មេ​ឃុំ​សាគ្រាម​ខេត្ត​កំពង់ធំ​ស្នើសុំ​ផ្លាស់ប្ដូរ​ស្មៀន​ឃុំ

ដោយ សូត សុខប្រាថ្នា
2015-09-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផែនទី​ខេត្ត​កំពង់ធំ។
ផែនទី​ខេត្ត​កំពង់ធំ។
Photo: RFA

ទាញ​យក​កម្មវីធី

មេ​ឃុំ​សាគ្រាម ស្រុក​ប្រាសាទបល្ល័ង្គ ខេត្ត​កំពង់ធំ បាន​ធ្វើ​លិខិត​ស្នើ​ផ្លាស់ប្ដូរ​ស្មៀន​ឃុំ​ជាច្រើន​លើក​ច្រើន​សា​ទៅ​អាជ្ញាធរ​ស្រុក និង​ខេត្ត ប៉ុន្តែ​មិន​មាន​លទ្ធផល​ល្អ។ លោក​មេ​ឃុំ​បញ្ជាក់​ថា ដោយសារ​ស្មៀន​ឃុំ​ចាស់​មិន​បាន​មក​ធ្វើ​ការ ម្យ៉ាង​មាន​រឿង​អាស្រូវ​មួយ​ចំនួន ទើប​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ទាំងអស់​ស្នើសុំ​ផ្លាស់ប្ដូរ។

មេ​ឃុំ​សាគ្រាម ងឿង​ឆ្ងល់​ទាំង​មិន​ដឹង​ចម្លើយ​ពិត ថា​ហេតុ​អ្វី​បាន​ជា​សំណើ​របស់​ពួក​គាត់ ដែល​ដាក់​ទៅ​មន្ត្រី​ថ្នាក់​លើ ដោយ​ស្នើសុំ​ផ្លាស់ប្ដូរ​ស្មៀន​ឃុំ​ជា​យូរ​មក​ហើយ នៅ​តែ​មិន​មាន​ដំណោះស្រាយ?

លោក​មេ​ឃុំ​បញ្ជាក់​ថា ក្នុង​រយៈពេល​កន្លះ​ឆ្នាំ​ទៅ​ហើយ​ដែល​ឃុំ​តាគ្រាម បំពេញ​ការងារ​ដោយ​គ្មាន​ស្មៀន​ឃុំ ទើប​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការងារ​នៅ​ឃុំ​មួយ​ផ្នែក។

មេ​ឃុំ​សាគ្រាម លោក ទុន ស៊ី មាន​ប្រសាសន៍​ថា បន្ទាប់​ពី​ស្មៀន​ឃុំ​របស់​លោក​មាន​រឿង​វិវាទ​ជុំវិញ​បញ្ហា​លុយ​ឃុំ​ជិត ១០​លាន​រៀល ម្យ៉ាង​អសកម្ម​ក្នុង​ការងារ​ថែម​ទៀត ទើប​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ទាំងអស់​ដែល​មាន ៧​រូប ក៏​បាន​ធ្វើ​សំណើ​ផ្លាស់ប្ដូរ​ទៅ​អាជ្ញាធរ​ស្រុក​តាំង​ពី​ចុង​ឆ្នាំ​២០១៣។

លោក​បន្ត​ថា ការ​ឆ្លើយ​តប​ពី​ស្រុក​បាន​ត្រឹម​ឲ្យ​សម្រប​សម្រួល ដើម្បី​អប់រំ​ស្មៀន​ឃុំ​រូប​នោះ​មួយ​រយៈពេល ប៉ុន្តែ​ស្មៀន​ឃុំ​ឈ្មោះ មួន ប៊ុនហាក់ មិន​បាន​កែប្រែ​កំហុស ហើយ​ថែម​ទាំង​យក​លុយ​ឃុំ​មួយ​ចំនួន​ជា​ថ្មី​ទៀត។ មិន​តែ​ប៉ុណ្ណោះ តាំង​ពី​ដើម​ឆ្នាំ​២០១៥ ស្មៀន​ឃុំ​រូប​នោះ ក៏​លែង​មក​កាន់​សាលា​ឃុំ ហើយ​ថែម​ទាំង​ចេញ​ពី​ផ្ទះ​បាត់​ទៀត ទើប​ធ្វើ​ឲ្យ​ការងារ​ស្មៀន​ត្រូវ​ធ្លាក់​ទៅ​លើ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ជំនួស៖ «ការងារ​ស្មៀន គឺ​ជា​ការងារ​មួយ​ដែល​ស្អេកស្កះ ការងារ​ឃុំ​ក៏​ជា​ការងារ​មួយ​ដែល​ស្អេកស្កះ​ដែរ ប៉ុន្តែ​នេះ គឺ​ប្រកាស​ឲ្យ​ជ្រើសរើស​ពី​ក្រសួង​មហាផ្ទៃ»

តាម​គោលការណ៍​ក្រសួង​មហាផ្ទៃ ករណី​អាច​ផ្លាស់ប្ដូរ​ស្មៀន​ឃុំ​បាន គឺ​ធ្វើ​ឡើង​តាម​រយៈ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សំឡេង​ភាគ​ច្រើន នៅ​ពេល​ឃើញ​ពី​ចំណុច​អសកម្ម​របស់​ស្មៀន​ឃុំ ដោយ​ពួក​គេ​ត្រូវ​ធ្វើ​សំណើ​ឡើង​ទៅ​ស្រុក ហើយ​ស្រុក​បញ្ជូន​បន្ត​ទៅ​ថ្នាក់​ខេត្ត។ ចុង​ក្រោយ អាជ្ញាធរ​ខេត្ត​ត្រូវ​បញ្ជូន​សំណើ​នោះ​ទៅ​ខាង​ក្រសួង​មហាផ្ទៃ ដើម្បី​ចាត់​ចែង​មនុស្ស​ថ្មី​មក​ទទួល​តំណែង​ជំនួស​ស្មៀន​ឃុំ​ចាស់។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​ស្មៀន​ឃុំ​សាគ្រាម លោក មួន ប៊ុនហាក់ ដើម្បី​ឆ្លើយ​តប​ការ​ចោទ​ប្រកាន់ និង​ការ​ដក​រូប​លោក​បាន​ទេ នៅ​ថ្ងៃ​ទី​២៦ កញ្ញា។

យ៉ាង​ណា នាយក​រដ្ឋបាល​សាលា​ខេត្ត​កំពង់ធំ លោក ឡង់ គីសឺង មាន​ប្រសាសន៍​ថា ខាង​លោក​បាន​ទទួល​សំណើ​សុំ​ផ្លាស់ប្ដូរ​នោះ​ពី​ខាង​ស្រុក​រួច​ហើយ ហើយ​ក៏​កំពុង​ពិភាក្សា​គ្នា​ដើម្បី​បញ្ជូន​សំណើ​នោះ​ទៅ​កាន់​ក្រសួង​មហាផ្ទៃ បន្ត​ទៀត។ លោក​ថា អាច​នៅ​ខែ​តុលា ខាង​មុខ នឹង​មាន​មន្ត្រី​ស្មៀន​ឃុំ​ថ្មី​ទៅ​ធ្វើ​ការ​ជំនួស​ស្មៀន​ឃុំ​ចាស់៖ «ដោយសារ​ការ​តែង​តាំង​ស្មៀន​នីតិវិធី​វា​មាន​ការ​ស្មុគស្មាញ ហើយ​ត្រូវ​ការ​ប្រាកដ​ប្រជា​ច្បាស់។ អ៊ីចឹង​យើង​ត្រូវ​ការ​ពេលវេលា​មួយ​ច្បាស់ ដើម្បី​ត្រួត​ពិនិត្យ​មន្ត្រី​របស់​យើង​ដែល​មាន​សមត្ថភាព​ដើម្បី​ធ្វើ​ការងារ»

លោក​បន្ថែម​ទៀត​ថា ចំពោះ​រឿង​មន្ត្រី​ឃុំ​រូប​នោះ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​យ៉ាង​ណា គឺ​ជា​សមត្ថកិច្ច​របស់​មន្ត្រី​តុលាការ ឬ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។ ចំណែក​ខាង​អាជ្ញាធរ គឺ​បាន​ត្រឹម​ពិន័យ​រដ្ឋបាល ហើយ​ខាង​លោក​ក៏​បាន​ស្នើ​ដក​មន្ត្រី​ស្មៀន​ឃុំ​រូប​នោះ​មក​ធ្វើ​ការ​នៅ​សាលា​ស្រុក​វិញ​ហើយ​ដែរ។

ទោះ​បី​យ៉ាង​ណា​ក៏ដោយ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ ដែល​បាន​តាម​ដាន​រឿង​នេះ លោក ស៊ុន ចន្ធី មើល​ឃើញ​ថា អាច​ជា​ចេតនា​របស់​អាជ្ញាធរ​ស្រុក និង​ខេត្ត ដែល​មិន​ព្រម​បញ្ជូន​សំណើ​របស់​ក្រុមប្រឹក្សា​ឃុំ​តាគ្រាម បន្ត​ទៅ​ក្រសួង​មហាផ្ទៃ ព្រោះ​មេ​ឃុំ​តាគ្រាម គឺ​ជា​មេ​ឃុំ​មក​ពី​គណបក្ស​ប្រឆាំង ដែល​មិន​អនុញ្ញាត​ឲ្យ​មន្ត្រី​ស្មៀន​មាន​សិទ្ធិ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ម្យ៉ាង​លោក​ថា នីតិវិធី​ផ្លាស់ប្ដូរ​ស្មៀន គឺ​មិន​មាន​ភាព​ស្មុគស្មាញ​ឡើយ ពីព្រោះ​ក្រសួង​មហាផ្ទៃ ជា​អ្នក​សម្រេច​តែង​តាំង​មន្ត្រី​ស្មៀន៖ «នីតិវិធី​លើក​ឡើង​របស់​អាជ្ញាធរ ដោយសារ​ពួក​គេ​មិន​បាន​បញ្ជូន​សំណើ​ទៅ​កាន់​ក្រសួង​មហាផ្ទៃ»

យ៉ាង​ណា សមាជិក​ក្រុមប្រឹក្សា​ខេត្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដដែល ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត និង​ខាង​ក្រសួង​មហាផ្ទៃ ពន្លឿន​ការ​ដោះស្រាយ​លើ​បញ្ហា​នេះ ដើម្បី​ឲ្យ​ឃុំ​​សាគ្រាម មាន​ស្មៀន​អាច​បម្រើ​ការងារ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់​រហ័ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

សាគ្រាម រឹ តាគ្រាម

Sep 27, 2015 09:03 AM

គេហទំព័រ​ទាំងមូល