អាជ្ញាធរ​ក្រុង​គ្រោង​ផ្អាក​ចរាចរ​លើ​ស្ពាន​ជ្រោយចង្វា​មួយ​រយៈ

ដោយ សុ ជីវី
2015-01-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្ពាន​ជ្រោយចង្វារ ឬ​ស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន។ រូបថត​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៥
ស្ពាន​ជ្រោយចង្វារ ឬ​ស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន។ រូបថត​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៥
RFA/Rann Samnang

សាលា​រាជធានី​ភ្នំពេញ គ្រោង​នឹង​បិទ​ចរាចរ​លើ​ស្ពាន​ជ្រោយចង្វារ ឬ​ស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន មួយ​រយៈ បន្ទាប់​ពី​ស្ពាន​នេះ​បាន​ចាស់​ទ្រុឌទ្រោម និង​ត្រូវ​ការ​ជួសជុល។

ករណី​នេះ មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​រិះគន់​ថា អាជ្ញាធរ​មិន​គួរ​បណ្ដែតបណ្ដោយ​រហូត​ដល់​ស្ពាន​ទ្រុឌទ្រោម ទើប​គិតគូរ​ជួសជុល​ឡើយ គួរ​តែ​មាន​ការ​ថែ​រក្សា​ជា​ប្រចាំ។

ក្រុម​បច្ចេកទេស​នៃ​ក្រសួង​សាធារណការ ដោយ​សហការ​ជាមួយ​ក្រុម​បច្ចេកទេស​ជប៉ុន គ្រោង​នឹង​ចុះ​ពិនិត្យ​ស្ថានភាព​ស្ពាន​ជ្រោយចង្វារ រយៈពេល ៤​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ។

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែ​មករា ថា ក្រុម​បច្ចេកទេស​របស់​ជប៉ុន នឹង​ចុះ​ត្រួត​ពិនិត្យ និង​សិក្សា​លម្អិត​ពី​ស្ថានភាព​ខូចខាត​របស់​ស្ពាន​នេះ ហើយ​ក្នុង​រយៈពេល ៤​ថ្ងៃ​នោះ នឹង​បិទ​ចរាចរ​លើ​គន្លង​មួយ​របស់​ស្ពាន ដែល​នឹង​បង្ក​ការ​លំបាក​ដល់​ការ​ធ្វើ​ដំណើរ​ខ្លះ​ដែរ។ ប៉ុន្តែ​មន្ត្រី​សមត្ថកិច្ច នឹង​ជួយ​សម្រួល​បញ្ចៀស​ការ​កក​ស្ទះ។ បើ​ទោះ​ជា​យ៉ាង​ណា ចរាចរ​លើ​ស្ពាន​នេះ​នឹង​បិទ​ទាំង​ស្រុង​នៅ​ពេល​ណា​មួយ​ដោយ​ខាន​មិន​បាន ដើម្បី​ជួសជុល​ស្ពាន។

លោក ឡុង ឌីម៉ង់ ទទួល​ស្គាល់​ថា ស្ពាន​នេះ​មាន​ស្នាម​ប្រេះ ដោយសារ​តែ​ភាព​ចាស់​ទ្រុឌ​ទ្រោម៖ «ស្ពាន​មាន​លក្ខណៈ​ទ្រុឌទ្រោម យើង​បាន​ជម្រាប​ជូន​សាធារណជន​យូរ​ហើយ​មាន វា​ត្រូវ​ការ​ជួសជុល ព្រោះ​ស្ពាន​ហ្នឹង​វា​ចាស់​ហើយ។ ស្ពាន​ថ្មី​ដែល​ធ្វើ​ហើយ​ហ្នឹង​បាន​ដាក់​ឲ្យ​ប្រើប្រាស់​បណ្ដើរៗ​រាល់​ថ្ងៃ​ហ្នឹង»

សាលា​រាជធានី​ភ្នំពេញ នឹង​ជូន​ដំណឹង​ជា​ថ្មី​ទៀត​ពី​ពេល​វេលា​បិទ​ចរាចរ​ឆ្លង​កាត់​ស្ពាន​នេះ។ កន្លង​មក សាលា​រាជធានី ធ្លាប់​បាន​ជូន​ដំណឹង​ពី​ភាព​ទ្រុឌទ្រោម​នៃ​ស្ពាន​នេះ និង​ហាមប្រាម​មិន​ឲ្យ​រថយន្ត​ធុន​ធ្ងន់​ឆ្លង​កាត់​ស្ពាន​នេះ​ឡើយ។

ចំពោះ​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង មើល​ឃើញ​ថា ជាទូទៅ​សំណង់​ស្ពាន​ផ្លូវ​ថ្នល់ និង​សំណង់​សាធារណៈ​មួយ​ចំនួន​ទៀត អាជ្ញាធរ​ពុំ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ថែទាំ​ជា​ប្រចាំ​ឡើយ ដោយ​ភាគ​ច្រើន​បណ្ដែតបណ្ដោយ​ឲ្យ​ខូចខាត ឬ​ទាល់​តែ​មាន​ការ​បញ្ជា​ពី​ថ្នាក់​លើ ឬ​ការ​រិះគន់​ខ្លាំងក្លា​ពី​ពលរដ្ឋ ទើប​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ។ លោក​មើល​ឃើញ​ថា បញ្ហា​នេះ​កើត​ឡើង​ដោយសារ​ការងារ​ខ្វះ​គម្រោង​ផែនការ និង​អំពើ​ពុក​រលួយ៖ «ម្យ៉ាង​វិញ​ទៀត​មាន​របាយការណ៍​កុហក ដែល​និយាយ​តែ​ពី​រឿង​ល្អ គឺ​គួរ​តែ​ធ្វើ​ម៉េច​ឲ្យ​ពួក​គាត់​មាន​ស្មារតី​ទទួល​ខុសត្រូវ មាន​ថវិកា​ឲ្យ​គាត់​ធ្វើ​ការ​បាន​គ្រប់គ្រាន់ និង​កុំ​ឲ្យ​មាន​អំពើ​ពុក​រលួយ»

ស្ពាន​ជ្រោយចង្វារ ត្រូវ​គេ​ស្គាល់​ថា​ជា​ស្ពាន​ដំបូង​គេ​តែ​មួយ​គត់​ឆ្លង​កាត់​ទន្លេសាប កសាង​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​១៩៦៦ ប៉ុន្តែ​បាន​ដាច់​នៅ​ឆ្នាំ​១៩៧២ ក្នុង​សម័យ​សេនា​ប្រមុខ លន់ ណុល កាន់​អំណាច។ ដោយ​ទទួល​ជំនួយ​ពី​ប្រទេស​ជប៉ុន ស្ពាន​ជ្រោយចង្វារ ឬ​ស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន ត្រូវ​បាន​គេ​ត​ភ្ជាប់​ឡើង​វិញ​កាល​ពី​ឆ្នាំ​១៩៩៤។ កាល​ពី​ខែ​សីហា ឆ្នាំ​២០១៤ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ឲ្យ​ភាគី​ជប៉ុន ផ្ដល់​ជំនួយ​ជួសជុល​ស្ពាន​នេះ​ឡើង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

អ្នក​អាន​អនាមិក

ពី ភ្នំពេញ

ខ្សែរភ្លើងនៅជុំវិញក្រុងយៀរធ្លាក់ចុះគួរអោយខ្លាចផ្ទុះរឺឆក់ នៅផ្សារអូរស្សីពេលយប់បើជិះមិនប្រយត្ន័អាចនឹងទាក់ត្រូវ
ម្តេចគេមិនធ្វើវា?រឺចាំដល់មានរឿងបានមើលឃើញ ?

Jan 31, 2015 10:01 PM

អ្នក​អាន​អនាមិក

រាស្ត្រខ្មែរមិនមែនជាតិដ៍ទៃទេ!បើលោកបិទហើយដាក់បំរាម
ទៅជាការស្រេចទៅហើយមិនគួរប្រើពាក្យផាកដើម្បីបើកភ្លើង
ខៀវអោយចោរបានដៃទេពួកលោកទោះជាដឹកនាំប៉ុន្មានឆ្នាំ
ទៅទៀតក៍គ្មានមន្ត្រីណា១នាក់ហ៊ានទទួលខុសត្រូវដែរ!មិន
ចូលសាលាទេឬ?

Jan 31, 2015 02:34 AM

សំ រោង

ពី តាកែវ

ឝួរខម៉ាសឝេណាស់លោកឣើយ ឝេធើឣោយ ធេះតរឹមតែបរើ មិនធេះថែរ ។ នេះជាធរិតខម៉ែឫ ?

Jan 31, 2015 01:06 AM

គេហទំព័រ​ទាំងមូល