បុគ្គលិក​ក្រុមហ៊ុន​ស៊ីនទ្រី​ជាង​១០០​នាក់​​ទទួល​បាន​សំណង​លើក​ទី១ ចំនួន ៥០​ភាគរយ

ដោយ វ៉ែន សុមេធ
2020-02-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បុគ្គលិក​​ក្រុមហ៊ុន​​ប្រមូល​សំរាម ​ស៊ីនទ្រី (CINTRI) ​ប្រហែល ៦០នាក់ ធ្វើ​កូដកម្ម​នៅ​មុខ​ក្រុមហ៊ុន នៅ​ថ្ងៃ​ទី៣០ ខែ​មករា ឆ្នាំ២០២០ រឿង​បញ្ចប់​ការងារ​តាំង​ពី​ថ្ងៃ​ទី៣១ ខែ​ធ្នូ ឆ្នាំ២០១៩ ហើយ​មិន​ទាន់​បាន​ទទួល​សំណង​បញ្ចប់​កិច្ច​សន្យា​ការងារ​នៅ​ឡើយ។
បុគ្គលិក​​ក្រុមហ៊ុន​​ប្រមូល​សំរាម ​ស៊ីនទ្រី (CINTRI) ​ប្រហែល ៦០នាក់ ធ្វើ​កូដកម្ម​នៅ​មុខ​ក្រុមហ៊ុន នៅ​ថ្ងៃ​ទី៣០ ខែ​មករា ឆ្នាំ២០២០ រឿង​បញ្ចប់​ការងារ​តាំង​ពី​ថ្ងៃ​ទី៣១ ខែ​ធ្នូ ឆ្នាំ២០១៩ ហើយ​មិន​ទាន់​បាន​ទទួល​សំណង​បញ្ចប់​កិច្ច​សន្យា​ការងារ​នៅ​ឡើយ។
រូប៖ ពលរដ្ឋ

បុគ្គលិក​ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ីនទ្រី ជាង ១​រយ​នាក់ ដែល​ត្រូវ​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារ បាន​ទទួល​សំណង​លើក​ទី​១ ចំនួន ​៥០%​ នៃ​ប្រាក់​សំណង​ការងារ​រួចហើយ ពី​ខាង​ក្រុមហ៊ុន និង​សាលា​រាជធានី​ភ្នំពេញ។

តំណាង​បុគ្គលិក​ស៊ីនទ្រី លោក ចៅ ចាន់ណា ប្រាប់​អាស៊ីសេរី​ថា បុគ្គលិក​ដែល​មាន​គ្នា​ទាំង ១០៦​នាក់ បាន​បើកប្រាក់​សំណង​ពាក់កណ្ដាល​នៃ​ប្រាក់​សរុប​រួចរាល់​ហើយ កាល​ពី​ថ្ងៃ​ទី​៣ មករា ដោយ​ក្រុមហ៊ុន​គិត​ទៅ​តាម​ច្បាប់​ការងារ និង​តាម​ចំនួន​ឆ្នាំ​ធ្វើ​ការ​នៃ​បុគ្គលិក​ម្នាក់ៗ។

លោក​បន្ត​ថា បុគ្គលិក​ទាំងអស់ អាច​ទទួល​យក​បាន​ប្រាក់​សំណង​ការងារ​នេះ បើ​ទោះ​ជា​ការ​គណនា​របស់​ក្រុមហ៊ុន​មានការ​បាត់បង់​ប្រាក់​របស់​បុគ្គលិក​បន្តិច​តួច​ក្ដី​។ លោក​បញ្ជាក់​ថា ប្រាក់​សំណង​ ដែល​ក្រុមហ៊ុន​បើក​ឱ្យ​បុគ្គលិក​ត្រូវ​បញ្ឈប់​ពី​ការងារ​នេះ ធ្វើ​ឡើងជា​លក្ខណៈ​ឯកជន​ម្នាក់ៗ។

តំណាង​រូប​នេះ ឱ្យ​ដឹង​ថា នៅ​ដំណាច់​ខែ​កុម្ភៈ​នេះ ខាង​ក្រុមហ៊ុន​និង​សាលា​រាជធានី​ភ្នំពេញ នឹង​ជូនដំណឹង​ដល់​អតីត​បុគ្គលិក​ម្ដង​ទៀត ចំពោះ​ប្រាក់​សំណង​ដែល​នៅសល់​ ៥០% ​ទៀត ថា​នឹង​ត្រូវ​បើក​ឱ្យ​ពួកគាត់​នៅ​ពេល​ណា។

កាល​ពី​ដើម​ខែ​មករា បុគ្គលិក​ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ីនទ្រី បាន​ផ្ទុះ​ការ​តវ៉ា​ទាមទារ​ឱ្យ​ថៅកែ​បើកប្រាក់​សំណង​ការងារ ក្រោយ​ពេល​ក្រុមហ៊ុន​សម្រេច​បញ្ចប់​កិច្ចសន្យា​ការងារ​ពួកគេ​ដោយ​គ្មាន​ជូន​ឱ្យ​ដឹង​មុន។ ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ីន​ទ្រី បាន​ទទួល​សិទ្ធ​ប្រមូល​សំរាម​ផ្ដាច់មុខ​ពី​រដ្ឋាភិបាល​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៦​។ ថ្មីៗ ​នេះ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ប្រកាស​ដកហូត​សិទ្ធិ​ធ្វើ​អាជីវកម្ម​​ប្រមូល​សំរាម​ពី​ក្រុមហ៊ុន​ស៊ីនទ្រី​បណ្ដោះអាសន្ន ក្រោម​ហេតុផល​ថា ដើម្បី​ជំរុញ​ការ​ធ្វើ​កំណែ​ទម្រង់​ការ​សម្អាត​ទីក្រុង ស្រប​ពេល​ដែល​ពលរដ្ឋ​ជាច្រើន រិះគន់​ក្រុមហ៊ុន​នេះ​ថា ប្រមូល​សំរាម​មិន​បាន​ស្អាត​ល្អ។

លោក​ក៏បាន​ប្រគល់​កិច្ចការ​នេះ​ទៅ​ឱ្យ​សាលា​រាជធានី​ភ្នំពេញ ទទួលខុសត្រូវ​ក្នុង​ការ​គ្រប់គ្រង​សម្ភារៈ និង​បុគ្គលិក​ទាំងអស់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល