អ្នក​វិនិយោគ​ចិន ចាប់​ផ្ដើម​ត្រឡប់​មក​​​​​​ខេត្ត​ព្រះសីហនុ​​​វិញ​ ស្រប​ពេល​តំបន់​ខ្លះ​​នៅ​ក្រុង​​ប៉េកាំង ​កំពុង​ផ្ទុះ​ជំងឺ​កូវីដ១៩

ដោយ ទីន ហ្សាការីយ៉ា
2020-06-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជនជាតិ​ចិន​ជញ្ជូន​ឥវ៉ាន់​ដាក់​ឡាន ចាក​ចេញ​ពី​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី២៧ ខែ​ធ្នូ ឆ្នាំ២០១៩។
ជនជាតិ​ចិន​ជញ្ជូន​ឥវ៉ាន់​ដាក់​ឡាន ចាក​ចេញ​ពី​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី២៧ ខែ​ធ្នូ ឆ្នាំ២០១៩។
រូបថត៖ លោក ស៊ាង វីន អតីត​បុគ្គលិក​កាស៊ីណូ ខេត្ត​ព្រះសីហនុ

ជនជាតិ​ចិន បាន​សម្រុក​ចូល​មក​ខេត្ត​ព្រះសីហនុ​វិញ​ហើយ នៅ​ដើម​ខែ​មិថុនា​នេះ​។ ស្រប​ពេល​ ដែល​ជន​ជាតិ​ចិន​សម្រុក​ចូល​មក​កម្ពុជា​វិញ​នេះ នៅ​ប្រទេស​ចិន​ឯណោះ ក៏​កំពុង​ផ្ទុះ​ជំងឺ​កូវីដ១៩ (Covid-19) ឡើងវិញ​ដែរ។ ពលរដ្ឋ និង​សង្គម​​ស៊ីវិល នៅ​ខេត្ត​ព្រះសីហនុ ជំរុញ​ឲ្យ​អាជ្ញាធរ​បង្កើន​ការ​ត្រួត​ពិនិត្យ​​លើ​ជនជាតិ​ទាំង​នោះ ឲ្យ​បាន​ដិតដល់ ដើម្បី​​បង្ការ និង​ទប់​ស្កាត់​ជំងឺ​កូវីដ-១៩ នៅ​កម្ពុជា។

មន្ត្រី​នាំ​ពាក្យ​សាលា​ខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់​ថា រយៈ​ពេល ២០ថ្ងៃ​មក​នេះ ជនជាតិ​ចិន បាន​​វិល​ត្រលប់​មក​ខេត្ត​ព្រះសីហនុ ១.០៦៦​នាក់​ ភាគ​ច្រើន​គឺ​ជា​អ្នក​ជំនួញ​ចាស់ៗ ដែល​ធ្លាប់​រកស៊ី​នៅ​ខេត្ត​ព្រះសីហនុ មុន​ពេល​ផ្ទុះ​ជំងឺ​កូវីដ១៩ នា​ពេល​កន្លង​មក។

លោក អះអាង​ថា អាជ្ញាធរ​​ បាន​អនុវត្ត​តាម​ចំណាត់​ការ​​​របស់​​ក្រសួង​សុខាភិបាល ​ជា​និច្ច ចំពោះ​ការ​មក​ដល់​របស់​ជនជាតិ​ចិន ដោយ​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡឺស័ក និង​យក​សំណាក​ទៅ​ពិនិត្យ​នៅ​វិទ្យាស្ថាន​​ប៉ាស្ទ័រ នៅ​ក្រុង​ភ្នំពេញ។ ទោះ​ជា​យ៉ាង​ណា អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ព្រះសីហនុ​រូប​នេះ ​រំពឹង​ថា ការ​វិល​​ត្រលប់​មក​វិញ ​របស់​អ្នក​វិនិយោគ​ចិន​ទាំង​នេះ នឹង​ធ្វើ​ឲ្យ​ខេត្ត​ព្រះសីហនុ កាន់​តែ​មាន​​សក្ដានុពល ​​​ទាំង​សេដ្ឋកិច្ច​ ទេសចរណ៍ និង​ឧស្សាហកម្ម៖ «វា​ជា​ការ​រំពឹង​ទុក​នេះ យើង​រំពឹង​ថា នឹង​មាន​ភាព​វិជ្ជមាន​ទៅ​លើ​សក្ដានុពល​​ការ​​វិនិយោគ ជា​ពិសេស​កំណើន​សេដ្ឋកិច្ច​ទៅ​លើ​វិស័យ​ទេសចរណ៍ និង​ឧស្សាហកម្ម ព្រោះ​ភាគ​ច្រើន​នៃ​ក្រុម​ជន​បរទេស ដែល​លោក​មក​រកស៊ី​នៅ​ខេត្ត​ព្រះសីហនុ​ហ្នឹង មុខ​ព្រួញ​សំខាន់ គឺ​ឧស្សាហកម្ម រោងចក្រ សហគ្រាស និង​វិស័យ​ទេសចរណ៍​ហ្នឹង​ឯង»

ផ្ទុយ​ពី​ការ​រំពឹង​នេះ​ ពលរដ្ឋ និង​សង្គម​ស៊ីវិល នៅ​តែ​មាន​ក្ដី​បារម្ភ​ចំពោះ​វត្តមាន​ជនជាតិ​ចិន​ ដ៏​ច្រើន សម្រុក​មក​ខេត្ត​ខេត្ត​ព្រះសីហនុ។

 

ពលរដ្ឋ​រស់នៅ​ក្នុង​ស្រុក​ព្រះសីហនុ​ម្នាក់ លោក រ៉ាត់ ណាក់ ប្រាប់​ថា ​ចិន​ត្រលប់​មក​វិញ ក្នុង​ពេល​ជំងឺ​កូវីដ​១៩​មិន​ទាន់​ស្ងប់​​នេះ ជា​ក្ដី​បារម្ភ ព្រោះ ​​ធ្លាប់​មាន​បទ​ពិសោធន៍​ជនជាតិ​ចិន មាន​ផ្ទុក​ជំងឺ​កូវីដ​១៩ នៅ​ពេល​មក​លេង​នៅ​ខេត្ត​ព្រះសីហនុ កាល​លើក​មុន។  ពលរដ្ឋ​រូប​នេះ បន្ត​ថា កម្មករ​ បុគ្គលិក​កាស៊ីណូ ម្ចាស់​​ផ្ទះ​​ជួល​ខ្លះ អាច​មាន​ភាព​ល្អ​ប្រសើរ​ នៅ​ពេល​ចិន​ត្រលប់​មក​វិញ​​។ តែ​​ខាង​ពលរដ្ឋ​ ដែល​មាន​អាជីវកម្ម​តូច​តាច​ គឺ​លំបាក ហើយ​ប្រឈម​នឹង​ការ​បាត់​បង់​ការងារ​ធ្វើ ដោយសារ​ជនជាតិ​ចិន​ខ្លះ​ មក​ដណ្ដើម​មុខ​របរ​ អ្នក​ខេត្ត​ព្រះសីហនុ៖ «ផ្ទះ​សំណាក់​ រោងចក្រ​ រោង​អ្វី វា​អាច​ល្អ​ប្រសើរ តែ​សម្រាប់​ប្រជាពលរដ្ឋ​ប្រកប​អាជីវកម្ម​ហ្នឹង គឺ​មាន​ផល​លំបាក​មែន​ទែន»

អ្នក​សម្រប​សម្រួល​សមាគម អាដហុក ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជាប សុធារី សង្កេត​ឃើញ​ថា ពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ ហាក់​មាន​ការ​ខ្វល់ខ្វាយ និង​ព្រួយ​បារម្ភ​​​ច្រើន ពី​ការ​វិល​ត្រលប់​របស់​ជន​ជាតិ​ចិន ព្រោះ​ពួក​គេ ទទួល​បាន​ដំណឹង​ថា នៅ​ប្រទេស​​ចិន​ មាន​ការ​ផ្ទុះ​ជំងឺ​​កូវីដ​​១៩ ជា​លើក​ទី​២។

អ្នកស្រី​បន្ត​ថា ថ្វី​ត្បិត​ខាង​អាជ្ញាធរ អះអាង​ពី​ការ​រឹត​បន្តឹង​ការ​ត្រួត​ពិនិត្យ​នៅ​វាល​យន្ត​ហោះ​ក្តី ប៉ុន្តែ​ ​ចំពោះ​ទី​សាធារណៈ និង​កន្លែង​ប្រជុំ​ជន នៅ​ខេត្ត​ព្រះសីហនុ នៅ​តែ​មាន​ភាព​​ធូរ​រលុង គ្មាន​ការ​វាស់​កម្ដៅ និង​ការ​សម្លាប់​មេរោគ​នោះ​ទេ។ ឯ​ពលរដ្ឋ​ខ្លះ មាន​ភាព​ធ្វេស​ប្រហែល និង​ខ្លះ​ទៀត ហាក់​លែង​​​ខ្វាយ​ខ្វល់​ពី​ជំងឺ​នេះ ទៅ​ហើយ៖ «អ៊ីចឹង​នៅ​ពេល​ដែល​យើង​ អនុគ្រោះ​​ឲ្យ​គេ (ជន​ជាតិ​ចិន)​ចេញ​ចូល​មក ចរាចរណ៍​ក្រៅ​ប្រទេស​ចេញ​ចូល​មក​កម្ពុជា​វិញ យើង​ទាំង​អស់​គ្នា ទាំង​អ្នក​នៅ​​ក្នុង​ទីក្រុង ទាំង​អ្នក​នៅ​ជនបទ និង​តាម​ស្ថាប័ន​ផ្សេងៗ ត្រូវ​តែ​ចូលរួម​វិធានការ​​ក្នុង​ការ​ទប់ស្កាត់​​ការពារ​ទាំង​អស់​គ្នា ព្រោះ​ថា បើ​យើង​ធ្វេស​ប្រហែល​តែ​បន្តិច​ វា​អាច​រលក​ថ្មី​ហ្នឹង កើត​មាន​ឡើង ព្រោះ​ប្រទេស​គេ​នៅ​មាន​នៅ​ឡើយ​ទេ ឃើញ​ទេ»

កាសែត china morning post រាយការណ៍​ថា ទីក្រុង​ប៉េកាំង​ប្រទេស​ចិន កំពុង​ចាប់​ផ្តើម​ផ្ទុះ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩ ឡើង​វិញ ដោយ​ក្នុង​មួយ​ថ្ងៃ​មាន​អ្នក​ឆ្លង​ជិត ៤០នាក់។

ជន​ជាតិ​ចិន ​បាន​សម្រុក​ចាក​ចេញ​ពី​ខេត្ត​ព្រះសីហនុ​ ដំបូង គឺ​នៅ​ដើម​ខែ​កញ្ញា ឆ្នាំ២០១៩ ដោយ​សារ កាល​ណោះ​រដ្ឋាភិបាល​ប្រកាស​បិទ​អាជីវ​កម្ម ល្បែង​​អនឡាញ (Game Online) ក្រោម​ហេតុផល​ ពង្រឹង​សន្តិសុខ និង ការពារ​កុំ​ឲ្យ​ឧក្រិដ្ឋ​ជន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត នៅ​កម្ពុជា។ ការ​ចាកចេញ​របស់​ជន​ជាតិ​ចិន​កន្លង​មក​នេះ បាន​ធ្វើ​ឲ្យ​កម្មករ​ក្នុង​វិស័យ​កាស៊ីណូ យ៉ាង​ហោច​ណាស់ ៧.៧០០ នាក់ បាត់​បង់​ការងារ​ធ្វើ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល