​ទីផ្សារ​នៅ​តំបន់​អឺរ៉ុប ដើម្បី​ឲ្យ​អង្ករ​ក្នុង​ប្រទេស​កម្ពុជា មាន​តម្លៃ​ខ្ពស់​ជាង​បច្ចុប្បន្ន ខណៈ​តម្លៃ​ជួញ​ដូរ​អង្ករ​កម្ពុជា អាច​ត្រឹម​ប្រកួត​ប្រជែង​តែ​នៅ​ក្នុង​តំបន់​អាស៊ាន។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា ប្រទេស​ម៉ាឡេស៊ី អាច​ទិញ​អង្ករ​កម្ពុជា ឯ​ប្រទេស​ហ្វីលីពីន កំពុង​ចាប់​ផ្ដើម​រក​ទិញ។ លោក​ថា ការ​ប្រកួត​ប្រជែង​គុណភាព​នៃ​ការ​ផលិត​ស្រូវ​អង្ករ​នៅ​កម្ពុជា អាច​ប្រណាំង​ប្រជែង​ក្នុង​តំបន់​អាស៊ាន​បាន ប៉ុន្តែ​គុណភាព​កែច្នៃ​របស់​ខ្មែរ បាន​ចាញ់​វៀតណាម និង​ថៃ៖ «ព្រោះ​ពិភពលោក​បច្ចុប្បន្ន​នេះ បើ​និយាយ​ពី​នៅ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​របស់​យើង លទ្ធផល​ប្រហែលៗ​គ្នា ប្រណាំង​ប្រជែង​គ្នា​តែ​គ្នា​ឯង។ វៀតណាម ក៏​មាន​ផលិតផល​ប្រហាក់​ប្រហែល​យើង ហើយ​គុណភាព​គេ​ខ្ពស់​ជាង​យើង​ទៅ​ទៀត ប្រដាប់​កែច្នៃ​របស់​គេ។ ថៃ ក៏​មាន​ផលិតផល​ប្រហាក់​ប្រហែល​យើង ហើយ​គេ​ខ្ពស់​ជាង​យើង​ទៅ​ទៀត។ ឡាវ ក៏​មាន​ផលិតផល​ប្រហាក់​ប្រហែល​យើង មីយ៉ាន់ម៉ា។ មាន​តែ​ម៉ាឡេស៊ី និង​ហ្វីលីពីន ទេ​ដែល​អាច​ទិញ​អង្ករ​ពី​យើង​នៅ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​នេះ។ ម៉ាឡេស៊ី ទិញ ហើយ​យើង​កំពុង​ពិភាក្សា​ជាមួយ​ហ្វីលីពីន មួយ​ទៀត។ ហើយ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ទាំង​ឡាយ​ទាំង​នៅ​អាស៊ី ទាំង​អាហ្វ្រិក ទាំង​អាមេរិកឡាទីន គឺ​ផលិត​ស្បៀង​អី​ប្រហាក់​ប្រហែល​គ្នា ដល់​សម្រុក​ចូល​ទីផ្សារ​ប្រទេស​អ្នក​មាន ប្រទេស​អ្នក​មាន​នាំ​គ្នា​បង្អាប់​ថ្លៃ»

ពាក់ព័ន្ធ​នឹង​កង្វះ​បច្ចេកទេស​កែច្នៃ​ដែល​នាំ​ឲ្យ​គុណភាព​ស្រូវ​អង្ករ​កម្ពុជា មិន​ទាន់​អាច​ឈាន​ទៅ​រក​ភាព​ជោគជ័យ ក្នុង​ការ​ជួញ​ដូរ​ស្រូវ​នៅ​លើ​ទីផ្សារ​ពិភពលោក ត្រូវ​ប្រធាន​ក្រុមប្រឹក្សា​សហគមន៍​កសិកម្ម​ខេត្ត​ព្រះវិហារ លោក ធួន សាន ស្នើសុំ​ឲ្យ​តម្លៃ​លក់​ស្រូវ​ធម្មជាតិ​នៅ​ក្នុង​ខេត្ត​នោះ​មាន​តម្លៃ​ខ្ពស់ ព្រោះ​ស្រូវ​ផលិត​នៅ​សហគមន៍​នោះ​មិន​ប្រើ​ជី​គីមី គឺ​ដោយសារ​ដី​មាន​គុណភាព​ល្អ​រួច​ទៅ​ហើយ៖ «សូម​ឲ្យ​សហព័ន្ធ​ទាំងអស់​ឲ្យ​ជួយ​រក​ទីផ្សារ​ឲ្យ​មាន​តម្លាភាព នៅ​ស្រូវ​កសិករ​ផលិត​នៅ​ក្នុង​សហគមន៍​នៅ​ទូទាំង​ប្រទេស ព្រោះ​សព្វ​ឆ្នាំ​តាម​ខ្ញុំ​ពិនិត្យ​មើល​ទៅ ស្រូវ​អត់​មាន​ចុះ​ថោក​ដូច​ឆ្នាំ​នេះ​ទេ ស្រូវ​លក់​ទាប​បំផុត ១.២០០​រៀល តែ​ដល់​ឆ្នាំ​នេះ​មាន​ធ្លាក់​ដល់ ១.០០០ (រៀល) ទាប នៃ​ស្រូវ​ផ្កា​រំដួល»

ទោះ​ជា​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល ចង់​បង្កើន​តម្លៃ​ស្រូវ​នៅ​កម្ពុជា ដើម្បី​បង្កើន​ទីផ្សារ​នាំ​ចេញ​បាន​ច្រើន​ទៅ​លើ​ពិភពលោក​ក៏ដោយ ក៏​កង្វះ​បច្ចេកទេស​កែច្នៃ​ស្រូវ គឺ​ជា​ក្តី​កង្វល់​របស់​កសិករ​ផលិត​ស្រូវ​សរីរាង្គ​នៅ​ភូមិ​ពញ្ញាអង្គរ ឃុំ​វត្តអង្គ​ខាង​ជើង ស្រុក​បន្ទាយមាស ខេត្ត​កំពត។

លោក បិញ ឈិន ប្រធាន​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​ពញ្ញា​អង្គរ​ចម្រើន​ជ័យ ថ្លែង​ថា កង្វល់​របស់​កសិករ គឺ​ការ​លក់​ស្រូវ​នៅ​រដូវ​ប្រមូល​ផល​មាន​តម្លៃ​ទាប រួម​មាន​ដូចជា ស្រូវ​ចំណី ស្រូវ​មិន​បាន​ជាប់​ចំណាត់​ថ្នាក់ ដែល​ធ្វើ​ឲ្យ​តម្លៃ​ជួញ​ដូរ​ធ្លាក់​ក្រោម ១​ពាន់​រៀល។ បញ្ហា​តម្លៃ​លក់​ស្រូវ​នេះ កសិករ​បាន​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល ជួយ​ចុះ​ទិញ​ស្រូវ ពិសេស​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក្រុម​ម៉ាស៊ីន​ស្រូវ​កម្ពុជា ជាដើម ដែល​រដ្ឋាភិបាល​ឲ្យ​ខ្ចី​ទុន​ក្នុង​របរ​ជួញ​ដូរ​ស្រូវ​នោះ គួរ​ជួយ​ទិញ​ស្រូវ​ពី​កសិករ​ឲ្យ​មាន​តម្លៃ​ខ្ពស់​ជាង​ឈ្មួញ​ដែល​កំពុង​បន្ថោក​តម្លៃ ដើម្បី​ជួយ​លើក​ទឹក​ចិត្ត​អ្នក​ផលិត​ស្រូវ​ផង និង​ជួយ​ទប់ស្កាត់​ការ​ធ្វើ​ចំណាក​ស្រុក​ផង។ ពួក​គេ​លើក​ឡើង​ថា កសិករ​ខក​ចិត្ត​នៅ​ពេល​ដែល​ធ្វើ​ស្រែ​ពេញ​មួយ​រដូវ ហើយ​យក​ស្រូវ​ទៅ​លក់​វិញ មិន​អាច​ទូទាត់​ថ្លៃ​ឈ្នួល​ពលកម្ម ឬ​ថ្លៃ​ជួល​ធ្វើ​ស្រែ​បាន​នោះ៖ «រាល់​ថ្ងៃ​នេះ​អត់​ទាន់​មាន​ការ​កំណត់​ទេ សហព័ន្ធ​អត់​ទាន់​មាន​ការ​ទំនាក់ទំនង​ដាក់​កំណត់​ថា​ឥឡូវ យើង​ភូមិ​មួយ​ផលិតផល​មួយ ឧទាហរណ៍​ឥឡូវ យើង​ធ្វើ​ពូជ​អី​នៅ​ក្នុង​សហគមន៍។ សហគមន៍​ណា យើង​ធ្វើ​ពូជ​អី សហគមន៍​ណា​ធ្វើ​អី​អ៊ីចឹង អត់​ទាន់​មាន​កំណត់​ទេ។ សព្វថ្ងៃ​ចំពោះ​ការ​ប្រឈម​របស់​កសិករ​ប្រឈម​ខ្លាំង គឺ​ប៉ះពាល់​នឹង​ការ​បម្រែបម្រួល​អាកាសធាតុ ប៉ះពាល់​បញ្ហា​ទឹក​ភ្លៀង​វា​ធ្លាក់​ដោយ​អត់​ទៀងទាត់។ ជួន​ណា​ដើម​រដូវ ត្រូវ​កសិករ​បង្កបង្កើន​ផល អត់​ភ្លៀង ជិត​ចង់​ផុត​រដូវ​បាន​ភ្លៀង គឺ​ភ្លៀង​នោះ​កសិករ​គាត់​ធ្វើ​ស្រែ វា​ចង់​ហួស​រដូវ។ អា​ស្រូវ​បើ​ថា​សហព័ន្ធ​ទិញ​ស្រូវ​ត្រូវ​ខ្លាំង គឺ​ស្រូវ​ផ្កា​រំដួល ផ្កា​ម្លិះ ដូចជា​ឆ្នាំ​នេះ ទឹក​ភ្លៀង​ដល់​ខែ​១០ បានៗ​ស្ទូង កសិករ​ចង់​ហួស​រដូវ​ហើយ។ ដល់​ខែ​១១ ច្រូត ហើយ​ដើម​ខែ​១១ ត្រូវ​ច្រូត​ហើយ​អា​ស្រូវ​ផ្កា​រំដួល ផ្កា​ម្លិះ នេះ»

ដើម្បី​ជួយ​លើក​ទឹក​ចិត្ត និង​ជួយ​ដល់​កសិករ​អ្នក​ផលិត​ស្រូវ​នោះ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល ថ្លែង​ថា រដ្ឋាភិបាល​គ្រោង​ខ្ចី​ប្រាក់ ៣០០​លាន​ដុល្លារ​ពី​ធនាគារ​ចិន ដើម្បី​សង់​ឃ្លាំង​ស្តុក​ស្រូវ និង​ឡ​សម្ងួត​ស្រូវ ៤០​កន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា សម្រាប់​ជំរុញ​ការ​នាំ​អង្ករ​ចេញ៖ «អាច​មាន​ការ​លំបាក​បន្តិច​ដើម្បី​ឲ្យ​បាន ១​លាន​តោន ដោយសារ​ឆ្នាំ​មុន​នេះ​យើង​លក់​បាន​តែ ៣៨៧​ពាន់​ទេ ឆ្នាំ​២០១៣ លក់​បាន ៣៧៨​ពាន់​តោន។ ដូច្នេះ​មាន​ការ​កើន​ឡើង​តែ ២% ទេ។ អ៊ីចឹង​ពី​កើន​ពី ៣៨៧​ពាន់ ទៅ ១​លាន​តោន ប្រហែល​ជា​អាច​មាន​ការ​លំបាក​បន្តិច នេះ​យើង​ត្រូវ​តែ​ហ៊ាន​និយាយ។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក៏​យើង​ខ្ញុំ​ក្រសួង​ពាណិជ្ជកម្ម ក៏ដូចជា​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នឹង​ខិតខំ​ប្រឹងប្រែង​រក​កូតា​ថែម​ទៀត​ពី​ប្រទេស​ចិន។ ពី​ដើម​យើង​ចុះ​កុងត្រា​តែ ១០​ម៉ឺន​តោន​ក្នុង ១​ឆ្នាំ ឥឡូវ​យើង​កំពុង​ទាមទារ​ស្នើសុំ​ឲ្យ​គេ​ផ្តល់​កូតា​ឲ្យ​បាន​ខ្ពស់​ជាង​ហ្នឹង​បន្តិច​ទៀត ខែ​ក្រោយ​នេះ​យើង​ខ្ញុំ​នឹង​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​រុស្ស៊ី ដើម្បី​ពិភាក្សា​ចរចា​លក់​កសិផល​ទៅ​រុស្សី ថែម​ទៀត។ ដូច្នេះ​អាច​មាន​ឃើញ​ការ​កើន​ឡើង​ថែម​ទៀត​លើ​ការ​នាំ​ចេញ​កសិផល​របស់​យើង​ទៅ​ប្រទេស​ផ្សេងៗ​មួយ​ចំនួន​ទៀត»

នៅ​ក្នុង​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​លើក​ទី​១ របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ប្រធាន​សហព័ន្ធ លោក សុខ ពុទ្ធីវុធ ថ្លែង​ថា សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ខំ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​អង្ករ​កម្ពុជា បង្កើន​នូវ​ភាព​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង និង​ធានា​គុណភាព​ខ្ពស់​ក្នុង​ទីផ្សារ​អន្តរជាតិ។ ដើម្បី​សម្រេច​គោលដៅ​នេះ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា សហការ​ជាមួយ​រដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍ ជំរុញ​ឲ្យ​កសិករ​ដាំ​ដុះ​ពូជ​ស្រូវ​មួយ​ដែល​មាន​គុណភាព​ខ្ពស់ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​ទីផ្សារ ស្រប​ពេល​ដែល​អង្ករ​ក្រអូប​ប្រទេស​កម្ពុជា ទទួល​បាន​ជ័យលាភី​លេខ​១ ចំនួន ៣​ឆ្នាំ​ជាប់​គ្នា តាំង​ពី​ឆ្នាំ​២០១២ មក។ នៅ​ឆ្នាំ​២០១៤ កម្ពុជា ទើប​នាំ​អង្ករ​ចេញ​បាន​ជាង ៣៨​ម៉ឺន​តោន​ប៉ុណ្ណោះ គឺ​កើន​ឡើង​តែ ២% បើ​ធៀប​នឹង​ឆ្នាំ​២០១៣ កន្លង​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល