CCHR​គាំទ្រ​ការ​បង្ហាញ​របាយការណ៍​វាយ​តម្លៃ​រោងចក្រ​កាត់​ដេរ​ជា​សាធារណៈ

អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ប្រកាស​ថា​នឹង​បង្ហាញ​របាយការណ៍​ត្រួត​ពិនិត្យ វាយ​តម្លៃ​រោងចក្រ​កាត់​ដេរ​នីមួយៗ​ជា​សាធារណៈ នៅ​ខែ​មករា ឆ្នាំ​២០១៤ ខាង​មុខ ដើម្បី​បង្កើន​ល្បឿន​កែលំអ​វិស័យ​កាត់​ដេរ នៅ​កម្ពុជា។
ដោយ អ៊ុក សាវបូរី
2013-09-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​អាជ្ញាធរ និង​ក្រុម​សង្គ្រោះ​បន្ទាន់​កំពុង​ទាញ​យក​ពិតាន​ដែល​បាក់​ចេញ ដើម្បី​ស្វែង​រក​អ្នក​រងគ្រោះ នា​រោងចក្រ វីង ស្ដារ ស៊ូ (Wing Star Shoes) ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី១៦ ខែ​ឧសភា ឆ្នាំ​២០១៣។
ក្រុម​អាជ្ញាធរ និង​ក្រុម​សង្គ្រោះ​បន្ទាន់​កំពុង​ទាញ​យក​ពិតាន​ដែល​បាក់​ចេញ ដើម្បី​ស្វែង​រក​អ្នក​រងគ្រោះ នា​រោងចក្រ វីង ស្ដារ ស៊ូ (Wing Star Shoes) ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី១៦ ខែ​ឧសភា ឆ្នាំ​២០១៣។
RFA/Sek Bandith

អង្គការ​អន្តរជាតិ​មួយ​នេះ​បាន​បង្កើត​គម្រោង​រោងចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា ច្រើន​ឆ្នាំ​មក​ហើយ ដោយ​បាន​ចុះ​ត្រួត​ពិនិត្យ តែ​មិន​បាន​ផ្សព្វផ្សាយ​នូវ​អ្វី​ដែល​គេ​បាន​រក​ឃើញ​ក្នុង​វិស័យ​កាត់​ដេរ​កន្លង​មក​ទេ។ សេចក្តី​ប្រកាស នឹង​ផ្សាយ​ការ​វាយ​តម្លៃ​រោងចក្រ​កាត់​ដេរ​ជា​សាធារណៈ​នោះ ត្រូវ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) បាន​ថ្លែងការណ៍​គាំទ្រ។

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នៅ​ថ្ងៃ​ទី២៧ ខែ​កញ្ញា ចេញ​សេចក្តី​ថ្លែងការណ៍​ជំរុញ​អ្នក​ទិញ និង​សមាគម​កាត់​ដេរ (GMAC) ឲ្យ​គាំទ្រ​ការ​អនុវត្ត​តម្លាភាព​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់​ដេរ នៅ​កម្ពុជា។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ ថ្លែង​ថា អង្គការ​អន្តរជាតិ​ខាង​ការងារ នឹង​បើក​ចំហ​របាយការណ៍​ត្រួត​ពិនិត្យ និង​វាយ​តម្លៃ​ពី​ស្ថានភាព​ការងារ​នៅ​ក្នុង​រោងចក្រ​កាត់​ដេរ ពី​ការ​ប្រឈម​របស់​កម្មករ និង​ការ​ខ្វះខាត​នានា​របស់​រោងចក្រ​កាត់​ដេរ​នីមួយៗ ព្រោះ​កន្លង​មក គម្រោង​រោងចក្រ​កាត់​ដេរ​កាន់​តែ​ប្រសើរ​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ​នោះ មិន​បាន​ផ្សព្វផ្សាយ​របាយការណ៍​ពី​ការ​វាយ​តម្លៃ​រោងចក្រ​កាត់​ដេរ​ណា​អនុវត្ត​ការងារ​ល្អ និង​មិន​ល្អ​នោះ​ទេ៖ «ខ្ញុំ​ជឿជាក់​ថា ក្រុមហ៊ុន​ល្អ​នឹង​សប្បាយ​ចិត្ត​ក្នុង​ការ​ចូល​រួម​ប្រកាស​គម្រោង ប្រកាស​សមត្ថភាព​នៅ​ពេល​ខាង​មុខ​នេះ។ អីចឹង ខ្ញុំ​ជឿជាក់​ថា ចុង​បញ្ចប់​ប្រហែល​ជា​ក្រុមហ៊ុន​ដែល​មិន​ល្អ ក្រុមហ៊ុន​ដែល​ឆក់​កណ្ដៀត ប្រហែល​ជា​ចេញ​ពី​ប្រទេស​កម្ពុជា មែន ឬ​មួយ​ក៏​ត្រូវ​ការ​កែ​ខ្លួន​ឯង​ឲ្យ​បាន​ល្អ និង​ការពារ​សិទ្ធិ​របស់​កម្មករ»

លោក អ៊ូ វីរៈ បន្ត​ថា ការ​កើន​ឡើង​នៃ​ការ​ទាមទារ​របស់​កម្មករ​រោងចក្រ​កាត់​ដេរ​នា​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ក៏​ដូច​ជា​ការ​បាត់​ស្រុត​ពិតាន​អគារ​នៅ​រោងចក្រ​ស្បែក​ជើង បាន​សម្លាប់​កម្មករ ២​នាក់ ជា​ការ​ឆ្លុះ​បញ្ចាំង​នូវ​លក្ខខណ្ឌ​ការងារ​នៅ​ក្នុង​រោងចក្រ​នៃ​ប្រទេស​កម្ពុជា និង​កង្វះ​ការ​គោរព​សិទ្ធិ​មនុស្ស បាន​រាល​ដាល​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​នេះ។

លោក​ថា ការ​ផ្សព្វផ្សាយ​របាយការណ៍​នោះ អាច​ការ​បង្កើន​នូវ​តម្លាភាព​ពាក់ព័ន្ធ​នឹង​លក្ខខណ្ឌ​ការងារ​របស់​រោងចក្រ​កាត់​ដេរ ដែល​គួរ​តែ​ត្រូវ​បាន​គេ​លើក​ទឹក​ចិត្ត​ពី​ប្រភព​ក្រុមហ៊ុន​នានា នៅ​ក្នុង​ប្រទេស​កម្ពុជា។ កិច្ច​ផ្ដួចផ្ដើម​នេះ នឹង​អនុញ្ញាត​ឲ្យ​សង្គម​ស៊ីវិល រួម​ទាំង​អ្នក​ប្រើប្រាស់ ដាក់​សម្ពាធ​ទៅ​លើ​រោងចក្រ ដើម្បី​ធ្វើ​ឲ្យ​លក្ខខណ្ឌ​ការងារ​ប្រសើរ និង​ជំរុញ​ការ​អនុវត្ត​កិច្ច​ការពារ​សិទ្ធិ​មនុស្ស ស្រប​តាម​ការ​ទទួល​ខុស​ត្រូវ​ផ្នែក​សង្គម​សាជីវកម្ម ដែល​នឹង​ពង្រឹង​បរិមាណ​ផលិតផល និង​លំនឹង​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម។

កាល​ពី​ថ្ងៃ​ទី២៣ ខែ​កញ្ញា ឆ្នាំ​២០១៣ គម្រោង​រោងចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា នៃ​អង្គការ​ការងារ​អន្តរជាតិ ប្រកាស​ព័ត៌មាន​ថា នឹង​បង្ហាញ​ជា​សាធារណៈ​នៅ​ខែ​មករា ឆ្នាំ​២០១៤ ពី​ការ​រក​ឃើញ​ក្នុង​ការ​ត្រួត​ពិនិត្យ​របស់​គម្រោង​នោះ នូវ​ព័ត៌មាន​រោងចក្រ​នីមួយៗ​អំពី​ការ​គោរព​ច្បាប់ ស្ដីពី​ការងារ​របស់​ប្រទេស​កម្ពុជា និង​បទដ្ឋាន​ការងារ​អន្តរជាតិ​របស់​រោងចក្រ​កាត់​ដេរ។

មន្ត្រី​សម្រប​សម្រួល​គម្រោង​រោងចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា លោក គាំ ទីវា ថ្លែង​ថា ការ​ធ្លាក់​ចុះ​នៃ​ការ​អនុវត្ត​តាម​បទដ្ឋាន​ច្បាប់​ការងារ​ជាតិ និង​អន្តរជាតិ រួម​មាន​បញ្ហា​ប្រាក់​ឈ្នួល​បើក​ទៀងទាត់ និង​ប្រាក់​បន្ថែម​ម៉ោង​ត្រឹមត្រូវ ឬ​អត់ សុវត្ថិភាព​អគ្គិភ័យ និង​តម្រូវ​ការ​ផ្សេងៗ​ទាក់ទង​នឹង​សុខភាព និង​សុវត្ថិភាព នឹង​បង្ហាញ​នៅ​ក្នុង​របាយការណ៍​សាធារណៈ តាម​រយៈ​គេហទំព័រ​របស់​គម្រោង។ លោក​ថា ព័ត៌មាន​លម្អិត​ពី​កូដកម្ម និង​សហជីព ដោយ​កត់​សម្គាល់​លើ​ការ​អនុវត្ត​ច្បាប់​របស់​សហជីព ជាមួយ​នឹង​តម្រូវ​ការ​ស្រប​ច្បាប់​ក្នុង​ការ​ធ្វើ​កូដកម្ម។

លោក គាំ ទីវា៖ «យើង​បាន​ចែក​ជា ២​ប្រភេទ​ដែរ នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​ដែល​ប្រភេទ​ទី១ យើង​ហៅ​ថា​បញ្ហា​ចម្បងៗ​ដែល​មាន ២១​ចំណុច និង​បញ្ហា​ទី២ គឺ​ការ​គោរព​ច្បាប់​ជាទូទៅ ដែល​យើង​មាន​ចំនួន ៥២​ចំណុច ដែល​យើង​យល់​ថា រោងចក្រ​ភាគ​ច្រើន​ដែល​មិន​បាន​គោរព​ច្បាប់​ជា​យូរ​ណាស់​មក​ហើយ ពីព្រោះ​ថា គាត់​ត្រូវ​បាន​ពួក​យើង​នេះ​ចុះ​ធ្វើ​ការ​ពិនិត្យ និង​ត្រួត​ពិនិត្យ​ជាច្រើន​ដង បាន​ផ្តល់​ជា​អនុសាសន៍​នៅ​ក្នុង​ការ​កែប្រែ ប៉ុន្តែ​ភាគ​ច្រើន គឺ​ថា​គាត់​អត់​បាន​ចាប់​អារម្មណ៍​ទេ​នៅ​ក្នុង​ការ​កែប្រែ ហើយ​នៅ​ក្នុង​រោងចក្រ​ទាំងអស់​នោះ វា​មាន​ត្រឹម ១០ ទៅ ១៥​រោងចក្រ​ប៉ុណ្ណោះ ដែល​បាន​ធ្វើ​ឲ្យ​រោងចក្រ​ដទៃ​ទៀត វា​មាន​លក្ខណៈ​ខាង​វិស័យ​កាត់​ដេរ​នៅ​កម្ពុជា យើង​អាក្រក់ មិន​មាន​ស្ថានភាព​ល្អ ដោយសារ​ពួក​គាត់​មិន​បាន​ធ្វើ​ការ​កែប្រែ»

នៅ​ក្នុង​ប្រទេស​កម្ពុជា រោងចក្រ​កាត់​ដេរ​ជាង ៤៥០ បាន​ចុះ​ឈ្មោះ​ជាមួយ​គម្រោង​រោងចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា។ គម្រោង​នោះ ចុះ​ត្រួត​ពិនិត្យ​រោងចក្រ​ទាំងអស់​នោះ​យ៉ាង​តិច ២​ដង ស្វែង​រក​ពី​ការ​គោរព​ច្បាប់​របស់​រោងចក្រ​នីមួយៗ។

លោក គាំ ទីវា សង្ឃឹម​ថា ការ​បង្ហាញ​របាយការណ៍​ត្រួត​ពិនិត្យ​រោងចក្រ​កាត់​ដេរ​ជា​សាធារណៈ នឹង​មាន​ឱកាស​ផ្តល់​ព័ត៌មាន និង​បង្ហាញ​ពី​ភាព​រីក​ចម្រើន​របស់​រោងចក្រ​នានា តាម​រយៈ​គេហទំព័រ​ដោយ​ផ្ទាល់។ លោក​ថា គម្រោង​រោងចក្រ​កាន់​តែ​ប្រសើរ នឹង​ប្រកាស​ឲ្យ​ដឹង​ពី​ពេល​វេលា​ដែល​អាច​ទាញ​យក​ពិនិត្យ តាម​ដាន​ពី​ស្ថានភាព​របស់​រោងចក្រ​កាត់​ដេរ​ទាំង​ជាង ៤៥០៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល