ជនអន្តោប្រវេសន៍​ចិន​ចាក​ចេញពី​កម្ពុជា បន្ទាប់​ពី​រដ្ឋាភិបាល​ប្រកាស​បិទ​ល្បែង​អនឡាញ

ដោយ សុ ជីវី
2019-09-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូបភាព​​ដែល​ត្រូវ​បាន​គេ​បង្ហោះ​តាម​ហ្វេសប៊ុក​ថា ជនជាតិ​ចិន​រាប់ពាន់​នាក់​​ចាកចេញពីប្រទេសកម្ពុជា នៅ​ចុង​ខែសីហា ឆ្នាំ២០១៩។
រូបភាព​​ដែល​ត្រូវ​បាន​គេ​បង្ហោះ​តាម​ហ្វេសប៊ុក​ថា ជនជាតិ​ចិន​រាប់ពាន់​នាក់​​ចាកចេញពីប្រទេសកម្ពុជា នៅ​ចុង​ខែសីហា ឆ្នាំ២០១៩។
រូប៖ Screenshot ពីហ្វេសប៊ុក

មន្ត្រី​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​អះអាង​ថា ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ មាន​ជនជាតិ​ចិន​រាប់​ពាន់​នាក់ បាន​ចាក​ចេញ​ពី​កម្ពុជា។ ការ​ចាកចេញ​នេះ ក្រោយ​ពេល​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ពង្រឹង​វិធានការ​មួយ​ចំនួន រួម​មានការ​រឹតត្បិត​ការងារ និង​ការ​បិទ​ល្បែង​តាម​បណ្ដាញ​អ៊ីនធឺណិត​ជាដើម។

អ្នកនាំ​ពាក្យ​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ​ លោក​ អាត់​ បូ​នី​ បាន​ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃពុធ​ទី៤​ ខែកញ្ញា​ នេះ​ថា​ មាន​ជនជាតិ​ចិន​យ៉ាងហោចណាស់​ មាន​ជិត​ ១២ម៉ឺន​នាក់​ហើយ​ បាន​ចាកចេញ​ពី​កម្ពុជា​ ចាប់ពី​ពាក់កណ្ដាល​ ខែសីហា​ គិត​មកទល់​ថ្ងៃ​ព្រហស្បតិ៍​ ទី៥​ ខែកញ្ញា​ នេះ​។ ទោះបីជា​យ៉ាងណា​លោក​អះអាង​ថា​ ជនជាតិ​មាន​ចំនួន​ ប្រហែល​ ១១ម៉ឺន​នាក់​ បាន​ចូល​កម្ពុជា​ក្នុងរយៈពេល​ដូចគ្នា​នេះ​ដែរ​។ ​

លោក​ថា ជាទូទៅ ពីមុន​ការ​ធ្វើ​ដំណើរ​ចេញ និង​ចូល​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា ប៉ុន្តែ​ឥឡូវនេះ ការ​ធ្វើ​ដំណើរ​ចេញ​មាន​ច្រើនជាង​ដែល​អ្នក​ធ្វើ​ដំណើរ​ចូល។ លោក​បញ្ជាក់​ថា មូលហេតុ​នៃ​ការ​ចាកចេញ​របស់​ជន​អន្តោប្រវេសន៍​ចិន គឺ​ដោយសារ​ថ្មីៗ​នេះ​រដ្ឋាភិបាល បាន​ប្រកាស​បិទ​ល្បែង​តាម​អនឡាញ ដែល​ជា​ល្បែង​ពេញ​និយម​របស់​ជនជាតិ​ចិន៖ «យើង​មិន​ដឹង​ថា មូលហេតុ​ហ្នឹង​ជា​រឿង​ធំដុំ​ទេ ប៉ុន្តែ​ប្រហែលជា​អាច​ថា​ដោយសារ​បិទ​ល្បែង​online ហ្នឹង​ណាស់ បិទ​ល្បែង online ហ្នឹង​ទៅ អ្នក​ដែល​ធ្លាប់​លេងល្បែង​ហ្នឹង គាត់​អាច​ចាក​ចេញទៅ​ប្រទេស​ផ្សេងៗ ឬមួយ​ទៅ​ប្រទេស​គាត់​វិញ នេះ​ក៏​អាច​មក​ពី​វិធានការ អ៊ីចឹង​ដែរ បាទ»

ទោះ​បី​យ៉ាង​ណា​ក៏ដោយ លោក អាត់ បូនី បញ្ជាក់​ថា ការ​ចាក​ចេញ​នេះ​មិន​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផ្នែក​កាស៊ីណូ និង​ការ​ធ្វើ​អាជីវកម្ម របស់​ជនជាតិ​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ។

លោក អាត់ បូនី និយាយ​ថា ចំនួន​ជនជាតិ​ចិន មានការ​កើន​ឡើង​ច្រើន លើស​ពី ២៥​ម៉ឺន​នាក់​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ តែ​លោក​មិនទាន់​អាច​ប្រាប់​ពី​ចំនួន​តួលេខ​ជាក់លាក់​ទេ ដោយសារ​មិន​ទាន់​បាន​បូក​សរុប​នៅ​ឡើយ។

លោក​បន្ត​ថា ជនជាតិ​ចិន ធ្វើដំណើរ​ចូល​មក​កម្ពុជា​តាម​ជើង​យន្តហោះ ប៉ុន្តែ​ជនជាតិ​ចិន​ភាគច្រើន​ឆ្លង​កាត់​ពី​ប្រទេស​ថៃ តាម​ច្រក​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ និង​ច្រក​ចាំ​យាម ខេត្ត​កោះកុង ព្រមទាំង​ធ្វើដំណើរ​ពី​ប្រទេស​វៀតណាម​តាម​ច្រក បាវិត ខេត្ត​ស្វាយរៀង​ផង​ដែរ។ ជនជាតិ​ទាំងនោះ បាន​ប្រើប្រាស់​ច្រក​អន្តរជាតិ​ដើម្បី​ចាកចេញ​ពី​កម្ពុជា។

អ្នកនាំពាក្យ​សមាគម អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​អាស៊ីសេរី​ថា ជនជាតិ​ចិន​ពិតជា​មាន​ការ​ចាកចេញ​យ៉ាង​ច្រើន​ពី​ប្រទេស​កម្ពុជា​ក្នុង​រយ​:​ពេល​ពីរ​សប្ដាហ៍​ចុងក្រោយ​នេះ ហើយ​ភាគច្រើន​ពួកគេ​បាន​ប្រកបមុខរបរ លេងល្បែង​នៅ​កាស៊ីណូ ឬ​ក្លឹប​កម្សាន្ត​ផ្សេងៗ​។​

លោក ស៊ឹង សែនករុណា និយាយ​ថា សមាគម​របស់​គាត់​បាន​កត់សម្គាល់​ឃើញ​ថា ជនជាតិ​ចិន​បាន​ចាប់ផ្ដើម​ចាកចេញ​បន្ទាប់ពី​រដ្ឋាភិបាល​បាន​ប្រកាស​បិទ​ល្បែង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត៖ «យើង​នឹង​ធ្វើ​ការស្រាវជ្រាវ​អំពី​មូលហេតុ​នៃ​ការ​ចាកចេញ ព្រោះថា​ហេតុ​អី​ពី​មុន​មក​ជនជាតិ​ចិន​ទាំងអស់​នោះ មិន​មាន​ការ​ចាកចេញ​ទេ ប៉ុន្តែ​នៅ​ក្រោយ​ដែល​មាន​ការប្រកាស​របស់​ប្រមុខ​រដ្ឋាភិបាល បិទ​ល្បែង​តាម​ប្រព័ន្ធ online ភ្លាម យើង​បែរជា​មើល​ឃើញ​ទិដ្ឋភាព​ជាក់ស្ដែង គឺ​ជន​ជាតិ​ចិន ចាប់​ផ្តើម​ចាក​ចេញពី​ប្រទេស​កម្ពុជា»

លោក ស៊ឹង សែនករុណា បន្ត​ថា រាល់​ការ​ចាត់​វិធានការ​របស់​រដ្ឋាភិបាល​ដើម្បី​ធ្វើ​ឱ្យ​ស្ថានភាព​ល្អ​ប្រសើរ​ឡើងវិញ​នោះ នឹង​មាន​ការ​សាទរ​ពី​សំណាក់​ពលរដ្ឋ ប៉ុន្តែ​បើ​ចំណាត់​ការ​ទាំងអស់ គ្រាន់តែ​ធ្វើ​ឱ្យ​ល្អមើល​នោះ ពលរដ្ឋ​ពិត​ជា​មិន​គាំទ្រ​ឡើយ៖ «គួរ​តែ​មាន​វិធីសាស្ត្រ​បែប​ណា ដើម្បី​រក​អ្នក​វិនិយោគទុន មក​វិនិយោគ​ក៏​ដូចជា​អ្នក​រកស៊ី ជនបរទេស ដែល​មក​រក​ស៊ី​នៅ​ប្រទេស​កម្ពុជា ត្រូវតែ​ជា​អ្នក​គោរពសិទ្ធិ​របស់​ពលរដ្ឋ​កម្ពុជា ហើយ​ផ្ដល់​ផល​ប្រយោជន៍ ទៅលើ​ជីវភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ហ្នឹង ឱ្យ​បាន​ច្រើនជាង ជៀស​ជាង​គ្រាន់តែ​ជនបរទេស ដែល​មកលេង​ល្បែង យើង​មិន​ស្វាគមន៍​ទេ យើង​ចង់​បានតែ​អ្នក​វិនិយោគ​ដែល​ជា​បរទេស​ណា ដែល​មាន​គំនិត និង​គុណ​សម្បត្តិ​ល្អ អាហ្នឹង​យើង​ស្វាគមន៍»

អ្នក​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ខេត្ត​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ចន្ទគា ប្រាប់​អាស៊ីសេរី​ថា ជនជាតិ​ចិន​នៅ​ក្រុង​ប៉ោយប៉ែត​ឥឡូវនេះ​បាន​ថយ​ចុះ​ច្រើន​ក្នុង​រយៈពេល​មួយ​សប្ដាហ៍​ចុងក្រោយ​នេះ ដោយសារ ជន​ជាតិ​ចិន​ទាំងនោះ​ខ្លាច​វិធានការ​របស់​រដ្ឋាភិបាល​ពាក់ព័ន្ធ​ទៅ​នឹង​ការប្រកាស​បិទ​អាជីវកម្ម ល្បែងភ្នាល់ តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

លោក ស៊ុំ ចន្ទគា និយាយ​ថា កន្លងមក​គេ​ឃើញ​ជន​ជាតិ​ចិន​ជាច្រើន​នាក់ បាន​ជួល​អគារ និង​បន្ទប់​ក្នុង​តម្លៃ​ថ្លៃៗ ភាគច្រើន​ទីតាំង​ទាំងនេះ​បើក​ល្បែង​តាម​ប្រព័ន្ធ​អនឡាញ ព្រោះ​ឃើញ​មាន​យានយន្ត​ចត​ត្រៀបត្រា តែ​ពេលនេះ​ហាក់​ដូច​ស្ងប់ស្ងាត់ និង​បិទ​ទីតាំង​ជា​បណ្តើរៗ​ហើយ ដោយសារ​ជនជាតិ​ចិន​ទាំងនោះ​នាំគ្នា​ចាក​ចេញពី​ក្រុង​ប៉ោយប៉ែត​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ៖ «យើង​មិនបាន​ដឹង​ថា​មាន​ជនជាតិ​ចិន​ចំនួន​ប៉ុន្មាន​ទេ ដែល​ចាក​ចេញពី​ប៉ោយប៉ែត ប៉ុន្តែ​ថ្មីៗ​នេះ​យើង​ឃើញ​ជនជាតិ​ចិន ជាច្រើន​នាក់ ចាកចេញ​ជា​ហូរហែ តាម​ច្រក​ប៉ោយប៉ែត ចូល​ទៅ​ប្រទេស​ថៃ»

លោក ស៊ុំ ចន្ទគា ប្រាប់​ថា ការ​ចាកចេញ​របស់​ជន​ជាតិ​ចិន​នេះ ទើបតែ​ចាប់ផ្ដើម​នៅ​ដើមខែ​កញ្ញា​នេះ​ទេ។

លោក​និយាយ​ថា៖ «កន្លងមក យើង​ឃើញ​អ្នកធ្វើការ​នៅ អនឡាញ គ្រាន់តែ​ដាច់​ភ្លើង​រយៈពេល ៥ នាទី លឺ​ចិន​និយាយ​ថា ខាតបង់​រហូតដល់ ៥០ ម៉ឺន​ដុល្លារ ទៅ ៦០ ម៉ឺន​ដុល្លារ»

មេ​ប៉ុស្ត៍ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត លោក អ៊ីម សុភារាក់ ទទួល​ស្គាល់​ថា ពិត​ជា​មាន​ជនជាតិ​ចិន​ជាច្រើន​នាក់​បាន​កំពុង​ចាក​ចេញពី​សង្កាត់​ប៉ោយប៉ែត​មែន ហើយ​ក៍​មាន​ជនជាតិ​ចិន​ធ្វើដំណើរ​ចូល​ផង​ដែរ ប៉ុន្តែ​លោក​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​បន្ថែម។

ចំណែក​ឯ​ខេត្ត​ព្រះសីហនុ​វិញ លោកស្នងការ ជួន ណារិន្ទ ប្រាប់​អាស៊ីសេរី​ថា ជន​ជាតិ​ចិន​ជាច្រើន​នាក់ បាន​នឹង​កំពុង​ចាក​ចេញទៅ​ប្រទេស​ចិន​វិញ​ដែរ ប៉ុន្តែ​លោក​ថា ការ​ចាកចេញ​នេះ គឺ​ប្រហែលជា​ជិត​ដល់​រដូវ​សែន​នំ​ព្រះ​ខែ ច្រើនជាង​មូលហេតុ​នៃ​ការ​បិទ​ល្បែង​អនឡាញ។

លោក ជួន ណារិន្ទ និយាយ​ថា៖ «តាម​ទម្លាប់​របស់ខ្ញុំ ដូចជា​រាល់​ឆ្នាំ ពេលមុន​ចូលឆ្នាំ​ចិន គាត់​ទៅលេង​មុន​កន្លះ​ខែ សែន​ព្រះ​ខែ​ក៍​មាន​ការ​ចាកចេញ​ដែរ ប៉ុន្តែ​ខ្ញុំ​ឃើញ​មានការ​ចាកចេញ​ក៏​មាន​ចូល​វិញ​ដែរ យន្តហោះ​ចុះ​មក​មាន​មនុស្ស​ប៉ុន្មាន ចូល​មក​ក៏​មាន​មនុស្ស​ប៉ុណ្ណោះ ចេញ​វិញ​ប៉ុណ្ណឹង»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង ស្ថានទូត​ចិន និង​សមាគម​ចិន នៅ​ប្រទេស​កម្ពុជា ដើម្បី​សុំ​ការ​បំភ្លឺ​អំពី​ការ​ចាកចេញ​របស់​ជន​ជាតិ​ចិន​នេះ តែ​មិនទាន់​បាន​ទទួល​ការ​ឆ្លើយ​តប​នៅ​ឡើយ។

របាយការណ៍​ក្រសួងមហាផ្ទៃ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ដើម​ឆ្នាំ​២០១៩ បង្ហាញ​ថា មាន​ជនអន្តោប្រវេសន៍​ចិន ចំនួន​ជាង ២៥ ម៉ឺន នាក់​កំពុង​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​រយ​:​ពេល​វែង និង​រយ​:​ពេល​ខ្លី ដើម្បី​ប្រកបមុខរបរ​ផ្សេងៗ ក្នុង​នោះ​ជាង ១១ ម៉ឺន​នាក់ នៅ​ខេត្ត​ព្រះសីហនុ និង ជិត ១០ ម៉ឺន​នាក់ នៅ​ទីក្រុង​ភ្នំពេញ ហើយ​ភាគច្រើន ជន​ជាតិ​ចិន​ទាំងនោះ​តែងតែ​ប្រកប​របរ លេងល្បែង​ស៊ីសង​តាម​កាស៊ីណូ និង​ល្បែង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល