សហភាព​អឺរ៉ុប​បារម្ភ​ពី​គម្លាត​​ជំនាញ​សិក្សា​និង​ទីផ្សារ​ការងារ​នៅ​កម្ពុជា

ដោយ យាង សុជាមេត្តា
2015-06-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក ហ្សង់ ហ្វ្រង់ស្វ័រ កូតាំង (Jean-Francois Cautain) ថ្លែង​ក្នុង​វេទិកា​ការងារ​ឆ្នាំ​២០១៥ នា​មជ្ឈមណ្ឌល​កម្សាន្ត​កោះពេជ្រ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២០ មិថុនា ឆ្នាំ​២០១៥។
ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក ហ្សង់ ហ្វ្រង់ស្វ័រ កូតាំង (Jean-Francois Cautain) ថ្លែង​ក្នុង​វេទិកា​ការងារ​ឆ្នាំ​២០១៥ នា​មជ្ឈមណ្ឌល​កម្សាន្ត​កោះពេជ្រ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២០ មិថុនា ឆ្នាំ​២០១៥។
RFA/Yeang Socheametta

តំណាង​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា សម្ដែង​ការ​បារម្ភ​ពី​គម្លាត​រវាង​ជំនាញ​សិក្សា​របស់​យុវជន​កម្ពុជា បច្ចុប្បន្ន ទៅ​នឹង​ទីផ្សារ​ការងារ​ដែល​ផ្ដល់​ឲ្យ​ពួកគេ​នៅ​ក្នុង​ប្រទេស​មួយ​នេះ។ ការ​បារម្ភ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​វេទិកា​ការងារ​លើក​ទី​១១ ដែល​រៀបចំ​ដោយ​សភា​ពាណិជ្ជកម្ម​អឺរ៉ុប នៅ​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២១ ខែ​មិថុនា នា​មជ្ឈមណ្ឌល​កម្សាន្ត​កោះពេជ្រ។ អ្នក​ជំនាញ​ផ្នែក​អប់រំ​យល់​ឃើញ​ថា កង្វះខាត​ការ​ផ្ដល់​ព័ត៌មាន​តម្រង់​ទិស​ជំនាញ​សិក្សា​ដល់​និស្សិត ជា​មូលហេតុ​មួយ​ធ្វើ​ឲ្យ​មាន​គម្លាត​នេះ។

បញ្ហា​ប្រឈម​មួយ​ក្នុង​ចំណោម​បញ្ហា​ប្រឈម​ធំៗ​ជា​ច្រើន ដែល​សេដ្ឋកិច្ច​កម្ពុជា កំពុង​ជួប​ប្រទះ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​ភាព​មិន​ស៊ី​សង្វាក់​គ្នា​រវាង​ជំនាញ​របស់​យុវជន ដែល​កំពុង​ហូរ​ចូល​ទីផ្សារ​ការងារ និង​សេចក្ដី​ត្រូវ​ការ​ជាក់ស្ដែង​របស់​ទីផ្សារ​ការងារ។ នេះ​គឺ​ជា​ការ​លើក​ឡើង​របស់​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក ហ្សង់ ហ្វ្រង់ស្វ័រ កូតាំង (Jean-François Cautain) នៅ​ចំពោះ​មុខ​មន្ត្រី​រដ្ឋាភិបាល និង​អ្នក​ចូល​រួម​ច្រើន​រយ​នាក់​ក្នុង​ពិធី​សម្ពោធ​វេទិកា​ការងារ​ឆ្នាំ​២០១៥។

លោក ហ្សង់ ហ្វ្រង់ស្វ័រ កូតាំង កត់សម្គាល់​បន្ត​ថា ស្ថានភាព​សេដ្ឋកិច្ច​របស់​កម្ពុជា កំពុង​មាន​ការ​ប្រែប្រួល​យ៉ាង​ឆាប់​រហ័ស ហើយ​ថា វា​ប្រហែល​ជា​ប្រែប្រួល​ជាង​នេះ​ទៀត នៅ​ពេល​កម្ពុជា ចូល​រួម​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នៅ​ចុង​ឆ្នាំ​២០១៥ នេះ។

ប្រមុខ​ការទូត​សហភាព​អឺរ៉ុប​រូប​នេះ ក៏​បាន​សង្កត់​ធ្ងន់​ទៅ​លើ​កំណែ​ទម្រង់​វិស័យ​អប់រំ​នៅ​កម្ពុជា។ លោក​ថា កិច្ចការ​អភិវឌ្ឍន៍​ជំនាញ​ដល់​យុវជន​ជំនាន់​ក្រោយ គួរ​តែ​ឈរ​លើ​មូលដ្ឋាន​មួយ​ដែល​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង​សម្របសម្រួល​ឲ្យ​បាន​ល្អ ដែល​ក្នុង​នោះ​ធ្វើ​ឲ្យ​មាន​ការ​អប់រំ​មូលដ្ឋាន​ប្រកប​ដោយ​គុណភាព និង​ការ​ផ្ដល់​នូវ​គ្រឹះ​រឹងមាំ​មួយ​ដល់​អ្នក​សិក្សា​សម្រាប់​ឈាន​ទៅ​ចាប់​យក​ការ​អប់រំ​ជាន់​ខ្ពស់ និង​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​មួយ​ដ៏​ពិតប្រាកដ។

​លោក ហ្សង់ ហ្វ្រង់ស្វ័រ កូតាំង ដែល​ចាត់​ទុក​វិស័យ​អប់រំ​ប្រៀប​បាន​ទៅ​នឹង​ទូក​ដ៏​ធំ​មួយ​ដែល​គេ​មិន​អាច​ចេះតែ​ប្ដូរ​ទិសដៅ​របស់​វា​បាន​ដោយ​ងាយ​ស្រួល​នោះ មាន​ប្រសាសន៍​ថា កំណែ​ទម្រង់​ក្នុង​វិស័យ​អប់រំ គួរ​តែ​យក​មតិ​យោបល់​ពី​ដៃគូ​ពាក់ព័ន្ធ​មក​ពិចារណា ហើយ​ថា ជំនាញ​នានា​ដែល​គេ​បង្ហាត់​បង្រៀន​នៅ​ថ្ងៃ​នេះ អាច​ថមថយ​តម្លៃ និង​អត្ថប្រយោជន៍​របស់​វា​ក្នុង​កំឡុង ៥ ឬ ១០​ឆ្នាំ​ខាង​មុខ​ក៏​អាច​ថា​បាន។

លោក​ក៏​ថ្លែង​ថា វេទិកា​ការងារ​ដែល​រៀបចំ​ដោយ​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​ពេល​នេះ គឺ​ជា​ព្រឹត្តិការណ៍​សំខាន់​មួយ​សម្រាប់​និស្សិត​ដើម្បី​ទទួល​បាន​ការ​តំរែតម្រង់​ទិស ការ​ផ្លាស់ប្ដូរ​គំនិត​យោបល់ និង​ជា​ឱកាស​ឲ្យ​ពួកគេ​ជួប​ជាមួយ​តំណាង​ក្រុមហ៊ុន​នានា ដែល​កំពុង​ស្វែង​រក​អ្នកធ្វើការ​ជាមួយ​ពួកគេ៖ «ខ្ញុំ​គិត​ថា វេទិកា​នេះ នឹង​ផ្តល់​ជូន​រដ្ឋាភិបាល​កម្ពុជា ស្ថាប័ន​អប់រំ​នានា នូវ​ឱកាស​សម្រាប់​ស្ទង់​មើល​និន្នាការ និង​គំរូ ក៏​ដូច​ជា​បែប​ផែន​ថ្មីៗ​នៃ​សេដ្ឋកិច្ច​កម្ពុជា ក្នុង​នោះ​មាន​សំណួរ​ថា តើ​វិស័យ​មួយ​ណា​ក្នុង​សេដ្ឋកិច្ច​ដែល​កំពុង​លូតលាស់​លឿន​ជាង​មុន? តើ​វិស័យ​អ្វី​ថ្មី​ដែល​កំពុង​លេច​រូបរាង​ឡើង? តើ​មាន​សក្ដានុពល​អ្វី​ខ្លះ​សម្រាប់​ការងារ? តើ​និន្នាការ​ថ្មី​នេះ​មាន​ន័យ​ដូច​ម្ដេច​សម្រាប់​ប្រព័ន្ធ​អប់រំ? តើ​ជំនាញ​ថ្មី​អ្វី​ខ្លះ​ដែល​គេ​ត្រូវ​យក​មក​បង្រៀន បណ្ដុះបណ្ដាល​ដល់​កម្លាំង​ពលកម្ម?»

​ការ​ស្ទង់​មតិ​មួយ​កាល​ពី​ឆ្នាំ​២០១១ បាន​បង្ហាញ​ថា ៧៣% នៃ​និយោជក​គិត​ថា សកល​វិទ្យាល័យ​មិន​បាន​ផ្ដល់​ជំនាញ​សមស្រប​ដល់​និស្សិត​ដែល​រៀន​ចប់​ថ្នាក់​នោះ​ទេ ខណៈ​ដែល​និយោជក ៦២% គិត​ថា ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ក៏​មិន​ស្រប​ទៅ​នឹង​ទីផ្សារ​ការងារ​ដែរ។

លោក ហ្សង់ ហ្វ្រង់ស្វ័រ កូតាំង បញ្ជាក់​ថា វា​មាន​ភាព​ចាំបាច់​ក្នុង​ការ​ជួយ​និស្សិត​ឲ្យ​ដឹង​ប្រសើរ​ជាង​មុន ថា​តើ​ទីផ្សារ​ការងារ​កំពុង​វិវត្តន៍​ដូច​ម្ដេច​ខ្លះ? តើ​ជំនាញ​អ្វី​ខ្លះ​ដែល​កំពុង​មាន​សេចក្ដី​ត្រូវ​ការ​ច្រើន​ជាង​គេ​នៅ​ពេល​បច្ចុប្បន្ន និង​ពេល​ខាង​មុខ? លោក ហ្សង់ ហ្វ្រង់ស្វ័រ កូតាំង កត់សម្គាល់​ថា មិនមែន​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​អាច​ក្លាយ​ជា​នាយក​គ្រប់គ្រង ឬ​សុទ្ធ​តែ​អាច​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ពាណិជ្ជកម្ម​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​លោក​ថា កម្ពុជា​កំពុង​ត្រូវ​ការ​វិស្វករ អ្នក​បច្ចេកទេស និង​ពលករ​ជំនាញ។

ចំណែក​ប្រធាន​សភា​ពាណិជ្ជកម្ម​អឺរ៉ុប លោក អេម៉ានុយអែល មេណង់តូ (Emmanuel Menateau) វិញ ថ្លែង​ថា សេដ្ឋកិច្ច​កម្ពុជា កំពុង​មាន​កំណើន​ខ្ពស់ ប៉ុន្តែ​លោក​ ​កំណើន​នេះ​មិន​បាន​នាំ​ឲ្យ​ដៃគូ​ទាំង​សង​ខាង​ក្នុង​ទីផ្សារ​មាន​ការវិវត្តន៍​ទន្ទឹម​គ្នា​នោះ​ទេ។ មាន​ន័យ​ថា កំណើន​គឺ​មិន​បាន​នាំ​មក​នូវ​ភាព​ស៊ី​សង្វាក់​គ្នា​រវាង​អ្វី​ដែល​ក្រុមហ៊ុន​អាច​រំពឹង​ថា នឹង​ទទួល​បាន​ពី​អនាគត​បុគ្គលិក​របស់​ខ្លួន និង​អ្វី​ដែល​អ្នក​ស្វែង​រក​ការងារ​អាច​ផ្ដល់​ជូន​អនាគត និយោជក​របស់​ខ្លួន។

​លោក អេម៉ានុយអែល មេណង់តូ៖ «កម្ពុជា​បាន​បញ្ចេញ​យុវជន​រាប់​សែន​នាក់​ទៅ​ក្នុង​ទីផ្សារ​ការងារ​រៀង​រាល់​ឆ្នាំ ដែល​ក្នុង​នោះ​ភាគ​ច្រើន​នៃ​ប្រជាជន​កម្ពុជា មាន​អាយុ​ក្រោម ២៥​ឆ្នាំ បើ​ទោះ​បី​ជា​ក្នុង​ចំណោម​យុវជន​កម្ពុជា សំបូរ​អ្នក​មាន​សមត្ថភាព អ្នក​មាន​គំនិត​ច្នៃប្រឌិត និង​អ្នក​មាន​ចេតនា​ចង់​ធ្វើ​ការ​ក្តី ក៏​បញ្ហា​កង្វះ​ជំនាញ​នៅ​តែ​ជា​តថភាព​ដែល​ទីផ្សារ​ការងារ​កំពុង​ជួប​ប្រទះ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ»

​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១១ ដោយ​មាន​ការ​គាំទ្រ​ពី​សភា​ពាណិជ្ជកម្ម ៣​ប្រទេស គឺ​បារាំង អង់គ្លេស និង​អាល្លឺម៉ង់ ក្នុង​គោលបំណង​លើក​កម្ពស់​ផល​ប្រយោជន៍​ពាណិជ្ជកម្ម​អឺរ៉ុប​ដែល​កំពុង​តែ​ប្រតិបត្តិការ​នៅ​កម្ពុជា និង​សម្រួល​ការ​ចូល​វិនិយោគ​ពី​សំណាក់​ក្រុមហ៊ុន​អឺរ៉ុប មក​កម្ពុជា។

សម្រាប់​វេទិកា​ការងារ​ក្នុង​រយៈពេល ២​ថ្ងៃ​នេះ បញ្ជរ​ពិព័រណ៍​របស់​ក្រុមហ៊ុន​ជាង ៦០ ត្រូវ​បាន​គេ​ដាក់​បង្ហាញ។ ក្រុមហ៊ុន​នីមួយៗ ក្រៅ​តែ​ពី​បង្ហាញ​នូវ​ផលិតផល​របស់​ខ្លួន ពួកគេ​ក៏​ផ្តល់​ឱកាស​ការងារ​សម្រាប់​អ្នក​ដែល​កំពុង​ស្វែង​រក​ការងារ​ធ្វើ​ផង​ដែរ។

ក្រៅ​ពី​នេះ សិស្ស និស្សិត​ក៏​មាន​ឱកាស​ចូលរួម​ស្តាប់​នូវ​បទ​បង្ហាញ​ពី​អ្នក​ជំនាញ​នានា ផ្នែក​អប់រំ និង​ការងារ។ បទ​បង្ហាញ​ទាំង​នោះ​ទាក់ទង​នឹង​ប្រធានបទ​មួយ​ចំនួន ដូចជា​របៀប​ស្វែង​រក​ការងារ តំរូវ​ការ និង​ការ​ផ្គត់ផ្គង់​ការងារ​ក្នុង​ទីផ្សារ​កម្ពុជា ឬ​ធ្វើ​យ៉ាង​ណា​ដើម្បី​ទទួល​ជោគជ័យ​ក្នុង​ពេល​សម្ភាសន៍​ការងារ និង​ការ​កំណត់​ផ្លូវ​ការងារ​របស់​ខ្លួន​ជាដើម។

​ទាក់ទង​នឹង​បញ្ហា​ការងារ​នេះ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ម៉ម វណ្ណៈ ដែល​បាន​ចូល​រួម​ក្នុង​ពិធី​បើក​វេទិកា​ការងារ​ឆ្នាំ​២០១៥ ឲ្យ​ដឹង​ថា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បង្កើត​ទីភ្នាក់ងារ​ជាតិ​មុខ​របរ និង​ការងារ​តាំង​ពី​ឆ្នាំ​២០១០។ លោក​បញ្ជាក់​ថា រហូត​ដល់​ពេល​បច្ចុប្បន្ន​ក្រសួង​បាន​បង្កើត​មជ្ឈមណ្ឌល​ជាតិ មុខ​របរ និង​ការងារ​នៅ​តាម​បណ្ដា​ខេត្ត-​ក្រុង​ចំនួន ៧ គឺ​នៅ​ភ្នំពេញ បាត់ដំបង សៀមរាប ស្វាយរៀង កំពត កំពង់ចាម និង​តាកែវ ហើយ​ក្នុង​ឆ្នាំ​២០១៥ នេះ ក្រសួង​កំពុង​សិក្សា​ខេត្ត-​ក្រុង​អាទិភាព​ចំនួន​៣ បន្ថែម​ទៀត គឺ​កំពង់ធំ ព្រៃវែង និង​បន្ទាយមានជ័យ។

ដោយ​ឡែក កាល​ពី​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៥ រដ្ឋមន្ត្រី​ក្រសួង​អបរំ និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​រួម​គ្នា​បង្កើត​ក្រុម​ការងារ​អន្តរក្រសួង ដើម្បី​សម្របសម្រួល និង​អនុវត្ត​ការ​អភិវឌ្ឍ​ជំនាញ ការ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស វិជ្ជាជីវៈ និង​ការ​តម្រង់​ទិស​វិជ្ជាជីវៈ។

ក្រុម​ការងារ​អន្តរក្រសួង​នេះ​មាន​ភារកិច្ច​កំណត់​ជំនាញ​ដែល​គាំទ្រ​ដល់​ដំណើរការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​កម្ពុជា ជំរុញ​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​គ្រប់​វិស័យ ជាពិសេស​វិស័យ​ឧស្សាហកម្ម​ដែល​មាន​ស្រាប់ និង​ឧស្សាហកម្ម​ថ្មី​នៅ​ពេល​អនាគត ព្រមទាំង​បញ្ជ្រាប​ព័ត៌មាន និង​តម្រង់​ទិស​វិជ្ជាជីវៈ​សិស្ស មធ្យមសិក្សា​ជាដើម។

​ប្រធាន​កម្មវិធី​នៃ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក សេង រិទ្ធី កត់សម្គាល់​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​មាន​គម្លាត​ខ្លាំង​រវាង​ជំនាញ​សិក្សា និង​តម្រូវការ​ទីផ្សារ​ការងារ​ជាក់ស្ដែង​នៅ​កម្ពុជា កន្លង​មក ដោយសារ​សិស្ស​ពុំ​ទទួល​បាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​អំពី​ជំនាញ និង​ទីផ្សារ​ការងារ​នៅ​ពេល​ដែល​ពួកគេ​បញ្ចប់​ការសិក្សា។ មួយ​វិញ​ទៀត រដ្ឋាភិបាល​ក៏​មិន​បាន​តម្រង់​ទិស​ជំនាញ​សិក្សា​ដល់​សិស្ស​ទៀត​ផង។

​លោក សេង រិទ្ធី៖ «រដ្ឋ​អត់​មាន​ការ​តម្រង់​ទិស​សិស្ស​នោះ​ទេ ជាពិសេស​ការ​តម្រង់​ទិស​ជំនាញ​របស់​ពួកគាត់ ពួកគាត់​រើស​ជំនាញ​ដោយ​សេរី ពេល​យើង​អត់​មាន​គោលការណ៍​ច្បាស់លាស់។ ចង់​មិន​ចង់​ក្មេង​ទៅ​តាម​គ្នា សិស្ស​ច្រើន​តាម​គ្នា ពេល​គាត់​ឃើញ​ទៅ​ខាង​ណា​ច្រើន គាត់​ទៅ​ខាង​នោះ​ហើយ»

​លោក សេង រិទ្ធី ជឿជាក់​ថា ប្រសិនបើ​សិស្ស​គ្រប់រូប​ទទួល​បាន​ការ​តម្រង់​ទិស​ជំនាញ​សិក្សា​តាំង​ពី​ពេល​ពួកគេ​រៀន​នៅ​ថ្នាក់​វិទ្យាល័យ​មែន​នោះ ពួកគេ​នឹង​យល់​ដឹង​កាន់​តែ​ច្រើន​នៅ​ពេល​ឡើង​ដល់​ថ្នាក់​មហាវិទ្យាល័យ ហើយ​នៅ​ទី​បំផុត ពួកគេ​ក៏​នឹង​ទទួល​បាន​ការងារ​ដែល​ពួកគេ​ពេញ​ចិត្ត៕ ​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

less than 0.01% of GDP goes to education health,the future is grim for employment. It is not too changes.

Jun 20, 2015 10:43 PM

គេហទំព័រ​ទាំងមូល