មន្រ្តី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​អ្នក​រត់ តាក់ស៊ី​​ខេត្ត​ព្រះសីហនុ ជំរុញ​អាជ្ញាធរ​ឱ្យ​ពង្រឹង​ច្បាប់​ចរាចរណ៍ ខណៈ​ជនជាតិ​ចិន​រត់​តាក់ស៊ី​នៅ​ក្នុង​ខេត្ត​នេះ​កាន់​តែ​ច្រើន

ដោយ ខែ សុណង
2019-11-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រថយន្ត​តាក់ ដែល​បើកបរ​ដោយ​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ
រថយន្ត​តាក់ ដែល​បើកបរ​ដោយ​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ
រូប៖ ហ្វេសប៊ុក Sopheap Sonavy

មន្រ្តីសង្គមស៊ីវិលខេត្តព្រះសីហនុ និង​ពលរដ្ឋ​អ្នក​ប្រក​របរ​រត់​តាក់ស៊ី​ជំរុញ​ទទូច​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ ឱ្យ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ និង​ត្រួត​ពិនិត្យ​បណ្ណ​បើកបរ​ជនជាតិ​ចិន ដែល​កំពុង​ប្រកប​របរ​រត់​តាក់ស៊ី​នៅ​ក្នុង​ខេត្ត​នេះ។ ចំណែក អ្នកនាំ​ពាក្យ​សាលា​ខេត្ត​ព្រះសីហនុ​អះអាង​ថា សមត្ថកិច្ច​កំពុង​បំពេញ​ការងារ​នេះ​យ៉ាង​ចិត្ត​ទុក​ដាក់។

កង្វល់របស់មន្រ្តីសង្គមស៊ីវិល​ខេត្ត​ព្រះសីហនុ និង​ពលរដ្ឋ​អ្នក​ប្រកប​របរ​រត់​តាក់ស៊ី​បែប​នេះ គឹ​នៅ​ពេល​ដែល​ក្រសួង​ការងារ​ទើប​អនុញ្ញាត​កាល​ពី​ពេល​ថ្មីៗ នេះ ឱ្យ​ជនជាតិ​ចិន​មាន​សិទ្ធិ​ជាថ្មី ក្នុង​ការ​ប្រកប​របរ​រត់​តាក់ស៊ី និង​មុខ​របរ​តូចតាច​មួយ​ចំនួន​ទៀត។

អ្នក​រត់​តាក់ស៊ី​នៅ​ខេត្ត​ព្រះសីហនុ​ម្នាក់ លោក កៅ រតនា ឲ្យ​អាស៊ី​សេរី​ដឹង​ថា នៅ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ​ ឃើញ​មាន​ជន​ជាតិ​ចិន​បើកបរ​រថយន្ត​ស្ទើរ​ពេញ​ផ្លូវ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ និង​វាល​យន្តហោះ​នៅ​ក្នុង​ខេត្ត​នេះ។ លោក​សង្កេត​ឃើញ​ថា អ្នក​បើកបរ​ជន​ជាតិ​ចិន​ហាក់​មិន​សូវ​ចេះ​បើកបរ​នោះ​ទេ៖ «»

អ្នករត់តាក់ស៊ីរូបនេះព្រួយបារម្ភថា ជនជាតិ​ចិន​ទាំង​នោះនឹង​បង្ក​បញ្ហា​ក្នុង​ការ​ធ្វើ​ចរាចរណ៍ ឬ​គ្រោះថ្នាក់​ដល់​អ្នក​បើកបរ​ផ្សេង​ទៀត។ អ្នក​រត់​តាក់ស៊ី​ដដែល​បារម្ភ​ថា នៅ​ពេល​ដែល​ជនជាតិ​ចិន​អាច​បើកបរ​ឡាន​តាក់ស៊ី​បាន​បែប​នេះ នៅ​ពេល​ខាង​មុខ​ភ្ញៀវ​ទេសចរ​អាច​នឹង​ឈប់​ជិះឡាន​តាក់ស៊ី​របស់​ពលរដ្ឋ​ខ្មែរ ព្រោះ​លោក​សង្កេត​ឃើញ​ថា ជនជាតិ​ចិន​តែង​នាំ​គ្នា​គាំទ្រ​ជនជាតិ​ខ្លួន ណា​មួយ​ទៀត ក្រុមហ៊ុន​ឡាន​តាក់ស៊ី​ជនជាតិ​ចិន គឺ​មាន​បណ្តាញ​ជាមួយ​ក្រុមហ៊ុន​ទេសចរណ៍​របស់​ជន​ជាតិ​ចិន​ថែម​ទៀត៖ «»

អ្នក​សម្របសម្រួល​សមាគម​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជាប សុធារី  ឲ្យ​ដឹង​ដែរ​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ អ្នកស្រី​សង្កេត​ឃើញ​ក្រុមហ៊ុន​ឡាន​តាក់ស៊ី​ជន​ជាតិ​ចិន​កំពុង​បង្ហាញ​វត្តមាន​ជា​ថ្មី​នៅ​ខេត្ត​ព្រះសីហនុ។ មន្រ្តី​សង្គម​ស៊ីវិល​រូប​នេះ ជំរុញ​ទៅ​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ឱ្យ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ និង​ត្រួត​ពិនិត្យ​ប័ណ្ណ​បើករបរ​របស់​ជន​ជាតិ​ចិន ដែល​កំពុង​ប្រកប​របរ​រត់​តាក់ស៊ី​នៅ​ក្នុង​ខេត្ត​នេះ៖ «»

កាល​ពី​ថ្ងៃ​ទី២៦ ខែ​តុលា សារព័ត៌មាន​ក្នុង​ស្រុក​ចុះ​ផ្សាយ​ថា ក្រុមហ៊ុន​រថយន្ត​តាក់ស៊ី​ចិន បាន​ចាប់​ដៃគូ​ភាគហ៊ុន​ជាមួយ​ថៅកែ​ខ្មែរ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​បើក​ដំណើរ​ការ​ក្រុមហ៊ុន​តាក់ស៊ី។

អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​ លោក​ ឃាង​ ភា​រម្យ បញ្ជាក់​ឲ្យ​អាស៊ី​សេរី​ដឹង​ថា ពិតជា​មាន​ជនជាតិ​ចិន​ប្រកប​របរ​រត់​តាក់ស៊ី​នៅ​ខេត្ត​ព្រះសីហនុ​ប្រាកដ​មែន ក្រោយ​ពី​ក្រសួងការងារ​បាន​ដក​បម្រាម​របស់​ខ្លួន​ឡើងវិញ។ អ្នក​នាំ​ពាក្យ​រូប​នេះ​អះអាង​ទៀត​ថា អាជ្ញាធរ​ខេត្ត និង​សមត្ថកិច្ច​តែង​គិតគូរ​ជានិច្ច ពី​បញ្ហា​សុវត្ថិភាព​ចរាចរណ៍ ហើយ​សមត្ថកិច្ច​តែង​តែ​ពង្រឹង​ការត្រួតពិនិត្យ​នៅ​តាម​គោលដៅ​របស់​ខ្លួន៖ «»

កាលពីខែតុលាកន្លងទៅ ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​អនុញ្ញាត​ឱ្យ​ជន​បរទេស អាច​ប្រកប​មុខរបរ​រកស៊ី​នៅ​កម្ពុជា​ឡើងវិញ​ជា​ធម្មតា បន្ទាប់ពី​ចេញ​បម្រាម​ហាមឃាត់​មិន​ទាន់​បាន​ពីរ​ខែ​ផង។ មុខរបរ​ដែល​ក្រសួង​ដក​ចេញ​ពី​បម្រាម​​នោះ ​រួមមាន អ្នក​បើកបរ​​យាន​ជំនិះ​គ្រប់​ប្រភេទជា​លក្ខណៈ​អាជីវកម្ម ការលក់ដូរ​ដោយ​មធ្យោបាយ​ថ្មើរជើង ឬ​យានជំនិះ​គ្រប់​ប្រភេទ ម៉ាស្សា និង​ចាប់​សរសៃ​តាម​សាធារណៈ កាត់​សក់ អ៊ុត​សក់ ថែរក្សា​សម្ផស្ស សេវាកម្ម​ដេរ និង​សម្អាត​ស្បែកជើង ប៉ះ​កង់ ជួសជុល​យានយន្ត កាត់ដេរ ផលិត​វត្ថុ​អនុស្សាវរីយ៍​ខ្មែរ ផលិត​ឧបករណ៍​ភ្លេងខ្មែរ ផលិត​បាត្រ​លោក ព្រះ​ពុទ្ធរូប ​ជាងទង និង​ជាង​ច្នៃ​ត្បូង​ពេជ្រ​ជាដើម។ ប៉ុន្តែ សង្គម​ស៊ីវិល និង​សហជីព​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការសម្រេចចិត្ត​របស់​ក្រសួង​ការងារ ព្រោះ​ពួក​គេ​យល់​ថា នេះ​ជា​ការ​បើក​ឱកាស​ឱ្យ​ជន​ជាតិ​​បរទេស​ដណ្ដើម​ការងារ​ពលរដ្ឋ​ខ្មែរ និង​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចំណាកស្រុក​ទៅ​ក្រៅ​ប្រទេស​កាន់តែ​ច្រើន៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល