កម្មកររោងចក្រនៅក្រុងបាវិត ដែលតវ៉ា បានបំបែកគ្នាអស់ហើយ ខណៈដែលភាគីអាជ្ញាធរមានសមត្ថកិច្ច តំណាងក្រុមហ៊ុន និងតំណាងសហជីព នឹងចរចារកដំណោះស្រាយធំមួយ នៅរសៀលម៉ោង២ ថ្ងៃទី២២ ធ្នូ នៅសាលាខេត្តស្វាយរៀង បន្ទាប់ពីកម្មករបន្តតវ៉ាជាង១សប្ដាហ៍។
កាលពីម្សិលមិញមានការប៉ះទង្គិចគ្នាសាជាថ្មី រវាងសមត្ថកិច្ចនិងកម្មកររោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន (Manhattan) នៃក្រុងបាវិត ខេត្តស្វាយរៀង។
ក្នុងព្រឹត្តិការណ៍នេះ មានកម្មកររាប់ពាន់នាក់ បាននាំគ្នាវាយ និងគប់រថយន្តបាញ់ទឹក ១គ្រឿង របស់សមត្ថកិច្ចឲ្យខូចខាតស្ទើរតែទាំងស្រុង ខណៈដែលសមត្ថកិច្ចព្យាយាមវាយបំបែកក្រុមបាតុករដែលកំពុងតវ៉ា។
ក្នុងពេលប្រទូស្តរាយគ្នា មានកម្មករ និងសមត្ថកិច្ចមួយចំនួនបានរងរបួស។
កាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ក៏មានកម្មករជិត ៦០នាក់ ត្រូវអាជ្ញាធរប្រើឡានបាញ់ទឹកបួនគ្រឿងបំបែកកម្មករ និងឈានដល់ចាប់ខ្លួនក្នុងពេលតវ៉ា តែពួកគេត្រូវបានដោះលែងវិញ នៅល្ងាចថ្ងៃទី២១ ធ្នូ ដោយភ្ជាប់កិច្ចសន្យាឲ្យពួកគេឈប់តវ៉ា។
កម្មកររោងចក្ររាប់ម៉ឺននាក់នៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន និងតាយសេង (Tai Seng) ក្នុងក្រុងបាវិត បានចេញតវ៉ាទាមទារប្រាក់ឈ្នួល ២០ដុល្លារបន្ថែម តាំងពីថ្ងៃទី១៦ ធ្នូ មក ហើយមកទល់ពេលនេះ នៅមិនទាន់ទទួលបានដំណោះស្រាយនៅឡើយ។
រហូតមកដល់ពេលនេះ មានកម្មករ ៤នាក់ហើយ កំពុងត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ ដោយចោទពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ និងញុះញង់ឲ្យមានការតវ៉ាហិង្សា។
សូមស្ដាប់អ្នកយកព័ត៌មាននៃវិទ្យុអាស៊ីសេរី លោក ថា កិត្យា រាយការណ៍ពិស្ដារពីក្រុងបាវិត ដូចតទៅ៖